អានតួអត្ថបទ
អ៊ីស្រាអែល-អឺរ៉ុប

ប្រទេស​អឺរ៉ុប​៦ទៀត​ចូលរួមក្នុង​អង្គភាព​ពិសេស ដែល​ជួយ​ឲ្យគេ​ធ្វើជំនួញ​ជាមួយ​អ៊ីរ៉ង់​ដោយ មិនឲ្យ​ជាប់​ទណ្ឌកម្ម​អាមេរិក

ប្រទេស​អឺរ៉ុប​ខាងជើង ចំនួន​៦ បាន​ប្រកាស​ចូលរួម​ក្នុង​អង្គភាព​ពិសេស Instex ដែល​បារាំង អង់គ្លេស និង​អាល្លឺម៉ង់​បាន​បង្កើតឡើង​នៅ​ដើមឆ្នាំនេះ ក្នុង​គោលដៅ ធ្វើជំនួញ​ជាមួយ​អ៊ីរ៉ង់ ដោយ​មិន​ឲ្យ​ជាប់​សំណាញ់​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់អាមេរិក។ នេះ បើតាម​សេចក្តីថ្លែងការណ៍រួម របស់​បារាំង អង់គ្លេស និង​អាល្លឺម៉ង់។ គេ​នៅមិនទាន់​ឃើញ​មាន​ប្រតិកម្ម​យ៉ាងណា​ពី​ភាគីអាមេរិក ក៏ប៉ុន្តែ នៅ​ថ្ងៃ​អាទិត្យម្សិលមិញ អ៊ីស្រាអែល​ដែល​ជា​សត្រូវ​របស់អ៊ីរ៉ង់ បាន​ចេញមុខ​ប្រតិកម្ម​រិះគន់​ខ្លាំង ចំណាត់ការ​របស់​ប្រទេស​អឺរ៉ុប។ 

រដ្ឋមន្រ្តីការបរទេស​បារាំង អាល្លឺម៉ង់ និង​អង់គ្លេស​នៅពេល​ប្រកាស​បើក​អង្គភាព Instex នៅខែ​មករា ឆ្នាំ ២០១៩ នៅប្រទេស​រូម៉ានី
រដ្ឋមន្រ្តីការបរទេស​បារាំង អាល្លឺម៉ង់ និង​អង់គ្លេស​នៅពេល​ប្រកាស​បើក​អង្គភាព Instex នៅខែ​មករា ឆ្នាំ ២០១៩ នៅប្រទេស​រូម៉ានី Inquam Photos/Octav Ganea via REUTERS
ផ្សាយពាណិជ្ជកម្ម

ក្រសួង​ការបរទេស​អ៊ីស្រាអែល នៅថ្ងៃ​អាទិត្យ​ម្សិលមិញ បាន​រិះគន់​ខ្លាំង ប្រទេស​អឺរ៉ុប​ទាំង​៦ ដែល​បាន​ចូលខ្លួន​ជា​សមាជិក​របស់អង្គភាព Instex បង្កើតឡើង​ដោយ​បារាំង អង់គ្លេស និង​អាល្លឺម៉ង់ ក្នុង​គោលដៅ បន្ត​ធ្វើពាណិជ្ជកម្ម​ជាមួយ​អ៊ីរ៉ង់ ប៉ុន្តែ ដោយ​មិន​ឲ្យ​ជាប់​ក្នុង​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អាមេរិក។

នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​សៅរ៍ បារាំង អង់គ្លេស និង​អាល្លឺម៉ង់ ដែល​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀងអន្តរជាតិស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ បាន​ថ្លែង​ស្វាគម រដ្ឋាភិបាល​បែលហ្ស៊ិក ហូឡង់ ដាណឺម៉ាក ស៊ុយអែត ន័រវែស ហ្វាំងឡង់ ដែល​បាន​ចុះឈ្មោះ​ជា​ម្ចាស់​ភាគហ៊ុន ក្នុង អង្គភាព Instex។ មាន​ទីតាំង​នៅទីក្រុង​ប៉ារីស អង្គភាព​Instex ប្រៀបបាន​នឹង​ប្រព័ន្ធ​ពិសេស​មួយ ដែល​មាន​នាទី រៀបចំ​ការដោះដូរ​ពាណិជ្ជកម្ម អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់ អាច​លក់​នាំ​ចេញ​ប្រេង ហើយ​និង​ទិញ​នាំ​ចូល ទំនិញ ឬ​សេវា ដោយ​មិន​ប្រើ​សាច់ប្រាក់​ដុល្លារ ដើម្បី​កុំ​ឲ្យ​ជាប់​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក។

សម្រាប់​បារាំង អង់គ្លេស និង​អាល្លឺម៉ង់ ដែល​ជា​ស្ថាបនិក អង្គភាព​Instex ការចូលរួម​របស់​ប្រទេស​អឺរ៉ុប​ផ្សេងទៀត បង្ហាញ​ឲ្យ​ឃើញ​ពីការប្រឹងប្រែង​របស់​អឺរ៉ុប ដើម្បី សម្រប​សម្រួល​ការធ្វើ​ពាណិជ្ជកម្ម​ស្របច្បាប់​រវាង​អឺរ៉ុប ហើយ​និង​អ៊ីរ៉ង់ នោះបើទោះបី​អ៊ីរ៉ង់ ជាប់រង​ទណ្ឌកម្ម​អាមេរិក។ ប៉ុន្តែ សម្រាប់​ក្រសួងការបរទេស​អ៊ីស្រាអែល ប្រទេស​អឺរ៉ុប​ទាំង ៦​បាន​ជ្រើសរើស​ពេលវេលា​ដ៏អាក្រក់​បំផុត ដើម្បី​ជួយ​រដ្ឋាភិបាល​អ៊ីរ៉ង់ ឲ្យ​គេចផុត​ពីទណ្ឌកម្ម​អាមេរិក ព្រោះ​វាធ្វើឡើង នៅចំពេល​ដែ​រដ្ឋាភិបាល​អ៊ីរ៉ង់ កំពុង​ប្រឈម​នឹង​មហាបាតុកម្ម របស់​ប្រជាជន​អ៊ីរ៉ង់​ដែល​រិះគន់​រដ្ឋាភិបាល ពីរឿង​ដំឡើង​ថ្លៃប្រេង (តាំងពី​ពាក់កណ្តាល​ខែ វិច្ឆិកា)។

នៅក្រោយ អាមេរិក​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង និង​ត្រលប់​ទៅដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ បារាំង អាល្លឺម៉ង់ និង​អង់គ្លេស ដែល​ជា​ហត្ថលេខី​បីទៀត​នៃកិច្ចព្រមព្រៀង បាន​សម្រេច​បង្កើត អង្គភាព Instex ក្នុង​គោលដៅ បញ្ចុះបញ្ចូល​ឲ្យ​អ៊ីរ៉ង់ នៅ​បន្ត​គោរព​តាម​កិច្ចព្រមព្រៀង ដែល​សំដៅ ទប់ស្កាត់​កុំ​ឲ្យ​អ៊ីរ៉ង់ មាន​អាវុធ​បរិមាណូ។

ប៉ុន្តែ ជា​អត់ប្រយោជន៍។ អ៊ីរ៉ង់ ដែលប្រឈម​នឹង​វិបត្តិសេដ្ឋកិច្ច ដោយសារ​ទណ្ឌកម្ម​អាមេរិក បាន​​បន្ទោស​ប្រទេស​នៅអឺរ៉ុប ថា អសមត្ថភាព មិនអាច​ជួយ​ឲ្យ​អ៊ីរ៉ង់។ តាំង​ពី​ខែ​ឧសភា អ៊ីរ៉ង់ បាន​ក្រឡាស់​ដោះដៃ​បន្តិចម្តងៗ ពី​ការគោរព​កិច្ចសន្យា​របស់ខ្លួន ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ឆ្នាំ ២០១៥។ នៅថ្ងៃ​អាទិត្យម្សិលមិញ ប្រធាន​រដ្ឋសភា​អ៊ីរ៉ង់ នៅ​បាន​គំរាមទៀតថា អ៊ីរ៉ង់ នឹងពិចារណា ឡើងវិញ ពីការងារ​សហការជាមួយ ទីភ្នាក់ងារ​ថាមពល​បរិមាណូ​អន្តរជាតិ AIEA បើសិន​ភាគី​អឺរ៉ុប សើរើ​ពិនិត្យ លើ​យន្តការ ដែល​អាច​ធ្វើ​ឲ្យ​អ៊ីរ៉ង់ ត្រលប់​ទៅ​ជាប់​ទណ្ឌកម្មសេដ្ឋកិច្ច​សាជាថ្មី របស់​អង្គការ​សហប្រជាជាតិ។

នៅខែ​វិច្ឆិកា​មុននេះ ប៉ារីស ប៊ែរឡាំង​បាន​គំរាម​នឹង​ប្រើ​យន្តការ​ដោះស្រាយ​វិវាទ ដែល​មាន​ចែង​នៅក្នុង​កិច្ចព្រមព្រៀង និង​ដែល​បើកផ្លូវ​ឲ្យ​អង្គការសហប្រជាជាតិ ត្រលប់​ទៅដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ នៅបន្ទាប់​ពី​អ៊ីរ៉ង់ បាន​រំលោភ ជាបន្តបន្ទាប់ កិច្ចព្រមព្រៀង ដូចជា បង្កើន​បរិមាណ ស្តុក សារធាតុ អ៊ុយរ៉ាញ៉ូម ច្រើន​ជាងការកំណត់​ក្នុង​កិច្ចព្រមព្រៀង​ជាដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ