អានតួអត្ថបទ
Brexit-ធនាគារ

Brexit៖ ពិភពធនាគារ កំពុង​​រំជួយ ​នៅ​ទីផ្សារ​ហិរញ្ញវត្ថុ ​The City

ផលវិបាក​ដ៏​អាក្រក់​បំផុត​ ដែល​គេ​ព្រួយ​បារម្ភ​ជាងគេ ​បន្ទាប់​ពី​ប្រជាជន​អង់គ្លេស​សម្រេច​បោះឆ្នោត​ដើរចេញ​ពី​សហភាព​អឺរ៉ុប ​ គឺ​វិបត្តិ​នៅ​លើ​ទីផ្សារ​ហិរញ្ញវត្ថុ ​The City ​ដែល​ជា​ទីផ្សារ​ភាគហ៊ុន​ធំ​ជាង​គេ​បំផុត​លើ​ពិភពលោក។ គ្រាន់តែ​មួយ​ថ្ងៃ ​ម្សិលមិញ ​តម្លៃ​ភាគហ៊ុន​នៃ​ធនាគារ​ធំៗ​ទាំងអស់​ទូទាំង​អឺរ៉ុប ​ដែល​រកស៊ី​ក្នុង​ទីផ្សារ​នេះ ​បាន​ខាតបង់​រហូត​ខ្លះ​ដល់​ទៅ​២០%។ ធនគារ​មួយ​ចំនួន ​បាន​ប្រកាស​ផងដែរ ​ថា​ពួកគេ​នឹង​ត្រូវ​បង្ខំ​ចិត្ត​ដើរ​ចេញ​ពី​ទីផ្សារ​ភាគហ៊ុន​ទីក្រុង​ឡុងដ៍ ​រឺមួយ​ក៏​ត្រូវ​ផ្ទេរ​ការងារ​មួយ​ផ្នែក​ធំ ​ ទៅ​ទីតាំង​ថ្មី ​ដែល​នៅ​ក្នុង​សហភាព​អឺរ៉ុប​ ដើម្បី​អាច​មាន​លទ្ធភាព​ទិញដូរ​ភាគហ៊ុន ​ក្នុង​ទីផ្សារ​អឺរ៉ុប​ដូចមុន។

សង្កាត់ The City ទីផ្សារហិរញ្ញវត្ថុ និងទីតាំងធនាគារ ក្រុមហ៊ុនធំៗ នៅទីក្រុងឡុងដ៍
សង្កាត់ The City ទីផ្សារហិរញ្ញវត្ថុ និងទីតាំងធនាគារ ក្រុមហ៊ុនធំៗ នៅទីក្រុងឡុងដ៍ ©AFP/NIKLAS HALLE'N
ផ្សាយពាណិជ្ជកម្ម

តម្លៃ​ភាគហ៊ុន​នៃ​ធនាគារ ​នៅ​លើ​ទីផ្សារ​ហិរញ្ញវត្ថុ ​The City ​បាន​ធ្លាក់ចុះ​យ៉ាង​គំហុក ​ក្នុង​ពេល​មួយ​ប៉ព្រិច​ភ្នែក។ ធនគារ​ដែល​របួស​ធ្ងន់ធ្ងរ​ជាងគេ ​គឺ​គ្មាន​នរណា​ក្រៅ​ពី​ធនាគារ​របស់​អង់គ្លេស​ខ្លួនឯង​ទេ។ ធនាគារ ​Barclays ​បានធ្លាក់​ថ្លែ​ចំនួន​១៧,៧% ​ធនាគារ ​Lloyds ​ធ្លាក់​ ២១% ​និង​ធនាគារ​Royal Bank of Scotland ​ធ្លាក់​១៨%។

 
ប៉ុន្តែ​នៅមាន​ធនាគារ​អឺរ៉ុប ​ទាំងអស់​ផ្សេងទៀត​ដែរ ​ដែល​បាន​ខាតបង់ ​ខាត​តម្លៃ​ភាគហ៊ុន ​បន្ទាប់​ពី​អង់គ្លេស​បាន​បោះឆ្នោត​ប្រជាមតិ​ ដើរចេញ​ពី​សហភាពអឺរ៉ុប។ ធនាគារ​បារាំង ​BNP Paribas​ និង​ Société générale ​ធនាគារ​អាល្លឺម៉ង់​ Deutsch Bank ​ធនាគារ​អេស្ប៉ាញ​ Banco Santander​ និង​ធនាគារ​អ៊ីតាលី​Intesa Sanpaolo​ ម្នាក់ៗ​ខាតពី​១៤ ​ទៅ​២៣%។ ចំនែក​ធនាគារ​នៅ​ទីផ្សារ​ហិរញ្ញវត្ថុ​អាមេរិក ​Wall Street ​ដូចជា ​Goldman sachs ​ធនាគារ ​Morgan Stanley ​និង ​Bank of America ​ម្នាក់ៗ​ខាត​ពី​ ៧​ ទៅ ​ជាង​១០%។

ការធ្លាក់ចុះ​ស្រុត​មួយ​គំហុក ​ក្នុង​ពេល​ដ៏​ខ្លី​នេះ ​គឺ​បណ្តាល​មក​ពី​ភាព​រំជើបរំជួល ​ភ័យ​ជ្រួល​ច្របល់ ​ដោយសារ​តែ​ អ្នកវិនិយោគ​ពុំ​មាន​ការ​ច្បាស់​ប្រាដក​ ពី​អនាគត​នៃ​ទីផ្សារ​អឺរ៉ុប​ បន្ទាប់ពី​អង់គ្លេស​ដើរចេញ។ ណាមួយ​ នីតិវិធី​នៃ​ការ​ផ្តាច់ខ្លួន ​របស់​អង់គ្លេស​ចេញ​ពី​អឺរ៉ុប​ អាច​ត្រូវ​ចំណាយពេល​យ៉ាងហោច​ណាស់​២ឆ្នាំ​ទៅ​មុខ​ទៀត ​ តែ​កំឡុង​ពេលនេះ​ គ្រប់គ្នា​មិនទាន់​ដឹងថា​វា​នឹង​ប្រព្រឹត្តិ​ទៅ ​ដោយ​របៀប​ណាទេ។

គួរបញ្ជាក់​ថា ​ធនាគារធំៗ​លើ​ពិភពលោក ​បាន​នាំគ្នា​ទៅ​ផ្តុំក្បាលគ្នា​នៅ​ទីផ្សារ​ហិរញ្ញវត្ថុ ​ទីក្រុង​ឡុងដ៍​របស់​អង់គ្លេស ​ក៏ដោយសារ​តែ​អង់គ្លេស​ស្ថិត​ក្នុង​សហភាព​អឺរ៉ុប​ ហើយ​ដូច្នេះ​ធនាគារ​ទាំងនោះ​អាច​រកស៊ី ​ទិញ​លក់​ផលិតផល​ហិរញ្ញវត្ថុ ​ផ្តល់​កំចី​វិនិយោគ ​បាន​ទូទាំង​សហភាព​អឺរ៉ុប​តែម្តង។ ក្នុង​ករណី​ដែល​អង់គ្លេស​ ឈប់​ជា​សមាជិក​សហភាព​អឺរ៉ុប​ មានន័យ​ថា​​រាល់​ចលនា​ដោះដូរ ​ទិញលក់​លើ​ទីផ្សារនេះ​ នឹង​ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​ពិសេស ​ហើយ​ត្រូវ​បង់​ពន្ធជូន​សហភាព​អឺរ៉ុប​ ដើម្បី​អាច​ធ្វើ​សកម្មភាព​នៅ​ក្នុង​ទីផ្សារ​អឺរ៉ុប​បាន។

យ៉ាងណាមិញ ​ធនាគារ​ដ៏ធំ​របស់​អង់គ្លេស​ គឺ​HSBC ​បាន​លើកឡើង​ថា​ គេ​នឹង​ត្រូវ​បង្ខំចិត្ត​លប់ចោល​ការងារ​ជាច្រើន​ពាន់​នាក់​នៅ​អង់គ្លេស ​ដើម្បី​ផ្លាស់ប្តូរ​ទីតាំង​ទៅកាន់​ទីក្រុង​ផ្សេង​នៅ​អឺរ៉ុប។ ដូចគ្នា​ដែរ​ ធនាគារ ​JPMorgan ​របស់​អាមេរិក​ ដែល​មាន​មនុស្ស​ធ្វើការ​ប្រមាណ​១ម៉ឺន​៦ពាន់​នាក់ ​នៅ​ឡុងដ៍ ​គឺ​អាច​នឹង​ផ្ទេរ​ការងារ​ចេញ​ប្រហែល​ជា​៤ពាន់​នាក់ ​យក​ទៅ​ដាក់​ប្រទេស​ផ្សេង។ ដោយឡែក ​លោក​ប្រធាន​សហព័ន្ធ​ធនាគារ​បារាំង​ ​បាន​បញ្ជាក់​ថា ​ធនាគារ​បារាំង ​នឹង​មិន​សូវ​រង​​ផល​ប៉ះពាល់​ខ្លាំង​ប៉ុន្មាន​ទេ​ ដោយសារ​ធនាគារ​បារាំង ​ឈរលើ​ជើង​ពីរ​ទាំង​សងខាង ​ទាំង​នៅ​ទីក្រុង​ប៉ារីស ​និង​ទីក្រុង​ឡុងដ៍។

យ៉ាងណា​ក៏ដោយ​ អ្នក​ដែល​កំពុង​ញញឹម ​គឺ​ទី​ក្រុង​ប៉ារីស​ឯណោះ​ទេ។ Welcome to Paris ​ព្រោះ​ក្រុង​ប៉ារីស​ជា​កន្លែង​ដែល​មាន​សក្តានុពល​បំផុត​ ហើយ​កំពុង​តែ​ត្រៀមខ្លួន​ បើក​ទ្វារ​ស្វាគមន៍​ធនាគារ ​និង​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ ​ដែល​ចង់​មក​បោះ​ទីតាំង​ថ្មី ​ក្នុង​សហភាព​អឺរ៉ុប៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ