អានតួអត្ថបទ
បារាំង

ទាហាន​បារាំង ១៣នាក់ ស្លាប់​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​ប្រទេស​ម៉ាលី

ទាហាន​បារាំង ១៣នាក់ បាន​ស្លាប់បាត់បង់ជីវិត នៅក្នុង​គ្រោះថ្នាក់ បុក​ឧទ្ធម្ភាគចក្រ ពីរ​គ្រឿង កាលពី​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ។ ឧប្បត្តិហេតុ កើតមាន​នៅ​ក្នុងពេល​ដែល​កងទ័ព​បារាំង​កំពុង​បើកប្រតិបត្តិការBarkhane វាយប្រហារ​ទៅលើ​ពួកជីហាតនៅក្នុង​ប្រទេសម៉ាលី។ ចាប់តាំង​ពីបើកប្រតិបត្តិការ​យោធា​ប្រឆាំង​ក្រុមភេរវកម្ម នៅ​ប្រទេស​ម៉ាលី នៅ​ឆ្នាំ ២០១៣ នេះ​ជា​លើកទី១ ដែល​ទាហាន​បារាំង បាត់បង់ជីវិត​ច្រើនជាងគេ នៅក្នុង​សមរភូមិ​ប្រយុទ្ធប្រឆាំង​ពួកជីហាត។ ប្រធានាធិបតី បារាំង លោក​អេម៉ានុយអែល​ម៉ាក្រុង នៅ​ថ្ងៃ​អង្គារ​នេះ បាន​សំដែង​ការគោរព​វិញ្ញាណក្ខន្ធ និង​វីរភាព​របស់​ទាហាន​បារាំង។ 

ឧទ្ធម្ភាគចក្រ​បារាំង​នៅក្នុង​ប្រតិបត្តិការប្រយុទ្ធប្រឆាំង​នឹង​ពួកជីហាត ភេរវនិយម​នៅ​តំបន់​អាហ្វ្រិកSahel នៅថ្ងៃទី ១៧​តុលា ២០១៩
ឧទ្ធម្ភាគចក្រ​បារាំង​នៅក្នុង​ប្រតិបត្តិការប្រយុទ្ធប្រឆាំង​នឹង​ពួកជីហាត ភេរវនិយម​នៅ​តំបន់​អាហ្វ្រិកSahel នៅថ្ងៃទី ១៧​តុលា ២០១៩ ©REUTERS/Benoit Tessier/File Photo
ផ្សាយពាណិជ្ជកម្ម

គ្រោះថ្នាក់ បុក​ឧទ្ធម្ភាគចក្រ​ ពីរគ្រឿង​ដែល​បាន​សម្លាប់​ទាហាន​បារាំង​១៣នាក់ កើតមាន​តាំង​ពី​យប់​ថ្ងៃ​ចន្ទ ប៉ុន្តែ វិមាន​ប្រធានាធិបតី​បារាំង ទើប​តែ​បញ្ចេញ​ព័ត៌មាននេះ នៅ​ព្រឹកថ្ងៃ​អង្គារ។ នៅក្នុង សេចក្តីថ្លែងការណ៍ របស់​វិមាន​ប្រធានាធិបតី លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង បាន​សំដែង​ការគោរព ដល់​ខ្ពង់ខ្ពស់​ដល់​ព្រលឹង​ទាហាន​បារាំង ទាំង ១៣​នាក់ ដែល​បាន​ស្លាប់​បាត់បង់​ជីវិត នៅក្នុង​ប្រតិបត្តិការ​យោធា​របស់​បារាំង ដើម្បី ប្រយុទ្ធប្រឆាំង នឹង​ក្រុមភេរវនិយម នៅ តំបន់​អាហ្វ្រិក Sahel។

តាម​សេចក្តីថ្លែងការណ៍​របស់​សេនាធិការ​កងទ័ព​បារាំង ឧទ្ធម្ភាគចក្រ​ពីរ គ្រឿង​ដែល​ដឹក​កងកុម្មង់ដូរ បារាំង ១៣នាក់ ដើម្បី ត្រៀម ចូលរួម ក្នុង​ប្រតិបត្តិការ វាយប្រហារ​ទៅលើ​ក្រុមជីហាត នៅ​ព្រំដែន​ប្រទេស​ម៉ាលី ជាមួយ​ប្រទេស​នីហ្សេរីយ៉ា និង​ប៊ៀគីណាហ្វាសូ បាន​បុកប៉ះទង្គិចគ្នា ហើយ​និង​ផ្ទុះ សម្លាប់​រាល់មនុស្ស​នៅ​លើ​ឧទ្ធម្គាគចក្រ។

សម្រាប់លោកស្រី​រដ្ឋមន្រ្តីការពារ​ជាតិបារាំង នេះ​ជាដំណឹងដ៏ក្រៀមក្រំ សម្រាប់​កងទ័ព និង​សហគមន៍​ការពារ​ជាតិ​ទាំងមូល​របស់​បារាំង។ ប្រមុខការពារ​ជាតិ​បារាំង​បាន​សន្យា បើកការស៊ើបអង្កេត​រកមូលហេតុ​ដែល​ធ្វើឲ្យ​មាន​សោកនាដកម្ម​លើកនេះ។

នៅក្នុង​ប្រតិបត្តិការ Barkhane ដើម្បី​ប្រយុទ្ធប្រឆាំង នឹង​បណ្តាញ​ភេរវកម្ម ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម និង​ក្រុមអាល់កៃដា នៅ​តំបន់​Sahel បារាំង​បាន​បញ្ជូន​កងទ័ព​របស់ខ្លួន ៤៥០០​នាក់ឲ្យ​ទៅ​ប្រចាំការ​នៅប្រទេស​ម៉ាលី។ នៅ​៣៦​ឆ្នាំចុងក្រោយ នេះ​ជា​លើកទី​១ ដែល​បារាំង​មាន​ស្លាប់បាត់បង់ជីវិត​កងទ័ព​របស់ខ្លួន ដ៏ច្រើនបែបនេះ។ ឧប្បត្តិហេតុ​ចុងក្រោយ​នេះ ធ្វើ​ឲ្យ​ ទាហាន​បារាំង​សរុប ៣៨ នាក់ ស្លាប់​បាត់បង់ជីវិត នៅក្នុង​ប្រតិបត្តិការ​យោធា​នៅ​ប្រទេស​ម៉ាលី ជាទី​ដែលបារាំង​ចាប់ផ្តើមអន្តរាគមន៍​យោធា ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម នៅ​តំបន់​Sahel ក្នុង​ប្រទេស​ម៉ាលី តាំង​ពី​ឆ្នាំ ២០១៣។

បារាំង​ធ្លាប់​ជួបប្រទះ គ្រោះថ្នាក់ បុក​ឧទ្ធម្ភាគចក្រ ពីរគ្រឿង នៅ​សាលា​ទាហាន​បារាំង ភាគខាងត្បូង​ប្រទេស​បារាំង កាលពី​ខែ កុម្ភៈ ឆ្នាំ ២០១៨ ដែល​បាន​សម្លាប់​សិស្សទាហាន​បារាំង ៥នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ