អានតួអត្ថបទ
លីប៊ី-អឺរ៉ុប

អឺរ៉ុប​បើក​ប្រតិបត្តិការ​យោធា ដំបូង វាយស្ទាក់ ទូក​របស់​មេខ្យល់ ចេញពី​លីប៊ី

សហភាព​អឺរ៉ុប បាន​ផ្តើម​នៅថ្ងៃ​ពុធ​នេះ ប្រតិបត្តិការ​យោធា ប្រឆាំង​នឹង​ក្រុមឈ្មួញ​ជួញដូរ​មនុស្ស និង​ក្រុមមេខ្យល់ ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ។ ប្រតិបត្តិការ ក្រោម​ឈ្មោះ​ថា Sophia ឈ្មោះ​របស់​ក្មេងស្រី​អន្តោប្រវេសន៍ ដែល​កើតនៅលើ​កប៉ាល់​សង្រ្គោះ​អ៊ីតាលី ត្រូវ​ដឹកនាំ​ដោយ​ឧត្តមនាវី អ៊ីតាលី និង​មាន​ការចូលរួម​ពី​កប៉ាល់ចម្បាំង និង​ទាហាន​១៣១៨​នាក់។ ប្រតិបត្តិការ​យោធា ដែល​មាន​ប្រទេស​អឺរ៉ុប​ចំនួន ២២​ចូលរួម មាន​ទិសដៅ ចាប់ស្ទាក់​ទូក​មេខ្យល់ និង​និង​ក្រុម​មេឈ្មួញ ជួញដូរ​មនុស្ស ចេញ​ពី​លីប៊ី។ 

ទាហាន​អាល្លឺម៉ង់​នៅលើ​នាវាចម្បាំង​ ក្បែរ​ដែន​សមុទ្រ​លីប៊ី នៅក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមឈ្មួញ​ជួញដូរ​មនុស្ស​ចូល​អឺរ៉ុប
ទាហាន​អាល្លឺម៉ង់​នៅលើ​នាវាចម្បាំង​ ក្បែរ​ដែន​សមុទ្រ​លីប៊ី នៅក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមឈ្មួញ​ជួញដូរ​មនុស្ស​ចូល​អឺរ៉ុប AFP PHOTO / ALBERTO PIZZOLI
ផ្សាយពាណិជ្ជកម្ម

សហភាព​អឺរ៉ុប​បានសម្រេច​បើក​ប្រតិបត្តិការ​យោធា​ប្រឆាំង​នឹង​ក្រុមឈ្មួញ​ជួញដូរ​មនុស្ស នៅក្នុង​សមុទ្រ​មេឌីទែរ៉ាណ តាំង​ពី​ខែ​មិថុនា​មកម្ល៉េះ។ ការងារ​របស់​កងកម្លាំង​អឺរ៉ុប ដែល​ធ្វើការ​ក្រោម​ឈ្មោះ​ថា EU Navfor Med ត្រូវ​បែងចែក​ចេញ​ជា​២ ដំណាក់កាល។ ក្នុង​ដំណាក់កាល​ទី ១​ដែល​បិទ​បញ្ចប់​ទៅ​នៅ​ចុង​ខែ​កក្កដា​កន្លងទៅ កងកម្លាំង​អឺរ៉ុប មក​ពី​២២​ប្រទេស ដែល​បំពាក់​ដោយ​នាវាចម្បាំង នាវា​ដឹកយន្តហោះ​របស់​អ៊ីតាលី និង​ឧទ្ធម្គាគចក្រ មាន​នាទី​ត្រឹម​យកការណ៍​សម្ងាត់ លួចស្តាប់​ព័ត៌មាន ដែល​ក្រុមឈ្មួញជួញដូរ​មនុស្ស​នៅ​ក្នុង​ដែន​ទឹក​លីប៊ី និយាយ​ទាក់ទង​គ្នា។

 
តាម​ឧត្តមនាវី​បារំាង គេ​បាន​ដឹង​ព័ត៌មាន​ជាច្រើន​របស់​ក្រុមជួញដូរ​មនុស្ស ឬ​ក្រុមមេខ្យល់ ដែល​ដឹកនាំ​ជនអន្តោប្រវេសន៍​សំដៅ ត្រើយ​អឺរ៉ុប។ ពួកឈ្មួញ​ទាំងនោះ ភាគច្រើន​គឺ​ធ្វើការ​ប្រមូល​មនុស្ស នៅតាម​ឆ្នេរ​សមុទ្រ​នៅពេលយប់។ ជនអន្តោប្រវេសន៍​ម្នាក់ៗ​ត្រូវ​បង់​យ៉ាងតិច ១៥០០​អឺរ៉ូ ដើម្បី​អាច​ឡើងជិះទូក​របស់​ក្រុមមេខ្យល់​សំដៅ​អឺរ៉ុប។ ពួកក្រុមឈ្មួញ​នោះ​ឆ្លាតណាស់។ គេ​ប្រើតែ​ទូកឈើ បាក់កំពុក ឬ​ទូក​កៅស៊ូ ដើម្បី​ដឹកជនអន្តោប្រវេសន៍។ ពួកគេ​បាន​បូមយក​សាំង​ខ្លះ និង​ដក​ទឹក អាហារ​ពី​ជនអន្តោប្រវេសន៍ មុន​នឹង​ធាក់​រុញ​ទូក​ជនអន្តោប្រវេសន៍ ចេញ​ទៅ​ក្រៅ​ដែនទឹកដី​លីប៊ី។ មុន​នឹង​ធ្វើដូច្នេះ ក្រុមមេខ្យល់​បាន​ជ្រើសរើស​ផងដែរ យក​ជនអន្តោប្រវេសន៍​ម្នាក់​ឲ្យ​មកធ្វើ ជា​មេទូក ហើយ​បង្រៀន​ឲ្យ​ចេះ​ចុចសញ្ញា ស្រែក​រក​ជំនួយ​ពី​កប៉ាល់ល្បាត​អ៊ីតាលី នៅ​ពេល​ទូក​ដឹកជនអន្តោប្រវេសន៍​អណ្តែត​ចូល​ដល់​ដែន​ទឹកអ៊ីតាលី។

ឥលូវនេះ កងកម្លាំង​អឺរ៉ុប បាន​ដឹង​ពី​ល្បិចកល​របស់​ក្រុមឈ្មួញ​រួចអស់ហើយ គឺ​ដល់​ពេល​ដែល​ត្រូវ​ធ្វើសកម្មភាព​ជាក់ស្តែង​វិញម្តង។ តាមការបោះឆ្នោត​របស់​សហភាព​អឺរ៉ុប កាលពី​ពាក់កណ្តាល​ខែ​កញ្ញា ដំណាក់កាល​ទី នៃ​ប្រតិបត្តិការ​ជើងទឹក​ប្រឆាំង នឹង​ក្រុមជួញដូរ​មនុស្ស​នៅ​សមុទ្រ​មេឌីទែរ៉ាណេ ត្រូវ​ចាប់ផ្តើម​ជា​ផ្លូវការ​នៅ​ថ្ងៃ​ពុធទី ៧​តុលានេះ។ តាម​សហភាព​អឺរ៉ុប នៅ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយនេះ គេ​ចាប់សញ្ញា​ឃើញ​មាន​ទូក​ជាង​២០ មកពី​លីប៊ី និង​អេហ្ស៊ីប ដែល​ក្រុមមេខ្យល់​បាន​ប្រើ​ដើម្បី​នាំមនុស្ស​ចូល​អឺរ៉ុប។ មានន័យថា បើសិន ប្រតិបត្តិការ​ដំណាក់កាល​ទី ២​ចាប់ផ្តើម តាំងពីយូរ ម្ល៉េះសម គេ​អាច​ចាប់ឃាត់​ខ្លួន​ក្រុមមេខ្យល់​នេះ បាន​យ៉ាង​ច្រើន។

នៅក្នុង​ដំណាក់កាល​ទី ពីរ កងកម្លាំង​អឺរ៉ុប ដែល​មាន​ទាហាន​សរុប ដល់​ទៅ ១៣១៨នាក់ គឺ​នឹង​មាន​សិទ្ធិ​ចូល​ទៅ​ឆែកឆេរ ទូក ដែល​គេសង្ស័យថា មាន​ក្រុមមេខ្យល់។ កងកម្លាំង​អឺរ៉ុប​មាន​សិទ្ធិ​បើក​ប្រតិបត្តិការ​យោធា តែ​នៅក្នុង​ដែនទឹក អន្តរជាតិ ប៉ុណ្ណោះ ពោល​គឺ​ត្រូវ​រង់ចាំ​ឲ្យ​ទូក​របស់​មេខ្យល់ ចាកចេញ​ឆ្ងាយ​ពី ឆ្នេរ​សមុទ្រ​លីប៊ី​សិន។ បន្ទាប់មក បើសិន​គេ​ចាប់​បាន​មេខ្យល់ នោះ គេ​នឹង​បញ្ជូន​ក្រុម​ទាំងនោះ ទៅ​ឲ្យ​តុលាការ​អ៊ីតាលី​កាត់ទោស​តាម​ផ្លូវច្បាប់។

តើ​កងកម្លាំង​អឺរ៉ុប នឹង​ធ្វើ​យ៉ាងម៉េច ដើម្បី​កុំឲ្យ​មាន​ជនរងគ្រោះ​ស៊ីវិល នៅក្នុង​ពេល​វាយប្រហារទៅលើ​ទូកមេខ្យល់?
ក្រុម​មេខ្យល់ ដែល​សុទ្ធ​តែ​មាន​អាវុធ​នៅក្នុង​ដៃ នោះ។ នៅក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជួញដូរ​មនុស្ស នៅ​លីប៊ី បេសកកម្ម​របស់​ទាហាន​អឺរ៉ុប​មាន​ដែន​កំណត់។ សហភាព​អឺរ៉ុបដែល​ចង់​គាស់រំលើង គល់ ក្រុមបណ្តាញ​ជួញដូរ​មនុស្ស​នៅ​លីប៊ី ចង់​ឈាន​ទៅ​ប្រើ​ដំណាក់កាល​ទី៣ នោះ គឺ​ចូលទៅ ប្រយុទ្ធ បោសសម្អាត​ក្រុមជួញដូរ​មនុស្ស​ដល់​ក្នុង​ដែនទឹក លីប៊ី​តែម្តង។ ប៉ុន្តែ ដើម្បី​ធ្វើដូច្នេះ បាន​អឺរ៉ុប​ត្រូវ​មាន​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​លីប៊ី និង​ក្រុមប្រឹក្សា​សន្តិសុខ​ជា​មុន​សិន។ មើលទៅ អឺរ៉ុប​មិនងាយ​នឹង​បាន​ភ្លើងខៀវ ព្រោះ ថា រដ្ឋាភិបាល លីប៊ី បាន​ប្រឆាំង​រួចហើយ មិន​ឲ្យ​អឺរ៉ុប ប្រើ​កម្លាំង​ទ័ព​ក្នុង​ដែនទឹក​របស់ខ្លួន។

ការនាំ ដឹក​មនុស្ស​ទៅ​អឺរ៉ុប​បាន​ធ្វើ​ឲ្យ​បណ្តាញ​ជួញដូរមនុស្ស​រកចំនូល​បាន​ច្រើន មិនចាញ់​ជំនួញអាវុធ​នោះទេ។ ក្រុមនេះ អាច​សូកប៉ាន់​មន្រ្តី​រដ្ឋាភិបាល ដើម្បី​បិទភ្នែក បណ្តោយ​ឲ្យ​គេប្រើ​ឆ្នេរ​លីប៊ី ដើម្បី​ដឹកមនុស្ស​ចេញទៅ​អឺរ៉ុប។ ខ្សែផ្លូវ​ធ្វើដំណើរ​តាម​ទឹក​ចេញ​ពី​លីប៊ី​ត្រូវ​ក្រុមឈ្មួញ ជួញដូរ​មនុស្ស​ប្រើច្រើន ព្រោះតែ​លីប៊ី​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​ទឹកដី​អឺរ៉ុប គឺ​គ្រាន់​តែ​ខ័ណ្ឌគ្នា ដោយសារ​សមុទ្រ​មេឌីទែរ៉ាណេ​តែប៉ុណ្ណោះ។

ប្រតិបត្តិការ​យោធា​របស់​អឺរ៉ុប​ផ្តើមឡើង​នៅពេល​ដែលនេះ ក្រុមមេខ្យល់​បាន​ប្តូរ​ខ្សែធ្វើដំណើរ។ គេ​បាន​ប្រើ​ដែនដី​តួកគី ដើម្បី នាំមនុស្ស​ចូល​អឺរ៉ុប។ក្រុមមនុស្ស​ដែល​ប្រើប្រាស់​ទឹកដី​តួកគី​ឆ្លងចូលទៅ​ប្រទេស​ក្រិក សមាជិក​របស់អឺរ៉ុប ភាគច្រើន ជាក្រុមមនុស្ស ដែល​ភៀសខ្លួន​ចេញ​ពី​សង្រ្គាម​នៅ​ស៊ីរី ឬ​នៅ​អាហ្វហ្កានីស្ថាន ឬ​អ៊ីរ៉ាក់​ជាដើម។ ដើម្បី​កាត់បន្ថយ​ការហូរ​ចូល​ដោយ​គំហុក ជនភៀសខ្លួន សហភាព​អឺរ៉ុប​កំពុង​បញ្ចុះបញ្ចូល រដ្ឋាភិបាល​តួកគី ឲ្យ​បង្កើត​មណ្ឌល​ចុះឈ្មោះ​អ្នកស្វែងរក​សិទ្ធិជ្រកកោន ក្នុង​ទឹកដី​តួកគី ជាថ្នូរ​នឹង​ប្រាក់ជំនួយ​អឺរ៉ុប​ជាង ១ពាន់​លាន​អឺរ៉ូ។ តួកគី​ដែល​កំពុង​ទទួល​ជនភៀសខ្លួន​ស៊ីរី ជាង ២លាន​នាក់ និង​ចំណាយ លុយ​ជាង ៦ពាន់​លាន​អឺរ៉ូ​សម្រាប់​ជនភៀសខ្លួន ស៊ីរី មិនចង់​បាន​លុយ ពី​អឺរ៉ុប និង​បាន​បដិសេធសំណើ​របស់​អឺរ៉ុប​រហូតមក។

យ៉ាងណាក៏ដោយ តួកគី​នឹង​អាច​ប្តូរ​ជំហរ មក​ទទួល​តាមការស្នើ​របស់​សហភាព​អឺរ៉ុប បើសិន គេ​យល់ព្រម​បង្កើត​តំបន់​ហាមការហោះហើរ នៅ​ភាគខាងជើង ស៊ីរី ជាប់ នឹង​ព្រំដែន​តួកគី។ តួកគី ចង់​បាន​មែនទែន ឲ្យ​គេ​បិទ​តំបន់ហោះហើរ​នៅ​ពីលើ​ទឹកដី​ស៊ីរី ក្បែរ ព្រំដែន​តួកគី ព្រោះថា តួកគី​មិន​ឲ្យ​យន្តហោះ​ចម្បាំង​ស៊ីរី ឬ​រុស្ស៊ី ហោះ​ចូល​យកការណ៍​ពី​ខ្លួន​នោះទេ។ ជាក់ស្តែង នៅប៉ុន្មាន​ថ្ងៃនេះ តួកគី​បាន​តវ៉ា​ច្រើនដង ទៅ​រុស្ស៊ី និង​ថា យន្តហោះ​របស់​រុស្ស៊ី បាន​ហោះ​ចូល​ក្នុង​ដែន​អាកាស​របស់ខ្លួន និង​បញ្ជារ​រំខាន​ប្រព័ន្ធ​រ៉ាដា យន្តហោះ​តួកគី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ