អានតួអត្ថបទ

អង់គ្លេស ៖ លោក​ ចនសុន បង្ហាញផែនការនយោបាយថ្មី Brexitជា​អាទិភាព​ចំបង

សម្រេច​Brexit ឱ្យ​បាន​ជា​មុន បន្ទាប់​មក​អង់គ្លេស​នឹង​បើក​ទំព័រ​​ថ្មី បញ្ចប់​នយោបាយរឹត​ត្បិត​ថវិកា។ នេះ​ជាផែនការ​​​​ដឹកនាំ​ប្រទេស ដែលនាយករដ្ឋមន្ត្រី​ បូរីស ចនសុន ​ទើប​បង្ហើប​បង្ហាញ​នៅ​ថ្ងៃអាទិត្យ​ទី ២៤​វិច្ឆកា ប្រសិន​បើ​​លោកបាន​ទទួល​ជោគជ័យ​នៅក្នុង​សម័យ​បោះឆ្នោត​សភា​ថ្ងៃទី ១២​ធ្នូ ខាង​មុខ។

នាយករដ្ឋមន្ត្រី​អង់គ្លេស ចនសុន ក្នុង​ឱកាស​បង្ហាញ​ផែនការ​នយោបាយ​ថ្មី​ ថ្ងៃ​២៤​វិច្ឆិកា ២០១៩
នាយករដ្ឋមន្ត្រី​អង់គ្លេស ចនសុន ក្នុង​ឱកាស​បង្ហាញ​ផែនការ​នយោបាយ​ថ្មី​ ថ្ងៃ​២៤​វិច្ឆិកា ២០១៩ © Reuters
ផ្សាយពាណិជ្ជកម្ម

សម្រាប់​លោក បូរីស ចនសុន ការ​បោះឆ្នោត​សភា​ថ្ងៃទី ១២​ធ្នូ​២០១៩ ជា​មធ្យោបាយ​តែ​មួយ​គត់​ដែល​នឹង​នាំ​អង់គ្លេស​ឱ្យ​ចេញ​ផុត​ពីភាព​ទ័លច្រក​Brexit ដែល​បាន​ធ្វើ​ឱ្យ​អង់គ្លេស​ប្រេះឆា​​តាំង​ពី​សម័​យ​បោះឆ្នោត​ប្រជាមតិ​ឆ្នាំ​២០១៦មក។

ដើម្បី​បញ្ចុះ​បញ្ចូល​ពលរដ្ឋ​ឱ្យ​គាំទ្រ​ លោក​សនចុន បាន​សន្យា​ថា​ប្រសិនបើលោក​ជាប់​ឆ្នោត​ជា​ថ្មី ​ គម្រោង​កិច្ចព្រមព្រៀង​Brexit ដែល​លោក​សម្រេច​បាន​ជាមួយ​​សហភាព​អឺរ៉ុប នឹងបញ្ចូន​ទៅ​ឱ្យ​សភា​អនុម័ត នៅ​មួយ​ខែក្រោយ ដើម្បី​ឱ្យ​អង់គ្លេស​បាន​បំបែក​ខ្លួន​ចេញ​ពី​អឺរ៉ុប​នៅ​ចុង​ខែ​មករា។ សមាជិកសភា​ថ្មីដែល​​នឹង​ចូល​កាន់​អាសនៈ​ ជា​ផ្លូវការ​ជា​លើក​​ដំបូង​សម្រាប់​អាណត្តិ​ថ្មី នៅ​ថ្ងៃទី ១៧​ធ្នូ​ មានពេលវេលា​គ្រប់គ្រាន់​នឹង​សិក្សា​​អំពី​គម្រោង​ច្បាប់​Brexit ​ដែល​មិន​ត្រូវ​អនុម័ត​មុន​ណូអែលឡើយ។ ធ្វើ​យ៉ាង​ដូច្នេះ ក្រុមគ្រួសារ​អង់គ្លេស អាច​រៀប​ចំអបអរ​ពិធី​បុណ្យ​គ្រីស្មាក់ និង​បុណ្យ​ឆ្លង​ឆ្នាំ ដោយ​មិន​ខ្វល់​ខ្វាយ​ពី​រឿង​នយោបាយ​Brexit ទៀត។

កម្មវិធី​នយោបាយ​របស់អនាគត​រដ្ឋាភិបាល​​លោក ចន​សុន​ ​គឺ​ត្រូវ​​​សម្រេច​ Brexit​ ឱ្យ​បាន​ជាមុន ដើម្បី​ជា​បើក​ផ្លូវ​រុញ​ឱ្យ​ប្រទេស​ឱ្យ​ដើរ​ទៅ​មុខ និង​បញ្ចេញ​សក្តានុពល​​ជាតិ​បានពេញ​ផ្ទៃ​ប្រទេស។ រដ្ឋាភិបាល​អភិរក្ស​ គិត​គូរ​ដល់​ប្រជាពលរដ្ឋ ដោយ​លោក​ចនសុន​សន្យា​មិន​ដំឡើង​ពន្ធ​​លើ​ប្រាក់​ចំណូល មិន​ដំឡើង​ថ្លៃ​ធានារ៉ាប់​ជាតិ​ និង​ពន្ធលើ​តម្លៃ​បន្ថែម​ទេ។

គណបក្ស​អភិរក្ស​អង់គ្លេស ដែល​ឡើង​​​ប្រជាប្រិយភាព​​តាំង​ពី​លោក​បូរីស​ចនសុនក្លាយ​​ជា​នាយករដ្ឋមន្ត្រី​មក កំពុង​នាំ​មុខ​​ខ្លាំង ឈ្នះ​​គណបក្ស​ប្រឆាំង។ បរិបទ​នយោបាយហាក់​ផ្តល់​​អំណោយ​ផល​ដល់​​លោក​ចនសុន​ ព្រោះគណបក្ស​ប្រឆាំង​អឺរ៉ុប​មួយទៀត​ដែល​ជាប់​ចោទ​ថា​អ្នក​បំបែក​សំឡេង​​អ្នក​គាំទ្រ​Brexit មិន​ឈរ​ឈ្មោះ​​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​នេះ​ទេ។ ប៉ុន្តែ​ ​គ្មានអ្វី​​ជាក់លាក់​​ទេ។ អ្នក​វិភាគ​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​។ គណបក្ស​ប្រឆាំង​ របស់​លោក Jeremy Corbyn សង្ឃឹម​ថា​នឹងអាច​ឈ្នះ​ឆ្នោត​បាន​ឡើ​ងកាន់​អំណាច រួច​នឹង​ទៅ​ចរចា​រក​កិច្ចព្រមព្រៀង​Brexit ថ្មី​ជាមួយ​សហភាព​អឺរ៉ុប​ ក្នុង​អំឡុង​ពេល​បី​ខែ។ កិច្ចព្រមព្រៀង​ថ្មី​ត្រូវ​​ឆ្លង​កាត់​ប្រជាមតិ​ ដែលពេល​នោះ​​​ពលរដ្ឋ​អង់គ្លេស​អាច​មាន​ជម្រើស​លុប​ចោល​Brexit​តែ​ម្តង​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ