អានតួអត្ថបទ
រុស្ស៊ី

គណៈកម្មាធិការ​ស៊ើបអង្កេត​រុស្ស៊ី៖ឃាតកម្ម​សម្លាប់​លោក Nemtsov មាន​ការ​រៀបចំទុក​ជាមុន​យ៉ាង​ល្អិតល្អន់

នៅ​ក្នុង​ប្រទេស​រស្ស៊ី ជាង ១២ម៉ោង ក្រោយ​ឃាតកម្ម​សម្លាប់​មេបក្សប្រឆំាង​លោក Boris Nemtsov ក្បែរ​វិមាន​ក្រិមឡំាង​ចំ​កណ្តាល​ទីក្រុង​ម៉ូស្គូ​មក គណៈកម្មាធិការ​ស៊ើបអង្កេត​រុស្ស៊ី​ទើប​បាន​ចេញ​ផ្សាយ​សេចក្តី​ជូនដំណឹង​មួយ​ដោយ​បញ្ជាក់​ថា ឃាតកម្ម​សម្លាប់​លោក Nemtsov គឺ​ជា​ឃាតកម្ម​មួយ​ដែល​បាន​រៀបចំ​ទុក​ជាមុន​យ៉ាង​ល្អិតល្អន់​ជា​ទីបំផុត។ ដោយឡែក លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​ក៏​បាន​បញ្ជាក់​ជា​ថ្មី​ថា រដ្ឋអំណាច​នឹង​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ទំាង​អស់​ដើម្បី​វែក​មុខ និង​ចាប់​ជនដៃដល់​ទៅ​កាត់ទោស​ឲ្យ​សក្តិសម​នឹង​ទង្វើ​របស់​ពួក​គេ។

ទីកន្លែង​បាញ់​សម្លាប់​លោក Boris Nemtsov ក្បែរ​វិមានក្រិមឡំាង​ក្នុង​ទីក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ី
ទីកន្លែង​បាញ់​សម្លាប់​លោក Boris Nemtsov ក្បែរ​វិមានក្រិមឡំាង​ក្នុង​ទីក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ី REUTERS/Sergei Karpukhin
ផ្សាយពាណិជ្ជកម្ម

គេ​នៅ​មិន​ដឹង​ថា តើ​ឃាតកម្ម​សម្លាប់​មេបក្សប្រឆំាង​រុស្ស៊ី​លោក Boris Nemtsov កាល​ពី​ជិត​អធ្រាត្រ​យប់​ថ្ងៃ​សុក្រ​ឆ្លង​ចូល​ថ្ងៃ​សៅរិ៍ ទី២៨ កុម្ភៈ​បាន​រៀបចំ​ដោយ​ក្រុម​ណា និង​ជនដៃដល់​ណា​មួយ​ទេ។ តែ​បើ​យោង​សេចក្តី​ជូន​ដំណឹង​របស់​គណៈកម្មាធិការ​ស៊ើបអង្កេត​រុស្ស៊ី​ឲ្យ​ដឹង​ថា ឃាតកម្ម​សម្លាប់​លោក Nemtsov ត្រូវ​បាន​រៀបចំ​ទុក​ជា​មុន​យ៉ាង​ល្អិតល្អន់​ជា​ទីបំផុត។ សេចក្តី​ជូនដំណឹង​ដដែល​បាន​បញ្ជាក់​ថា ទំាង​ទីកន្លែង និង​ទំាង​ពេលវេលា​សុទ្ធ​តែ​បាន​ជ្រើសរើស​ទុក​ជា​មុន។ រីឯ​កំាភ្លើង​ដែល​ឃាតករ​បាន​ប្រើ ជា​កំាភ្លើង​ខ្លី Makarov ដែល​ប្រើ​ដោយ​កម្លំាង​ប៉ូលីស និង​ទាហាន​រុស្ស៊ី​សព្វថ្ងៃ។ នៅ​កន្លែង​កើត​ហេតុ ក្រុមអ្នកស៊ើប​អង្កេត​បាន​រក​ឃើញ​សំបក​គ្រាប់កំាភ្លើង​ចំនួន ៦គ្រាប់​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ខុស​ៗ​គ្នា។ អ៊ីចឹង​ហើយ​បាន​ជា​ក្រុមអ្នកស៊ើបអង្កេត​ពិបាក​នឹង​កំណត់​ពី​ប្រភពដើម​នៃ​គ្រាប់កំាភ្លើង​ទំាង​នោះ។

យ៉ាង​ណា​ក៏​ដោយ ឃាតកម្ម​សម្លាប់​លោក Boris Nemtsov ត្រូវ​បាន​គណៈកម្មាធិការ​ស៊ើបអង្កេត​រុស្ស៊ី​ទាញ​ចេញ​ជា​សម្មតិកម្ម​ចំនួន ៣ ទី១ ជា​ឃាតកម្ម​នយោបាយ​ផ្ទៃក្នុង ទី២ ជា​ឃាតកម្ម​បង្ក​ឡើង​ដោយ​ពួក​អ៊ីស្លាមនិយមជ្រុល ព្រោះ​ថ្មីៗ​នេះ លោក Nemtsov បាន​ចេញ​មុខ​គំាទ្រ​ទស្សនាវដ្តី​បារំាង Charlie Hebdo បន្ទាប់​ពី​ទស្សនាវដ្តី​​ថ្លុកកំប្លែង​មួយ​នេះ​បាន​រងការវាយប្រហារ​កាល​ពី​ដើម​ខែ​មករា​កន្លង​ទៅ​ក្នុង​ទីក្រុង​ប៉ារីស និង​សម្មតិកម្ម​ទី៣ ជា​ឃាតកម្ម​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​វិបត្តិ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ព្រោះ​កន្លង​មក សកម្មជន​ប្រឆំាង​រូប​នេះ​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​រស្ស៊ី​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆំាង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន។

ដោយឡែក ទន្ទឹម​នឹង​សេចក្តីជូនដំណឹង​របស់​គណៈកម្មាធិការ​ស៊ើបអង្កេត​រុស្ស៊ី លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​ក៏​បាន​ផ្ញើ​សារ​មួយ​ចូលរួម​រំលែក​ទុក​ជាមួយ​ក្រុមគ្រួសារ​លោក Boris Nemtsov ដែរ។ នៅ​សារ​ផ្ញើ​ជូន​ម្តាយ​របស់​លោក Nemtsov លោក​ពូទីន​បាន​ថ្លែង​ថា លោក Nemtsov បាន​បន្សល់​ទុក​ស្លាកស្នាម​សម្រាប់​ប្រវត្តិ​ប្រទេស​រុស្ស៊ី និង​នៅ​ក្នុង​ជីវិត​នយោបាយ ក៏​ដូច​ជា​នៅ​ក្នុង​សង្គម និង​សន្យា​ថា រដ្ឋអំណាច​នឹង​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ទំាង​អស់​ដើម្បី​វែក​មុខ និង​ចាប់​ជនដៃដល់​ទៅ​កាត់ទោស​ឲ្យ​សក្តិសម​នឹង​ទង្វើ​របស់​ពួក​គេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ