ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT

ហេតុអ្វីបានជាអឺរ៉ុបបង្កើតឲ្យមានបេសកកម្មឃ្លាំមើលផ្លូវសមុទ្រនៅតំបន់ឈូងសមុទ្រពែក្ស?

ហេតុអ្វីបានជាអឺរ៉ុបបង្កើតឲ្យមានបេសកកម្មឃ្លាំមើលផ្លូវសមុទ្រនៅតំបន់ឈូងសមុទ្រពែក្ស?
 
រដ្ឋមន្ត្រីការពារជាតិបារាំងលោកស្រី Florence Parly Paul Lorgerie/Reuters

បេសកកម្ម​របស់​អឺរ៉ុប​ដើម្បី​ឃ្លាំមើល​ផ្លូវសមុទ្រ​នៅ​ឈូងសមុទ្រពែក្ស​ដែល​បារាំង​បាន​ផ្តួចផ្តើម​គំនិត​ចាប់​ផ្តើម​ចេញ​រូបរាង​ហើយ។ រដ្ឋមន្ត្រី​ការពារជាតិ​បារាំង​លោកស្រី Florence Parly បាន​ប្រកាស​ឲ្យ​ដឹង​នា​ថ្ងៃ​អាទិត្យ ទី២៤ វិច្ឆិកា​ថា ប៉ុស្តិ៍បញ្ជាការដ្ឋាន​របស់​បេសកកម្ម​មួយ​នេះ​នឹង​ដាក់​តាំង​នៅ​លើ​មូលដ្ឋានទ័ព​ជើងទឹក​ក្នុង​ទីក្រុង​អាប៊ូដាប៊ី ប្រទេស​អេមីរ៉ាតអារ៉ាប់រួម។ អេមីរ៉ាតអារ៉ាប់រួម​ដែល​មាន​ទាហាន​បារាំង ៧០០នាក់​កំពុង​ឈរ​ជើង​នៅ​ទីនោះ។

សូម​ជម្រាប​ថា មាន​ប្រមាណ​ជា ១០ ប្រទេស​ត្រូវ​ចូលរួម​នៅ​ក្នុង​បេសកកម្ម​នេះ ក្នុង​នោះ​មាន​ប្រទេស​អឹរ៉ុប និង​មិនមែន​អឺរ៉ុប។ ហេតុអ្វី​បាន​ជា​អឺរ៉ុប​បង្កើត​ឲ្យ​មាន​បេសកកម្ម​ឃ្លាំមើល​ផ្លូវសមុទ្រ​នៅ​តំបន់​ឈូងសមុទ្រពែក្ស​នេះ​ឡើង?

ការ​បង្កើត​ឲ្យ​មាន​បេសកកម្ម​ឃ្លាំមើល​ផ្លូវសមុទ្រ​នៅ​តំបន់​ឈូងសមុទ្រពែក្ស គឺ​ដើម្បី​ជួយ​កាត់​បន្ថយ​កំណើន​តានតឹង​នៅ​ក្នុង​តំបន់ ឬ​និយាយ​ឲ្យ​ស្រួល​យល់ ចូលរួម​ជួយ​សម្រួល និង​រក្សា​សន្តិសុខ​ចរាចរ​ផ្លូវសមុទ្រ​នៅ​ទីនោះ។ ចូរ​កុំ​ភ្លេច​ថា តំបន់​ឈូងសមុទ្រពែក្ស​ជា​ច្រក​យុទ្ធសាស្រ្ត​យ៉ាង​សំខាន់​នៃ​ការ​ដឹកជញ្ជូន​ប្រេងឆៅ​ទៅ​បំពេញ​តម្រូវការ​ក្នុង​លោក។ គឺ​នៅ​ទីនោះ​ហើយ​ដែល​កាល​ពី​រដូវផ្ការីក និង​រដូវក្តៅ​កន្លង​ទៅ មាន​ផ្ទុះ​ឡើង​នូវ​ព្រឹត្តិការណ៍​វាយប្រហារ​លើ​កប៉ាល់ដឹកប្រេង​ជា​ច្រើន​គ្រឿង និង​ដែល​ត្រូវ​បាន​គេ​ទម្លាក់​ការ​ទទួល​ខុសត្រូវ​លើ​ប្រទេស​អ៊ីរ៉ង់។ ទន្ទឹម​គ្នា​នេះ​ក្នុង​ថ្ងៃទី១៤ កញ្ញា អ៊ីរ៉ង់​ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រើ​ដ្រូន និង​គ្រាប់មីស៊ីល​វាយប្រហារ​លើ​ស្ថានីយ៍​ប្រេង​ចំនួន​ពីរ​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត។

ឧប្បត្តិហេតុ​កាល​ណោះ​បាន​បង្ខំ​ឲ្យ​ទីក្រុង​រីយ៉ាដ​ផ្អាក​ផលិតកម្ម​ប្រេង​របស់​ខ្លួន​ចំនួន ៦០%។ គឺ​ដើម្បី​ចៀសវាង​កុំ​ព្រឹត្តិការណ៍​ទាំង​នេះ​កើត​មាន​ជា​ថ្មី​ទើប​អឺរ៉ុប​សម្រេច​បង្កើត​ឲ្យ​មាន​បេសកកម្ម​ឃ្លាំមើល​ផ្លូវសមុទ្រ​នៅ​តំបន់​ឈូងសមុទ្រពែក្ស​ឡើង។ គេ​នៅ​មិន​ទាន់​ដឹង​ថ្ងៃ​ខែ​ច្បាស់លាស់​ដែល​បេសកកម្ម​មួយ​នេះ​ផ្តើម​ដំណើរការ​ជា​ផ្លូវការ​នៅ​ឡើយ​ទេ។ បើ​តាម​មើល​ទៅ ប្រហែល​ជា​មិន​អាច​ចាប់​ផ្តើម​ឆាប់ៗ​បាន​ទេ ព្រោះ​ការ​ដែល​ប្រទេស​ចូលរួម​នីមួយៗ​ត្រូវ​ការ​ទទួល​ភ្លើងខៀវ​ពី​សភា​របស់​ខ្លួន​អាច​នឹង​នាំ​ឲ្យ​បេសកកម្ម​មួយ​នេះ​អូសបន្លាយ​បន្ថែម​ទៀត។ តែ​បើ​តាម​រដ្ឋមន្ត្រី​ការពារជាតិ​បារាំង​លោកស្រី Florence Parly បេកកម្ម​មួយ​នេះ​នឹង​ដំណើរការ​នា​ពេល​ឆាប់ៗ​ខាង​មុខ។

គួរ​បញ្ជាក់​ថា តាំង​ពី​មាន​កំណើន​តានតឹង​នៅ​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស​មក អាមេរិក​រួម​ជាមួយ​អង់គ្លេស​បាន​បង្កើត​បេសកកម្ម​ដាច់​ដោយឡែក​មួយ​ក្រោម​ឈ្មោះ​ថា “ប្រតិបត្តិការ​ការពារ​ចរាចរណ៍​ផ្លូវសមុទ្រ​ក្នុង​ឈូងសមុទ្រពែក្ស”។ សម្រាប់​លោកស្រី Florence Parly បេសកកម្ម​របស់​អាមេរិក​រួម​ជា​មួយ​អង់គ្លេស​នេះ​ខុស​គ្នា​នឹង​បេសកកម្ម​ដែល​ផ្តួចផ្តើម​ដោយ​បារាំង។ ខុស​គ្នា​នៅ​ត្រង់​ថា គំនិត​ផ្តួចផ្តើម​របស់​បារាំង​ចូលរួម​ដោយ​ប្រទេស​ច្រើន ពោល​មិនមែន​តែ ២ប្រទេស​ដូច​អាមេរិក និង​អង់គ្លេស​ទេ។ តាម​ពិត​ទៅ ការ​ដែល​បារាំង​មិន​ចូលរួម​ជាមួយ​អាមេរិក និង​អង់គ្លេស​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ឡើយ។ មិន​ភ្ញាក់ផ្អើល ព្រោះ​បើ​និយាយ​ដល់​សំណុំរឿង​អ៊ីរ៉ង់ ក្រុង​ប៉ារីស​តែង​ស្ថិត​នៅ​ឆ្ងាយ​ពី​ជំហរ និង​ការ​យល់​ឃើញ​របស់​ក្រុង​វ៉ាស៊ីនតោន។

ក្រុង​វ៉ាស៊ីនតោន​ដែល​តែង​ប្រើ​យុទ្ធសាស្រ្ត​កណ្តាប់ដៃ​ដែក​ឯកតោភាគី​តាម​រយៈ​ការ​ប្រើ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដើម្បី​សង្កត់ ក ក្រុង​តេហេរ៉ង់។ ចំណែក​បារាំង​វិញ ក្រុង​ប៉ារីស​តែង​ព្យាយាម​ប្រើ​យុទ្ធសាស្រ្ត​ការទូត​ដោយ​ជួប​ពិភាក្សា​ជាមួយ​គ្រប់​ភាគី​ទាំង​អស់ រួម​ទាំង​ភាគី​អ៊ីរ៉ង់​ផង​ដែរ។ ទាក់ទង​នឹង​ការ​វាយប្រហារ​លើ​ស្ថានីយ៍​ប្រេង​ចំនួន​ពីរ​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត​កាល​ពី​ពាក់កណ្តាល​ខែ​កញ្ញា បារាំង​រួម​ជាមួយ​ប្រទេស​ផ្សេង​ទៀត​បាន​បញ្ជូន​ក្រុម​អ្នកជំនាញ​ទៅ​កាន់​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដើម្បី​ជួយ​ស្វែង​រក​ភាព​ចន្លោះប្រហោង​នៅ​ក្នុង​ប្រព័ន្ធ​ការពារ​ផ្លូវអាកាស។ ទន្ទឹម​គ្នា​នេះ ក្រុង​ប៉ារីស​ក៏​បាន​ប្រគល់​ឲ្យ​អារ៉ាប៊ីសាអូឌីត​នូវ​រ៉ាដា​តាក់តិច​មួយ​ដែល​នឹង​ត្រូវ​ដាក់​តាំង​នា​ពេល​ឆាប់ៗ​ខាង​មុខ។

និយាយ​ពី​ការងារ​អាទិភាព​របស់​បេសកកម្ម​អឺរ៉ុប​ដើម្បី​ឃ្លាំមើល​ផ្លូវសមុទ្រ​នៅ​ឈូងសមុទ្រពែក្ស​ត្រូវ​បាន​លោកស្រី Florence Parly បញ្ជាក់​ថា គឺ​ការ​ប្រមូល​ព័ត៌មានសម្ងាត់ និង​តាម​ដាន​នាវា​អ៊ីរ៉ង់​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ឈូងសមុទ្រពែក្ស។ ប្រមុខ​ការពារជាតិ​បារាំង​បាន​បន្ថែម​ថា ទោះ​បី​ជា​អាមេរិក​មិន​បាន​ចូលរួម​ជាមួយ​គំនិត​ផ្តួចផ្តើម​របស់​បារាំង​ក៏​ដោយ ក៏​បេសកកម្ម​អឺរ៉ុប​នឹង​ត្រូវ​សម្របសម្រួល​ពេញលេញ​ជាមួយ​អាមេរិក​ដែរ។ នេះ​មិនមែន​មក​ពី​បារាំង​ខ្លាច​អាមេរិក​ទេ តែ​មក​ពី​បារាំង​ចង់​បង្ហាញ​ជំហរ​សហប្រតិបត្តិការ​ជាជាង​ជំហរ​នៃ​ការ​ប្រជែង​ទល់​អាមេរិក​នៅ​ក្នុង​តំបន់៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ