អានតួអត្ថបទ
ជនភៀសខ្លួន-OTAN

OTAN​ព្រម​ចូលរួម​បេសកកម្ម​យាមសមុទ្រ​អឺហ៊្សេ ​ដើម្បី​ចាប់​ឈ្មួញ​ដឹក​ជន​ភៀសខ្លួន

រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ​នៃ​ប្រទេស​ទាំង​២៨​ របស់​អង្គការ​អូតង់ ​ បាន​ជួប​ប្រជុំ​គ្នា ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី​១១​កុម្ភៈ ​ដើម្បី​ស្វែងរក​ដំណោះស្រាយ ​ ទាក់ទិន​នឹង​វិបត្តិ​ជនភៀសខ្លួន​ ដែល​នៅ​តែ​បន្ត​ធ្វើ​ដំណើរ​ពពាក់​ពពូន​ឆ្លង​មក​អឺរ៉ុប​តាមទូក។ ដោយ​មាន​ការ​ស្នើសុំ​ពី​ អាល្លឺម៉ង់ ​តួកគី ​និង​ក្រិក ​ អង្គការ​អូតង់​បាន​សម្រេច ​បើក​បេសកកម្ម​យាមកាម​នៅ​ក្នុង​សមុទ្រ ​អឺហ្ស៊េ ​ដើម្បី​ទប់​ស្កាត់​ការ​ដឹក​ជញ្ជូន​ជន​ភៀស​ខ្លួន​ ​ដោយ​ពួក​ឈ្មួញ​ទុច្ចរិក។

អគ្គលេខាធិការ​ Otan លោក Jens Stoltenberg​ ពេល​ធ្វើ​សន្និសីទ​​នៅ​​ក្រុង​​ព្រុយសែល
អគ្គលេខាធិការ​ Otan លោក Jens Stoltenberg​ ពេល​ធ្វើ​សន្និសីទ​​នៅ​​ក្រុង​​ព្រុយសែល REUTERS/Yves Herman
ផ្សាយពាណិជ្ជកម្ម

នេះជា​លើក​ទីមួយ​ហើយ ​ចាប់​តាំង​ពី​អឺរ៉ុប​ បាន​ជួប​វិបត្តិ​ជន​ភៀស​ខ្លួន​ ដែល​អង្គការ​ OTAN ​ព្រម​ខ្លួន​ចូល​លូកដៃ​ក្នុង​កិច្ចការ​នេះ។ អន្តរាគមន៍​របស់​ OTAN​ បាន​ឈាន​ទៅ​ដល់​ការ​សម្រេច​រួមគ្នា​យ៉ាង​រហ័ស ​ ដែល​នេះ​វា​ខុស​ពី​ការ​សម្រេច​របស់​សហភាព​អឺរ៉ុប​ ដែល​កន្លង​មក​ បានតែ​និយាយ​ជជែក​គ្នា​តឹង​សសៃក​ តែ​គ្មាន​លទ្ធផល។ ទាំងនេះ​ ក៏​ដោយសារ​អង្គការ​ OTAN ​មាន​កម្លាំង​ស្រាប់​ ដែល​នៅ​យាម​ល្បាត ​ ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ ​ភាគ​ខាង​កើត។

 
បន្ទាប់​ពីបាន​ជួប​ពិភាក្សា ​នៅ​ទីក្រុង​ព្រុយសែល ​នៅ​ថ្ងៃ​ទី​១១​ កុម្ភៈ ​OTAN ​បាន​សុខចិត្ត​បើក​យុទ្ធនាការ​ ចុះ​យាមល្បាត ​នៅក្នុង​សមុទ្រ​អឺហ្ស៊េ ​សមុទ្រ​ ដែល​ខណ្ឌចែក​រវាង​តួកគី ​ និង​ក្រិក។ ក្នុង​មួយ​យប់ៗ ​ មាន​ទូក​តូចៗ​រាប់​សិប​គ្រឿង ​ដែល​បាន​ប៉ុនប៉ង​ដឹក​ជនភៀសខ្លួន​ ឆ្លង​ពី​តួកគី​ ទៅ​កាន់​ក្រិក។ ទូក​ខ្លះ​ក៏​ទៅ​ដល់ត្រើយ​ ទុក​ខ្លះ​ត្រូវ​បាន​ក្រុម​ឆ្មាំ​យាមសមុទ្រ​ក្រិក ​រុញច្រាន​ឲ្យ​ត្រឡប់​ទៅ​វិញ​ ឯទូក​ខ្លះ​ទៀត ​ក៏​ត្រូវ​រលក​បោកបក់​លិច​នៅ​ក្នុង​សមុទ្រ​ ក៏មាន។
 

លោក​ Ashton Carter​ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក ​ ដែល​មាន​វត្តមាន​ក្នុង​ពេល​ប្រជុំ ​ បាន​មាន​ប្រសាសន៍​ថា ​ នៅ​ពី​ក្រោយ​ការ​ដឹក​ជញ្ជូន​ជនភៀសខ្លួន​តាម​ទូក​នេះ ​ គឺ​មាន​បណ្តាញ​ក្រុម​ជន​ទុច្ចរិក​ ដែល​រកស៊ី​កេង​ចំណេញ​ លើ​ជិវិត​របស់​ជន​ភៀសខ្លួន​ស្លូតត្រង់។ ការងារ​របស់​OTAN​ គឺ​បំផ្លាញ​ខ្សែ​បណ្តាញ​ទុច្ចរិក​នេះ ​ឲ្យ​បាន។

ពេលនេះ​ កងកម្លាំង​OTAN ​កំពុង​តែ​ត្រៀម​អនុវត្ត​សកម្មភាព​យាមល្បាត ​ក្នុង​សមុទ្រ​អឺហ្ស៊េ ​រួចរាល់​ហើយ។ នេះ​បើ​តាម​ប្រសាសន៍​លោក ​Jens Stoltenberg ​អគ្គលេខាអង្គការ​OTAN។ លោក​ក៏​បាន​បញ្ជាក់​ថែម​ទៀត​ថា ​OTAN កំពុង​ពិភាក្សា​ ដើម្បី​ធ្វើ​យ៉ាងណា ​បែកចែក​ព័ត៌មាន​គ្នា ​ឲ្យ​ទាន់​ពេល​វេលា ​ជាមួយ​នឹង​ឆ្មាំ​សមុទ្រ​របស់​តួកគី​ និង​ក្រិក ​ព្រមទាំង​កង​កំលាំង ​Frontex ​របស់​សហភាព​អឺរ៉ុប​ផងដែរ។

លោក​អគ្គលេខា​បញ្ជាក់ថា​ កម្មវត្ថុ​នៃ​បេសកកម្ម​របស់OTAN ​មិនមែន​ទៅ​ចាប់​ទូក​ ​រឺ​ក៏​ទៅ​រុញ​ទូក​ជន​ភៀសខ្លួន​ មិន​ឲ្យ​ចូល​អឺរ៉ុប​ទេ។ កម្មវត្ថុ​នៃ​បេសកកម្ម​នេះ​ គឺ​កម្ចាត់​បណ្តាញ​ដឹក​ជញ្ជូន​នេះ ​ពី​ចម្ងាយ។ ហើយ​ក្នុង​ករណី​ដែល​ទូក​ជនភៀសខ្លួន ​ត្រូវ​បាន​កាក់​ជាប់​ក្នុង​សមុទ្រ ​តួកគី​បាន​សុខចិត្ត​ទទួល​យក​ជនភៀសខ្លួន​ទាំង​នោះ ​ឲ្យ​ត្រលប់​ទៅ​តួកគី​វិញ។

យ៉ាងណា​ក៏ដោយ ​ ប្រទេស​ជា​ច្រើន​នៅ​តែ​បារម្ភ​ថា ​ការ​បញ្ជូន​កង​ទាហាន​ម៉ារីន​ ឲ្យ​នៅ​យាមកាម​ក្នុង​សមុទ្រ​កាន់តែ​ច្រើន ​គឺ​វា​ហាក់​ដូច​ជួយ​ជម្រុញ​ជនភៀសខ្លួន​ ឲ្យ​ចុះទូក​ឆ្លង​សមុទ្រ​មក​កាន់​តែ​ច្រើន​ដែរ​ ព្រោះ​ថា​បើ​ទូក​លិច ​ នឹង​មាន​នាវា​ម៉ារីន​របស់​ OTAN​ ចាំ​ជួយស្រង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ