អានតួអត្ថបទ
Brexit

Brexit៖ នាយករដ្ឋមន្ត្រី​អង់គ្លេស បង្ហើប​ថា​លោក​ដូណាល់ ត្រាំ ​បញ្ចេះ​ឲ្យ​អង់គ្លេស​ប្តឹង​អឺរ៉ុប

លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក​ ទើបតែបានបិទបញ្ចប់ដំណើរទស្សនកិច្ច​ រយៈពេល៤ថ្ងៃនៅអង់គ្លេស។ ជាដំណើរទស្សនកិច្ចផ្លូវរដ្ឋ ដែលលោកប្រធានាធិបតីអាមេរិក បានជួបជាមួយម្ចាស់ក្សត្រីអេលីហ្សាប៊ែត ទី២ របស់អង់គ្លេស និងលោកស្រីតេរ៉េហ្សា ម៉េ នាយករដ្ឋមន្ត្រីអង់គ្លេស។ កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស បានបង្ហើបឲ្យដឹងថា ក្នុងពេលជួបគ្នា លោកដូណាល់ ត្រាំ បានប្រាប់ទៅលោកស្រី អំពីយុទ្ធសាស្ត្រយកឈ្នះអឺរ៉ុប ក្នុងដំណើរការផ្តាច់ខ្លួនពីអឺរ៉ុប គឺដោយត្រូវប្តឹងអឺរ៉ុប ចំពោះមុខតុលាការ។

លោកស្រី Theresa May នៅក្នុងកម្មវិធី the BBC's Andrew Marr Show ។ ថ្ងៃទី១៥ កក្កដា ២០១៨
លោកស្រី Theresa May នៅក្នុងកម្មវិធី the BBC's Andrew Marr Show ។ ថ្ងៃទី១៥ កក្កដា ២០១៨ Jeff Overs/BBC Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

នៅក្នុងកម្មវិធីទូរទស្សន៍ The Andrew Marr Show របស់ទូរទស្សន៍BBC កាលពីថ្ងៃអាទិត្យ​ ទី១៥កក្កដា លោកស្រី តេរ៉េហ្សា ម៉េ នាយករដ្ឋមន្ត្រីអង់គ្លេស បាននិយាយថា លោកដូណាល់ ត្រាំ ពិតជាបានបញ្ចេះឲ្យ​លោកស្រី ប្តឹងសហភាពអឺរ៉ុប ដើម្បីមានប្រៀប អាចចរចាផ្តាច់ខ្លួនចេញពីអឺរ៉ុប ដោយមិនឲ្យ​អង់គ្លេស​ខាតបង់ច្រើន។ សម្តីនេះ គឺលោកស្រីតេរ៉ាហ្សា ម៉េ បានអះអាងថា លោកដូណាល់ ត្រាំ បានប្រាប់ទៅគាត់ ក្នុងពេលជួបប្រជុំគ្នា​ មួយទល់នឹងមួយ។

ទោះយ៉ាងណា ក្នុងពេលប្រជុំ លោកស្រីតេរ៉េហ្សា ម៉េ បានឆ្លើយទៅកាន់លោកដូណាល់ ត្រាំ​វិញថា អរគុណច្រើនណាស់ ចំពោះយោបល់នេះ តែក្នុងនាមប្រមុខរដ្ឋាភិបាលអង់គ្លេស លោកស្រីសុខចិត្តបន្តការចរចា តាមសម្រួល ជាមួយសហភាពអឺរ៉ុបវិញ មិនជ្រើស​​យកការប្តឹងប្តល់ទេ។

គួរកត់សំគាល់ថា ក្រោយបានជួបប្រជុំជាមួយលោកស្រីតេរ៉េហ្សា ម៉េ នៅទីក្រុងឡុងដ៍ លោកដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកកាសែតថា លោកបានផ្តល់ជូនលោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស នូវយុទ្ធសាស្ត្រមួយចំនួន ដើម្បីមានប្រៀបខ្លាំង ក្នុងការផ្តាច់ខ្លួនចេញពីសហភាពអឺរ៉ុប។ ដោយមិនបញ្ជាក់ឲ្យច្បាស់ ថាជាយុទ្ធសាស្ត្រអ្វីឲ្យពិតប្រាកដ លោក​ដូណាល់ ត្រាំ គ្រាន់តែបានបញ្ជាក់ថា លោកស្រីតេរ៉េហ្សា ម៉េ មិនយល់ស្របនិងយុទ្ធសាស្ត្រនោះទេ ព្រោះវាមានលក្ខណៈខ្លាំងក្លាពេក។ លោកដូណាល់ ត្រាំ បានទាំងបន្ថែមថា លោកសង្ឃឹមថា ថ្ងៃណាមួយ លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស និងព្រមធ្វើតាមការផ្តល់យោបល់ របស់គាត់ បើសិនជាអឺរ៉ុប មិនព្រមចុះកិច្ចព្រមព្រៀងផ្តាច់ខ្លួន ជាមួយអង់គ្លេសទេនោះ។

ដោយឡែក កាសែត The Sun បាន​ចុះផ្សាយថា ទាក់ទិននឹងការផ្តាច់ខ្លួនរបស់អង់គ្លេស ចេញពីសហភាពអឺរ៉ុបនេះ លោកដូណាល់ បាននិយាយថា បើសិនលោក ជានាយករដ្ឋមន្ត្រីអង់គ្លេសវិញ លោកមិនចរចាររបៀបនេះទេ គឺលោកមានយុទ្ធសាស្ត្រផ្សេង។ លោកដូណាល់ ត្រាំ បានឆ្លៀតរិះគន់ទៀតថា លោកស្រីតេរ៉េហ្សា ម៉េ បានជ្រើសយកផ្លូវដើរ ដែលផ្ទុយពីស្មារតី នៃលទ្ធផលប្រជាមតិ របស់ប្រជាជនអង់គ្លេស កាលពីឆ្នំាំ២០១៦។

សូមរំលឹកថា នៅថ្ងៃទី២៩មីនា ឆ្នាំ២០១៩ខាងមុខ អង់គ្លេសនឹងត្រូវចាកចេញពីគ្រួសារសហភាពអឺរ៉ុប ជាស្ថាពរហើយ។ សម្រាប់ពេលនេះ អង់គ្លេសកំពុងចរចា ជាមួយសហភាព​អឺរ៉ុប ដើម្បីគូសវាសនូវទំនាក់ទំនង ដែលអង់គ្លេស និងសហភាពអឺរ៉ុប ត្រូវមាននឹងគ្នា បន្ទាប់ពីការចាកចេញនេះ។​ រដ្ឋាភិបាលអង់គ្លេស បានចេញផ្សាយ សៀវភៅស ដែលមានសរសេរអំពីផែនការ គោលនយោបាយរបស់រដ្ឋាភិបាល ស្តីពីទំនាក់ទំនងជាមួយសហភាពអឺរ៉ុប។ យោងតាមខ្លឹមសាររួមនៃផែនការនេះ លោកស្រីតេរ៉េហ្សា ម៉េ មានបំណងរក្សាអង់គ្លេស ឲ្យមានចំណងសហប្រតិបត្តិការពាណិជ្ជកកម្ម ក្នុងទីផ្សាររួមរបស់អឺរ៉ុប ឲ្យបានច្រើនជាទីបំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ