អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

Brexit អាច​គំរាម​ដល់​ប្រសិទ្ធិភាព ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម ​នៅ​អឺរ៉ុប

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅប្រមាណតែ​ជា៦ខែទៀតទេ អង់គ្លេសនឹងត្រូវចាកចេញ ផ្តាច់ចំណងពីសហភាពអឺរ៉ុប ជាស្ថាពរ។ មានវិស័យមួយ ដែលកំពុងតែធ្វើ​ឲ្យគេព្រួយបារម្ភ ដែលអាចរង​ផលប៉ះពាល់ ដោយការចាកចេញនេះ គឺកិច្ចសហប្រតិបត្តិការ ​ក្នុងការប្រយុទ្ធ​ប្រឆាំងនឹងអំពើភេរវកម្ម​នៅអឺរ៉ុប។ អង់គ្លេសឈប់នៅក្នុងអឺរ៉ុប មានន័យថាសហប្រតិបត្តិការ ការផ្លាស់ប្តូរចែក​រំលែក​​ទិន្នន័យគ្នា​ ក្នុងល្បឿនលឿន ប្រាកដជាជួបនឹងឧបសគ្គ ដែលនេះ អាចជាច្រកចន្លោះប្រហោង ដែលអាចបើកផ្លូវ ឲ្យក្រុមបណ្តាញភេរវកម្ម ធ្វើសកម្មភាពបាន។

នគរបាល​អង់គ្លេស ឆែកឆេរ​​នៅ​លើស្ពាន ឆ្លងទៅ​កា​ន់​វិមាន​រដ្ឋសភា ថ្ងៃទី​​១៤ សីហា​ ២០១៨។
នគរបាល​អង់គ្លេស ឆែកឆេរ​​នៅ​លើស្ពាន ឆ្លងទៅ​កា​ន់​វិមាន​រដ្ឋសភា ថ្ងៃទី​​១៤ សីហា​ ២០១៨។ William EDWARDS / AFP
ផ្សាយពាណិជ្ជកម្ម

ការគំរាមកំហែងភេរវកម្ម​ គឺជាការព្រួយបារម្ភមួយដ៏ធំ មិនថាសម្រាប់អង់គ្លេស ឬសម្រាប់ប្រទេសសហភាពអឺរ៉ុបផ្សេងទៀត។ កិច្ចការមួយដ៏ចំបង ដើម្បីប្រយុទ្ធប្រឆាំង តាមដាន ទប់ស្កាត់ សកម្មភាពភេរកម្ម គឺការសហការ ការចែករំលែកទិន្នន័យជាក់ស្តែង និងភ្លាមៗ រវាងអាជ្ញាធរនគរបាល និងក្រុមស៊ើបការណ៍សំងាត់ នៃប្រទេសទាំងអស់។ ការ​បើក​ចំហរ​ទិន្នន័យ​ ឲ្យគ្នាទៅវិញទៅមក គឺជារឿងចាំបាច់ ដើម្បីធ្វើការឲ្យបានរហ័ស។

ចំណងសហការ ផ្នែកទិនន្ន័យនរគបាលនេះ គឺជាផ្នែកមួយដ៏ធំ ស្ថិតក្នុងក្របខណ្ឌនៃ​សហប្រតិបត្តិការ​សន្តិសុខ របស់សហភាពអឺរ៉ុប។ ក៏ប៉ុន្តែ ចាប់ពីចុងខែមីនា ឆ្នាំ​២០១៩​ខាងមុខនេះទៅ អង់គ្លេស នឹងចាកចេញពីសហភាពអឺរ៉ុប។ មានន័យថា អង់គ្លេស លែងស្ថិតនៅក្នុងចំណងសហប្រតិបតិ្តការផ្លាស់ប្តូរទិន្នន័យនេះទៀតហើយ។ មន្តី្រនគរបាល ឬក្រុមស៊ើបការណ៍សំងាត់អង់គ្លេស ប្រាកដជានឹងជួបឧបសគ្គច្រើន ក្នុងការទទួលបានទិន្នន័យព័ត៌មាន ពីប្រទេសអឺរ៉ុបផ្សេងទៀត។ ដូចគ្នាដែរ ប្រទេសអឺរ៉ុបផ្សេងទៀត ក៏ប្រាកដ​ជាជួបការលំបាកដែរ។

ក្រុមប្រឹក្សានគរបាលជាតិរបស់អង់គ្លេស បានប្រកាសឲ្យដឹង កាលពី២សប្តាហ៍កន្លងទៅថា នគរបាលអង់គ្លេស នឹងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការជាតិ  ដើម្បីជួយសម្រួល សមត្ថកិច្ចសន្តិសុខ ក្នុងការសម្របខ្លួន និងការប្រើប្រាស់ ប្រព័ន្ធនីតិវិធី ថ្មីមួយទៀត ដែលមានតួនាទី​ចែករំលែកទិន្នន័យនគរបាល នៅក្រោយ​ពេល​ដែល​ អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។

ប៉ុន្តែ លោកស្រី Sara Thornton អគ្គនាយកក្រុមប្រឹក្សានេះ បានលើកឡើងថា​ វាជាប្រព័ន្ធថ្មីដែលត្រូវតែប្រើ​។ លោកស្រីទទួលស្គាល់ថា ប្រព័ន្ធថ្មីនេះ វាមិនអាចផ្តល់ប្រសិទ្ធិភាពឲ្យបានល្អ ដូចប្រព័ន្ធចាស់របស់អឺរ៉ុប ដូចជានីតិវិធីដីការចាប់ខ្លួនរបស់អឺរ៉ុប ព្រមទាំង ប្រព័ន្ធព័ត៌មានតំបន់Schengen ដែលកន្លងមកក្នុងឆ្នាំ​២០១៧ នគរបាលអង់គ្លេស បានចូលទៅ​ឆែក​ យក​មកប្រើ ដល់ទៅ៥៣៩លាន​ដង។ ប្រព័ន្ធទិន្ន័យថ្មីរបស់អង់គ្លេសនេះ ក៏ពុំមានប្រសិទ្ធិភាពល្អ ដូចប្រព័ន្ធរបស់ភ្នាក់ងារនគរបាលព្រហ្មទណ្ឌ Europol របស់អឺរ៉ុបដែរ។

លោកស្រីអគ្គនាយកស្ថាប័ននគរបាលអង់គ្លេសរូបរនេះ បានបន្ថែមថា ដំណោះស្រាយថ្មី ដែលអាជ្ញាធរអង់គ្លេសត្រូវតែបង្ខំចិត្ត​ប្រើនេះ គឺវានឹងយឺត ហើយមានលក្ខណៈការិយាល័យធិបតេយ្យ ជាងប្រព័ន្ធរបស់អឺរ៉ុប។ ដែលនេះមានន័យថា សមត្ថកិច្ចអង់គ្លេស នឹងជួបការលំបាក ជួបឧបសគ្គច្រើន ក្នុងការធ្វើការ ដើម្បីការពារសន្តិសុខ ជូនប្រជាជនអង់គ្លេស ក៏ដូចជាប្រជាជនអឺរ៉ុបទូទៅ។

ចំណែកលោក Malcom Chalmers អគ្គនាយករង នៃវិទ្យាស្ថានសិក្សាស្រាវជ្រាវ ផ្នែកការពារជាតិនិងសន្តិសុខ របស់អង់គ្លេស បានលើកឡើងថា បើសិនជាអង់គ្លេស មិនអាចចូលរួមក្នុងសហប្រតិបត្តិការផ្លាស់ប្តូរ​ទិន្នន័យ ជាមួយអឺរ៉ុបបានទៀត ហើយបើសិនជាគ្មានកិច្ចព្រមព្រៀងណាមួយ ត្រូវបានគេរកឃើញទេនោះ នោះប្រាកដជាមាន ផលអវិជ្ជមានធ្ងន់ធ្ងរណាស់ ព្រោះថាប្រព័ន្ធទិន្នន័យអឺរ៉ុប ដើរវិវឌ្ឍន៍លឿនណាស់ អង់គ្លេស​​មិនអាចតាមទាន់ទេ។ លោកថា ចំណងសហការ រវាងនគរបាលអង់គ្លេស និងនគរបាលអឺរ៉ុប​ នឹងនៅតែមាន មិនរលាយបាត់ទេ គ្រាន់តែថា ការងារនេះនឹងយឺតយ៉ាវ ស្មុគស្មាញជាងពីមុន។ នេះហើយដែលជាចំណុចអវិជ្ជមាន គួរឲ្យព្រួយបារម្ភបំផុត ព្រោះថា ល្បឿនរហ័ស និងភាពងាយស្រួល នៃដំណើរការនីតិវិធីនេះ គឺជាអាវុធដ៏ចាំបាច់បំផុត ក្នុងការទប់ស្កាត់ សកម្មភាពភេរវកម្ម ឲ្យទាន់ពេលវេលា។ កាលណាកាន់តែយឺត កាន់តែស្មុគស្មាញ គឺកាន់តែគ្មានប្រសិទ្ធិភាព។

យ៉ាងណាមិញ យោងតាមរបាយការណ៍មួយ ដែលមានចំណងជើងថា « Brexit និងការប្រយុទ្ធប្រឆាំងភេរវកម្ម » របស់ Soufan Groupe ចេញផ្សាយកាលពីថ្ងៃទី២៦កញ្ញា បានលើកឡើងថា ថ្វីបើ ក្រោយការចាកចេញពីអឺរ៉ុប អង់គ្លេស និងសហភាពអឺរ៉ុប អាចបន្តសហការគ្នាដូចដើម ក្នុងវិស័យសន្តិសុខនគរបាលនេះក្តី ក៏ការងារប្រយុទ្ធប្រឆាំងភេរវកម្មនេះ គឺជាការងារធំនិងលំបាកជាទីបំផុត។ របាយការណ៍នេះ បន្តថា ការគំរាមកំហែងផ្នែកភេរវកម្ម នៅតែស្ថិតក្នុងកំរិតខ្ពស់ដដែល ប៉ុន្មានឆ្នាំទៅមុខទៀត ហើយបើគ្មានកិច្ចព្រមព្រៀងសហការណាមួយ រវាងសហភាពអឺរ៉ុប និងអង់គ្លេសថែមទៀតនោះ គឺរិតតែធ្វើឲ្យការងារនេះ កាន់តែលំបាក ព្រោះវានឹងបន្ថែមឧបសគ្គផ្សេងៗ ទៅឲ្យសមត្ថកិច្ច នគរបាល ក្រុមស៊ើបការណ៍សំងាត់ របស់ប្រទេសទាំងអស់។

តែយ៉ាងណាក៏ដោយ ក្តីសង្ឃឹមមិនរលាយសូន្យទាំងស្រុងនោះទេ។ បើទោះបី ជាអង់គ្លេស និងសហភាពអឺរ៉ុបផ្តាច់ចំណងនឹងគ្នា ដោយគ្មានកិច្ចព្រមព្រៀងសហការណាមួយ ទៅថ្ងៃក្រោយក៏ដោយ ក៏សមត្ថកិច្ចនគរបាល​ខ្លះ លើកឡើងថា គេនឹងបន្តធ្វើការ ជាមួយភាគីអង់គ្លេស ឲ្យរលូនដដែល។ ជាច្រើនឆ្នាំមកហើយ ដែលស្ថាប័ននគរបាល ក៏​ដូចជាក្រុមស៊ើបការណ៍សំងាត់របស់អង់គ្លេស បានធ្វើការយ៉ាងល្អ ជាមួយអង្គភាពសមភាគី នៃប្រទេសអឺរ៉ុបផ្សេងទៀត ដូច្នេះ គ្មានហេតុផលអ្វី ដែលគេនឹងលែងសហការគ្នានោះទេ។

លោក Alain Chouet អតីតអគ្គនាយកអង្គភាព ស៊ើបការសំងាត់ និងសន្តិសុខក្រៅប្រទេស របស់បារាំង បានអះអាងថា ទោះអង់គ្លេសចេញ ឬមិនចេញពីអឺរ៉ុប ក៏គេនៅតែធ្វើការ​ជាមួយគ្នាដដែល។ លោកថា ភាគី​អង់គ្លេស មិនសហការគ្រប់រឿងរ៉ាវទេជាមួយភាគី​បារាំង តែយ៉ាងណា ក្នុងវិស័យប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ភាគីអង់គ្លេស តែងតែសហការយ៉ាងល្អ មិនថាពីសំណាក់ ក្រុមMI5 ឬ MI6។

អតីតមន្ត្រីស៊ើបការណ៍សំងាត់របស់បារាំងរូបនេះ បន្ថែមថា ការងារបេសកកម្មការពារសន្តិសុខ របស់ស្ថាប័នទាំងនេះ គឺវាមិនត្រូវពឹងផ្អែកទាំងស្រុង ទៅនឹងស្ថិរភាពនៃសហប្រតិបត្តិការណ៍អន្តរជាតិ រវាងប្រទេសនីមួយៗទេ។​ លោកថា គ្មាននរណាម្នាក់ ចង់ក្លាយជាជនដែលត្រូវគេចោទ ថាបានរារាំង ឬព្រងើយកន្តើយ មិនជួយទប់ស្កាត់ភេរវកម្មនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ