អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ល្បែងកីឡាអឺរ៉ុបលើកទី១ សម្ពោធ ថ្ងៃ១២មិថុនានេះ នៅក្រុងបាគូ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុងបាគូ រដ្ឋធានី អាស៊ែរបែហ្សន់ ក្លាយជា ម្ចាស់ផ្ទះទទួល ល្បែង​កីឡា​អឺរ៉ុបនេះ ដែល​ក្នុង​ប្រវត្តិសាស្ត្រ គឺជា​លើកដំបូង​បង្អស់ ហៅថា 1St European Games គឺស្របនឹង សេចក្តីសម្រេច អនុម័ត កាលពីចុង​ឆ្នាំ២០១២ ដោយ “ គណៈកម្មាធិការ​អូឡាំពិក​អឺរ៉ុប“។ ល្បែង​កីឡានេះ នឹង​ប្រព្រឹត្តទៅ ១៧ថ្ងៃ រហូតដល់ថ្ងៃ​ទី២៨ មិថុនា ដោយមាន​ការចូលរួម​ពី កីឡាករ កីឡាការិនី ៦.២០០នាក់ តំណាង​ឲ្យ ៥០​ប្រទេស​អឺរ៉ុប។ 

ការប្រកួត​កីឡា​អឺរ៉ុប នៅ ប្រទេស​អាស៊ែបៃហ្សង់
ការប្រកួត​កីឡា​អឺរ៉ុប នៅ ប្រទេស​អាស៊ែបៃហ្សង់ ueg.org
ផ្សាយពាណិជ្ជកម្ម

គឺថ្ងៃ​៨ធ្នូ ឆ្នាំ២០១២ ដែល​ក្នុង​មហាសន្និបាត​លើកទី៤១ របស់ខ្លួន ក្នុង​ក្រុង រ៉ូម ប្រទេស អ៊ីតាលី គណៈកម្មាធិការ​អូឡាំពិក​អឺរ៉ុប បាន​សម្រេច​ប្រគល់​សិទ្ធិ ទៅ រដ្ឋធានី​អាស៊ែរបែហ្សន់ ឲ្យធ្វើ​ជា​ម្ចាស់ផ្ទះ​ទទួល ការប្រកួត​ល្បែងកីឡាអឺរ៉ុប ជាលើកដំបូង​បង្អស់ ហៅថា  1St European Games។ សេចក្តីសម្រេចនេះ យោង​ទៅលើលទ្ធផល​នៃការបោះឆ្នោត​សម្ងាត់គឺថា ក្នុង​ចំណោម ៤៨ប្រទេស ដែលបាន​វត្តមាន ក្នុង​មហាសន្និបាត​នោះ មានដល់ ៣៨​ប្រទេស ដែល​គាំទ្រ​បេក្ខភាព ក្រុងបាគូ ហើយ​សម្លេង​ជំទាស់ គឺមាន​តែ ៨ប៉ុណ្ណោះ ចំណែក ២សម្លេង​ទៀត គឺ​អនុប្បវាទ។ រីឯ ទីស្នាក់ការ​របស់ គណៈកម្មាធិការ​អូឡាំពិក​អឺរ៉ុប ដែលមាន គណៈកម្មាធិការ​អូឡាំពិក​ជាតិ ៥០ ប្រទេស​អឺរ៉ុប ជា​សមាជិក គឺស្ថិតនៅ ក្រុង Lausanne ប្រទេស​ស្វ៊ីស។

 
ទាំងពិធី​សម្ពោធ នៅថ្ងៃ ១២មិថុនានេះ ទាំង​ពិធី​បិទបញ្ចប់ នៅថ្ងៃទី ២៨ មិថុនា គឺ​ប្រព្រឹត្ត​ទៅ ក្នុង ស្តាត នាម​អតីត​ប្រធានាធិបតី​អាស៊ែរបែហ្សន់ លោក Gueidar Aliev ជាបិតា ប្រធានាធិបតី សព្វថ្ងៃ លោក ilham Aliev ដែល​រូបគាត់​ផ្ទាល់ជា​អ្នកអុជភ្លើង​អនុកីឡាអូឡាំពិក​នេះ ឲ្យឆេះ ជាប្រចាំ នៅលើស្តាដ ពេញក្នុងរយៈពេល ១៧ថ្ងៃ នៃការប្រកួត។

សំបុត្រ​សម្រាប់​ចូល​មើល​ការប្រកួត នៅតាម​ទីប្រកួត​ប្លែកៗ នៃ​ល្បែង​កីឡានោះ តាមដែល គណៈកម្មធិការ​ខាង​ចាត់ចែង​ល្បែង​កីឡាអឺរ៉ុប ក្រោម​ឈ្មោះថា “ ក្រុងបាគូ-២០១៥ “ ប្រកាស​ឲ្យ ដឹង ​គឺថ្លៃ ពី ១ទៅ៥ Manat ឫ ម្តុំពី១ ទៅ ៥ ដុល្លារ ដ្បិត​លុយ​អាស៊ែរបែហ្សន់ ថ្លៃ ប្រហាក់ ប្រហែល នឹង លុយ​អាមេរិក។ អ្វីដែល គួរឲ្យកត់សម្គាល់ គឺថា សម្រាប់​កុមារ​អាយុ ក្រោម១៦ឆ្នាំ បើទៅ​ជាមួយ​មនុស្សចាស់ ដែល​មាន​អត្តសញ្ញាណប័ណ្ណ​បញ្ជាក់ និង​សំបុត្រ​ចូលមើល​នោះ ជាប់នឹង​ខ្លួនគេ  គឺមិនចាំបាច់​បង់ថ្លៃ​ទេ។ លើកលែងតែ​ក្នុងករណី ដែលការប្រកួត ប្រព្រឹត្តទៅ ក្នុងស្តាត សំខាន់នោះ ដែល​តម្រូវ​ឲ្យកុមារ​អាយុក្រោម ១៦ឆ្នាំ​ទិញសំបុត្រ​ដែរ ប៉ុន្តែ ថ្លៃត្រឹម ១ Manat ប៉ុណ្ណោះ។

ចំណែក សំបុត្រសម្រាប់​ចូលមើល​ពិធី​សម្ពោធ គឺថ្លៃ ចាប់ពី២០ Manat ហើយសំបុត្រ សម្រាប់ ចូលមើលពិធី​បិទបញ្ចប់ គឺថ្លៃ ចាប់ពី ១០ Manat ឡើងទៅ។

នឹង​ចូលរួម​ប្រកួត គឺកីឡាករ កីឡាការិនី ចំនួន៦.២០០នាក់មកពី ៥០​ប្រទេសអឺរ៉ុប។ គេនឹងប្រកួត ដើម្បី​ដណ្តើមយក មេដាយ​ចំនួន ២៥៣ នៅតាម​មុខវិញ្ញាសាកីឡា ២០​ប្រភេទ។ ការប្រកួត​នឹង​ប្រព្រឹត្ត ទៅ នៅ​តាម​កីឡា​ដ្ឋាន ១៨កន្លែង និងនៅតាម ឆាក​ប្រកួត ៦កន្លែង សង់ឡើង ពិសេស សម្រាប់ល្បែង​កីឡាអឺរ៉ុប​នេះឯង។ បុរីកីឡា ដែលមានសង់ឡើង អាចទទួល​ឲ្យ​ស្នាក់នៅ គឺ អត្តពលិក ចំនួន ៧.៣៥១នាក់។ តាមតួលេខ​ផ្លូវការ សំណង់ថ្មីៗ​ទាំងនេះ បាន​តម្រូវឲ្យ ក្រុងបាគូ ចំណាយ អស់១.២០០លានដុល្លារ។ ប៉ុន្តែ តាម​អ្នកវិភាគ ខ្ទង់ចំណាយ​មែនពិត អាចច្រើនជាង នេះ ពីព្រោះគ្រាន់តែ ស្តាត​អូឡាំពិក បាន​ទាមទារ​ឲ្យចំណាយ​ដល់ទៅ ៦០០លានដុល្លារ។

គួរនិយាយថា ក្រុងបាគូ ក្នុងឆ្នាំ២០១២ ធ្លាប់មាន​បទពិសោធន៍​ខាងទទួល ការប្រកួត​ចម្រៀង អឺរ៉ុប ហៅថា Eurovision ចូលរួម ដោយ៤២ប្រទេស។ ក្រុងបាគូ បានទទួល​សិទ្ធិធ្វើ ជាម្ចាស់ផ្ទះ កាលណោះ គឺដោយសារ អ្នកចម្រៀង អាស៊ែរបែហ្សន់ ក្នុង​ការប្រកួតឆ្នាំ២០១១ នៅ​ប្រទេស អាល្លឺម៉ង់ ដោយមាន ៤៣ប្រទេសចូលរួម ចេះដណ្តើម​បានពិន្ទុ​ជាប់លេខ១​តែម្តង។

សាធារណរដ្ឋ​អាស៊ែរបែហ្សន់ នៅតំបន់​នាយភ្នំកូកាស ជាប់មាត់សមុទ្រ Caspienne ដែល សម្បូណ៏​ដោយធនធាន​ធម្មជាតិ បែបយ៉ាង​ប្រេងឆៅ និង ឧស្ម័ន​ធម្មជាតិ ប្រែ​រដ្ឋ​ឯករាជ្យថ្មីនេះ ទៅជា ប្រទេស​អ្នកមានមួយ ក្នុងលំហ​អតីត​សហភាពសូវៀត។ មិនមែនចៃ​ដន្យទេ ដែលក្រសួង ហិរញ្ញវត្ថុអាស៊ែរបែហ្សន់ បានព្យាករ សម្រាប់ឆ្នាំ ២០១៥នេះ ថា គ្រាន់តែ​ប្រេងឆៅ ធានាបាន ៦៥% ឯណោះ នៃ ផលិតផលសរុប ក្នុងប្រទេស ហៅថា GDP ដែលមាន​ទឹកប្រាក់ ដល់ ៦០.០០០លានដុល្លារ។

ម៉្លោះហើយបានជារដ្ឋអាស៊ែរបែហ្សន់ មិនរួញរាឡើយ ក្នុង​ការបង់ថ្លៃ​សំបុត្រយន្តហោះ​ធ្វើដំណើរ ទៅមក ថ្លៃស្នាក់នៅ ថ្លៃហូបចុក សម្រាប់គ្រប់តែ​កីឡាករ គ្រប់តែ​ប្រតិភូ ដែលមក​ចូលរួមក្នុង ល្បែង​កីឡាអឺរ៉ុប លើកដំបូង​បង្អស់ នៅក្រុងបាគូ។

មិនតែប៉ុណ្ណោះ ដើម្បីលំអ​បរិយាកាស​បុណ្យកីឡានេះ ក្រសួង​ដឹកជញ្ជូន​អាស៊ែរបែហ្សន់ បាន ប្រកាសថា ពេលវត្តមាន ក្នុងក្រុងបាគូ ពួកអ្នកកីឡា អាចជិះកូនឡាន​តាក់ស៊ីពណ៌ខ្មៅ រាប់រយ គ្រឿង ដែលកុម៉្មង់ពី​អង់គ្លេសមក ដូច​ឡានតាក់ស៊ី ដែលរត់នៅក្រុងឡុងដ៍​អញ្ចឹង។ សម្រាប់​អាជ្ញាធរ ការទទួល​ល្បែង​កីឡាអឺរ៉ុប ជាកិត្តិយស ដែល លើកមុខ​លើកមាត់​រដ្ឋ​អាស៊ែរបែហ្សន់។

ប៉ុន្តែ នាយកមជ្ឈមណ្ឌល​ស្រាវជ្រាវ​ដែលមានទីស្នាក់ការ ស្ថិតក្នុង​ក្រុងបាគូ​ផ្ទាល់ លោក Arastun Orudjlou បាន​បញ្ចេញមតិ​ថា “ ការចំណាយច្រើន​យ៉ាងនេះ គឺនាំឲ្យ បណ្តាជន​ភាគច្រើន ដែល រស់នៅ​ទាំងខ្វះ មុខ ខ្វះក្រោយ ក្នក់ក្នាញ់​ទេតើ”។

ជាការប្រៀបធៀប នៅទ្វីបអាស៊ី ក៏រមែងប្រព្រឹត្តទៅ តាំងពីឆ្នាំ១៩៥១ម៉្លេះ ល្បែងកីឡាអាស៊ី ៤ឆ្នាំ​ម្តង ហើយក្នុង​ឆ្នាំនេះ ល្បែងកីឡា​បែបនេះ បានចាប់ផ្តើម​ទៅដែរ នៅទ្វីបអាមារិក

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ