អានតួអត្ថបទ

Brexit៖ លោកស្រី តេរ៉េសា ម៉េ គេចផុត​ពីការ​ដក​សេចក្តី​ទុកចិត្ត តែ​ត្រូវការ​ជំនួយ​បន្ថែម​ពី​អឺរ៉ុប

លោកស្រីតេរ៉េសា ម៉េ បានគេចផុត ​យ៉ាងប្រផិតប្រផោយ នូវការបោះឆ្នោតដកសេចក្តីទុកចិត្ត​ ពីសំណាក់ សមាជិកសភា​របស់គណបក្សលោកស្រី កាលពីថ្ងៃពុធ​ម្សិលមិញ ។ ក៏ប៉ុន្តែ ឧបសគ្គដ៏ធំមួយទៀត សម្រាប់លោកស្រី គឺត្រូវឆ្លងកាត់សភា​ ដើម្បីទទួលបាននូវការបោះឆ្នោតយល់ព្រម លើកិច្ចព្រមព្រៀងផ្តាច់ខ្លួនចេញពីសហភាពអឺរ៉ុប ដែលលោកស្រីបានចរចាជាមួយព្រុចសែល។ នៅថ្ងៃនេះ លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស នឹងជួបប្រជុំជាមួយសហភាពអឺរ៉ុប ដើម្បីព្យាយាមរកជំនួយបន្ថែម ក្នុងការ​ជួយឲ្យលោកស្រី អាចអូសទាញសភាអង់គ្លេស ឲ្យបោះឆ្នោតគាំទ្រកិច្ចព្រមព្រៀងនេះ។

លោកស្រី Theresa May ថ្ងៃពុធទី១២ធ្នូ​ ២០១៨ ខាងមុខ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្​រីអង់គ្លេស។
លោកស្រី Theresa May ថ្ងៃពុធទី១២ធ្នូ​ ២០១៨ ខាងមុខ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្​រីអង់គ្លេស។ REUTERS/Peter Nicholls
ផ្សាយពាណិជ្ជកម្ម

លោកស្រីតេរ៉េសា ម៉េ ទើបតែបានឆ្លងផុតគ្រោះថ្នាក់មួយ ដែលគំរាមមុខតំណែងលោកស្រី។ សមាជិកសភាបក្សអភិរក្សនិយម បានបោះឆ្នោតកាលពីថ្ងៃម្សិលមិញ ដើម្បីដកសេចក្តីទុកចិត្តពីលោកស្រី។ តែជាសំណាងរបស់លោកស្រី សម្លេងឆ្នោតមិនបានគ្រប់គ្រាន់ ដើម្បីដកតំណែងលោកស្រីនោះទេ។

តែយ៉ាងណាក៏ដោយ ជោគជ័យដ៏ប្រផិតប្រផោយនេះ បង្ហាញពីគ្រោះថ្នាក់មួយទៀតសម្រាប់​លោកស្រី នៅក្នុងពេលបោះឆ្នោតក្នុងសភាទាំងមូល ដើម្បីសម្រេច​ថា​ទទួល ឬមិនទទួល កិច្ចព្រមព្រៀងដែលលោកស្រីសម្រេចបាន ជាមួយសហភាពអឺរ៉ុប។

នៅរសៀលថ្ងៃព្រហស្បតិ៍ទី១៣ធ្នូនេះ ប្រទេសទាំង២៧ និងតំណាងស្ថាប័ន នៃសហភាពអឺរ៉ុប ត្រូវជួបជាមួយលោកស្រី តេរ៉េហ្សា ម៉េ នៅទីក្រុងព្រុចសែល ដើម្បីនិយាយគ្នាបន្ត អំពីការផ្តាច់ខ្លួនចេញរបស់អង់គ្លេស។ ថ្វីបើកិច្ចព្រមព្រៀងផ្តាច់ខ្លួន ត្រូវបានភាគីទាំង​២​ត្រូវរូវ​គ្នាហើយ ក៏ប៉ុន្តែ ពេលនេះ លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស ហាក់ត្រូវការជំនួយបន្ថែម ពីសហភាពអឺរ៉ុប ដើម្បីជួយធ្វើឲ្យលោកស្រី អាចមានលទ្ធភាពក្នុងការអូសទាញ សមាជិកសភាអង់គ្លេស ឲ្យបោះឆ្នោតទទួលកិច្ចព្រមព្រៀងនេះ។

សូមបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ លោកស្រីតេរ៉េសា ម៉េ បានសម្រេច ពន្យាពេលចូលសភា ដើម្បីយកកិច្ចព្រមព្រៀងនេះ ទៅឲ្យសភាត្រួតពិនិត្យនិងបោះឆ្នោត ដោយហេតុថាលោកស្រី ភ័យបារម្ភថា សភាអង់គ្លេស និងបដិសេធចោល។ ជាច្រើនសប្តាហ៍​មកហើយ ​ដែលអ្នកនយោបាយ និងតំណាងរាស្ត្រអង់គ្លេស មិនថាមកពីបក្សផ្សេង ឬបក្សអភិរក្សនិយមរបស់លោកស្រីទេ គឺគេបានសម្តែងការមិនពេញចិត្តទៅនឹងកិច្ចព្រមព្រៀងជាមួយអឺរ៉ុប ដែលលោកស្រីតេរ៉េសា ម៉េ បានចរចា។ ចំណុចដែលចោទជាបញ្ហាបំផុត នោះ គឺព្រំដែនរវាងប្រទេសអៀរឡើង និងដែនដីអៀរឡើងខាងជើង របស់អង់គ្លេស។

យ៉ាងណាក៏ដោយ ការរំពឹងចង់បានសម្បទានបន្ថែម ពីអឺរ៉ុប ហាក់ដូចជាមានសង្ឃឹមតិចណាស់​ ក្នុងពេលនេះ។ លោក ប្រធានក្រុមប្រឹក្សាអឺរ៉ុប អះអាងថា អឺរ៉ុប ចង់ជួយលោកស្រី តេរ៉េសា ម៉េ ណាស់ តែមិនដឹង​​ថាជួយដោយរបៀបណា ព្រោះថាលទ្ធភាពមានតិចជាទីបំផុត។ កាលពីថ្ងៃពុធ ម្សិលមិញ លោកស្រី អង់ហ្គេឡា មែរគែលវិញ បញ្ជាក់ថា កុំរំពឹង​ថាអឺរ៉ុបនឹងធ្វើសម្បទានបន្ថែម ហើយរុះរើកិច្ចព្រមព្រៀងដែលសម្រេចហើយ ឲ្យ​សោះ។ ទំរាំបានកិច្ចព្រមព្រៀងនេះ សហភាព​អឺរ៉ុបនិងអង់គ្លេស បានចំណាយពេលចរចា១៧ខែ ដូច្នេះមិនអាចមកប្តូរផ្លាស់ កែប្រែ នៅនាទីចុងក្រោយ ងាយៗបែបនេះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ