អានតួអត្ថបទ

Brexit៖ មនុស្ស​រាប់ពាន់​នាក់ ធ្វើ​បាតុកម្ម ឲ្យមាន​ការ​បោះឆ្នោត​ប្រជាមតិ​ម្តងទៀត

កាលពីថ្ងៃសៅរ៍ទៅ ២០តុលា មានមនុស្សរាប់ពាន់នាក់ មកពីគ្រប់ច្រកល្ហក បានមកជួបជុំគ្នា នៅទីក្រុងឡុង ដើម្បីធ្វើបាតុកម្ម ទាមទារ ឲ្យរដ្ឋាភិបាលអង់គ្លេស រៀបចំការបោះឆ្នោតប្រជាមតិម្តងទៀត ស្តីពីការ​ផ្តាច់​ខ្លួន​ចេញពី​សហភាពអឺរ៉ុប។ គួរបញ្ជាក់ថា ប៉ុន្មានខែចុងក្រោយនេះ គំនិតចង់បានការបោះឆ្នោតប្រជាមតិ​ ជាលើកទី២ ត្រូវបានគេ​គាំទ្រកាន់តែច្រើន។ តែយ៉ាងណាក៏ដោយ​ លោកស្រីតេរ៉េហ្សា ម៉េ នាយករដ្ឋមន្ត្រីអង់គ្លេស ធ្លាប់បានបញ្ជាក់ហើយ បញ្ជាក់ទៀត ថាប្រជាមតិមានតែម្តងទេ មិនអាចសើរើលទ្ធផល បោះឆ្នោតម្តងទៀតបានទេ។

ក្រុមបាតុករ ដែល​ប្រឆាំង នឹងBrexit ជួបជុំគ្នា​​នៅ​ទីក្រុង​​ឡុង ថ្ងៃទី​​២០តុលា ​២០១៨
ក្រុមបាតុករ ដែល​ប្រឆាំង នឹងBrexit ជួបជុំគ្នា​​នៅ​ទីក្រុង​​ឡុង ថ្ងៃទី​​២០តុលា ​២០១៨ REUTERS/Simon Dawson
ផ្សាយពាណិជ្ជកម្ម

រថយន្តធំៗដឹកអ្នកដំណើរ មានមិនតិចជាង១៥០គ្រឿងទេ ដែលបានធ្វើដំណើរមកពីគ្រប់ទិស ជាយទីក្រុងឡុង ដើម្បីមកចូលរួមបាតុកម្ម ឆ្ពោះទៅកាន់វិមានរដ្ឋសភា កណ្តាល​ទីក្រុង។ ក្នុងចំណោមមនុស្សរាប់ពាន់នាក់ គេសង្កេតឃើញមានប្រជាជនជនជាតិអឺរ៉ុបផ្សេងទៀត ដែលរស់នៅ និងធ្វើការនៅក្នុងប្រទេសអង់គ្លេស ក៏បានមកចូលរួម ក្នុងបាតុកម្មនេះដែរ។

សូមរំលឹកថា កាលពីខែមិថុនា មានបាតុកម្មស្រដៀងគ្នានេះមួយដែរ ដែលមានមនុស្សចូលរូមប្រមាណ១០ម៉ឺននាក់ នៅទីក្រុងឡុង។ កម្មវត្ថុនៃបាតុកម្ម គឺទាមទារ ឲ្យរដ្ឋាភិបាលអង់គ្លេស រៀបចំការបោះឆ្នោតធ្វើប្រជាមតិជាលើកទី២ ស្តីពីការផ្តាច់ខ្លួនអង់គ្លេស ចេញពីសហភាពអឺរ៉ុប។ បាតុកម្មលើកនេះ ត្រូវបានអ្នករៀបចំ រំពឹងថា នឹងកាន់តែធំ និងលាន់តែកងរំពង ជាងកាលពីលើកមុន ដើម្បីចាប់បង្ខំរដ្ឋាភិបាលអង់គ្លេស ឲ្យ​ស្តាប់​ការចង់ទាមទារនេះ។

តំណាងរៀបចំបាតុកម្មនេះ បានលើកឡើងថា ប្រជាជនអង់គ្លេស ប្រមាណ៥២% ដែលបានបោះឆ្នោតគាំទ្រការផ្តាច់ខ្លួនចេញពីសហភាពអឺរ៉ុប ប្រាកដជាគិតសាឡើងវិញ ហើយបោះឆ្នោតខុសពីមុន នៅពេលពួកគេបានឃើញនិងបានយល់ ពីផលអវិជ្ជមាន ដែលកើតចេញពីការចាកចេញពីសហភាពអឺរ៉ុប។ លោក Peter Hancock បាតុករម្នាក់ បានលើកឡើងថា  មតិមហាជនអង់គ្លេស ត្រូវបានគេបំពុលក្រោមរូបភាពផ្សេងៗ បានជាមួយភាគធំ បានបោះឆ្នោតគាំទ្រ ការផ្តាច់ខ្លួន។ តែលោកជឿថា​មកទល់ពេលនេះ ពួកគេទាំងនោះ បានយល់ និងភ្លឺភ្នែកថា ការចាកចេញពីអឺរ៉ុប គ្មានអ្វីចំណេញទេ គឺមានតែខាត។

ដោយឡែក លោកស្រីតេរ៉េហ្សា ម៉េ នាយករដ្ឋមន្ត្រីអង់គ្លេស បានបញ្ជាក់ កាលពីថ្ងៃពុធកន្លងទៅថា នឹងគ្មានការបោះឆ្នោតប្រជាមតិជាលើកទី២ទេ។ លោកស្រីលើកឡើងថា ប្រជាជនអង់គ្លេសបានសម្រេចរួចហើយ ដូច្នេះរដ្ឋាភិបាលលោកស្រី មានទួនាទីគោរពការសម្រេចចិត្តនេះ ហើយចរចាផ្តាច់ខ្លួនឲ្យបាន។

គួរកត់សំគាល់ថា នៅសល់មិនប្រមាណ៥ខែទៀតទេ គឺដល់ថ្ងៃអង់គ្លេស ត្រូវផ្តាច់ខ្លួនជាស្ថាពរពីសហភាព​អឺរ៉ុបហើយ។ ក៏ប៉ុន្តែគេសង្កេតឃើញថា ការចរចានៅនឹងថ្កល់ ដោយមិនដឹងថា ក្រោយផ្តាច់ខ្លួនទៅ ទំនាក់ទំនងរវាងអឺរ៉ុបនិងអង់គ្លេស ត្រូវដើរតាមផ្លូវណានោះទេ។ មានសំណុំរឿងជាច្រើន ដែលនៅជាប់គាំង ជាក់ស្តែងបញ្ហាព្រំដែន រវាងប្រទេសអៀរឡង់ និងតំបន់អៀរឡង់ខាងជើង ដែលជាដីរបស់អង់គ្លេស។ ប្រឈមមុខនឹងដំណើររាំងស្ទះ និយាយមិនចុះសម្រុងគ្នានេះ មានមតិកាន់តែច្រើន ដែលចង់ឲ្យអង់គ្លេសធ្វើប្រជាមតិម្តងទៀត។ យ៉ាងណាមិញ លោកតូនី ប្លែរ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស បានចេញមុខគាំទ្រគំនិតនេះ។ ហើយចុងក្រោយថ្មីៗនេះ លោក សាឌីក ខាន់ អភិបាលទីក្រុងឡុងតែម្តង ដែលចេញមុខគាំទ្រ ចង់ឲ្យបោះឆ្នោតប្រជាមតិសាជាថ្មី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ