អានតួអត្ថបទ

Brexit៖ សហភាព​អឺរ៉ុប​នឹង​សម្រេច​គ្នា រឿង​លើកថ្ងៃ​ចាកចេញ​របស់​អង់គ្លេស​ម្តងទៀត

ថ្ងៃផ្តាច់ខ្លួន​របស់អង់គ្លេស ​ចេញ​ពីសហភាព​អឺរ៉ុប ​ដែលបានកំណត់ថានៅថ្ងៃ​ទី​៣១ តុលានោះ​ ទំនងប្រហែលជាត្រូវពន្យាពេលទៅមុខទៀត។ ការពិចារណាស្តីពីការលើកថ្ងៃចាកចេញម្តងទៀត​នេះ គឺធ្វើឡើងបន្ទាប់ពីសភាអង់គ្លេស បានបោះឆ្នោតយល់ព្រមទទួលជាគោលការណ៍ នូ​វកិច្ចព្រមព្រៀងផ្តាច់ខ្លួន ក៏ប៉ុន្តែសភា​អង់គ្លេស បានសុំពេល​យូរបន្តិច ដើម្បីពិនិត្យកិច្ចព្រមព្រៀងនោះ ឲ្យបានស៊ីជម្រៅ។ នៅថ្ងៃពុធនេះ លោកប្រធានក្រុមប្រឹក្សាអឺរ៉ុប បានជូនដំណឹងទៅកាន់​សមាជិក​សហភាព​អឺរ៉ុបទាំង២៧ប្រទេស ឲ្យពិចារណា ព្រម​លើកថ្ងៃចាកចេញរបស់អង់គ្លេស​​​ម្តង​​ទៀត។

បាតុកម្មប្រឆាំង Brexit នៅទីក្រុងឡុងដ៍ ថ្ងៃទី​១៧ ខែតុលា​ ២០១៩
បាតុកម្មប្រឆាំង Brexit នៅទីក្រុងឡុងដ៍ ថ្ងៃទី​១៧ ខែតុលា​ ២០១៩ REUTERS/Tom Nicholson
ផ្សាយពាណិជ្ជកម្ម

កាលកំណត់ថ្ងៃទី​៣១តុលា ដែលអង់គ្លេសត្រូវផ្តាច់ខ្លួនចេញពីសហភាពអឺរ៉ុប អាចនឹងត្រូវពន្យា សាជាថ្មីម្តង​ទៀត។ ថ្វីបើសមាជិកសភាអង់គ្លេស​ បានបោះឆ្នោតយល់ព្រមជាគោលការណ៍ ក្នុងការទទួលយក​កិច្ចព្រមព្រៀងផ្តាច់ខ្លួន ដែលលោកបូរីស ចនសុន និងសហភាពអឺរ៉ុប បានត្រូវរ៉ូវគ្នានោះមែន ក៏ប៉ុន្តែសភា អង់គ្លេស បានសុំពេលវេលាបន្ថែម ​ដើម្បី​​ពិនិត្យឲ្យបានស៊ីជម្រៅម៉ដ្ឋចត់ លើកិច្ចព្រមព្រៀង​កម្រាស់១១០ទំព័រនេះ។

យ៉ាងណាមិញ ការសម្រេច​របស់សភាអង់គ្លេស កាលពីថ្ងៃអង្គារនេះ ត្រូវបានបណ្តាញ​សារព័ត៌មានអង់គ្លេស​មួយចំនួន សរសេរសើចចំអក ព្រោះវាបានបង្ហាញពីភាពច្រេមច្រុម ស្ទាក់ស្ទើរមិនចេះ​ដាច់ស្រេច របស់សមាជិកសភាអង់គ្លេស ដែល​បោះឆ្នោតយល់ព្រមហើយ តែទន្ទឹមនឹងនេះបែរជាសុំពេលពិចារណាបន្ថែមទៀត។

ក្រោយលទ្ធផលឆ្នោតរបស់សភាអង់គ្លេស លោក ដូណាល់ ទូស្គ ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានបញ្ជាក់ថា លោកបានស្នើទៅកាន់សមាជិកទាំង២៧ប្រទេសរបស់​សហភាពអឺរ៉ុប ឲ្យពិចារណា យល់ព្រមពន្យាពេលថ្ងៃចាកចេញ​ជាថ្មីម្តងទៀត។ ក៏ប៉ុន្តែលើកនេះ គឺធ្វើតាមរយៈនីតិវិធីសរសេរលាយលក្ខន៍អក្សរ ដោយមិនចាំបាច់ជួបប្រជុំគ្នា បើកជំនួបកំពូលជាពិសេសទេ។

សូមបញ្ជាក់ថា លោក បូរីស ចនសុន នាយករដ្ឋមន្ត្រីអង់គ្លេស បានស្នើកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយសុំពន្យាថ្ងៃចាកចេញ រហូតដល់៣ខែទៀត ពោលគឺនៅថ្ងៃទី​៣១មករា ឆ្នាំ២០២០។ បើផ្អែកតាមមន្ត្រីសហភាពអឺរ៉ុប បានឲ្យដឹងថា នៅថ្ងៃពុធនេះតំណាងអង្គទូតនៃប្រទេសទាំង២៧ប្រចាំនៅសហភាពអឺរ៉ុប ត្រូវជួបប្រជុំគ្នា ដើម្បីជជែកពីការលើកពេលនៃថ្ងៃចាកចេញនេះ។ តែយ៉ាងណា មានមតិជាច្រើនបានលើកឡើងថា រយៈពេលនៃការពន្យា គឺសមាជិកសហភាពអឺរ៉ុប ជាអ្នកសម្រេចថាប៉ុន្មានទើបសក្តិសម។

លោកប្រធានក្រុមប្រឹក្សាអឺរ៉ុប ធ្លាប់បានលើកឡើងថា ពន្យាពេល​៣ខែទៀត គឺយូរណាស់។ លោកបញ្ជាក់ថា ការពន្យាលើកនេះ គឺជាការពន្យាដែលមានលក្ខណៈបច្ចេកទេស ដើម្បីឲ្យ​សភាអង់គ្លេស អាច​មានពេល​ពិនិត្យឲ្យបានស៊ីជំរៅលើកិច្ចព្រមព្រៀងផ្តាច់ខ្លួនតែប៉ុណ្ណោះ។ ដូចគ្នាដែរ តំណាងរដ្ឋាភិបាលបារាំង បានលើកឡើងថា ការពន្យាលើកនេះ អាចធ្វើបានត្រឹមប៉ុន្មានថ្ងៃតែប៉ុណ្ណោះ​ ដោយចៀសវាងយ៉ាងណា កុំឲ្យភាគីអង់គ្លេសកិកកុក ចង់ចរចាសើររើកិច្ចព្រមព្រាងសាជាថ្មី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ