អានតួអត្ថបទ
បារំាង-អាល្លឺម៉ង់

រដ្ឋអាជ្ញា​អាល្លឺម៉ង់៖ ពីឡុត​អមលាក់​មិន​ឲ្យ​​ក្រុមហ៊ុនដឹង​ថា ខ្លួន ឈឺ

៥​ថ្ងៃ មកហើយ ដែល​យន្តហោះ​Airbus A ៣២០​របស់​ក្រុមហ៊ុន​អាល្លឺម៉ង់ Germanwing បាន​ធ្លាក់ និង​សម្លាប់​មនុស្ស ១៥០​នាក់ ក្នុង​ជ្រលងភ្នំ ភាគខាងត្បូង​ប្រទេស​បារាំង។ ការស៊ើប​អង្កេត​​រកមូលហេតុ​ដែល​ធ្វើ​ឲ្យ​ពីឡុតអម បើក​យន្តហោះ​ទៅ​បុកភ្នំ បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល ពី​មួយថ្ងៃ ទៅ​មួយថ្ងៃ។ កាលពីថ្ងៃ​សុក្រ រដ្ឋអាជ្ញ​អាល្លឺម៉ង់​បាន​បើក​ការស៊ើបអង្កេត និង​ឆែកឆេរ​ផ្ទះ​របស់​ Andreas Lubitz ​ដែល​ក្នុង​នោះ គេ​រកឃើញថា Andreas Lubitz បាន​ហែក​បោះចោល ក្នុង​ធុងសំរាម វេជ្ជបញ្ជា​ពេទ្យ ដែល​តម្រូវ​ឲ្យ​ Andreas Lubitz ត្រូវ​សម្រាក នៅផ្ទះ មិន​ទៅ​ធ្វើការ នៅថ្ងៃ​អង្គារ​ទី ២៤ មីនា ថ្ងៃ ដែល​មាន​សោកនាដកម្ម។ 

​Andreas Lubitz​ពីឡុត​អម របស់​ក្រុមហ៊ុនអាល្លឺម៉ង់ Germanwingដែល​បាន​បើក​យន្តហោះ​Airbus A ៣២០​ទៅ​បុកភ្នំ ក្នុង​ប្រទេស​បារាំង ថ្ងៃ​អង្គារ​ទី ២៤ ខែ​មីនា ២០១៥
​Andreas Lubitz​ពីឡុត​អម របស់​ក្រុមហ៊ុនអាល្លឺម៉ង់ Germanwingដែល​បាន​បើក​យន្តហោះ​Airbus A ៣២០​ទៅ​បុកភ្នំ ក្នុង​ប្រទេស​បារាំង ថ្ងៃ​អង្គារ​ទី ២៤ ខែ​មីនា ២០១៥
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃសៅរ៍ នេះ ក្រុម​អ្នកជួយសង្រ្គោះ និង​ប៉ូលិស​បារាំង នៅ​បន្ត​រុករក​សាកសព នៅក្នុង​អាកាសធាតុ ដ៏ត្រជាក់​ក្នុង​ជ្រលងភ្នំ។ រដ្ឋាភិបាល និង​ប្រជាជន​បារាំង បាន​បង្ហាញ​សាមគ្គីភាព​យ៉ាងសម្បើម នៅក្រោយ​យន្តហោះ​អាល្លឺម៉ង់​ធ្លាក់​ក្នុងទឹកដី​បារាំង។ ជំរក​ស្នាក់នៅ ប្រមាណ ១៣០០​កន្លែង អ្នកជំនាញ​ចិត្តសាស្រ្ត និង​អ្នកបកប្រែ ៤០​នាក់ សម្រាប់​បកប្រែ ៨ភាសា​ផ្សេងគ្នា ត្រូវ​បាន​រើសបញ្ចូល​សម្រាប់​ជួយ​ក្រុមគ្រួសារ​ជនរងគ្រោះ ដែល​បាន​ធ្វើ​ដំណើរ បណ្តើរៗ ទៅ​ដល់​Seyne les Alpes ក្បែរ​ជ្រលងភ្នំ ដែល​យន្តហោះ​របស់​ក្រុមហ៊ុន​អាល្លឺម៉ង់ បាន​ធ្លាក់ កាលពី​ថ្ងៃ​អង្គារ។

 

ប៉ូលិស​ចុះ​ឆែកឆេរ​ផ្ទុះ​របស់​ពីឡូត​អម បន្ទាប់​រដ្ឋអាជ្ញា​បារាំង​វាយតម្លៃ​ថា ពីឡុត​អម មាន​ចេតនា​បញ្ជា​យន្តហោះ​បុកភ្នំ
ប៉ូលិស​ចុះ​ឆែកឆេរ​ផ្ទុះ​របស់​ពីឡូត​អម បន្ទាប់​រដ្ឋអាជ្ញា​បារាំង​វាយតម្លៃ​ថា ពីឡុត​អម មាន​ចេតនា​បញ្ជា​យន្តហោះ​បុកភ្នំ REUTERS/Kai Pfaffenbach

បន្ទាប់ពី​រដ្ឋអាជ្ញា​បារាំង​អះអាងថា ពីឡុត អម គឺ Andreas Lubitz មាន​ចេតនា​បើក​យន្តហោះ បើក​ទៅ​បុក ភ្នំ រហូត​ធ្វើ​ឲ្យ​មនុស្ស​នៅ​លើ​យន្តហោះ​ទាំងអស់ ស្លាប់ គ្មាន​សល់ម្នាក់ រដ្ឋអាជ្ញា​អាល្លឺម៉ង់​វិញ ដែល​បើក​ការស៊ើបអង្កេត ឆែកឆេរ​នៅក្នុង​ផ្ទះ​របស់​ Andreas Lubitz ​បាន​និយាយ​ថា Andreas Lubitz បាន​ហែក​វេជ្ជបញ្ជា​ពេទ្យ ដែល​តម្រូវ​ឲ្យ​ Andreas Lubitz ត្រូវ​សម្រាក នៅផ្ទះ មិន​ទៅ​ធ្វើការ នៅថ្ងៃ​ដែល​មាន​សោកនាដកម្ម។

នៅ​ក្នុង​ពេល​ឆែកឆេរ ម្សិលមិញ ក្នុង​ផ្ទះ​របស់​ Andreas Lubitz ដែល​ស្ថិតនៅ​មិនឆ្ងាយ​ប៉ុន្មាន​ពី​ព្រលានយន្តហោះ Duseeldof រដ្ឋអាជ្ញា​អាល្លឺម៉ង់ បាន​និយាយ​ថា គេ​ឃើញ​វេជ្ជបញ្ជា​ពេទ្យ​ជាច្រើន ដែល​ Andreas Lubitz ​បាន​ហែកបោះចោល​ក្នុង​ធុង​សម្រាម។ បើទោះបី អ្នកវិភាគជាច្រើន​គិតថា Andreas Lubitz ​មាន​បំណង​ធ្វើ​អត្តឃាត ដោយ​បាន​បើក​យន្តហោះ​ទៅបុកភ្នំ ប៉ុន្តែ រដ្ឋអាជ្ញា​អាល្លឺម៉ង់​មិន​បាន​រកឃើញ​សារ ឬ​សំបុត្រ ចុងក្រោយ ណា​មួយ ដែល​អាច​បញ្ជាក់​ថា Andreas Lubitz ​អស់សង្ឃឹម​ក្នុង​ជីវិត​ដែរ។

យ៉ាងណា​ក៏ដោយ សំបុត្រ​ពេទ្យ​ដែល​ត្រូវ​ហែក និង​បោះចោល​ក្នុង​ធុងសំរាម អាច​បង្ហាញ​ថា Andreas Lubitz ​មាន​ចេតនា​ពិតប្រាកដ លាក់​មិន​ឲ្យ​ក្រុមហ៊ុន ឬ​មិត្តរួម​ការងារ ដឹងថា ខ្លួន​មាន​ជម្ងឺ។ នេះបើ​តាម​រដ្ឋអាជ្ញា​អាល្លឺម៉ង់។ រដ្ឋអាជ្ញា​អាល្លឺម៉ង់​មិន​បាន​បញ្ជាក់​លំអិត​ពី​ខ្លឹមសា​ក្នុង​ សំបុត្រ​ពេទ្យនោះទេ ដោយគ្រាន់​តែ​និយាយថា នៅក្នុង​សំបុត្រ ពេទ្យ Andreas Lubitz ត្រូវ​កំណត់​ឲ្យ​បន្ត​ប្រើ​ថ្នាំព្យាបាល​ដូចមុន និង​ត្រូវ​ឈប់សម្រាក មួយរយៈ។ តាម​កាសែត​អាល្លឹម៉ង់ Bild សំបុត្រពេទ្យ​ចេញ​ដោយ​ពេទ្យ​ជំនាញ​សរសៃប្រសាទ ឬ​ពេទ្យ​ជំនាញ​ផ្លូវចិត្ត។

យោងតាម​សក្ខីកម្ម​របស់​អតីត​សង្សារ​ម្នាក់​របស់ Andreas Lubitz ​ដែល​ធ្លាប់​សេពគប់ និង​ធ្វើការ​ជាមួយ Andreas Lubitz រយៈពេល ៥​ខែ Andreas Lubitz ​ធ្លាប់​មានបញ្ហា​ផ្លូវចិត្ត។ រូបនាង បាន​បែកពី​ Andreas Lubitz ​ក៏ដោយសារ​តែ​បញ្ហា​នោះដែរ។ តាម​សំដី របស់​ស្រ្តី​ម្នាក់​នោះ ដែល​កាសែត​អាល្លឺម៉ង់ Bild បាន​ជួបសម្ភាសន៍ Andreas Lubitz ​បាន​ធ្វើ​អត្តឃាត​ខ្លួន ដោយសារ​តែ​ក្តីអស់សង្ឃឹម​ព្រោះថា  Andreas Lubitz ​យល់​ច្បាស់ថា ដោយសារ​តែ​បញ្ហា​សុខភាព ខ្លួន​គេ​មិនអាច​សម្រេច​ក្តីស្រមៃ​ដែល​ចង់បាន​ការងារ​នៅ​ក្រុមហ៊ុន​អាកាសចរណ៍ អាល្លឺម៉ង់ Lufthansa។ ដោយសារ​តែ​បញ្ហា​សុខភាព គេ​នឹង​​មិនតែ​មិនអាច​បើក​យន្តហោះ ក្នុងរយៈ ចម្ងាយឆ្ងាយ ដូច​ជា​អ្នកបើកយន្តហោះ​ដទៃ​ទៀត​នោះ​ទេ។។ តាម​អ្នក​ដែល​ស្គាល់​ Andreas Lubitz ​ទាំងប៉ុន្មាន ដែល​គេ​បាន​ជួប​សម្ភាសន៍ គេដឹងថា Andreas Lubitz ស្រឡាញ់​អាជីព​ជា​អ្នកបើក​យន្តហោះ​នេះ​ខ្លាំងណាស់។
 

អ្នកស៊ើបអង្កេត​នៅ​បន្ត​ស្វែរក​បំណែក​សព​របស់​អ្នកដំណើរ​របស់​​យន្តហោះ
អ្នកស៊ើបអង្កេត​នៅ​បន្ត​ស្វែរក​បំណែក​សព​របស់​អ្នកដំណើរ​របស់​​យន្តហោះ REUTERS/Emmanuel Foudrot

មូលហេតុ​ដែល​ធ្វើ​ឲ្យ​ Andreas Lubitz ​ហែក​សំបុត្រពេទ្យ និង​លាក់​ជម្ងឺ​ទៅ​កន្លែង​ធ្វើការ នៅ​តែ​ អាថ៌កំបាំង ដែល​ក្រុមអ្នកស៊ើបអង្កេត​កំពុង​អង្កេត​តទៅទៀត។ ប៉ុន្តែ យ៉ាងណាក៏ដោយ ការអះអាង​របស់​អតីត​សង្សារ​របស់ Andreas Lubitz អាច​ឲ្យ​គេ​យល់​បាន​ខ្លះ​ហេតុអ្វី បាន​ជា​ Andreas Lubitz​ហែក​សំបុត្រពេទ្យ និង​លាក់​មិន​ឲ្យ​ក្រុមហ៊ុន​ដឹងថា ខ្លួន​បាន​ទទួល​សំបុត្រ​ពេទ្យ ឲ្យ​ឈប់សម្រាក​នៅផ្ទះ​នោះ។ អតីត​សង្សារ​របស់​ Andreas Lubitz ​នៅ​បាន​និយាយ​ថា ថ្ងៃ​ដែល​ Andreas Lubitz ​បាន​បើក​យន្តហោះ​ទៅ​បុកភ្នំ បាន​ធ្វើ​ឲ្យ​នាង​នឹក​ទៅ​ដល់​ពាក្យ​របស់​ Andreas Lubitz ​ដែល​ធ្លាប់​និយាយ​ថា នៅថ្ងៃ​ណាមួយ គេ​នឹង​ធ្វើ​អ្វីមួយ ដើម្បី កែប្រែ ប្រព័ន្ធ​ទាំងស្រុង ហើយ​ពិភពលោក​នឹង​ស្គាល់ ចងចាំ ឈ្មោះ​របស់​គេ។ ច្បាស់ណាស់ថា ការបើក​បុក​យន្តហោះទៅបុក​ភ្នំ រហូត​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​អស់​១៥០​នាក់ ដូច្នេះ គឺ​ប្រាកដ​ណាស់​នឹង​ធ្វើ​ឲ្យ​ឈ្មោះ​ Andreas Lubitz ​ត្រូវ​ពិភពលោក​ស្គាល់ ប៉ុន្តែ ក្នុង​នាម​ជា​ឧក្រិដ្ឋជន តែប៉ុណ្ណោះ។

សំណងជម្ងឺចិត្ត​សម្រាប់​គ្រួសារ​ជនរងគ្រោះ
កាលពីថ្ងៃ​សុក្រ ក្រុមហ៊ុន​Germanwing បាន​ប្រកាស​សងប្រាក់​៥ម៉ឺន​អឺរ៉ូ សម្រាប់​គ្រួសារ​ជនរងគ្រោះ​ម្នាក់។ ជាជំនួយ​សម្រាប់​ចំណាយបន្ទាន់​របស់​ក្រុមគ្រួសារ។ ក្រុមហ៊ុន​ធានា​រ៉ាប់រង Allianz របស់​ក្រុមហ៊ុន​អាកាសចរណ៍ Germanwing ដែល​ត្រូវ​ចេញមុខ​សង​ជំនួស​Germanwing បាន​ផ្តល់​៦លាន​អឺរ៉ូ​សម្រាប់ការបាត់បង់​យន្តហោះ Airbus A ៣២០ នៅ​មួយថ្ងៃ ក្រោយ​យន្តហោះ​បុកធ្លាក់​ក្នុង​ជ្រលងភ្នំ។

យោងតាម អនុសញ្ញា​អន្តរជាតិ ក្រុង​ម៉ុងរ៉េអាល់ នៅក្នុង​ពេល​គ្រោះថ្នាក់​ធ្លាក់យន្តហោះ​ដែល​ធ្វើ​ឲ្យ​បាត់បង់​អាយុជីវិត​របស់​អ្នកដំណើរ នោះ គឺ​ក្រុមហ៊ុន​អាកាសចរណ៍​ជាអ្នក​ចេញសង​ជម្ងឺចិត្ត ជាង ១សែន ២ម៉ឺន អឺរ៉ូ ដល់​ជន​រងគ្រោះ​ម្នាក់ៗ។ ប៉ុន្តែ ទឹកប្រាក់​សំណង​ពី​ខាង​ក្រុមហ៊ុន​Germanwing នឹង​អាច​ប្រែប្រួល និង​អាច​ច្រើន​ជាងនេះ បើសិន​គេ​រកឃើញថា ក្រុមហ៊ុន​Germanwing មិន​បាន​គោរព​ក្រិតក្រម និង ជា​អ្នកចូលរួម​ទទួលខុសត្រូវ​ឲ្យ​មាន​សោកនាដកម្ម​លើកនេះ។ នោះ​មានន័យ​ថា ក្រុមហ៊ុន​អាច​ដឹងថា ពីឡុត អម Andreas Lubitz ​មាន​បញ្ហា​ផ្លូវចិត្ត​ហើយ ប៉ុន្តែ នៅ​តែ​បញ្ជូន​ឲ្យ​ទៅ​បើក​យន្តហោះ​ទៀត។ នៅក្នុង​ករណី​ដែល​គេ​រក​ឃើញ​ថា ក្រុមហ៊ុន​Germanwing មាន​ចំណែក​ទទួល​ខុសត្រូវ​ធ្វើ​ឲ្យ​យន្តហោះ​ធ្លាក់ នោះ គឺ​ខាង​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​អាច​ប្តឹង​ទៅ​តុលាការ ដើម្បី​ទាមទារ​ប្រាក់សំណង តាម​ចិត្ត​ចង់បាន​របស់ខ្លួន។

ក្នុងបទពិសោធន៍​កន្លងមក ដូចជា ការធ្លាក់ យន្តហោះ បារាំង Concorde គ្រួសារ​របស់​ជនរងគ្រោះ​ទាំង​១០០​នាក់ បាន​ទទួល​សំណង​យ៉ាង​តិច​១លាន​អឺរ៉ូ។ លើកនេះ ក្នុង​ករណី របស់​ក្រុមហ៊ុន​Germanwing គេ​ប៉ាន់​ស្មានថា ក្រុមហ៊ុន​នឹង​ត្រូវ​ចំណាយ​យ៉ាងតិច ១៥០​លាន​អឺរ៉ូ​សម្រាប់បង់ជម្ងឺចិត្ត​ឲ្យ​គ្រួសារ​របស់​ជនរងគ្រោះ។

តាម​របាយការណ៍​របស់​អាជ្ញាធរ​គ្រប់គ្រង​អាកាសចរណ៍​ស៊ីវិល អាល្លឺម៉ង់ ដែល​បាន​ទទួល​ឯកសារ​ព័ត៌មាន​ជាប់ជា​ប្រចាំ​ពី​ក្រុមហ៊ុន​Lufthansa ពីឡុត​អម Andreas Lubitz​ត្រូវបាន​គេសរសេរ​នៅក្នុង​ឯកសារ​ពេទ្យ​របស់ក្រុមហ៊ុន​ថា ត្រូវ​ទទួល​ការតាមដាន​ពិនិត្យ​សុខភាព​ជាប់ជាប្រចាំ និង​អចិន្រ្តៃយ៍។ នេះ​ស​បញ្ជាក់ថា ក្រុមហ៊ុន​ដឹងថា Andreas Lubitz​មាន​ករណី​សុខភាព​ចាំបាច់​ដែល​គេ​តាមដាន​ជាពិសេស។

រឿង​មួយទៀត ដែល​គេ​គិតថា ក្រុមហ៊ុន​ហោះហើរ Lufthansa ដែល​ជា​មេពីលើ​ក្រុមហ៊ុន​Germanwing អាច​ព្យាយាម​លាក់បាំង​ព័ត៌មាន​គឺ​នៅត្រង់​ថា ក្រុមហ៊ុន​បាន​ត្រឹម​និយាយថា ពីឡុត អម Andreas Lubitzធ្លាប់​បាន​ផ្អាក ការហាត់រៀន​មួយរយៈ ប៉ុន្តែ ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​ដោយ​មូលហេតុ​អ្វី​នោះទេ។ តាម​កាសែត​អាល្លឺម៉ង់ ជាច្រើន នៅក្នុង​ពេល​ផ្អាក​ការរៀនសូត្រ​បើកយន្តហោះ នោះដែល មានរយៈពេលប្រមាណ ១ឆ្នាំ កន្លះ តាមពិត Andreas Lubitz​កំពុង​ជួប​ជម្ងឺ​បាក់ទឹកចិត្ត​យ៉ាងធ្ងន់ធ្ងរ។ គេ​នឹង​មិនជឿ​ទេថា ក្រុមហ៊ុនLufthansa មិន​ដឹងថា​ Andreas Lubitz ជួប​ជម្ងឺ​ផ្លូវចិត្តនោះ។ គេអាច​បន្ទោស​ថា បើ​ក្រុមហ៊ុន​ដឹងថា ពីឡុត​អម ធ្លាប់​មាន​ជម្ងឺ​ផ្លូវចិត្ត ហេតុអ្វី​បាន​ជា​នៅ​តែ​បណ្តោយ​ឲ្យ​ទៅ​បើក​យន្តហោះ​ទៀត។ ហើយ​បើ​ក្រុមហ៊ុន​មិន​ដឹង មាន​ន័យថា ក្រុមហ៊ុន​ធ្វើការ​ថ្លោះធ្លោយ មិន​ដឹង​ពី​ប្រវត្តិ​ជម្ងឺ​របស់​បុគ្គលិក​របស់ខ្លួន ដែល​តាមពិត​ទៅ​ជា​អ្នកទទួល​ខុសត្រូវ​ធំបំផុត លើ​អាយុជីវិត​របស់​អ្នកដំណើរ នៅ​លើ​អាកាសនោះ។ ចង់ ឬ​មិនចង់ ក្រុមហ៊ុន​នៅ​តែ​គេចរួច ពីការ​​បន្ទោស និងការទទួល​ខុសត្រូវទេ ក្នុងពេល​មាន​គ្រោះថ្នាក់​ធ្លាក់​យន្តហោះបែបនេះ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ