ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/09 12h00 GMT

Brexit៖ បូរីស ចនសុន មកជួបមេដឹកនាំអាល្លឺម៉ង់ និងបារាំង ដើម្បីបញ្ចុះបញ្ចូល​គេ​ឲ្យ​គិត​ដូច​ខ្លួន

Brexit៖ បូរីស ចនសុន មកជួបមេដឹកនាំអាល្លឺម៉ង់ និងបារាំង ដើម្បីបញ្ចុះបញ្ចូល​គេ​ឲ្យ​គិត​ដូច​ខ្លួន
 
លោក Boris Johnson នាយករដ្ឋមន្ត្ត្រីអង់គ្លេស​ REUTERS/Toby Melville

លើកទី១​បន្ទាប់ពីចូលកាន់តំណែងជាផ្លូវការ លោកបូរីស ចនស៊ុន នាយករដ្ឋមន្ត្រីអង់គ្លេស ត្រូវធ្វើដំណើរចេញក្រៅប្រទេស នៅថ្ងៃទី​២១សីហានេះ ដើម្បីជួបជាមួយ​លោកស្រីប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ ព្រមទាំង​លោកប្រធានាធិបតីបារាំង។ បន្ទាប់មកទៀត លោក​បូរីស ចនសុន នឹងបន្តដំណើរ ទៅ​ចូលរួមក្នុង​វេទិកា​កំពូល​ ក្រុ​មប្រទេសG7​ នៅឲ្យភាគនិរតី​ប្រទេសបារាំង ជាទីដែលលោកនឹងជួបជាមួយ​លោកដូណាល់ ត្រាំ។ ដំណើរមកជួប ជាមួយ​ប្រមុខដឹកនាំអាល្លឺម៉ង់ និងបារាំង នាពេលនេះ គឺ​លោក​នាយករដ្ឋមន្ត្រីថ្មី របស់អង់គ្លេស មានបំណង​និយា​យ​អំពី​បញ្ហាBrexit ខណៈដែលលោក​បាន​សន្យា ថា​នឹងផ្តាច់អង់គ្លេស ចេញពី​សហភាព អឺរ៉ុប​នៅចុងខែ​តុលា ទោះបីមានឬគ្មានកិច្ចព្រមព្រៀងក៏ដោយ។

លោកបូរីស ចនសុន នឹងផ្តើមទស្សនកិច្ចក្រៅប្រទេសជាលើកទីមួយ នៅអឺរ៉ុបចាប់ពីថ្ងៃនេះទៅ។ នៅរសៀលម៉ោង៤​ ម៉ោងក្នុងប្រទេសអាល្លឺម៉ង់ បន្ទាប់ពីទទួលគ្រឿងឥស្សរិយយស​​យោធានៅទីក្រុងប៊ែកឡាំង លោកបូរីស ចនសុន និងជួបជាមួយ​លោកស្រី​អធិកាបតីអាល្លឺម៉ង់ អង់ហ្គេឡា មែរគែល ។ តាមការគ្រោងទុក គឺពុំមាន​ការធ្វើ​សន្និសីទ​កាសែត រវាងមេដឹកនាំទាំង២នាក់ ក្រោយជំនួប​នេះទេ។ តែមេដឹកនាំទាំង២ នឹងនិយាយទៅកាន់អ្នកកាសែត ដើម្បីប្រកាសពីគោលជំហរ នៅមុន​ពេលប្រជុំ។

បន្ទាប់ពីក្រុងប៊ែរឡាំង លោកបូរីស ចនសុន នឹងមកដល់ក្រុងប៉ារីសនៅថ្ងៃស្អែក ដើម្បី​ជួប​ជាមួយ​នឹងលោក​ប្រធានាធិបតីបារាំង អាម៉ានុយអែល ម៉ាក្រុង។ ហើយចេញពីបារីសទៅ លោកបូរីស ចនសុន និងធ្វើដំណើរទៅ​កាន់ក្រុង Biarritz ភាគ​និរតីប្រទេសបារាំង ដើម្បីចូលរួមវេទិកាកំពូលក្រុមប្រទេសសេដ្ឋកិច្ចនាំ​មុខ G7។ នៅទីនោះ តាមការគ្រោងទុក​ គឺលោកបូរីស ចនសុន នឹងឆ្លៀតឱកាស ជួបមួយទល់នឹងមួយ ជាមួយ​ ជាមួយ​លោក​ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក។

នៅអឺរ៉ុប គេបានដាក់ងារ លោកបូរីស ចនសុន ថាជាដូណាល់ ត្រាំរបស់អង់គ្លេស។ ងារ​នេះ គឺមិនត្រឹមតែសំដៅ​ទៅលើពណ៌សក់របស់មេដឹកនាំទាំង២ទេ តែគឺគេសំដៅជាពិសេស ទៅដល់ផ្នត់គំនិតនិងទស្សនយល់ឃើញ របស់លោកបូរីស ចនសុន និងលោក​ដូណាល់ ត្រាំ ដែលមាន​លក្ខណៈស្រដៀងគ្នាច្រើន។ ជំនួបទ្វេរភាគី រវាងមេដឹកនាំទាំង​២​នៅ​ចុងសប្តាហ៍នេះ គឺ​គេរំពឹងថា មេដឹកនាំទាំង២ ប្រាកដជានិយាយគ្នា អំពីកិច្ចព្រមព្រៀង​ដោះដូរពាណិជ្ជកម្ម រវាងអង់គ្លេសនិងអាមេរិក នៅក្រោយពេលអង់គ្លេសផ្តាច់ខ្លួនជាស្ថាពរចេញពីសហភាពអឺរ៉ុប។ លោកដូណាល់ ត្រាំបានប្រកាសម្តងហើយម្តងទៀត ថាអង់គ្លេសកុំបាច់ភ័យអី ពេលណា​ផ្តាច់ពីអឺរ៉ុបបាន​ហើយ​​ អា​មេរិកត្រៀមទទួល ត្រៀមចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ជាមួយ​។

អឺរ៉ុបមិនចរចាឡើងវិញ

ទាក់ទិនទៅនឹងការផ្តាច់ខ្លួនចេញពីអឺរ៉ុបជាស្ថាពរនេះ លោកបូរីស ចនសុន បានប្រកាសថា ទោះមានឬគ្មានកិច្ចព្រមព្រៀងផ្តាច់ខ្លួន ក៏អង់គ្លេសនឹងចាកចេញជាស្ថាពរ​ នៅថ្ងៃទី​៣១តុលា។ ក៏ប៉ុន្តែការចាកចេញ ដោយគ្មានកិច្ចព្រមព្រៀង ត្រូវបាន​គេជឿថាគឺជាគ្រោះថ្នាក់ធំណាស់ សម្រាប់អង់គ្លេស។ តើលោកបូរីស ចនសុន អាចមានសង្ឃឹមទេ ថាមេដឹកនាំអឺរ៉ុប នឹងព្រមធ្វើ​សម្បទានថ្មី ដើម្បី​ឲ្យមានកិច្ចព្រមព្រៀងផ្តាច់ខ្លួន​ថ្មីមួយទៀត ?

រហូតមកទល់ពេលនេះ ខាងសហភាពអឺរ៉ុប​ មានបារាំង មានអាល្លឺម៉ង់ជាដើម សុទ្ធតែប្រកាន់ជំហររឹងមាំដដែល ដោយផ្អែកទៅលើកិច្ចព្រមព្រៀង ដែលគេបានចុះហត្ថលេខារួចហើយ ជាមួយរដ្ឋាភិបាល​មុនរបស់អង់គ្លេស ដែលដឹកនាំដោយលោកស្រី តេរ៉េហ្សា ម៉េ។ គេមិនអាចធ្វើសម្បទាន ឲ្យបានលើសនេះទេ។

ដោយឡែក លោកបូរីស ចនសុន គឺជាមនុស្សដែល​ស្ថិតក្នុងចំណោមអ្នកគាំទ្រ​Brexit​ដាច់ណាត់ ក្រោមហេតុផលតែមួយគត់ គឺដើ​ម្បី​ស្តារអធិបតេយ្យភាពទាំងស្រុង របស់អង់គ្លេសឡើងវិញ។ តែបញ្ហាចោទគឺថា ក្នុងកិច្ចព្រមព្រៀងផ្តាច់ខ្លួនដែលលោកស្រី​តេរ៉េហ្សា ម៉េបានត្រូវរ៉ូវគ្នាជាមួយអឺរ៉ុប គឺមានកំណត់ចំណុចមួយ ដែលក្រុមលោកបូរីស ចនសុន មិនគាំទ្រ។ នោះគឺចំណុច Backstop។ Backstop គឺត្រូវបាន​ភាគីអឺរ៉ុបគិតថាជាដំណោះស្រាយបណ្តោះអាសន្ន ដើម្បីការពារកុំឲ្យ​មានព្រំដែន​បែងចែក រវាងប្រទេសអៀរឡង់ដែលនៅក្នុងអឺរ៉ុប និងដែនដីអៀរឡង់ខាងជើងរបស់អង់គ្លេស។ ដំណោះស្រាយ Backstop នេះ គឺតម្រូវឲ្យ​អង់គ្លេស ត្រូវបន្តស្ថិតនៅ​ក្នុងប្រព័ន្ធពន្ធដារួម របស់សហភាពអឺរ៉ុបសិន ដ៏រាបណាមិនទាន់មានដំណោះស្រាយថ្មីណាមួយ។

មិនត្រូវការBackstop តែគ្មានដំណោះស្រាយផ្សេងមកជំនួស

កាលពីថ្ងៃទី២០សីហា លោកបូរីស ចនសុន បានសរសេរលិខិតមួយទៅកាន់លោក​ដូណាល់ ទូស្គ ប្រធានក្រុមប្រឹក្សាអឺរ៉ុប ដោយបានលើកឡើងថា ដំណោះស្រាយ Backstop នេះ គឺជាដំណោះស្រាយដែលផ្ទុយពី​ឆន្ទៈប្រជាធិបតេយ្យរបស់ប្រជាជនអង់គ្លេស ហើយថាបញ្ហានេះ វានឹងរារាំងមិនឲ្យអង់គ្លេស អាចទទួលបាន​នូ​វអធិបតេយ្យភាពពេញលេញ ក្នុងវិស័យពន្ធដា និងការដោះដូរពាណិជ្ជកម្ម។

ក៏ប៉ុន្តែ លោកដូណាល់ ទូស្គ បានឆ្លើយតបទៅវិញថា លោកបូរីស ចនសុន ចង់ឲ្យ​អឺរ៉ុប​លប់ចោលដំណោះស្រាយ​ ​Backstop នេះ ក៏ប៉ុន្តែខ្លួនឯងមិនបានស្នើដំណោះស្រាយ​ណាមួយថ្មីទៀត មកជំនួសទេ។ លោកប្រធានក្រុមប្រឹក្សាអឺរ៉ុបបន្តថា អ្នកដែលមិនចង់បាន​Backstop ដោយពុំមានស្នើមធ្យោបាយផ្សេង គឺជាមនុស្សដែលចង់ឃើញព្រំដែន​ពុះចែក អៀរឡង់ទាំង២ គ្រាន់តែមនុស្សនោះ គ្មានសេចក្តីក្លាយហាននឹងសារភាព។ ដូចគ្នាដែរ ពីប្រទេសអ៊ីសឡង់ម្សិសមិញ លោកស្រីអង់ហ្គេឡា មែរគែល បានលើកឡើងថា បើ​លោកបូរីស ចនសុន មិនចង់បាន​ Backstop ទេ សូមលោក​ដាក់ស្នើដំណោះស្រាយថ្មីមួយជាក់ស្តែង​មកចុះ។

សរុបជារួមសំណព្វ ខាងភាគីអឺរ៉ុប គេគ្មានបំណងចរចាកិច្ចព្រមព្រៀងនេះ សាឡើងវិញទេ។ ដូច្នេះ បើអង់គ្លេសមិនព្រមទទួលយកកិច្ចព្រមព្រៀងនេះ គឺមានន័យថា ថ្ងៃទី​៣១​តុលា​ អង់គ្លេសត្រូវផ្តាច់ខ្លួន​ដោយគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់។

បញ្ហា​ប្រឈមសម្រាប់អង់គ្លេស ចាប់ពីថ្ងៃទី​១វិច្ឆិកា

មានផលអវិជ្ជមានច្រើនណាស់​ ដែលគេបារម្ភថាអង់គ្លេស នឹងទទួល។ យ៉ាងណាមិញ ការដែលលោកបូរីស ចនសុន ខំសរសេរសំបុត្រ ខំមកជួបលោកស្រីមែរគែល និងលោកម៉ាក្រុង ដើម្បីសុំឲ្យគេធ្វើសម្បទានចរចាឡើងវិញនេះ​ គឺដោយសារលោកបូរីស ចនសុនខ្លួនឯងដឹងថា បើចេញដោយគ្មានកិច្ចព្រមព្រៀង គឺអង់គ្លេសនឹងខាតខ្លាំង។

កាលពីថ្ងៃទី​១៨សីហា ឯកសារផ្ទៃក្នុងរបស់រដ្ឋាភិបាលអង់គ្លេសមួយ បានបែកធ្លាយ​ ដែលឯកសារនោះ មានសរសេររៀបរាប់អំពីផលប៉ះពាល់ធ្ងន់ ក៏ដូចជាបញ្ហាប្រឈម ចាប់ពីថ្ងៃទី​១ខែវិច្ឆិកាទៅ នៅពេល​អង់គ្លេសចេញពីសហភាពអឺរ៉ុបជាស្ថាពរ។

បញ្ហាប្រឈមនោះ មានជាអាថិ គឺថាអង់គ្លេសនឹង​ខ្វះ​ទំនិញប្រើប្រាស់ និងទំនិញបរិភាគ​ជាច្រើនមុខ មានដូចជា  បន្លែ ផ្លែឈើ និងប្រេងឥន្ធនៈជាដើម។ ទំនិញមួយប្រភេទទៀតនោះ គឺសារធាតុផ្សំគីមី ដែលប្រើប្រាស់ក្នុងការផលិតឱសថ។ ដូច្នេះមានន័យថា អង់គ្លេសនឹងប្រឈមនឹងបញ្ហាកង្វះឱសថ សម្រាប់អ្នកជំងឺនៅតាមមន្ទីរពេទ្យ និងតាមឱសថដ្ឋាន។

មិនត្រឹមតែខ្វះទំនិញទេ ប្រជាជនអង់គ្លេស នឹងប្រឈមនឹងបញ្ហាទំនិញឡើងថ្លៃ ព្រោះអង់គ្លេសលែងនៅក្នុងទី​ផ្សាររួមអឺរ៉ុបទៀតហើយ ដូច្នេះទំនិញនាំចូលពីអឺរ៉ុប នឹងត្រូវជាប់ពន្ធបន្ថែម។ បញ្ហាមួយទៀត គឺការកកស្ទះចរាចរណ៍ដឹកទំនិញរបស់រថយន្តកុងទឺន័រធំៗ ដែលឆ្លងកាត់សមុទ្រ ចូកមកខាងបារាំង។ ចាប់ពីថ្ងៃទី​១វិច្ឆិកាទៅ បារាំងនឹងដាក់រនាំងព្រំដែន ត្រួតពិនិត្យរថយន្ត ដឹកទំនិញ​ទាំងអស់​ដែលមកពីអង់គ្លេស មិនថាឆ្លង​តាមកាប៉ាល់ ឬតាម​ផ្លូវក្រោមសមុទ្រទេ។ ការយឺតយ៉ាវកកស្ទះ អាចមានរយៈពេល ២ទៅ​៣ថ្ងៃ​ សម្រាប់រថយន្តនីមួយៗ។

បញ្ហាចោទមួយទៀត នឹងដ៏ធំបំផុតនោះ គឺបញ្ហាព្រំដែននៅអៀរឡង់។ កិច្ចព្រមព្រៀងសន្តិភាព​ចុះឆ្នាំ​១៩៩៨ រវាងអៀរឡង់ និងអង់គ្លេស អាចនឹងរង្គោះរង្គើ ដោយសារតែការដាក់​ព្រំដែននេះ​។​ ដូច្នេះភាពចម្រូងចម្រាស់នយោបាយ ប្រាកដជាកើតមាន នៅដែនដីអៀរឡង់ខាងជើងរបស់អង់គ្លេស។ ហើយថាមិនត្រូវ​ ដែនដីនេះ ប្រាកដជារកលេស ផ្តាច់ខ្លួន​ចេញពីអង់គ្លេស ហើយងាកមករួបរួមគ្នា ជាមួយប្រទេសអៀរឡើងវិញក៏ថាបានដែរ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ