អានតួអត្ថបទ
អ.ស.ប.-អាមេរិក

អ.ស.ប.រិះគន់លោកត្រាំដែលបានលើកលែងទោសទាហានអាមេរិកជាប់ចោទក្នុងបទឧក្រិដ្ឋកម្មសង្រ្គាម

នៅ​ថ្ងៃ​អង្គារ ទី១៩ វិច្ឆិកា ឧត្តមស្នងការដ្ឋាន​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បាន​រិះគន់​ចាស់ដៃ​លើ​សេចក្តីសម្រេច​របស់​លោក​ត្រាំ​ដែល​បាន​លើកលែង​ទោស​ដល់​ទាហាន​អាមេរិកាំង​ចំនួន ៣នាក់​ជាប់ចោទ​ក្នុង​បទឧក្រិដ្ឋកម្ម​សង្រ្គាម។ « កាយវិការ​របៀប​នេះ​របស់​លោក​ដូណាល់ ត្រាំ​ជា​ការ​បញ្ជូន​សញ្ញា​គួរ​ឱ្យ​ព្រួយបារម្ភ​ដល់​កម្លាំងទាហាន​​នៅ​ទូទាំងពិភពលោក » នេះ​ជា​ការ​បញ្ជាក់​របស់​លោក Rupert Colville អ្នកនាំពាក្យ​ឧត្តមស្នងការដ្ឋាន​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​នៅ​ក្នុង​សន្និសីទសារព័ត៌មាន​មួយ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។ តាម​លោក Rupert ករណី​ទាំង ៣នេះ​បាន​រំលោភ​ច្បាប់​មនុស្សធម៌​អន្តរជាតិ​យ៉ាង​ធ្ងន់ធ្ងរ។

លោក Rupert Colville អ្នកនាំពាក្យឧត្តមស្នងការដ្ឋានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
លោក Rupert Colville អ្នកនាំពាក្យឧត្តមស្នងការដ្ឋានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ Reuters
ផ្សាយពាណិជ្ជកម្ម

ទាហាន​អាមេរិកាំង​ទាំង ៣រូប​ដែល​បាន​ទទួល​ការ​លើកលែង​ទោស​ប្រធានាធិបតី​ពី​លោក​ដូណាល់ ត្រាំ គឺ​លោក Clint Lorance លោក Matt Golsteyn និង​លោក Edward Gallagher។ លោក Clint Lorance ត្រូវ​បាន​តុលាការ​កាត់ទោស​ដាក់​គុក​ចំនួន ១៩ឆ្នាំ​ពី​បទ​បាន​ចេញ​បញ្ជា​ឲ្យ​បាញ់​លើ​ក្រុម​ស៊ីវិល​ជនជាតិ​អាហ្វហ្កានីស្ថាន​ចំនួន ៣នាក់​កាល​ពី​ឆ្នាំ ២០១២ ដោយ​បណ្តាល​ឲ្យ​ស្លាប់​ចំនួន ២នាក់។ ក្នុង​ចំនួន​ទោស​ជាប់​គុក​ទាំង ១៩ឆ្នាំ លោក Clint Lorance ទើប​អនុវត្ត​ទោស​បាន ៦ឆ្នាំ​ប៉ុណ្ណោះ។ ចំណែក​លោក Matt Golsteyn បាន​ជាប់ចោទ​ពី​បទ​ឃាតកម្ម​គិតទុក​មុន​ក្នុង​ឆ្នាំ ២០១០ លើ​ពួក​តាលីបង់​ម្នាក់​ដែល​ជាប់​សង្ស័យ​ពី​បទ​ផលិត​គ្រាប់បែក។

ចុង​ក្រោយ​គឺ​លោក Edward Gallagher ដែល​បាន​ជាប់ចោទ​ពី​បទ​ចាក់​សម្លាប់​អ្នកទោស​វ័យក្មេង​អ៊ីរ៉ាក់​ម្នាក់​របស់​អង្គការ​រដ្ឋអ៊ីស្លាម និង​បាន​សម្លាប់​ជនស៊ីវិល​ម្នាក់​ទៀត។ លោក Edward Gallagher ត្រូវ​បាន​មេកើយ​សម្រេច​ដក​តំណែង តែ​ត្រូវ​បាន​លោក​ដូណាល់ ត្រាំ​លុបចោល​ការ​សម្រេចចិត្ត​នោះ​វិញ។ ទន្ទឹម​គ្នា​នេះ លោក Edward Gallagher ក៏​ត្រូវ​បាន​កាត់ទោស​ពី​បទ​បាន​ថតរូប​ជាមួយ​មិត្តរួមការងារ​ដែល​មាន​បង្ហាញ​សាកសព​អ្នកទោស​វ័យក្មេង​អ៊ីរ៉ាក់​នៅ​ក្នុង​រូបថត​នោះ។ អ្នកនាំពាក្យ​ឧត្តមស្នងការដ្ឋាន​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​លោក Rupert Colville បាន​គូស​បញ្ជាក់​ថា ការ​លើកលែង​ទោស​ឲ្យ​ទាហាន​អាមេរិកាំង​ទាំង ៣នាក់​ពី​សំណាក់​លោក​ត្រាំ គឺ​ផ្ទុយ​នឹង​ស្មារតី​នៃ​ច្បាប់​អន្តរជាតិ​ដែល​ទាមទារ​ថា អ្នក​ទទួល​ខុសត្រូវ​ត្រូវ​តែ​ទទួល​ទោស។

« ខ្ញុំ​មិន​ជឿ​ថា​ធ្លាប់​មាន​ការ​លើកលែង​ទោស​របៀប​នេះ​នៅ​សហរដ្ឋអាមេរិក​តាំង​ពី​សង្រ្គាម​វៀតណាម​ទេ » នេះ​ជា​បន្ថែម​របស់​លោក Rupert Colville។ តាម​លោក Colville ច្បាប់​អន្តរជាតិ​ពិត​ជា​មាន​ចែង​ពី​ការ​លើកលែង​ទោស​ចំពោះ​រឿងក្តី​អយុតិ្តធម៌ តែ​ការ​សម្រេចចិត្ត​របស់​លោក​ត្រាំ​មិន​បាន​ឆ្លុះបញ្ចាំង​លើ​ស្មារតី​មួយ​នេះ​ទេ។ សេចក្តីសម្រេច​របស់​លោក​ត្រាំ គឺ​គ្មាន​អ្វី​ក្រៅ​ពី​ឆន្ទៈ​ដើម្បី​ចៀសវាង​នីតិវិធី​ច្បាប់​ឡើយ។ សម្រាប់​លោក Rupert Colville ការ​លើកលែង​ទោស​ឲ្យ​ទាហាន​អាមេរិកាំង​ទាំង ៣រូប​ពី​លោក​ត្រាំ​ជា​ការ​បញ្ជូន​សារ​មួយ​គួរ​ឱ្យ​ព្រួយបារម្ភ​ដល់​កម្លាំងទាហាន​នៅ​ទូទាំង​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ