អានតួអត្ថបទ

អ.ស.ប. ៖ កំហាប់ឧស្ម័នផ្ទះ​កញ្ចក់​​ក្នុង​បរិយាកាស​ឡើង​ដល់​កំរិត​កំពូល​នៅ​ឆ្នាំ​២០១៨

ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​ជា​ប្រភព​ដ៏​ចំបង​នាំ​ឱ្យ​ផែនដី​ឡើង​កម្តៅ​អាកាសធាតុ កកផ្តុំ​​ក្នុង​បរិយាកាស​ ក្នុង​​កំរិត​ដ៏​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ទេ​។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាជាតិ ដែល​បាញ​ទាញ​សញ្ញា​អាសន្ន​ នៅ​ថ្ងៃចន្ទ​ទី ២៥​វិច្ឆិកា​នេះ​ទៀត​ថា គេ​គ្មាន​ឃើញ​សញ្ញា​ណា​មួយ​បញ្ជាក់​ពី​ការ​ចុះ​ថយនៃ​កំរិត​​ឧស្ម័ន​បំពុល​បរិយាកាសសោះ។សម្រែក​របស់​អង្គការ​សហប្រជាជាតិ​​បាន​លាន់​ឮ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​មុន​ការ​បើក​សន្និសីទ​ស្តី​ពីអាកាសធាតុ​ COP២៥​ នៅ​ក្រុង​ម៉ាឌ្រីត ពី​ថ្ងៃទី ២​ដល់​ថ្ងៃទី ១៣​ធ្នូ​ខាង​មុខ​​នេះ​ប៉ុណ្ណោះ។

ក្រុង​មួួយ​នៃ​ប្រទេស​ចិន​ដែល​រងឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុង​​បរិយាកាស
ក្រុង​មួួយ​នៃ​ប្រទេស​ចិន​ដែល​រងឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុង​​បរិយាកាស Getty Images
ផ្សាយពាណិជ្ជកម្ម

អគ្គលេខា​អង្គការ​អាកាសធាតុ​ពិភពលោក​ OMM របស់​អង្គការ​សហប្រជាជាតិ​លោក Petteri Taalas បាន​គូស​បញ្ជាក់​នៅ​ក្នុង​ឱកាស​ចេញ​ផ្សាយ​របាយការណ៍​​ប្រចាំ​ឆ្នាំ ស្តីពី​ឧស្ម័ន​ផ្ទះកញ្ចក់ថា​បើ​ទោះ​បី​ជា​ពិភពលោក​បាន​ប្តេជ្ញា​គោរព​តាម​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស​យ៉ាងណា​ក៏​ដោយ ក៏​គេ​គ្មាន​ឃើញ​សញ្ញា​ណា​មួយ​បញ្ជាក់​ថាមាន​ការ​បញ្ចេញឧស្ម័ន​ពុល​​យឺត​ជាង​មុន ​ឬ​ កំហាប់​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុង​បរិយាកាស​ចុះ​ថយសោះ។ កំរិត​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ក្នុង​របាយការណ៍របស់​អង្គការ​សហប្រជាជាតិ​​នេះ មិនមែន​គិត​អំពី​បរិមាណ​​ឧស្ម័នកាបូនិកដែល​​បញ្ចេញ​ក្នុង​បរិយាកាស​ទេ តែការ​វាស់​បរិមាណ​ឧស្ម័ន​​ពុល​ដែល​សល់​នៅ​ក្នុង​បរិយាកាស ក្រោយ​ពី​សមុទ្ទ​បឹងបួរ​និងជីវចម្រុះ​​ព្រៃឈើ​ស្រូប​ឆ្អែត។

បើ​តាម​របាយការណ៍ដដែល​នេះ ឧស្ម័ន​កាបូនិក Dioxyde de carbone ដែល​បញ្ចេញ​ដោយ​សកម្មភាព​មនុស្ស​និង​ដែល​ជា​ឧស្ម័ន​បំពុល​បរិយាកាស​ខ្លាំង​ជាងគេ​នោះ បាន​កើន​ឡើង​ដល់​កំរិត​ឯតទគ្គកម្ម​ នៅ​ឆ្នាំ​២០១៨​ ពោល​គឺ​កើន​ឡើង​១៤៧%​បើប្រៀប​ទៅ​សម័យ​មុន​ឧស្សាហកម្មឆ្នាំ​១៧៥០។

ភព​ផែន​ដី​ធ្លាប់​​មានកំហាប់ឧស្ម័ន​កាបូនិក​កំរិត​ប្រហាក់ប្រហែល​ម្តង កាលពី​ប្រមាណ ៣-៥លាន​ឆ្នាំ​មុន ដែលកាលណោះ​សីតុណ្ហភាព​ផែនដី​បានឡើង​ខ្ពស់​លើ​សីតុណ្ហភាព​បច្ចុប្បន្ន​ ២ទៅ​៣​អង្សារ ហើយ​កម្ពស់​ទឹក​សមុទ្ទ​ឡើង​លើ​កម្ពស់​សព្វថ្ងៃ​១០ទៅ​២០​ម៉ែត្រ។ នេះ​បើ​តាម​សំណេរបន្ថែម​​របស់​លោក​ Taalas។

ក្តី​ព្រួយបារម្ភមាន​កាន់​តែខ្លាំង ព្រោះ​កំណើន​កំហាប់​ឧស្ម័នកាបូនិក បាន​ឡើង​ហួស​កំរិតកំណើន​ជា​​មធ្យមរយៈ​ពេល​១០​ឆ្នាំ​ចុងក្រោយ​នេះ​ទៅ​ទៀត។ ​

ក្រៅ​អំពី​ឧស្ម័ន​កាបូនិក កំហាប់​ជាតិ​មេតាន CH4 (ដែល​៦០%បញ្ចេញ​ដោយ​ការ​ចិញ្ចឹម​សត្វ ធ្វើ​ស្រែ ថាមពលធ្យូងថ្ម ឬ​ដុត​សំរាម ...) ដែល​ជា​ឧស្ម័ន​បំពុល​បរិយាកាស​លំដាប់​ទីពីរ និង​អាហ្សូតN2O បានកើន​ក្នុង​កំរិត​លើស​មធ្យមភាគ​ប្រចាំ​ទសវត្សរ៍ ដល់​កំរិត​កំពូល​មិន​ធ្លាប់​មាន​ដែរ។

លោកអគ្គលេខា​ធិការ​អង្គការ​អាកាសធាតុ​ពិភពលោក បាន​អំពាវនាវ​ឱ្យ​គ្រប់​ប្រទេស​ប្រែក្លាយ​ពាក្យ​សន្យា​ទៅ​ជា​បញ្ចេញ​សកម្មភាព​ជាក់​ស្តែង​ដើម្បី​ប្រយោជន៍​មនុស្ស​ជាតិ​ទាំង​មូល។ ​សេចក្តីអំពាវនាវ​នេះ​ធ្លាក់​មក​ជួន​ចំពេល​​ដែល​សហរដ្ឋ​អាមេរិក​បាន​ចាក​ចេញ​ជា​ផ្លូវការ​​ពីកិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស។ ​ប្រទេស​អ្នក​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​​ច្រើន​ជាងបំផុត (៥៦%) មាន​បួន ចិន សហរដ្ឋ​អាមេរិក ​សហភាព​អឺរ៉ុប និង​ឥណ្ឌា​ ហើយ​មាន​តែ​អឺរ៉ុប​មួយ​គត់​ដែល​កំពុង​សម្រេច​តាម​​​ពាក្យ​សន្យា​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ