អានតួអត្ថបទ
តួកគី-អឺរ៉ុប

តួកគី​ប្រកាស​ចាប់បញ្ជូន​ទាហាន​ជីហាត​បរទេស​ឲ្យ​ទៅទទួល​ទោស នៅ​ប្រទេស​កំណើត

រដ្ឋាភិបាល​តួកគី​នឹង​ចាប់បញ្ជូន​ទាហាន​ជីហាត​បរទេស ទៅ​ប្រទេស​កំណើតរបស់ពួកគេវិញ ចាប់ពី​ថ្ងៃចន្ទ ដើម​សប្តាហ៍ក្រោយ។ នៅ​ថ្ងៃ​សុក្រម្សិលមិញ រដ្ឋមន្រ្តីការមហាផ្ទៃ​តួកគី​បាន​ប្រកាស​ថា តួកគី​នឹង​ចាប់បញ្ជូន អ្នកទោស​ជីហាត​បរទេស ដែល​កំពុង​ស្ថិតនៅ​ក្នុង​ពន្ធនាគារ​តួកគី សព្វថ្ងៃនេះ ឲ្យ​ទៅទទួល​ទោស នៅ​ប្រទេស​កំណើតរបស់ពួកគេវិញ នោះបើទោះបី​ជា​ពួកគេ​ត្រូវ​ប្រទេស​កំណើត ដក​សញ្ជាតិ ឬ មិន​ចង់​ទទួល​យកពួកគេ​វិញ ក៏ដោយ។ 

ប្រធានាធិបតីតួកគី​នៅក្នុង​ទស្សនកិច្ច​ទៅប្រទេស​ហុងគ្រី ថ្ងៃទី​៧​វិច្ឆិកា​២០១៩
ប្រធានាធិបតីតួកគី​នៅក្នុង​ទស្សនកិច្ច​ទៅប្រទេស​ហុងគ្រី ថ្ងៃទី​៧​វិច្ឆិកា​២០១៩ ©REUTERS/Bernadett Szabo
ផ្សាយពាណិជ្ជកម្ម

តួកគី នឹង​ចាប់បញ្ជូន​ទាហាន​បរទេស​របស់​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ទៅ​ប្រទេស​កំណើត​របស់ពួកគេ ចាប់ពី​ថ្ងៃ​ចន្ទ​សប្តាហ៍ក្រោយ។ តាម​រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ តួកគី មានអ្នកទោស​ដែល​ជា​ទាហាន​បរទេស​របស់​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ចំនួន ១២០០​នាក់ កំពុង​ជាប់​ក្នុង​ពន្ធានាគារ​តួកគី។ តួកគី​ទើប​ចាប់បាន​បន្ថែម ទាហាន​ជីហាត បរទេស ២៨៧​នាក់​ផ្សេងទៀត ដែល​បាន​លួចរត់ពី​គុក ក្នុង​តំបន់គ្រប់គ្រង​របស់​កងកម្លាំង​គួដឌីស្ថាន នៅ​ភាគខាងជើង​ស៊ីរី។

ប្រធានាធិបតី តួកគី លោករេស៊ីប អ៊ែរដូហ្កាន នៅថ្ងៃ​សុក្រម្សិលមិញ​បាន​អះអាងថា កន្លងមក តួកគី​ធ្លាប់​បាន​ចាប់បញ្ជូន ទាហាន​ជីហាត​បរទេស​ជាង ៧៦០០នាក់​ទៅ​ប្រទេស​កំណើត​វិញ ក្នុង​ពេល​ទាហានជីហាត បរទេស ១២០០នាក់ កំពុង​ស្ថិត​ក្នុង​ពន្ធានាគារ​តួកគី។

ប៉ុន្មាន​ថ្ងៃ​មកហើយ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​តួកគី​បាន​និយាយ​ដដែលៗថា នឹង​ចាប់បញ្ជូន​ទាហាន​ជីហាត​បរទេស ទៅប្រទេស​ដើម​របស់ពួកគេវិញ នោះបើ​ទោះបី​ជា​ពួកទាហាន​ជីហាត​ទាំងនោះ ត្រូវ​រដ្ឋាភិបាល​ប្រទេស​ដើម ដក​សញ្ជាតិ ឬ​មិនចង់​ទទួល​យក​វិញ​ក្តី។ រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​មិនបាន​និយាយ​បញ្ជាក់​ឈ្មោះ​ប្រទេស ដែល​ត្រូវ​ទទួល​ទាហាន​ជីហាត បរទេស។ នៅក្នុង​សុន្ទរកថា​កាលពី​ថ្ងៃ​សុក្រ លោកគ្រាន់តែ​និយាយ​ដល់​ប្រទេស​អឺរ៉ុប​តែប៉ុណ្ណោះ។ ទៅតាម​អនុសញ្ញា​ក្រុង​ញូវយ៉ក ឆ្នាំ ១៩៦១ ការដកសញ្ជាតិ ធ្វើ​ឲ្យ​មនុស្សម្នាក់​គ្មាន​ប្រទេស ជ្រកកោន គឺ​ជារឿងខុសច្បាប់។

ប៉ុន្តែ អង់គ្លេស ជាដើម​ដែលបដិសេធ​មិន​ផ្តល់​សច្ចាប័ន ដល់​អនុសញ្ញា​ក្រុងញូវយ៉ក បាន​សម្រេច ដកសញ្ជាតិ​ពី​ជនជាតិ​របស់ខ្លួន ជាង ១០០នាក់ ដែល​បាន​ចេញទៅប្រយុទ្ធ​ក្នុង​ជួរកងទ័ពជីហាត នៅ​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់។

កន្លងមក តួកគី​ធ្លាប់​បាន​រិះគន់ បណ្តា​ប្រទេស​នៅ​អឺរ៉ុប ដែល​បដិសេធ មិន​ចង់​ទទួល​យក​ទាហាន​ជីហាត ដែល​ជា​ជនជាតិ​របស់ខ្លួន ដោយសារ​កង្វះ​យន្តការ​ច្បាប់ ភស្តុតាង សម្រាប់ ដាក់បន្ទុក ហើយ​និង​ដោយសារ​បារម្ភ​ខ្លាច​ក្រែង​ពួកទាហាន​ជីហាត​ទាំងនោះ វាយប្រហារ​ភេរវកម្ម នៅ​ក្នុង​ប្រទេស នៅពេល​ពួកគេ​ត្រលប់ចូលទៅ​ប្រទេស និង​អាច​រស់នៅ រួចផុត​ពីសំណាញ់​ច្បាប់។

ធ្លាប់​រងការរិះគន់​ថា បានធូររលុង បណ្តែតបណ្តោយ​ឲ្យ​ជនបរទេស​ឆ្លងកាត់​ព្រំដែន​របស់ខ្លួន​ទៅ​ប្រយុទ្ធ​ក្នុង​ទឹកដី​ស៊ីរី និងអ៊ីរ៉ាក់ តួកគី​បានចូលរួម​ក្នុង​ប្រតិបត្តិការ​របស់សម្ព័ន្ធអន្តរជាតិ ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាតអង្គការ​រដ្ឋអ៊ីស្លាម នៅក្រោយ រងការប្រហារភេរវកម្ម ផ្ទួនៗគ្នា នៅ​ឆ្នាំ ២០១៥។ ប៉ុន្តែ ទីក្រុង​អង់ការ៉ា​បាន​រងការរិះគន់​ម្តងទៀត ជាពិសេស​ពីអឺរ៉ុប នៅក្រោយ​កងទ័ព​តួកគី​បើកការវាយប្រហារ​ទៅលើ​ក្រុមទាហាន​គួដឌីស្ថាន ដែល​ជាសម្ព័ន្ធមិត្ត របស់​ប្រទេស​លោកខាងលិច និង​ជាអ្នកចាប់ដាក់ឃុំ ពួកទាហានជីហាត​បរទេស។ តើតួកគី​កំពុង​សងសឹក​ អឺរ៉ុប​ឬយ៉ាងណា? តួកគី​សម្រេច​ដាច់​អហង្កា ចាប់បញ្ជូន អ្នកទោស​ជីហាត​បរទេស ទៅ​ឲ្យ​ប្រទេស​ដើម នៅ​អឺរ៉ុប ទោះបីជា​អឺរ៉ុប ប្រកែក​មិនចង់បាន។ តួកគី​បាន​ប្រកាស​ចាប់បញ្ជូនទាហាន​ជីហាត​បរទេស​ទៅប្រទេស​ដើម នៅ​ទឹកដីអឺរ៉ុប​វិញ នៅ​ប៉ុន្មាន​សប្តាហ៍​ដែល​ប្រធានាធិបតី​តួកគី​នឹង​បើកជំនួបកំពូល​ជាមួយ​មេដឹកនាំ​បារាំង អាល្លឺម៉ង់ និង​អង់គ្លេស នៅ​ក្រៅជំនួបកំពូល​អូតង់ នៅទីក្រុង​ឡុងដ៍ ដើម្បី​និយាយ​ពី​បញ្ហា​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ