បារាំងគោរពវិញ្ញាណក្ខន្ធជាតិចំពោះសពទាហានបារាំងទាំង ១៣នាក់ដែលស្លាប់នៅក្នុងប្រទេសម៉ាលី
នៅរសៀលថ្ងៃចន្ទ ទី២ ធ្នូ ប្រទេសបារាំងបានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធជាតិចំពោះសពទាហានបារាំងទាំង ១៣នាក់ដែលបានស្លាប់នៅក្នុងប្រទេសម៉ាលី។ ពិធីប្រារព្ធវិញ្ញាណក្ខន្ធនេះមានការចូលរួមពីប្រធានាធិបតីបារាំងលោកអេម៉ានុយអែល ម៉ាក្រុង នាយករដ្ឋមន្រ្តី សមាសភាពក្នុងជួររដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ អតីតប្រធានាធិបតី អតីតរដ្ឋមន្រ្តី ក្រុមអ្នកតំណាងរាស្រ្តមកពីគ្រប់និន្នាការនយោបាយ រួមទាំងក្រុមគ្រួសារជនរងគ្រោះ និងពលរដ្ឋបារាំងក្មេង ចាស់ជាច្រើនរយនាក់ផ្សេងទៀត។ គួររម្លឹកថាកាលពីថ្ងៃចន្ទ ទី២៥ វិច្ឆិកា មានស្លាប់ទាហានបារាំងចំនួន ១៣នាក់នៅគ្រោះថ្នាក់បុកឧទ្ធម្ភាគចក្រទាហានបារាំងចំនួនពីរគ្រឿងនៅក្នុងប្រតិបត្តិការបាកានក្នុងប្រទេសម៉ាលី។ នៅក្នុងសុន្ទរកថា លោកម៉ាក្រុងបានលំអោនកាយគោរពចំពោះការពលីជីវិតរបស់ទាហានទាំង ១៣រូប និងថា បារាំងនៅតែស្ថិតជានិច្ចជាមួយទាហានបារាំងដែលកំពុងបន្តបំពេញបេសកកម្មនៅតំបន់សាហ៊ែល។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥៨
« តាំងនាមឲ្យប្រជាជាតិ ខ្ញុំសូមលំអោនកាយគោរពចំពោះការពលីជីវិតរបស់ទាហានទាំង ១៣នាក់ ខ្ញុំសូមលំអោនកាយគោរពចំពោះភាពក្តុកក្តួលរបស់ក្រុមគ្រួសាររបស់ពួកគេ ចំពោះឱពុក ម្តាយដែលបានហូរទឹកភ្នែកដោយការបាត់បង់កូនប្រុស ចំពោះភរិយាដែលបានបង់បាត់ស្វាមីជាទីស្រឡាញ់ ចំពោះកូនៗដែលសោកនាដកម្មនេះបានធ្វើឲ្យពួកគេកំព្រាឱពុក និងនៅចំពោះកូនក្នុងផ្ទៃម្តាយដែលនឹងប្រសូត្រនាពេលខាងមុខ។
ខ្ញុំសូមធានាថា ប្រទេសទាំងមូលបានស្ថិតនៅជាមួយការស្លាប់ទាហានទាំង ១៣នាក់របស់យើង។ អ្នកខ្លះកំពុងស្ថិតនៅជាមួយយើង ហើយអ្នកផ្សេងទៀតកំពុងបន្តបេសកកម្មប្រយុទ្ធនៅក្នុងតំបន់សាហ៊ែល។ ខ្ញុំសូមនិយាយប្រាប់ពួកគេទាំងអស់គ្នាម្តងទៀត និងមេកើយរបស់ពួកគេ ពីសេចក្តីទុកចិត្តរបស់ខ្ញុំ។ ពេលនេះ យើងកំពុងគិតដល់ពួកគេដែលកំពុងបំពេញបេសកកម្មដោយគ្មានសម្រាក។
ពួកគេបានបាត់បង់មិត្តរួមការងាររបស់ពួកគេចំនួន ១៣នាក់។ តែទោះជាយ៉ាងនេះក្តី ពួកគេនៅបន្តឈរជើងជាមួយមិត្តរួមការងាររបស់ពួកគេក្នុងកម្លាំងទ័ពសាហ៊ែល។ ពួកគេក៏បានបង្ហូរឈាម សន្យាជានិច្ច និងរួបរួមជានិច្ចដោយគ្មានគោលដៅណាផ្សេងក្រៅពីបំពេញកាតព្វកិច្ចរបស់ខ្លួនដូចដែលពួកគេបានធ្វើតាំងពី ៥ឆ្នាំនៅតំបន់សាហ៊ែល។ យើងស្ថិតនៅជាមួយពួកគេដូចដែលយើងស្ថិតនៅជាមួយទ័ពថ្មើរជើង ជាមួយគ្រប់សហគមន៍ទាហាន និងការពារ »៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ