ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT

ក្រោយ​​មរណភាព​​ទាហាន​​នៅ​​ម៉ាលី តើ​​បារាំង​​គួរ​បន្តរក្សា​វត្តមាន​យោធា​នៅ​បរទេស​ទៀត​ឬ​យ៉ាងណា ?

ក្រោយ​​មរណភាព​​ទាហាន​​នៅ​​ម៉ាលី តើ​​បារាំង​​គួរ​បន្តរក្សា​វត្តមាន​យោធា​នៅ​បរទេស​ទៀត​ឬ​យ៉ាងណា ?
 
ទាហាន​ម្នាក់​ឈរ​មើល​រូបថត​យុទ្ធជន​ពលី​នៅ​ម៉ាលី ថ្ងៃទី ២៥​វិច្ឆិកា ២០១៩ JEFF PACHOUD / AFP

​មរណភាព​​របស់​ទាហាន​១៣​រូប​ក្នុង​ប្រតិបត្តិការ​នៅ​ម៉ាលី ជា​ដំណឹង​ដ៏​ក្រៀម​ក្រំ​សម្រាប់​ប្រទេស​បារាំង​ទាំង​មូល។ ថ្នាក់​ដឹកនាំ​នយោបាយ​គ្រប់​ស្រទាប់​ គ្រប់​និន្នាការ​​បាន​សម្តែង​ក្តី​រន្ធត់​និង​ការ​គោរព​ដល់​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី​។ យុទ្ធសាស្ត្រ​យោធា​របស់​រដ្ឋាភិបាល​ ​ នៅតែ​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ច្រើន ប៉ុន្តែ​ភាពមន្ទិល​សង្ស័យចំពោះ​សមត្ថភាព​ប្រយុទ្ធ​ប្រឆាំងនឹង​ពួក​ជីហាត​នៅ​អាហ្វ្រិក​ និង​ការ​ប្រេះ​ឆា​ចាប់​មាន​លេច​ស្នាម​ឡើង​​ក្នុង​រង្វង់បក្ស​ប្រឆាំង។ តើ​បារាំង​មាន​ទស្សនវិស័យ​យ៉ាងណា ក្នុង​ជម្លោះ​នៅ​តំបន់​សាហែល​អាហ្វ្រិក​នេះ ? បារាំង​នឹង​បន្តរក្សា​វត្តមាន​យោធា​​របស់​ខ្លួន​ទៀត​ឬ​យ៉ាងណា ?

ពិធី​គោរព​វិញ្ញណក្ខន្ធ​ថ្នាក់​ជាតិ​នឹង​ប្រារព្ធ​ធ្វើ​នៅ​វិមាន​យុទ្ធជន​ពលី​ Invalides ក្រោម​អធិបតីភាព​ប្រធានាធិបតី​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយ។ សភា​-ព្រឹទ្ធិសភា បាន​លំអោន​កាយមួយ​នាទី​គោរព​វិញ្ញាណក្ខន្ធ​​​រួចហើយ​ នៅ​ពេល​​បាន​ទទួល​ដំណឹង​​មរណភាព​ភ្លាម។

នេះ​ជា​លើក​ទី​មួយ​ហើយ គិត​ចាប់​តាំង​៣៦​ឆ្នាំ​មក ដែល​បារាំងបាន​ជួយ​ហេតុការណ៍​ ​បាត់បង់​ជីវិត​កងទ័ព​របស់​ខ្លួន នៅ​លើ​សមរភូមិ​ក្នុង​ចំនួន​ដ៏​ច្រើន​បែប​នេះ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ទន្ទឹម​ពេល​នឹង​ការ​សម្តែង​សាមគ្គីភាព​ជាតិ មាន​មតិ​​ជាច្រើន​​បាន​ផុស​ឡើង​ ចេញ​ពី​ជួរ​​​នយោបាយ​​បក្សឆ្វេង​និយម​ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​រក​​ផ្លូវ​​​ដក​ទ័ព​ចេញ​ពី​តំបន់​សាហ៊ែល​អាហ្វ្រិក។

សូម​បញ្ជាក់​ថា នៅ​​ខែ​មករា​ឆ្នាំ​២០១៣ ក្រោមការ​គំរាមកំហែង​របស់​ពួក​ជីហាត​ តាម​សំណើ​របស់​ម៉ាលីនិង​ជាមួយ​កងទ័ពជាតិ​ម៉ាលី ​បារាំង​បាន​ផ្តើម​ធ្វើ​អន្តរគមន៍​យោធាដើម្បី​ប្រយុទ្ធ​​​ប្រឆាំង​នឹ​ង​ពួក​ភេរវនិយម។​ បេសកកម្ម​នេះបាន​ការ​ចូល​រួម​ពី​កងទ័ព​មួក​ខៀវ​អង្គការ​សហប្រជាជាតិ​ និង​​សហភាព​អឺរ៉ុប​។ ​ជា​បេសកកម្ម​អង្គការ​សហប្រជាជាតិ​ដ៏​សំខាន់ តែ​ក៏​មាន​​ខាត​បង់​ជីវិតទាហាន​​អស់​ច្រើន​បំផុត ដល់​ទៅ​ជាង​២០០​នាក់ និង​ទាហាន​ជាតិ​ម៉ាលី​ជា​ច្រើន​នាក់​ផ្សេង​ទៀត។ ហើយ​តាំង​ពីឆ្នាំ​២០១៤​មក បារាំងបាន​នាំ​មុខ​ មាន​សកម្មភាព​ខ្លាំង​ជាង​គេ និង​ បានដឹកនាំ​​ពន្លាត​​សកម្មភាព​ ដោយ​មាន​ការ​ចូល​រួម​ពី​កងទ័ព​ឆាដ​ បើក​​ប្រតិបត្តិការ​ បារខាន Barkhane ដែល​មាន​កម្លាំង​ទ័ព​សរុប​៤៥០០​នាក់។ ជា​ប្រតិបត្តិការ​យោធា​បារាំង​ដ៏ ​​នៅ​បរទេស​ធំ​ជាង​គេ។

ប៉ុន្តែ​​​ជម្លោះ​អន្តរសហគមន៍​ក្នុង​តំបន់​ បាន​ជំរុញ​ឱ្យ​​ពួកជីហាត​បាន​រីក​រាល​ដាល​​សកម្មភាព​កាន់​តែ​ខ្លាំង​ឡើងៗ រាល​ដល់​ប្រទេស​នីហ្សេ បួរគីណាហ្វាសូ និង​ឆាដ ក្រោម​ផ្លាក​​អាល់កៃដា ឬ​អង្គការ​រដ្ឋ​អ៊ីស្លាម។ ក្នុង​តំបន់​វាល​ខ្សាច់​​ដ៏​ធំ​ទូលាយ​ ពួក​ភេរវនិយម​​បាន​បង្កើន​សកម្មភាព​វាយប្រហារ វាយ​ឆ្មក់​លើ​ទីតាំង​តំណាង​អំណាច​រដ្ឋ និង​​យោធា​បរទេស ...

មាន​ន័យ​ថា​ប្រតិបត្តិការ​យោធានេះ​​បរាជ័យ ? បារាំង​ត្រូវ​ដក​ទ័ព​ត្រលប់​មក​ស្រុក​វិញឬ ?ជាមួយ​ដំណឹង​មរណភាព​ទាហាន​កុម្មង់ដូ​១៣​នាក់ កាលពី​ថ្ងៃ​ចន្ទ​ទី ២៥​វិច្ឆិកា ភាព​សង្ស័យ​លើ​សមត្ថភាព​​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​ភេរវកម្ម​មាន​កាន់​តែ​ច្រើន។ សំណួរ​ទាក់​ទង​នឹង​ការ​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ​ និង​វិធីសាស្ត្រ​ថ្មី ក៏​ផុស​ឡើង​ដែរ​។ ពលរដ្ឋ​បារាំង​​ចោទ​សួរ​​មិន​ខុស​ទេ។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​បារាំង​ បាន​ទទួល​ស្គាល់​ថា​ស្ថានភាព​សន្តិសុខ​នៅ​តំបន់​សាហ៊ែល​ស្មុគស្មាញ​ខ្លាំង​ ដែល​ត្រូវ​ការ​មាន​យុទ្ធសាស្ត្រ​អំណត់​ខ្លាំង និង​ស៊ូ​ខ្លាំង​ណាស់។ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម​​ជា​សង្គ្រាម​ដ៏​យូរ​អង្វែង។

វត្តមាន​កងទ័ព​បារាំង​នៅ ម៉ាលី មិនមែន​កំរិត​ត្រឹម​ការ​ប្រយុទ្ធ​លើ​សមរភូមិ​ប្រឆាំង​នឹង​ពួក​ជីហាត​ទេ ប៉ុន្តែ​ជាវត្តមាន​ដ៏​ចាំ​បាច់​។ នេះ​បើ​តាម​ការ​អះអាង​បញ្ជាក់​របស់​​លោក​នាយក​រដ្ឋមន្ត្រី​បារាំង​ ក្រោយ​គ្រោះ​ថ្នាក់​បុក​ឧទ្ធម្ភាគចក្រ​ស្លាប់​ទាហាន​បារាំង​១៣​នាក់​ភា្លម តប​ទៅ​នឹង​សំណួរ​របស់​បក្ស​ឆ្វេង​និយម​។ ប្រតិបត្តិ​ការ​យោធា​នេះ​មិន​អាច​នាំ​ជោគជ័យ​​បាន​ទាំង​ស្រុង​ ឃើញ​ស​ឃើញ​ខ្មៅ​ភ្លាមៗ​ដូច​ល្ខោន​សំដែង​លើ​ឆាក​ទេ ប៉ុន្តែវត្តមាន​កងទ័ព​បារាំង បាន​ទប់​ស្កាត់​មិន​ឱ្យ​ពួក​ជីហាត ពួក​ភេរវនិយម​ពង្រីក​កម្លាំង​បាន។ ​បើ​គ្មាន​វត្តមាន​កងទ័ព​បារាំង ​បើ​គ្មាន​កម្លាំង​​ប្រឈម​នឹង​សត្រូវ ​ប្រឆាំង​​នឹង​អស្ថិរភាព​តាម​ផ្លូវ​ថ្នល់ ប្រឆាំង​នឹង​ការ​លាក់​បង្កប់​អាវុធ ប្រឆាំង​បង្ក​ជាក្រុមភេរវកម្ម​ទេ នោះ​គេ​ក៏​មិន​អាច​ធានា​ការ​ងារ​ស្តារ​ស្ថិរភាព​នយោបាយ និង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​​ដ៏​ចាំ​បាច់បំផុត​បាន​ដែរ។

រដ្ឋាភិបាល​បារាំង​​គ្មាន​ទស្សនៈ​វិស័យ​ចង់​ដកកងទ័ព​ចេញ​ពីតំបន់​សាហ៊ែល​ទេ។ លោក​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ជំហរ​នេះម្ត​ង​ កាលពី​ថ្ងៃ​ទី ១៨ វិច្ឆិកា​ ពី​ទីក្រុង​ដាកា។ នៅក្នុង​ជំនួប​កំពូល​​អន្តរជាតិ​ធំៗ​ដូច​ជា​ជំនួប​G៧ ប្រធានាធិបតី​បារាំង​ បាន​​ដាស់​​សហគមន៍អន្តរជាតិ​ឱ្យ​ដឹង​អំពីស្ថានភាព​អសន្តិសុខ​នៅ​តំបន់​សាហ៊ែល​ និង​សំដែង​ការ​ខក​ចិត្ត​នឹង​ប្រទេស​ជា​ដៃគូ ជា​សម្ព័ន្ធមិត្ត​​​ជា​ច្រើន​ផ្សេង​​ទៀត​ដែលទុក​បារាំង​ឱ្យ​បន្ទុក​ម្នាក់​ឯង។

គ្រប់​អ្នក​វិភាគ​ និង​អ្នក​ជំនាញ​ក៏​ព្រមព្រៀង​ដូច​គ្នា​ថា​ ទាហាន​បារាំង​ចាំ​បាច់​ត្រូវ​បន្ត​វត្តមាន​នៅ​តំបន់​សាហ៊ែល​ទៀត​សម្រាប់​ពេល​នេះ និង​យូរ​ទៅ​មុខ​ទៀត​ ដើម្បី​ជួយ​បំពាក់​បំប៉ន​កង​កម្លាំងជាតិ​ដែល​ធ្លាប់ជា​អតីត​ប្រទេស​​ស្ថិត​ក្រោម​អាណានិគមន៍​បារាំង ឱ្យ​រឹង​មាំ​សិន។ ម្យ៉ាង​វិញ​ទៀត​ បារាំង​កំពុង​ស្ថិត​ក្នុង​សង្គ្រាម​ ដែល​មាន​សមរភូមិ​ ​ពីរ ​​នៅ​ក្រៅនិងនៅ​ក្នុង​ ​ប្រទេស (ចង់​សំដៅ​លើ​ភេរវកម្ម​នៅ​ប៉ុស្តិ៍​ប៉ូលិស​ក្រុង​ប៉ារីស​កាលពី​ថ្ងៃទី ៣​តុលា)។ ដូច្នេះ​គេ​មិន​អាច​បោះបង់​សមរភូមិ​ណា​មួយបាន​ឡើយ បើ​សង្គ្រាម​មិន​ទាន់​បញ្ចប់៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • បារាំង

    ទាហាន​បារាំង ១៣នាក់ ស្លាប់​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​ប្រទេស​ម៉ាលី

    ស្វែងយល់បន្ថែម

  • បារាំង​ផ្តល់ជំនួយ​៨៥​លាន​អឺរ៉ូ ដើម្បីអភិវឌ្ឍ​ម៉ាលី ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​ជីហាត

    ស្វែងយល់បន្ថែម

  • បារាំង-អាហ្វ្រិក

    ភេរវកម្ម​អត្តឃាត​សំដៅ ទាហាន​បារាំង នៅ​ប្រទេស​ម៉ាលី

    ស្វែងយល់បន្ថែម

  • អាហ្វ្រិក-សន្តិសុខ

    បារាំង​​ដឹកនាំ​ជំនួបកំពូល​ ជំរុញ​បង្កើត​កម្លាំង​សន្តិសុខ​ពិសេស ​តំបន់​សាហ៊ែល​អាហ្វ្រិក

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ម៉ាលីបើក​ជំនួប​កំពូល​បង្កើត​កម្លាំងរួម៥ប្រទេស​ប្រឆាំង​ពួក​ជីហាត​ភេរវនិយម

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ