អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

COP25 ចង់​សង្រ្គោះ​សមុទ្រ ខណៈ​របាយការណ៍​បញ្ជាក់ថា ទឹក​សមុទ្រ​កាន់តែ​ខ្សត់​អុកស៊ីសែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

សន្និសីទកំពូលស្តីពីអាកាសធាតុ COP25 កំពុងតែដំណើរការទៅ នៅឯទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ ដើម្បីរកវិធី កាត់បន្ថយការបញ្ចេញឧស្ម័នពុល ដែលជាប្រភព​នៃការ​កើនឡើងនូវកំដៅផែនដី។ នៅលើកនេះ បញ្ហាទឹកសមុទ្រ ដែលគ្របដណ្តប់​៧០% នៃផ្ទៃក្រឡារបស់ភពផែនដី ត្រូវបាន​គេផ្តោតការយកចិត្តទុកដាក់ជាខ្លាំង ដោយសារទឹកសមុទ្រមានតួនាទីខ្ពស់ ក្នុងការស្រូបកំដៅ ស្រូបឧស្ម័នកាបូនិក និងជាពិសេស គឺផលិតនូវអុកស៊ីសែន សម្រាប់មនុស្សសត្វទាំងពួង។ ក៏ប៉ុន្តែ គុណភាព​ទឺកសមុទ្រ បាន​ចុះថយខ្លាំង ហើយបើយោងតាមរបាយការណ៍ អ្នកជំនាញអះអាងថា ទឹកសមុទ្រកាន់តែខ្សត់នូវឧស្ម័នអុកស៊ីសែន ដែលនេះគឺជាគ្រោះថ្នាក់ធំបំផុត សម្រាប់ប្រព័ន្ធជីវ​ចម្រុះក្នុងសមុទ្រ ព្រមទាំងសម្រាប់បរិយាកាសដកដង្ហើម របស់មនុស្សសត្វផងដែរ។

សន្និសីទ COP25 នៅទីក្រុងម៉ាឌ្រីត ពីថ្ងៃទី ២ ធ្នូ ដល់ថ្ងៃទី១៣ធ្នូ ២០១៩​
សន្និសីទ COP25 នៅទីក្រុងម៉ាឌ្រីត ពីថ្ងៃទី ២ ធ្នូ ដល់ថ្ងៃទី១៣ធ្នូ ២០១៩​ Gabriel BOUYS / AFP
ផ្សាយពាណិជ្ជកម្ម

គឺរដ្ឋមន្ត្រីបរិស្ថានឈីលី ដែលជាប្រទេសម្ចាស់ផ្ទះរៀបចំកម្មវិធីនេះ ជាអ្នកផ្តួចផ្តើម លើកបញ្ហានេះ ជាបញ្ហាគោលដើម្បីជជែកគ្នា។ បើទោះបីពេលនេះ កម្មវិធីសន្និសីទCOP25 ត្រូវលើកទៅធ្វើនៅអេស្ប៉ាញ ដោយសារតែបញ្ហាសន្តិសុខនិងអស្ថិរភាពនៅឈីលីក៏ដោយ តែឈីលីនៅតែបន្តចាត់ចែងកិច្ចការរៀបចំ ហើយបញ្ហាទឹកសមុទ្រ នៅតែជាចំណុចស្នូលដដែល។

សមុទ្រជាប្រភពនៃខ្យល់ដកដង្ហើម

គេបានទុកថ្ងៃ៦ និងថ្ងៃ៧ធ្នូ ជាថ្ងៃដែលភាគី ក៏ដូចជាវាគ្មិន​ទាំងអស់ ជជែកចរចាគ្នា ទាក់ទិននឹងបញ្ហាទឹកសមុទ្រនេះ។ ផ្ទៃក្រឡាផែនដីយើង គឺគ្រប់ដោយផ្ទៃទឹកសមុទ្រ ដល់ទៅ៧០%។ ទឹកសមុទ្រមានតួនាទីសំខាន់ណាស់ ក្នុងការរក្សាលំនឹកបរិយាកាស នៅជុំវិញភពផែនដី។ ទឹកសមុទ្រជាអ្នកស្រូបឧស្ម័នកាបូនិកពីបរិយាកាស និងបញ្ចេញមកវិញ នូវអុកស៊ីសែន​ ដែលមានតួនាទីសំខាន់ណាស់ ឲ្យមនុស្សអាចដកដណ្ហើម។ និយាយឲ្យខ្លីទៅ បើគ្មានទឹកសមុទ្រទេ ម្លេះមនុស្សសត្វគ្មានខ្យល់ដកដណ្ហើមឡើយ។

តែឆ្លងកាត់ការស្រាវជ្រាវ ទឹកសមុទ្រកំពុងតែរងនូវផលប៉ះពាល់ជាច្រើន ហើយដែលវាជះផលអវិជ្ជមាន មកលើតុល្យភាពភាព រវាងកម្រិតឧស្ម័នកាបូនិកនៅក្នុងបរិយាកាស និង និងអុកស៊ីសែនដែលផលិតដោយទឹកសមុទ្រ។ ផែនដីឡើងកំដៅ ដោយសារឧស្ម័នពុលដែលហ៊ុំព័ទ្ធជុំវិញ។ បញ្ហានេះ ធ្វើឲ្យសីតុណ្ហភាព​ទឹក​សមុទ្រឡើងកំដៅដែរ។​ បន្ថែមពីនេះ សមុទ្រទឹកកកក៏​រលាយ​កាន់តែច្រើន ធ្វើឲ្យកំពស់ទឹកសមុទ្រកាន់តែឡើងខ្ពស់។ ទាំងអស់នេះ គឺវាមានទំនាក់ទំនង ឥទ្ធិពលលើគ្នាទៅវិញទៅមក។

ទន្ទឹមនឹងនេះទៀត ទឹកសមុទ្របានហិនហោចរិចរិលគុណភាព ដោយសារ​សកម្មភាពរបស់មនុស្ស ដូចជាដោយសារកាកសំណល់ សំរាមប្លាស្ទិក ការបង្ហូរចូលសមុទ្រនូវសារធាតុពុល កាកសំណល់ឧស្សាហកម្មទាំងឡាយ ដែលទាំងអស់នេះ វាបានចូលរួមធ្វើឲ្យគុណភាពទឹសសមុទ្រចុះអន់ថយ។ ប្រព័ន្ធជីវចម្រុះនៅក្នុងសមុទ្រ ជាអ្នករងគ្រោះមុនគេ ហើយបន្ទាប់មកគឺមនុស្សសត្វទាំងអស់​ ដែលរំពឹងលើអុកស៊ីសែន របស់ទឹកសមុទ្រ ព្រមទាំងភោគផលចំណីអាហារបានមកពីសមុទ្រ។

សមុទ្រកាន់តែខ្សត់អុកស៊ីសែន

វេទិកាសន្និសីទCOP25 គឺជាឱកាស ឲ្យគេបានស្តាប់អំណះអំណាង ហេតុផល​ របស់ភាគីនីមួយៗ ជាពិសេសនោះគឺអ្នកជំនាញ​ អ្នកស្រាវជ្រាវ ដែលធ្វើការក្នុងវិស័យនេះ។ ទាក់ទិននឹងបញ្ហាទឹកសមុទ្រនេះ ​របាយការណ៍មួយរបស់សហព័ន្ធអន្តរជាតិ ដើម្បីអភិរក្សធម្មជាតិ (Union Internationale pour la Préservation de la Nature) បានសន្និដ្ឋានថា ទឹកសមុទ្របានបាត់បង់អុកស៊ីសែន ចន្លោះពី១% ទៅ២% ក្នុងរវាងពីឆ្នាំ​១៩៦០ ដល់ឆ្នាំ​២០១០។ របាយការណ៍កម្រាស់ជាច្រើនរយទំព័រនេះ ជាលទ្ធផលស្រាវជ្រាវ រយៈ​ពេល​៣ឆ្នាំ នៅតាមប្រទេសចំនួន​១៧ ដោយមានការចូលពីអ្នកជំនាញវិទ្យាសាស្ត្រ ចំនួន​៦៧នាក់ និងវិទ្យាស្ថានស្រាវជ្រាវ ចំនួន​៥១។

យោងតាមរបាយការណ៍នេះ គេ​បានធ្វើ​ប៉ាន់ស្មានថា អុកស៊ីសែននៅក្នុងសមុទ្រ អាចនឹងចុះថយ ចន្លោះពី ១ ទៅ៧% នៅរវាងចុងសតវត្សទី២១នេះ។ កាលពីខែកញ្ញា របាយការណ៍មួយផ្សេងទៀត របស់​ ក្រុមអ្នកជំនាញអន្តររដ្ឋាភិបាល ស្តីពីដំណើរវិវឌ្ឍន៍នៃអាកាសធាតុ ក៏បានធ្វើការប៉ាន់ស្មានប្រហាក់ប្រហែលគ្នានេះដែរ។

លោក Dan Laffoley អ្នកតំណាងក្រុមស្រាវជ្រាវដែលធ្វើរបាយការណ៍នេះ បានលើកឡើងដោយប្រើពាក្យធ្ងន់ៗថា មនុស្សលោកយើង កំពុងតែ​បំផ្លាញអុកស៊ីសែននៅក្នុងសមុទ្រ ទាំងដែលខ្លួនឯងរស់រំពឹងនឹងអុកស៊ីសែននេះ។ លោកបន្តថា គឺមនុស្សយើងដែលជាអ្នក​បំផ្លាញទឹកសមុទ្រ តាមរយៈការ​បញ្ចេញចោលទៅក្នុងសមុទ្រ​ នូ​វកាកសំណល់ សារធាតុពុលគ្រប់ប្រភេទទាំងអស់ ព្រមទាំងការបញ្ចេញនូវឧស្ម័ន​ពុល​ ក្នុងបរិយាកាស។ នៅតំបន់ខ្លះ សមុទ្រមិនមែនត្រឹមតែគ្មានអុកស៊ីសែនទេ តែគឺមានកម្រិតជាតិពុលខ្ពស់ទៀតផង។ បញ្ហានេះ គឺគម្រាមដល់អាយុជីវិត នៃប្រព័ន្ធជីវចម្រុះក្នុងសមុទ្រ ដែលជាចំណីអាហាររបស់មនុស្សយើងដែរ។

ឥទ្ធិពល​របស់​ក្រុមហ៊ុនផលិតថាមពល នៅក្នុងសន្និសីទ

នៅខាងមុខទីតាំងសន្និសីទCOP21 សកម្មជនការពារបរិស្ថាន បានជួបជុំគ្នាធ្វើមហាបាតុកម្ម ដើម្បី​រន្ធាន់ឲ្យ​វេទិកានេះ លើកជាដំណោះស្រាយឲ្យបានឆាប់។ ទន្ទឹមនឹងនេះដែរ អង្គការមួយចំនួន បានលើកឡើង ថានៅក្នុងសន្និសីទនេះ មាន​វត្តមានក្រុមហ៊ុនធំៗមួយចំនួន ដែលសុទ្ធជាក្រុមហ៊ុន​ប្រេងឥន្ធនៈ ក្រុមហ៊ុនហ្គាស ឬក្រុមហ៊ុនអគ្គិសនី។ អង្គការមួយចំនួន បានលើកឡើងថាមិនគួរណា​ ក្នុងសន្និសីទCOP25 នេះ មានវត្តមាន​របស់ក្រុមហ៊ុនធំៗ ដែលជាក្រុមហ៊ុនបញ្ចេញឧស្ម័នពុលដូច្នេះទេ​។​

ឧស្ម័នកាបូនិក ដែលនៅក្នុងបរិយាកាស គឺបញ្ចេញដោយចំហេះធ្យូងថ្ម ប្រេងកាត ប្រេងឥន្ធនៈ ឬឧស្ម័នហ្កាសជាដើម។ ហើយអ្នកដែលប្រមូលប្រាក់ចំណេញ គឺក្រុមហ៊ុនទាំងនោះ។ សម្រាប់ក្រុមសកម្មជនបរិស្ថាន វត្តមានរបស់ក្រុមហ៊ុន​ទាំងនោះ នៅក្នុង​សន្និសីទ គឺដើម្បីតែ​ធ្វើឡប់ប៊ី រំខានការចរចា ប្រឆាំងនូ​វវិធានការនានា ដែលសំដៅការពារបរិស្ថានធម្មជាតិតែប៉ុណ្ណោះ​។ នៅក្នុងសន្និសីទCOP25 នេះបើផ្អែកតាមការលើកឡើងរបស់អង្គការបរិស្ថាន គឺក្រុមហ៊ុនប្រេងរបស់អេស្ប៉ាញ២ ជាអ្នកចូលរួមឧបត្ថម្ភកម្មវិធីថែមទៀតផង។​

កន្លងមក ក្រុមការងាររៀបចំសន្និសីទ ធ្លាប់បានជជែកគ្នាដែរ ថាតើគួរចាត់ចែងរបៀបណា ទាក់ទិននឹងវត្តមានរបស់គណៈប្រតិភូតំណាងក្រុមហ៊ុន​ផលិតថាមពល។ តែគេពុំមានការសម្រេចណាមួយនៅឡើយទេ។ សម្រាប់ពេលនេះ ក្រុមហ៊ុន​ផលិតថាមពលទាំងអស់ មានសិទ្ធិអាចចូលរួម ក្នុងនាមជាអ្នកអង្កេតការណ៍។ ក្រុមហ៊ុន​ដូច​ជា Total Chevron BP Shell Engie ជាដើម បានរួមគ្នាបង្កើតក្រុមសម្ព័ន្ធមួយ ហៅកាត់ថា IETA។ បើផ្អែកតាមតួលេខ ក្រុមសម្ព័ន្ធ​នេះបានបញ្ជូនគណៈប្រតិភូ មានគ្នាដល់​១៤១នាក់ ដែលវាច្រើនជាងគណៈប្រតិភូរបស់សហភាពអឺរ៉ុបទៅទៀត។

ក្រុមគណៈប្រតិភូរបស់ក្រុមហ៊ុនទាំងអស់នេះ អាចធ្វើសកម្មភាព ទិញទឹកចិត្ត ប្រើប្រាស់ឥទ្ធិពលអូសទាញ ឲ្យតំណាងក្រុមចរចា ផ្លាស់ប្តូរគោលជំហរបាន។ ក្នុងករណីខ្លះ គេអាចលើកឡើងនូវការយល់ឃើញផ្សេងរបស់គេ ដែលវាផ្ទុយពីការស​ន្និដ្ឋាន របស់អ្នក​ស្រាវជ្រាវ។ មួយវិញទៀត នៅក្នុងក្របខណ្ឌសន្និសីទស្តីពីអាកាសធាតុនេះ គឺអង្គការ​សហប្រជាជាតិ មិនបាន​រៀបចំ ឲ្យមានវិធាន​ដើម្បីទប់ស្កាត់ការនូវជម្លោះផលប្រយោជន៍ទេ។ ការចរចាដើម្បីកាត់បន្ថយឧស្ម័នពុល គឺចង់មិនចង់ គឺវាជាការចរចា ដែលផ្ទុយពី​ផលប្រយោជន៍ របស់ក្រុមហ៊ុនផលិតថាមពលទាំងនោះ។

ដូច្នេះយើងឃើញថា អង្គការបរិស្ថាន ពិតជាមានហេតុផល ដែលធ្វើឲ្យពួកគេព្រួយបារម្ភ ថាការចរចា ជជែកគ្នាក្នុងសន្និសីទនេះ អាចជួបឧបសគ្គ ឬក៏មិនអាចដំណើរការទៅដោយស្មោះអស់ពីចិត្ត ដើម្បីបរិស្ថាន ព្រោះថាវាមាន ​ក្រុមអ្នកមានផលប្រយោជន៍ផ្ទុយពីនេះ។ ចំណុចនេះគឺជាបញ្ហា ដែលអង្គការសហប្រជាជាតិ ដែលជាអ្នករៀបចំសន្និសីទនេះ ត្រូវដោះស្រាយ ដើម្បីធ្វើឲ្យមានតម្លាភាព ព្រោះថាបញ្ហាបរិស្ថានធម្មជាតិ ជាផលប្រយោជន៍រួម របស់មនុស្សជាតិ មិនមែនរបស់​ក្រុមហ៊ុនសហគ្រាសណាមួយទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ