អានតួអត្ថបទ
អង់គ្លេស

រដ្ឋាភិបាល អង់គ្លេស​រងការចោទប្រកាន់​ថា បាន​លាក់បាំង​បទឧក្រិដ្ឋកម្ម​សង្រ្គាម

រដ្ឋាភិបាល​និង​កងទ័ព​អង់គ្លេស​បាន​រង​ការចោទប្រកាន់​ថា បាន​បិទបាំង​ការពិត ស្តីពី​ឧក្រិដ្ឋកម្ម​សង្រ្គាម​ដែល​ប្រព្រឹត្តឡើង​ដោយ​ទាហាន​អង់គ្លេស នៅក្នុង​ប្រតិបត្តិការ ពិសេស​ក្នុង​ទឹកដី អ៊ីរ៉ាក់ និង​អាហ្វហ្កានីស្ថាន។ នេះ​បើតាម​អត្ថបទ​ស៊ើបអង្កេត​របស់​ប្រព័ន្ធផ្សព្វផ្សាយ BBC និង​កាសែត​អង់គ្លេស Sunday Times កាលពី​ថ្ងៃ​អាទិត្យ។ រដ្ឋមន្រ្តីការបរទេស​អង់គ្លេស លោក​Dominique Raab វិញ បានអះអាងថា រដ្ឋាភិបាល​ថ្លឹងថ្លែង និង​សម្រេច​ចិត្ត​មិន​បន្ត​ការស៊ើបអង្កេត​លើ​ការចោទប្រកាន់​ដែលគ្មាន​ការពិត។ 

កងទ័ពអង់គ្លេស Royal Scots Dragoon Guards នៅក្នុង​ព្យុហយាត្រា​បន្ទាប់ពី​ត្រលប់ពី​បេសកកម្ម​នៅ​ខេត្ត​ Helmand អាហ្វហ្កានីស្ថាន នៅខែធ្នូ ឆ្នាំ ២០១១
កងទ័ពអង់គ្លេស Royal Scots Dragoon Guards នៅក្នុង​ព្យុហយាត្រា​បន្ទាប់ពី​ត្រលប់ពី​បេសកកម្ម​នៅ​ខេត្ត​ Helmand អាហ្វហ្កានីស្ថាន នៅខែធ្នូ ឆ្នាំ ២០១១ Reuters路透社
ផ្សាយពាណិជ្ជកម្ម

រឿងអាស្រូវ ឧក្រិដ្ឋកម្ម​សង្រ្គាម ដែល​អាច​មានជាប់ពាក់ព័ន្ធ​នឹង​កងទ័ព​អង់គ្លេស ត្រូវ​ចាក់បញ្ចាំង​នៅ​ទូរទស្សន៍​អង់គ្លេស BBC នៅ​ថ្ងៃ​ចន្ទនេះ។ វា​ជា​លទ្ធផល​នៃការស៊ើបអង្កេត រួមគ្នា រវាង​ទូរទស្សន៍​BBC ហើយ​និង​កាសែត អង់គ្លេស The Sunday Times។ នៅក្នុង​ការស៊ើបអង្កេត​អស់មួយឆ្នាំ ប្រព័ន្ធផ្សព្វផ្សាយ​អង់គ្លេស បានជួបសម្ភាសន៍ អតីត អ្នកស៊ើបអង្កេត​ឯករាជ្យ ១១​នាក់ ដែល​ធ្លាប់​ធ្វើការ​ឲ្យ​ស្ថាប័ន​ស៊ើបអង្កេត ពីរ Iraq Historic Allegations Team (IHAT) និង Operation Northmoor ដែល​​រដ្ឋាភិបាល អង់គ្លេស បាន​បង្កើត ឡើង នៅ​ឆ្នាំ ២០១០ នៅ​ក្រោយ មាន​បទចោទប្រកាន់​ទៅលើ​កងទ័ព​អង់គ្លេស ថា បាន​រំលោភ​សិទ្ធិ​មនុស្ស នៅ​ប្រទេស​អ៊ីរ៉ាក់ និង​អាហ្វហ្កានីស្ថាន។

កងទ័ព​អង់គ្លេស​បាន​រងការចោទប្រកាន់​ថា មាន​ជាប់ពាក់ព័ន្ធ​នឹង​ការសម្លាប់​កុមារ ការធ្វើទារុណកម្ម​ទៅលើ​អ្នកទោស និង​ប្រជាជន​ស៊ីវិល នៅ​ប្រទេស​អ៊ីរ៉ាក់  និងអាហ្វហ្កានីស្ថាន។ អ្នកស៊ើបអង្កេត​ឯករាជ្យ​បាន​និយាយ​ប្រាប់​កាសែត អង់គ្លេស​ថា គេ​បាន​រកឃើញ​ភស្តុតាង គួរ​ឲ្យ​ជឿជាក់ ស្តីពី​ឧក្រិដ្ឋកម្ម​សង្រ្គាម ប្រព្រឹត្ត​ឡើងដោយ​ទាហាន​អង់គ្លេស។ ប៉ុន្តែ រហូតមកដល់​ពេលនេះ គ្មានទាហាន​ណាម្នាក់​ត្រូវ​បាន​ចោទប្រកាន់ ឬ​​ផ្តន្ទាទោស​តាមច្បាប់​នោះទេ។ តាម​អ្នកស៊ើបអង្កេត ឯករាជ្យ មេបញ្ជាការ​ទ័ព​អង់គ្លេសជាច្រើនរូប បាន​បិទបាំង​រាល់ភស្តុតាង ក្នុង​ហេតុផល​នយោបាយ។

ចំណែក​រដ្ឋាភិបាលអង់គ្លេស​វិញ បាន​សម្រេច​បិទ​ស្ថាប័ន​ស៊ើបអង្កេត​ទាំងពីរ នៅ​ឆ្នាំ ២០១៧ បន្ទាប់ពី​មាន​រឿងអាស្រូវ ដែល​ថា មេធាវី ម្នាក់ដែល​ចូលរួម​ក្នុង​ស៊ើបអង្កេត បាន​ចំណាយលុយ ដើម្បី ប្រមូល មនុស្ស​ឲ្យ​មកផ្តល់​សក្ខីកម្ម ក្នុង​បទចោទប្រកាន់​ទាហាន​អង់គ្លេស។

សម្រាប់អ្នកស៊ើបអង្កេត រដ្ឋាភិបាល​បាន​ប្រើលេស​ខាងលើ ដើម្បី​បិទបញ្ចប់ ការងារ​ស៊ើបអង្កេត ព្រោះថា រដ្ឋាភិបាលអង់គ្លេស​គ្មាន​ចេតនា​ចង់​ឲ្យ​ទាហាន​អង់គ្លេស​ប្រឈម​នឹង​ការកាត់ទោស​នៅតុលាការ​នោះទេ។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ BBC រដ្ឋមន្រ្តីការបរទេស​អង់គ្លេស លោក​Dominique Raab​បាន​និយាយ​ថា ទោះបី​ជា​គ្មាន ការកាត់ទោស ទាហាន​ណាម្នាក់ ប៉ុន្តែ រដ្ឋាភិបាល អង់គ្លេស​បាន​ថ្លឹងថ្លែងខ្លាំងណាស់ ដើម្បី​ធានា​កុំ​ឲ្យ​មាន​គេ​ចំណាយ ពេល​ស៊ើបអង្កេត ទៅលើ​បទចោទប្រកាន់ ណា ដែល​គ្មានការពិតជាក់ស្តែង។

កាសែត​The Sunday Times វិញ សរសេរ​ថា យ៉ាងណាក៏ដោយ ការលើកឡើង​របស់​អតីត​អ្នកស៊ើបអង្កេត នឹង​អាច​ជំរុញ​ឲ្យ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បើក​ស៊ើបអង្កេត​ស្តីពី​បទឧក្រិដ្ឋកម្ម​សង្រ្គាម ប្រសិន​បើអង់គ្លេស​បរាជ័យ មិនអាច​កាត់ទោស ទាហាន​របស់ខ្លួន ដោយ​ខ្លួនឯងទេនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ