បើតាមរដ្ឋអាជ្ញារខេត្តទូលូ សាកសពជនរងគ្រោះបាត់បង់ជីវិតអាយុ១៥ឆ្នាំ ស្រង់ចេញពីទឹកបានភ្លាម ចំណែកអ្នកជាម្តាយក៏បានសង្គ្រោះចេញពីរថយន្តទាន់ពេលវេលា ដោយសាក្សី។ ជាសរុបមានមនុស្ស៦នាក់ផ្សេងទៀតបានរងរបួស ក្នុងម្នាក់ជារបួសធ្ងន់ និងមានយ៉ាងហោចណាស់អ្នកបើកបរឡានកាមីញ៉ុកម្នាក់បានបាត់ខ្លួន។
គេពុំដឹងទេថាតើមានមនុស្សប៉ុន្មាននាក់ដែលស្ថិតនៅលើស្ពានពេលកំពុងកើតហេតុទេ។ ក្រុមអ្នកសង្គ្រោះ បានអះអាងថា មានរថយន្តពីរគ្រឿង បានធ្លាក់ចូលទឹក ក្នុងនោះមួយគ្រឿងជារថយន្តធុនធ្ងន់ សម្រាប់ដឹកគ្រឿងចក្រធ្ងន់ៗ តែសាក្សីថាមានឡានបី។ រថយន្តទីបីដែលទំនងជាកូនឡានទ្រុង។ នេះបើតាមសេចក្តីជូនដំណឹងបឋមរបស់រដ្ឋអាជ្ញារដដែល។
មានប្រវែង១៥០ម៉ែត្រ ស្ពានដែលបាក់លិចបាត់ក្នុងទឹកស្ទឹង សល់តែខ្សែយោង មានសមត្ថភាពអាចទទួលឱ្យរថយន្តត្រឹមទម្ងន់យ៉ាងច្រើនបំផុត១៩តោន បើកឆ្លងកាត់។ ធ្វើពីដែក និងមានអ្នកថ្មើរជើងដើរឆ្លងទៅឆ្លងមកយ៉ាងច្រើន ស្ពានមានវ័យចំណាស់ខ្លាំង ដោយសាងសង់ឡើងតាំងពីឆ្នាំ១៩៣៥។ ទើបជួសជុលជាថ្មីនៅឆ្នាំ២០០៣ ស្ពានទើបឆ្លងកាត់ការត្រួតពិនិត្យសុវត្ថិភាពប្រកបដោយជោគជ័យកាលពីឆ្នាំ២០១៧ ដោយគ្មានចំណុចខុសប្រក្រតីអ្វីសោះ។ ស្ពាននេះពុំស្ថិតក្នុងចំណោមក្រុមស្ពានទ្រុឌទ្រោម ដែលទាមទារឱ្យមានការតាមដានជាពិសេសអ្វីឡើយ។ ប៉ុន្តែទោះជាយ៉ាងដូច្នេះក្តី ក៏រដ្ឋាភិបាលបានប្រកាសបើកអង្កេតភ្លាម ដើម្បីកំណត់រកមូលហេតុនៃគ្រោះថ្នាក់។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៨ ក្រោយហេតុការណ៍បាក់ស្ពាននៅក្រុងGene ប្រទេសអ៊ីតាលី ដែលមានមនុស្ស៤៣នាក់បានបង់ជីវិត ព្រឹទ្ធសភាបារាំងបានបង្កើតគណៈកម្មការប្រមូលព័ត៌មានស្តីពីសុវត្ថិភាពស្ពានរបស់បារាំង។ លទ្ធផលនៃការអង្កេតរយៈពេល១០ខែ បានបង្ហាញថា មានស្ពានជាង២៥០០០ ស្ថិតក្នុងស្ថានភាពមិនល្អ៕