អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វីបានជា​ប្រធានាធិបតី​បារាំង​ទាមទារ​ឲ្យ​អូតង់ កែប្រែ​យុទ្ធសាស្រ្ត​យោធា​ឡើងវិញ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​មួយ​សប្តាហ៍​មុន​បើក​ជំនួបកំពូល​នៅទីក្រុង​ឡុងដ៍ សមាជិក​របស់​អង្គការ អូតង់ នៅតែ​ខ្វែងគំនិត មិនចុះ​សម្រុងគ្នា តាំង​ពី​បញ្ហា​យុទ្ធសាស្រ្ត និង​ថវិកា​របស់​អូតង់។ នៅថ្ងៃ​ព្រហស្បតិ៍ ទី​២៨​វិច្ឆិកា ២០១៩ នៅក្នុង​ជំនួប​ជាមួយ​អគ្គលេខាធិការ​អង្គការ​អូតង់ នៅ​ទីក្រុង​ប៉ារីស ប្រធានាធិបតី បារាំង លោកអេម៉ានុយអែល ម៉ាក្រុង បាន​រក្សា​សំដី​ដដែល​របស់​លោក​ដែល​ធ្លាប់​បាន​ចាត់ទុក​សម្ព័ន្ធ​អាត្លង់ទិក អូតង់​ថា ជា​ស្ថាប័ន​ដូច​ស្លាប់។ 

អគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg មកជួបប្រធានាធិបតីបារាំង លោកEmmanuel Macron នៅទីក្រុង​ប៉ារីស នៅថ្ងៃទី ២៨​វិច្ឆិកា​២០១៩
អគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg មកជួបប្រធានាធិបតីបារាំង លោកEmmanuel Macron នៅទីក្រុង​ប៉ារីស នៅថ្ងៃទី ២៨​វិច្ឆិកា​២០១៩ ©Bertrand Guay/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

អង្គការ​សម្ព័ន្ធ​អាត្លង់ទិក អូតង់​នឹង​បើក​ជំនួបកំពូល នៅ​ថ្ងៃ​ទី ៣ និងទី ៤​ធ្នូ នៅ​ទីក្រុង​ឡុងដ៍ នៅ​ចំឱកាស ប្រារព្ធខួប ៧០ឆ្នាំ​នៃ​ការបង្កើត​អង្គការ​បក្សសម្ព័ន្ធ។ ពិធីបុណ្យ​រំលឹកខួប៧០​ឆ្នាំ​នៃ​កំណើត​របស់​អូតង់ កំពុង​អួរអាប់ ដោយ​វិបត្តិ​ផ្ទៃក្នុង នៅពេល​សមាជិក​របស់អូតង់​កំពុង​ខ្វែងគំនិត និង​បែកបាក់គ្នា ខ្លាំង ជាង​ពេលណា​ទាំងអស់។ ប្រធានាធិបតី​បារាំង ចេញមុខ​រិះគន់ ថា ប្រតិបត្តិការ​យោធា​ របស់​ប្រទេស​សមាជិក​ពីរ​របស់​អូតង់ គឺ​តួកគី និងអាមេរិក បាន​ប៉ះពាល់ យុទ្ធសាស្រ្តយោធា​របស់​បារាំង នៅ​ស៊ីរី។ ដោយសារ​អន្តរាគមន៍​យោធា​របស់​តួកគី ធ្វើឡើង​ដោយ​គ្មាន​ការពិគ្រោះយោបល់​ពី​ប្រទេស​សមាជិក​ដទៃទៀត​របស់​អូតង់ លោក​ម៉ាក្រុង បាន​និយាយ​ចាត់ទុក​អូតង់​ថា ជា​ស្ថាប័ន​ដូចស្លាប់។

នៅក្នុង​ជំនួបជាមួយ​អគ្គលេខាធិការ​អង្គការ​អូតង់ កាលពី​ថ្ងៃ​ម្សិលមិញ ប្រថានាធិបតី​បារាំង បានរក្សា​សំដី​រិះគន់​របស់​លោក​ដដែល និង​បន្ថែមពីលើនោះ លោក​បាន​ទាមទារ​ឲ្យ​បក្ស​សម្ព័ន្ធ​អូតង់ សើរើ ពិនិត្យ ពិចារណា ពី​យុទ្ធសាស្រ្ត​យោធា​របស់ខ្លួន​ឡើងវិញ។

សម្រាប់​ប្រធានាធិបតី បារាំង បន្ថែម​ពីលើ​គោលដៅ ចំបង​របស់​អូតង់​ដែល​ថា ជួយ​ការពារ​ប្រទេស​សមាជិក​ពីការវាយប្រហារ​ពី​ខាងក្រៅ អូតង់​មាន​បេសកកម្ម​មួយទៀត គឺ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម នៅក្នុង​ពិភពលោក។ ប៉ុន្តែ អ្វី​ដែល​គួរឲ្យ​សោកស្តាយ គឺត្រង់ថា ប្រទេស​សមាជិក​របស់​អូតង់ យល់​មិន​ដូចគ្នា​នោះទេ ពី​និយមន័យ របស់​ក្រុមភេរវនិយម។ ជាក់ស្តែង តួកគី បានបើក​ការវាយប្រហារ​ទៅលើ​ក្រុមគួដឌីស្ថាន​ស៊ីរី ដែល​តួកគី​ចាត់ទុក​ជា​ក្រុមភេរវនិយម ចំណែក រដ្ឋាភិបាល បារាំង និង​ប្រទេស​អឺរ៉ុប​ផ្សេងទៀត រួមជាមួយ​អាមេរិក​ផង ធ្លាប់​បាន​ជួយ​ឧបត្ថម្ភ​ក្រុមគួដឌីស្ថាន ដោយសារ​តែ​ក្រុមនេះ បាន​ជួយ​សម្ព័ន្ធអន្តរជាតិ ក្នុង​ការប្រយុទ្ធ​យក​ឈ្នះ លើ​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ទឹកដី​ស៊ីរី។

ប្រធានាធិបតី បារាំង​មិន​សប្បាយចិត្ត​ទេ នៅពេល អាមេរិក របស់​លោកដូណាល់ ត្រាំ បាន​ប្រកាស​ដកទ័ព លែង​ជួយ​ក្រុមគួដឌីស្ថាន ដោយ​ទុកបណ្តោយ​ឲ្យ​ក្រុមនេះ ស្ថិតក្រោម​ការវាយប្រហារ​របស់​កងទ័ពតួកគីនោះ។ ហើយ ដោយសារ​តែ គ្មាន​ការសហការ ពិគ្រោះយោបល់ គ្នា​ជាមុន រវាង​ប្រទេស​តួកគី អាមេរិក និង​បារាំង ដែល​សុទ្ធតែ​ជាប្រទេស​សមាជិក​អូតង់ កម្លាំងទ័ព​បារាំង ក៏ប្រថុយគ្រោះថ្នាក់ជីវិត​មិនតិច ដែរ នៅក្នុង​ប្រតិបត្តិការវាយប្រហារ​របស់​តួកគី លើកនេះ។

ខ្វះ ការសហការ គ្មាន​ការពិគ្រោះយោបល់​គ្នា​រវាង​ប្រទេស​សមាជិក​អូតង់​គឺ​ជារឿងមួយ។ រឿង​សំខាន់​មួយទៀត ដែល ប្រធានាធិបតី​បារាំង ចង់​ឲ្យ​សមាជិក​ទាំងអស់របស់​អូតង់​គិតពិចារណា ផងដែរ គឺ​សន្តិភាព​នៅទឹកដី​អឺរ៉ុប ដែល មិនអាច​ចៀសផុតបាន ពីការកសាង​ទំនាក់ទំនង​ល្អប្រសើរ​ឡើងវិញ ជាមួយ​រុស្ស៊ី។

រុស្ស៊ី បាន​ក្លាយ​ជា​គូសត្រូវ របស់​អូតង់ បន្ទាប់ពី​រុស្ស៊ី បាន​កាត់យក​ទឹកដី គ្រីមេ​របស់​អ៊ុយក្រែន នៅ​ឆ្នាំ ២០១៤។

ប្រធានាធិបតីបារាំង ចង់​ឲ្យមានការចរចា​ជាមួយ​រុស្ស៊ី ជាពិសេស ក្នុង​រឿងគ្រប់គ្រង​អាវុធ

សម្រាប់​ប្រធានាធិបតី បារាំង ទ្វីបអឺរ៉ុប មិនអាចមាន​ស្ថិរភាព និងសុវត្ថិភាព ទេ បើសិន​ប្រទេស​នៅអឺរ៉ុបផ្ទាល់ មិន​ធ្វើនយោបាយ​សន្តិភាព និង​បញ្ជាក់ឲ្យ​ច្បាស់​ពី​ទំនាក់ទំនង​ល្អ​ជាមួយ​រុស្ស៊ីនោះ។

នៅ​ថ្ងៃ​ព្រហស្បតិ៍ ប្រធានាធិបតី​បារាំង​អះអាង​ថា បារាំង​មិន​បាន​ទទួលយល់ព្រម​តាមសំណើ​របស់​រុស្ស៊ី ដែល​ចង់​ឲ្យ​មានការផ្អាក ការពង្រាយ មីស៊ីល នៅ​ទឹកដី​អឺរ៉ុប​ខាងកើត ក្បែរ​ព្រំដែន​រុស្ស៊ីនោះទេ។ ប៉ុន្តែ ប្រធានាធិបតី​បារាំង​បានទាមទារ​ឲ្យ​អង្គការ​អូតង់ ចរចា​សំណុំរឿងនេះ ជាមួយ​រុស្ស៊ី ដោយ​មាន​ដាក់បញ្ចូល​ភាគី​អឺរ៉ុបទៅ​ការចរចា​ផងដែរ។

សន្ធិសញ្ញា​ស្តីពី​មីស៊ីល​បាញ់ចម្ងាយ​មធ្យម ដែល​ចុះ​ហត្ថលេខា ដោយ​អាមេរិក និង​សហភាព​សូវៀត កាលពី​ឆ្នាំ ១៩៨៧ ​បាន​ចប់​អស់សុពលភាព កាលពី​ខែ សីហា បន្ទាប់ពី​អាមេរិក​ប្រកាស​ដកខ្លួន ឯកតោភាគី។ អាមេរិក និង​អូតង់ បាន​ចោទប្រកាន់​រុស្ស៊ី​ថា បាន​រំលោភសន្ធិសញ្ញា​ស្តីពី​មីស៊ីល​បាញ់ចម្ងាយមធ្យម តាមរយៈ ការលួចផលិត មីស៊ីល​ដែលអាច​ពាំនាំក្បាលគ្រាប់​នុយក្លេអ៊ែរ ទៅវាយប្រហារ​ទីក្រុង នៅបណ្តាប្រទេស​អឺរ៉ុប។

តាម​អគ្គលេខាធិការ​អូតង់ រុស្ស៊ី​បាន​ដាក់តាំង​រួចហើយ​មីស៊ីល​បំពាក់​ដោយ​ក្បាលគ្រាប់​នុយក្លេអ៊ែរ ដែល​អាច​បាញ់​ដល់​ទឹកដី​អឺរ៉ុប តែ​ក្នុង​រយៈពេល​ប៉ុន្មាន​នាទី។

ប្រធានាធិបតី​បារាំង​វាយតម្លៃ​ដែរ​ថា អឺរ៉ុប ដែល​ជា​អ្នកប្រឈម​ខ្លាំងជាងគេ​នឹង​ការវាយប្រហារ​របស់​រុស្ស៊ី គួរ​តែ​ជាអ្នកដែល​ចេញមុខ ដើរតួនាទី​សំខាន់ ក្នុង​ការដោះស្រាយ​បញ្ហា​ជាមួយ​រុស្ស៊ី ផ្ទាល់។ ប្រធានាធិបតី បារាំង កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាននិយាយ​ថា លោក​ចង់​ឲ្យ​ភាគី​អឺរ៉ុប​ចូលរួម​ដោយផ្ទាល់ ក្នុង សន្ធិសញ្ញា ថ្មី ស្តីពី​មីស៊ីល​ចម្ងាយ​មធ្យម បន្ទាប់ពី​សន្ធិសញ្ញា​ចាស់ ដួលរលំ នៅក្រោយ ការដកខ្លួន​របស់​អាមេរិក កាលពី​ខែ សីហា​កន្លងទៅនេះ។

សន្ធិសញ្ញា​ស្តីពី​អាវុធ​បាញ់​ក្នុង​ចម្ងាយ​មធ្យម ពាក់ព័ន្ធដោយ​ផ្ទាល់​ទៅលើ​អនាគត​ជោគវាសនា​របស់​អឺរ៉ុប ព្រោះ​វា​ជួយ​បញ្ជៀស​មិន​ឲ្យ​រុស្ស៊ី និង​អាមេរិក​មាន​អាវុធ​មីស៊ីល នៅទឹកដី​អឺរ៉ុប កាលពី​សម័យ​សង្រ្គាមត្រជាក់ ប៉ុន្តែ អឺរ៉ុប គ្មាន​មុខ​ជា​ហត្ថលេខី​នៃ​សន្ធិសញ្ញា ដែល​មាន​តែ​អាមេរិក និង​រុស្ស៊ី​តែប៉ុណ្ណោះ។

ប្រធានាធិបតី​បារាំង​ចង់​បញ្ជាក់ដែរថា អឺរ៉ុប​មិនមែន​ចេះ​តែទុក​ឲ្យ​អាមេរិក ជាអ្នកអារកាត់ សម្រេច​លើ​ជោគវាសនា​របស់​អឺរ៉ុប​រហូតនោះទេ។ ដោយសារ​ចង់​ឲ្យ​អឺរ៉ុប​ក្តោបក្តាប់​វាសនា​របស់ខ្លួន លែងសូវ​ពឹង​លើ​អាមេរិក ប្រធានាធិបតី បារាំង ចង់​ឲ្យ​អូតង់ និងអឺរ៉ុបផ្ទាល់ តែម្តង បើក​ការចរចា​ជាមួយ​រុស្ស៊ី ជាពិសេស ពី​រឿង​តាំងទី​គ្រាប់មីស៊ីល​របស់​អាមេរិក នៅទឹកដី អឺរ៉ុប ដែល​រុស្ស៊ី​បាន​ទាមទារ​ឲ្យផ្អាក មួយរយៈសិន បន្ទាប់ពី​អាមេរិក ដកខ្លួន​ចេញពី សន្ធិសញ្ញា​ស្តីពីអាវុធ​បាញ់បាន​ចម្ងាយមធ្យម កាលពី​ខែ​សីហា។ តាម​ប្រធានាធិបតី​បារាំង គេ​ត្រូវ​ចរចា កសាង រចនា​សម្ព័ន្ធ ថ្មី ខាងផ្នែក សន្តិសុខ ហើយ​និង​ការទុកចិត្ត​គ្នា ជាមួយ រុស្ស៊ី ដើម្បី សុវត្ថិភាព របស់​អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ