ហេតុអ្វីបានជាអឺរ៉ុបបង្កើតឲ្យមានបេសកកម្មឃ្លាំមើលផ្លូវសមុទ្រនៅតំបន់ឈូងសមុទ្រពែក្ស?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:៥៧
បេសកកម្មរបស់អឺរ៉ុបដើម្បីឃ្លាំមើលផ្លូវសមុទ្រនៅឈូងសមុទ្រពែក្សដែលបារាំងបានផ្តួចផ្តើមគំនិតចាប់ផ្តើមចេញរូបរាងហើយ។ រដ្ឋមន្ត្រីការពារជាតិបារាំងលោកស្រី Florence Parly បានប្រកាសឲ្យដឹងនាថ្ងៃអាទិត្យ ទី២៤ វិច្ឆិកាថា ប៉ុស្តិ៍បញ្ជាការដ្ឋានរបស់បេសកកម្មមួយនេះនឹងដាក់តាំងនៅលើមូលដ្ឋានទ័ពជើងទឹកក្នុងទីក្រុងអាប៊ូដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អេមីរ៉ាតអារ៉ាប់រួមដែលមានទាហានបារាំង ៧០០នាក់កំពុងឈរជើងនៅទីនោះ។ សូមជម្រាបថា មានប្រមាណជា ១០ ប្រទេសត្រូវចូលរួមនៅក្នុងបេសកកម្មនេះ ក្នុងនោះមានប្រទេសអឹរ៉ុប និងមិនមែនអឺរ៉ុប។ ហេតុអ្វីបានជាអឺរ៉ុបបង្កើតឲ្យមានបេសកកម្មឃ្លាំមើលផ្លូវសមុទ្រនៅតំបន់ឈូងសមុទ្រពែក្សនេះឡើង?
ការបង្កើតឲ្យមានបេសកកម្មឃ្លាំមើលផ្លូវសមុទ្រនៅតំបន់ឈូងសមុទ្រពែក្ស គឺដើម្បីជួយកាត់បន្ថយកំណើនតានតឹងនៅក្នុងតំបន់ ឬនិយាយឲ្យស្រួលយល់ ចូលរួមជួយសម្រួល និងរក្សាសន្តិសុខចរាចរផ្លូវសមុទ្រនៅទីនោះ។ ចូរកុំភ្លេចថា តំបន់ឈូងសមុទ្រពែក្សជាច្រកយុទ្ធសាស្រ្តយ៉ាងសំខាន់នៃការដឹកជញ្ជូនប្រេងឆៅទៅបំពេញតម្រូវការក្នុងលោក។ គឺនៅទីនោះហើយដែលកាលពីរដូវផ្ការីក និងរដូវក្តៅកន្លងទៅ មានផ្ទុះឡើងនូវព្រឹត្តិការណ៍វាយប្រហារលើកប៉ាល់ដឹកប្រេងជាច្រើនគ្រឿង និងដែលត្រូវបានគេទម្លាក់ការទទួលខុសត្រូវលើប្រទេសអ៊ីរ៉ង់។ ទន្ទឹមគ្នានេះក្នុងថ្ងៃទី១៤ កញ្ញា អ៊ីរ៉ង់ក៏ត្រូវបានចោទប្រកាន់ពីបទប្រើដ្រូន និងគ្រាប់មីស៊ីលវាយប្រហារលើស្ថានីយ៍ប្រេងចំនួនពីររបស់ប្រទេសអារ៉ាប៊ីសាអូឌីត។
ឧប្បត្តិហេតុកាលណោះបានបង្ខំឲ្យទីក្រុងរីយ៉ាដផ្អាកផលិតកម្មប្រេងរបស់ខ្លួនចំនួន ៦០%។ គឺដើម្បីចៀសវាងកុំព្រឹត្តិការណ៍ទាំងនេះកើតមានជាថ្មីទើបអឺរ៉ុបសម្រេចបង្កើតឲ្យមានបេសកកម្មឃ្លាំមើលផ្លូវសមុទ្រនៅតំបន់ឈូងសមុទ្រពែក្សឡើង។ គេនៅមិនទាន់ដឹងថ្ងៃខែច្បាស់លាស់ដែលបេសកកម្មមួយនេះផ្តើមដំណើរការជាផ្លូវការនៅឡើយទេ។ បើតាមមើលទៅ ប្រហែលជាមិនអាចចាប់ផ្តើមឆាប់ៗបានទេ ព្រោះការដែលប្រទេសចូលរួមនីមួយៗត្រូវការទទួលភ្លើងខៀវពីសភារបស់ខ្លួនអាចនឹងនាំឲ្យបេសកកម្មមួយនេះអូសបន្លាយបន្ថែមទៀត។ តែបើតាមរដ្ឋមន្ត្រីការពារជាតិបារាំងលោកស្រី Florence Parly បេកកម្មមួយនេះនឹងដំណើរការនាពេលឆាប់ៗខាងមុខ។
គួរបញ្ជាក់ថា តាំងពីមានកំណើនតានតឹងនៅក្នុងតំបន់ឈូងសមុទ្រពែក្សមក អាមេរិករួមជាមួយអង់គ្លេសបានបង្កើតបេសកកម្មដាច់ដោយឡែកមួយក្រោមឈ្មោះថា “ប្រតិបត្តិការការពារចរាចរណ៍ផ្លូវសមុទ្រក្នុងឈូងសមុទ្រពែក្ស”។ សម្រាប់លោកស្រី Florence Parly បេសកកម្មរបស់អាមេរិករួមជាមួយអង់គ្លេសនេះខុសគ្នានឹងបេសកកម្មដែលផ្តួចផ្តើមដោយបារាំង។ ខុសគ្នានៅត្រង់ថា គំនិតផ្តួចផ្តើមរបស់បារាំងចូលរួមដោយប្រទេសច្រើន ពោលមិនមែនតែ ២ប្រទេសដូចអាមេរិក និងអង់គ្លេសទេ។ តាមពិតទៅ ការដែលបារាំងមិនចូលរួមជាមួយអាមេរិក និងអង់គ្លេសគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលឡើយ។ មិនភ្ញាក់ផ្អើល ព្រោះបើនិយាយដល់សំណុំរឿងអ៊ីរ៉ង់ ក្រុងប៉ារីសតែងស្ថិតនៅឆ្ងាយពីជំហរ និងការយល់ឃើញរបស់ក្រុងវ៉ាស៊ីនតោន។
ក្រុងវ៉ាស៊ីនតោនដែលតែងប្រើយុទ្ធសាស្រ្តកណ្តាប់ដៃដែកឯកតោភាគីតាមរយៈការប្រើទណ្ឌកម្មសេដ្ឋកិច្ចដើម្បីសង្កត់ ក ក្រុងតេហេរ៉ង់។ ចំណែកបារាំងវិញ ក្រុងប៉ារីសតែងព្យាយាមប្រើយុទ្ធសាស្រ្តការទូតដោយជួបពិភាក្សាជាមួយគ្រប់ភាគីទាំងអស់ រួមទាំងភាគីអ៊ីរ៉ង់ផងដែរ។ ទាក់ទងនឹងការវាយប្រហារលើស្ថានីយ៍ប្រេងចំនួនពីររបស់ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីពាក់កណ្តាលខែកញ្ញា បារាំងរួមជាមួយប្រទេសផ្សេងទៀតបានបញ្ជូនក្រុមអ្នកជំនាញទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីជួយស្វែងរកភាពចន្លោះប្រហោងនៅក្នុងប្រព័ន្ធការពារផ្លូវអាកាស។ ទន្ទឹមគ្នានេះ ក្រុងប៉ារីសក៏បានប្រគល់ឲ្យអារ៉ាប៊ីសាអូឌីតនូវរ៉ាដាតាក់តិចមួយដែលនឹងត្រូវដាក់តាំងនាពេលឆាប់ៗខាងមុខ។
និយាយពីការងារអាទិភាពរបស់បេសកកម្មអឺរ៉ុបដើម្បីឃ្លាំមើលផ្លូវសមុទ្រនៅឈូងសមុទ្រពែក្សត្រូវបានលោកស្រី Florence Parly បញ្ជាក់ថា គឺការប្រមូលព័ត៌មានសម្ងាត់ និងតាមដាននាវាអ៊ីរ៉ង់ដែលកំពុងប្រតិបត្តិការនៅក្នុងឈូងសមុទ្រពែក្ស។ ប្រមុខការពារជាតិបារាំងបានបន្ថែមថា ទោះបីជាអាមេរិកមិនបានចូលរួមជាមួយគំនិតផ្តួចផ្តើមរបស់បារាំងក៏ដោយ ក៏បេសកកម្មអឺរ៉ុបនឹងត្រូវសម្របសម្រួលពេញលេញជាមួយអាមេរិកដែរ។ នេះមិនមែនមកពីបារាំងខ្លាចអាមេរិកទេ តែមកពីបារាំងចង់បង្ហាញជំហរសហប្រតិបត្តិការជាជាងជំហរនៃការប្រជែងទល់អាមេរិកនៅក្នុងតំបន់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ