អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បារាំង​ប្រមូល​ផ្តុំ​កម្លាំង ដើម្បី​ចាត់​វិធានការ​ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​កុមារ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​ទី​ ២០​វិច្ឆិកា ២០១៩ នេះ​ជា​គម្រប់​ខួប​៣០​ឆ្នាំ​នៃ​សន្ធិសញ្ញា​អន្តរជាតិ​ស្ត្រី​ពី​សិទ្ធិកុមារ។​ ​ពី​ទីស្នាក់ការ​អង្គការ​យូនេស្កូ នៅទីក្រុង​ប៉ារីស​ ប្រធានាធិបតី​បារាំង​ បានបង្ហាញ​វិធានការប្រយុទ្ធ​ប្រឆាំង​នឹងគ្រប់​ទម្រង់​នៃ​​អំពើ​ហិង្សា​លើ​​​កុមារ​ នៅ​​ចំពោះ​មុខ​កុមារ​​​និង​អង្គការ​ សង្គម​ស៊ីវិល ជា​ច្រើន​រយ​នាក់។ រដ្ឋាភិបាល​បារាំង​ចង់ប្រែក្លាយ​ថ្ងៃ​ខួប​៣០​ឆ្នាំ​ទៅ​ការ​ប្រមូល​ផ្តុំ​កម្លាំង​ ​លុប​បំបាត់​ការ​ធ្វើ​បាប​កុមារ​។ តើ​បារាំង​មាន​វិធានការ​យ៉ាងណា​ខ្លះ ?

ប្រធានាធិបតី​បារាំង​(កណ្តាល) សកម្មជនការពារ​សិទ្ធិ​កុមារលោក​​ Jacques Toubon និង​លោកស្រី​ Audrey Azoulay អគ្គនាយិកា​អង្គការ​UNESCO
ប្រធានាធិបតី​បារាំង​(កណ្តាល) សកម្មជនការពារ​សិទ្ធិ​កុមារលោក​​ Jacques Toubon និង​លោកស្រី​ Audrey Azoulay អគ្គនាយិកា​អង្គការ​UNESCO Eric Feferberg/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

សន្ធិសញ្ញា​អន្តរជាតិ​ស្តី​ពី​សិទ្ធិកុមារ ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​ អនុម័ត​ជា​ឯកច្ឆ័ន្ទ​នៅ​ថ្ងៃទី ២០ វិច្ឆិកា ១៩៨៩ និង​ដោយ​មាន​​​សមាជិក​ចំនួន​១៩៥​ប្រទេស​បាន​ចុះ​ហត្ថលេខាភ្ជាប់។ តាំង​ពី​ពេល​នោះមក​ ថ្ងៃ​ទី ២០វិច្ឆិកា បាន​ក្លាយ​ជា​ទិវា​អន្តរជាតិ​នៃ​សិទ្ធិ​កុមារ។ ប៉ុន្តែ​សួរ​ថា​តើ​៣០​ឆ្នាំ​ក្រោយ​ កុមារ​មាន​សិទ្ធិ​យ៉ាងណា ? តើ​ត្រូវ​ធ្វើ​យ៉ាងណា​ដើម្បី​ទប់​ស្កាត់​និង​បំបាត់​អំពើ​ហិង្សា​លើកុមារ​ដែល​នៅ​តែ​បន្ត​មាន​ឥត​ល្ហែ មក​ទល់​ពេល​បច្ចុប្បន្ន​នេះ ?!

៣០​ឆ្នាំក្រោយ​សន្ធិសញ្ញា និងគិតមក​ទល់​ថ្ងៃនេះ គិត​តែ​នៅ​ក្នុង​ប្រទេស​បារាំង គេ​ប៉ាន់​ប្រមាណ​ថាជា​រៀង​រាល់​៥​ថ្ងៃ​ម្តង ​មាន​កុមារ​ម្នាក់​បាន​ស្លាប់​ ដោយ​រង​ទង្វើ​ហិង្សា​របស់​ឪពុកម្តាយ​ រាល់​បី​នាទី​ម្តង​មាន​យុវវ័យ​ម្នាក់​រង​ការ​បំពារបំពាន​ផ្លូវភេទ​ និង​មាន​ក្មេង​មិនទាន់​ពេញ​វ័យ​​ប្រមាណ​ពី​៨ពាន់​ទៅ​មួយម៉ឺន​​នាក់កំពុង​​រក​ស៊ី​លក់​ខ្លួន​។ តួលេខ​នេះ​ទំនង​ជា​ទាប​ជាង​ការ​ពិត​ឆ្ងាយ​ណាស់ ​ព្រោះ​ពុំ​សូវ​មាន​នរណា​លើក​និយាយ​អំពី​បញ្ហានេះ​ទេ។

ជា​ទូទៅ​ ក្នុង​ចំណោម​អំពើ​ហិង្សា​លើ​កុមារ១០​ករណី មាន​៨​កើត​ឡើ​ងនៅ​ក្នុង​រង្វង់​គ្រួសារ​។ ហើយ​គឺអំពើ​ហិង្សា​នេះ​ឯង​ដែល​ជាកត្តា​ទី​មួយ​ជំរុញ​ឱ្យ​មាន​ហានិភ័យនៃ​ការប៉ុនប៉ង​​ធ្វើ​អត្តឃាត​​ ប្រព្រឹត្ត​គ្រឿង​ញៀន​ និង​គេច​សាលា។

យើង​ត្រូវ​ហ៊ាន​​ថា ថា “មិន​មែន​អាច​តែនៅ​ក្នុង​គ្រួសារ យើង​មាន​សិទ្ធិ​គ្រប់យ៉ាង ហើយ​ត្រូវ​សំងំ​បិទ​មាត់​លើ​គ្រប់​បញ្ហា​ទេ” ! នេះ​ជា​ប្រសាសន៍​របស់​​លោក​ប្រធានាធិបតីបារាំង ដោយ​អះអាង​ថា អំណាច​សាធារណៈ មាន​សិទ្ធិ​មាន​ច្បាប់​​ជ្រៀតជ្រែក​ បើ​ជា​ករណី​មាន​ប៉ះពាល់​ដល់​កុមារ។

ក្រៅ​អំពី​អំពើ​ហិង្សា​លើ​រាងកាយ​ លើ​ផ្លូវចិត្ត ផ្លូវភេទ ... គេ​សង្កេត​ឃើញ​កុមារ​រង​អំពើ​ហិង្សា​ក្នុង​ទម្រង់​មួយ​ទៀត តាំង​ពី​វ័យ​នៅក្មេងឡើងៗ​ នោះគឺការ​ប្រឈម​នឹង​រូបភាព​អាសអាភាស​ផ្លូវភេទ។ បើ​តាម​ការ​ស្មាន​ ក្មេង​សម័យ​បច្ចុប្បន្ន​បាន​ឃើញ បាន​មើល​រូបភាព​កូន​ជ្រូក​ជា​លើក​ដំបូង​ ក្នុង​អាយុ​១៣​ឆ្នាំ។ តើ​ធម្មតា​មាន​ម្តាយ​ឪពុក​ណា​នាំ​កូន​ទៅ​មើល​ហាង​គ្រឿង​ស៊ិច ឬ​ទៅ​មើល​គេ​រួម​រក្សទេ ?! គឺ​គ្មាន​ទេ !

ដូច្នេះ​ដើម្បីការពារ​កុមារ​ពី​ក្រុម​មនុស្សអាក្រក់​គ្រោះ​ថ្នាក់​​ លោក​ប្រធានាធិបតី​បារាំង​​បាន​ប្រកាសបង្កើន​ទម្ងន់​ទោស​ ឱ្យ​ជាប់ពន្ធនាគារ​ដល់​​៥​ឆ្នាំ ចំពោះ​ករណី​អ្នក​មើល​កុន​កូន​ជ្រូក​រំលោភក្មេង។ ជនដែល​ធ្លាប់​មាន​ទោស​រំលោភ​ក្មេង​ហើយ នឹង​មាន​ឈ្មោះ​ជាប់​ក្នុង​បញ្ជី​ "អ្នក​ប្រព្រឹត្ត​ទោស​ផ្លូវភេទ” ជា​ស្វ័យប្រវត្តិ និង​ត្រូវហាមឃាត់​មិន​ឱ្យ​ធ្វើ​ការ​ងារ​ណា​ដែល​មាន​ក្មេង​នៅ​ជិត។

ដើម្បីការពារ​កុមារ​ពី​រូបភាព​អាសអាភាស លោក​ម៉ាក្រុង បាន​ផ្តល់​ពេលវេលា ៦​ខែ ​ឱ្យ​ស្ថាប័ន​គ្រប់​គ្រង់​អ៊ីនធ័រនែត ​ដាច់​ខាត​ត្រូវ​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​​ឃ្លាំ​ (សម្រាប់​ឪពុកម្តាយ​តាមដានកូន)​ មិន​មែន​ត្រឹម​ជា​សំណើ​ឱ្យ​ឪពុកម្តាយ​ជ្រើសរើស​ប្រើ​តាមការ​ស្ម័គ្រចិត្ត​ដូច​មុន​ទៀត​ឡើយ និង​ទាមទារ​ឱ្យ​ម្ចាស់​គេហទំព័រ​ភាពយន្ត​អាសអាភាស​ ពង្រឹង​ការ​ត្រួត​ពិនិត្យ​អាយុ​របស់​អ្នក​ប្រើប្រាស់អ៊ីនធ័រនែត។

ដើម្បី​ឱ្យ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើហិង្សា​លើ​កុមារ កា្លយ​ជា​សកម្មភាព​ថ្នាក់​អឺរ៉ុប និង​ឈាន​ទៅ​ជា​ការ​ប្រយុទ្ធ​ប្រឆាំង​សម្រាប់​អន្តរជាតិ​ទាំង​មូល បារាំង​នឹង​ស្នើ​ឱ្យមាន​ការ​​សហការការងារ​​ជាមួយ​សមភាគីជាសមាជិក​​​អឺរ៉ុប សម្រេច​ចេញ​សេចក្តី​ថ្លែងការណ៍​នយោបាយអន្តរជាតិ​​នៅ​​ឆ្នាំ​២០២០ ស្តី​ពី​ការ​ពារ​កុមារ​ក្នុង​ពិភពលោក​ឌីជីថល។

វិធានការ​នេះ ជា​ចំណែក​មួយ​នៃ​ផែនការ​បី​ឆ្នាំ(២០២០-២០២២) ​របស់​រដ្ឋាភិបាល​បារាំង ដែលលោក​ប្រធានាធិបតី​ បាន​បង្ហើប​បង្ហាញប្រាប់​កុមារ​ជាង​៤រយ​នាក់ និង​តំណាង​អង្គការ-សមាគមន៍​លើ​លោក​ ជាង​៦​រយ​នាក់ ក្នុង​នោះ​មាន​ទាំង​អង្គការ​យូនីសេហ្វ​ផង ដែល​មក​ជួប​ជុំ​គ្នា​ប្រារព្វ​ខួប​៣០​ឆ្នាំ​នៃ​ការ​បង្កើត​សន្ធិសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិកុមារ នៅ​ទីស្នាក់ការ​អង្គការ​យូនីស្កូ​ក្រុង​ប៉ារីស។ ផែនការ​​​​របស់​លោក​ម៉ាក្រុង ​ដែលនឹង​ត្រូវ​​យកមក​អនុវត្តបន្ត​ពី​ផែនការ​របស់​រដ្ឋាភិបាល​មុន ចាប់ពី​ឆ្នាំ​២០២០​ទៅ ​មាន​កម្មវត្ថុ​៦​យ៉ាង​និង​វិធានការ​ ​២២​ចំណុច​ សម្រាប់​ផ្តល់​ឱកាស​កុមារ​ឱ្យ​ហ៊ាន​​ចេញ​ស្តី ដើម្បីការពារ​កុមារ និង​ដើម្បី​ផ្តល់ការ​យក​ចិត្ត​ទុក​លើ​កុមារ​រងគ្រោះ។​ ផែនការ​ថ្មី ក៏​គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរការ​ក្រុមការងារ​បង្គោល​ជំនាញ​ផ្នែក​កុមារ ដើម្បី​ជួយ​បំពាក់បំប៉ន ណែនាំ និង​ជួយ​ក្រុម​គ្រូពេទ្យ​ដែល​ជួប​ករណី​​កុមារ​រង​​អំពើ​ហិង្សា​ដោយ​ផ្ទាល់។ រដ្ឋាភិបាល​នឹង​បង្កើន​មធ្យោបាយ​ និង​រចនា​សម្ព័ន្ធ​តាម​មន្ទីរពេទ្យ​ សម្រាប់​ទទួល​បន្ទុក​​ជួយ​ក្មេង​រងគ្រោះ​តាម​ផ្លូវ​វេជ្ជសាស្ត្រ​និងច្បាប់។​ ជា​ចុងក្រោយ រដ្ឋាភិបាលក៏​​​មាន​គម្រោង​ដកពិសោធន៍ សម្រាប់​​សង្គ្រោះ​ ជន​ដែល​មាន​ជំនោរ​ចង់​តែ​ស្រលាញ់​​ធ្វើ​បាប​ក្មេង​។ លោក​អេម៉ាណុយអែល​ម៉ាក្រុង ​បាន​អញ្ជើញ​ឱ្យភ្នាក់ងារ​និង​​សមាគម ​ទទួល​បន្ទុក​​ប្រយុទ្ធ​ប្រឆាំ​ងនឹង​អំពើ​ហិង្សា​លើ​កុមារ​ទាំង​អស់​មក​ជួប​ជុំ​គ្នា​ជា​ថ្មី​នៅ​ថ្ងៃទី២៦ មករា ២០២០ ដើម្បី​បូក​សរុប​និង​វាយតម្លៃ​ផែនការ​ការងារ​ដែល​សម្រេច​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ