អានតួអត្ថបទ
អង់គ្លេស-អូតង់

អង្គការអូតង់បានបញ្ជាក់ជាថ្មីពីសាមគ្គីភាព ឯកភាព និងភាពស្អិតរមួត

ជំនួបកំពូល​អង្គការ​អូតង់​រយៈពេល ២ថ្ងៃ​ក្នុង​ទីក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស​បាន​បិទបញ្ចប់​នៅ​រសៀល​ថ្ងៃ​ពុធ ទី៤ ធ្នូ។ ទោះ​បី​ជា​មាន​ភាព​មិន​ចុះ​សម្រុង និង​ការ​យល់​មិន​ដូច​គ្នា​ក៏​ដោយ​ក៏​នៅ​ទីបំផុត សមាជិក​ទាំង ២៩ប្រទេស​បាន​អនុម័ត​លើ​សេចក្តីថ្លែងការណ៍​រួម​មួយ​ដោយ​បញ្ជាក់​ជា​ថ្មី​ពី​សាមគ្គីភាព ឯកភាព និង​ភាព​ស្អិតរមួត។ ទន្ទឹម​គ្នា​នេះ សេចក្តីថ្លែងការណ៍​ដដែល​ក៏​បាន​បើក​ផ្លូវ​ឲ្យ​មាន​ការ​គិតគូរ​ពី​យុទ្ធសាស្រ្ត​ថ្មី​ដែល​បាន​ទាមទារ​យ៉ាង​ទទូច​ពី​សមាជិក​មួយ​ចំនួន។

ប្រមុខអង្គការអូតង់លោក Jens Stoltenberg
ប្រមុខអង្គការអូតង់លោក Jens Stoltenberg REUTERS/Yves Herman
ផ្សាយពាណិជ្ជកម្ម

ទំរាំ​សម្រេច​បាន​សេចក្តីថ្លែងការណ៍​រួម​មួយ សមាជិក​អូតង់​ទាំង ២៩ប្រទេស​បាន​ធ្វើ​ការងារ​យ៉ាង​សកម្ម​រយៈពេល ៣ម៉ោង។ « សាមគ្គីភាព ឯកភាព និង​ភាព​ស្អិតរមួត​ជា​គោលការណ៍​គ្រឹះ​របស់​អង្គការ​អូតង់ » នេះ​ឃ្លា​ដែល​មាន​ចែង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម។ ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត ប្រមុខ​អង្គការ​អូតង់​លោក Jens Stoltenberg បាន​បញ្ជាក់​ដោយ​ទទួល​ស្គាល់​ថា ការ​មាន​ភាព​ខុស​គ្នា​ជា​រឿង​ធម្មតា ព្រោះ​សមាជិក​ទាំង ២៩ប្រទេស​មក​ពី​ប្រទេស​ខុស​គ្នា​នៃ​ត្រើយ​ទាំង​ពីរ​នៃ​សមុទ្រ​អាត្លង់ទិក។ តែ​អ្វី​ដែល​ជា​កម្លាំង​ពិត​របស់​អូតង់ គឺ​យើង​អាច​ជំនះ​បាន​គ្រប់​ពេល​នូវ​ការ​ខ្វែង​គំនិត និង​ការ​យល់​ឃើញ​មិន​ដូច​គ្នា នេះ​ជា​ការ​បន្ថែម​របស់​លោក Stoltenberg។

អ្វី​ជា​ការ​កត់សម្គាល់ អូតង់​បាន​បញ្ជាក់​ជា​ផ្លូវការ​លើកទី១ ថា កំណើន​ឥទ្ធិពល​របស់​ចិន និង​នយោបាយ​ការបរទេស​របស់​ចិន​មាន​បង្កប់​ដោយ​ចំណុច​ពីរ គឺ​ឱកាស និង​ការ​ប្រឈម​ដែល​អូតង់​ត្រូវ​តែ​និយាយ​សម្លេង​តែ​មួយ និង​ផ្តល់​ចម្លើយ​រួម​គ្នា។ ទាក់ទង​នឹង​ប្រទេស​រុស្ស៊ី​វិញ អូតង់​បាន​បរិហារ​ជា​ថ្មី​ម្តង​ទៀត​លើ​សកម្មភាព​ឈ្លានពាន​របស់​រុស្ស៊ី តែ​ទុក​ទ្វារ​ចំហ​សម្រាប់​កិច្ចសន្ទនា​ក្នុង​គោលដៅ​បង្កើត​ទំនាក់ទំនង​ក្នុង​ន័យ​ស្ថាបនា​ជាមួយ​រុស្ស៊ី។ ចុង​ក្រោយ លោក Stoltenberg បាន​លើក​ឡើង​ពី​អាវុធនុយក្លេអ៊ែរ​ដោយ​ទទូច​ពី​ភាព​ចាំ​បាច់​ដែល​គេ​ត្រូវ​ប្រឹងប្រែង​បន្ថែម​ទៀត​ដើម្បី​គ្រប់គ្រង​អាវុធនុយក្លេអ៊ែរ​ឲ្យ​បាន​ម៉ត់ចត់។

នៅ​ក្នុង​ន័យ​នេះ លោក Stoltenberg ចង់​ឲ្យ​មាន​សន្ធិសញ្ញាថ្មី​មួយ​ស្តីពី​អាវុធនុយក្លេអ៊ែរ​ដោយ​ដាក់​បញ្ចូល​ប្រទេស​រុស្ស៊ី និង​ប្រទេស​ចិន។ ជំនួបកំពូល​អូតង់​លើក​ក្រោយ​នឹង​រៀបចំ​នៅ​ឆ្នាំ ២០២១ តែ​នៅ​មិន​ទាន់​បាន​កំណត់​ឈ្មោះ​ប្រទេស​ដែល​ត្រូវ​រៀបចំ​នៅ​ឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ