អានតួអត្ថបទ
អាមេរិក-អឺរ៉ុប-Gafa

អាមេរិកគំរាមដំឡើងពន្ធ ១០០% លើផលិតផលបារាំងមួយចំនួន តែបារាំងបានគំរាមនឹងវាយបកវិញ

នៅ​ថ្ងៃ​អង្គារ ទី៣ ធ្នូ បារាំង​តាម​រយៈ​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក​ប៊្រុយណូ ឡឺម៊ែរ​បាន​បញ្ចេញ​ប្រតិកម្ម​តប​នឹង​រដ្ឋបាល​អាមេរិក​ដែល​គំរាម​ដំឡើង​ពន្ធ​លើ​ផលិផល​បារាំង​មួយ​ចំនួន​ដែល​នាំ​ចូល​អាមេរិក។ ការ​គំរាម​របស់​រដ្ឋបាល​អាមេរិក​នេះ គឺ​ដើម្បី​ឆ្លើយ​តប​នឹង​រដ្ឋាភិបាល​បារាំង​ដែល​បាន​បង្កើត​ច្បាប់​យក​ពន្ធ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិកាំង​ចំនួន៤ គឺ Google Appel Facebook និង Amazon ដែល​គេ​ហៅ​ថា Gafa។ អាមេរិក​យល់​ថា ច្បាប់ពន្ធ Gafa របស់​បារាំង​បាន​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ដល់​ក្រុមហ៊ុន​អាមេរិកាំង។ លោក​ប៊្រុយណូ ឡឺម៊ែរ​បាន​ព្រមាន​បក​វិញ​ដោយ​ចាត់​ទុក​ទណ្ឌកម្ម​ថ្មី​អាមេរិក​លើ​បារាំង​ជា​រឿង​មិន​អាច​ទទួល​យក​បាន និង​ថា បារាំង រួម​ទាំង​អឺរ៉ុប​នឹង​ធ្វើ​ការ​វាយបក​ចាស់ដៃ​លើ​អាមេរិក​វិញ។

GAFA
GAFA REUTERS
ផ្សាយពាណិជ្ជកម្ម

២ ៤០០លាន​ដុល្លារ នេះ​ជា​ទឹកប្រាក់​ដែល​រដ្ឋបាល​អាមេរិក​អាច​ទទួល​បាន​ពី​ការ​ដំឡើង​ពន្ធ​លើ​ផលិតផល​បារាំង​មួយ​ចំនួន​ដែល​នាំ​ចូល​អាមេរិក។ ផលិផល​ទាំង​នោះ​រួម​មាន ស្រា កាបូបដៃ គ្រឿងសំអាង និង Fromage ឬ Cheese។ ការ​គំរាម​របស់​រដ្ឋបាល​អាមេរិក​នៅ​រសៀល​ថ្ងៃ​ចន្ទ ទី២ ធ្នូ​បាន​ធ្វើ​ឡើង ក្រោយ​ពី​អ្នក​តំណាងពាណិជ្ជកម្ម​អាមេរិក​បាន​បើក​ការ​ស៊ើបអង្កេត​ក្នុង​ខែ​កក្កដា​លើ​ច្បាប់ពន្ធ Gafa របស់​បារាំង រួច​បាន​ចេញ​សេចក្តីសន្និដ្ឋាន​ថា ច្បាប់ពន្ធ Gafa នេះ​បាន​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ដល់​ក្រុមហ៊ុន​អាមេរិកាំង។

« ការិយាល័យតំណាង​ពាណិជ្ជកម្ម​អាមេរិក​ផ្តោត​លើ​ការ​ប្រឆាំង​នឹង​ការ​ការពារនិយម​ដែលកំពុង​កើន​ឡើង​នៅ​ក្នុង​ប្រទេស​សមាជិក​អឺរ៉ុប​ដែល​បាន​យក​ក្រុមហ៊ុន​អាមេរិក​ធ្វើ​ជា​ផ្ទាំងស៊ីប​ដោយ​អយុត្តិធម » នេះ​ជា​ការ​ថ្លែង​របស់​អ្នក​តំណាង​ពាណិជ្ជកម្ម​អាមេរិក​នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​មួយ។ « ខ្ញុំ​នឹង​មិន​ទុក​ឲ្យ​បារាំង​យក​ពន្ធ​លើ​ក្រុមហ៊ុន​អាមេរិកាំង​ទេ » នេះ​ជា​ការ​ថ្លែង​របស់​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ពី​ទីក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស​ដែល​លោក​អញ្ជើញ​ចូលរួម​នៅ​ក្នុង​ជំនួបកំពូល​អូតង់។ ជា​ចម្លើយ​តប​នឹង​ការ​គំរាម​របស់​រដ្ឋបាល​អាមេរិក​វិញ បារាំង​តាម​រយៈ​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក​ប៊្រុយណូ ឡឺម៊ែរ​បាន​បញ្ជាក់​ថា ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក​ប្រឆាំង​បារាំង​ជា​រឿង​មិន​អាច​ទទួល​យក​បាន និង​ថា បារាំង រួម​ជាមួយ​អឺរ៉ុប​នឹង​ធ្វើ​ការ​វាយ​បក​ចាស់​ដៃ​វិញ។

« គម្រោង​ទណ្ឌកម្ម​នេះ​ជា​រឿង​មួយ​ដែល​មិន​អាច​ទទួល​បាន​ទេ។ វា​ជា​វិធានការ​ដែល​មិន​សក្តិសម​នឹង​សម្ព័ន្ធមិត្ត​ម្នាក់​សោះ។ វា​ក៏​មិនមែន​ជា​ឥរិយាបទ​ដែល​គេ​កំពុង​រង់ចាំ​ពី​អាមេរិក​ចំពោះ​បារាំង​ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​មួយ និង​ចំពោះ​អឺរ៉ុប និយាយ​ជា​ទូទៅ​ទេ។

អ្វីៗ​គឺ​ច្បាស់​ណាស់​រវាង​អាមេរិក និង​យើង ខ្ញុំ​ចង់​និយាយ​ថា​អឹរ៉ុប ប្រសិន​បើ​មាន​ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក សហភាព​អឺរ៉ុប​នឹង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​វាយ​បក​វិញ។ នៅ​ថ្ងៃ​ចន្ទ ទី២ ធ្នូ យើង​បាន​ទាក់ទង​ជាមួយ​គណៈកម្មការ​អឺរ៉ុប​ដើម្បី​ធានា​ថា បើ​មាន​ទណ្ឌកម្ម​ថ្មី​ពី​អាមេរិកាំង គឺ​ត្រូវ​តែ​មាន​ការ​វាយបក​វិញ​ពី​អឹរ៉ុប ហើយ​ជា​ការ​វាយបក​យ៉ាង​ចាស់ដៃ » នេះ​ជា​ការ​ថ្លែង​របស់​លោក​ប៊្រុយណូ ឡឺម៊ែរ។

គួរ​រម្លឹក​ថា Gafa មក​ពី​ពាក្យ​ពេញ Google Appel Facebook និង Amazon ហើយ​នៅ​ក្នុង​ច្បាប់ពន្ធ Gafa នេះ រដ្ឋាភិបាល​បារាំង​បាន​សម្រេច​យក​ពន្ធ​ដល់​កម្រិត ៣% លើ​ប្រាក់ចំណូល​ដែល​ក្រុមហ៊ុន​អាមេរិក​ទាំង ៤ រកស៊ី​បាន​នៅ​ក្នុង​ប្រទេស​បារាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ