អានតួអត្ថបទ
Brexit

Brexit៖ អង់គ្លេស​នឹងបាត់បង់​ផលប្រយោជន៍​ទាំងអស់​ពីអឺរ៉ុប ក្នុង​ករណី​សម្រេច​ដើរ​ចេញ

នៅសល់​ពេល​មិន​ដល់​១សប្តាហ៍​ទៀត​ទេ ​ ពោល​គឺ​ថ្ងៃ​ទី​ ២៣​ មិថុនា ​ដែល​ប្រជាជន​អង់គ្លេស ​ត្រូវធ្វើ​ប្រជាមតិ​ដើម្បី​សម្រេច​ថា ​ទុក​ប្រទេស​អង់គ្លេស ​ឲ្យ​នៅ​ជា​សមាជិក​សហគម​អឺរ៉ុប​ទៀត ​ ​រឺ​​ក៏ត្រូវ​ដើរចេញ។ សេចក្តី​ថ្លែងការ​អំពាវនា ​ទាំងក្រុម​អ្នក​គាំទ្រ ​ទាំង​ក្រុម​អ្នក​មិន​គាំទ្រ ​បាន​ឡើង​កំដៅ​កាន់​តែ​ខ្លាំង ​ ដោយ​ម្នាក់ៗ​អះអាង​ពី​ផលប្រយោជន៍ ​និង​ផល​លំបាក ​បើ​សិន​ជា​អង់គ្លេស​ដើរចេញ​ពី​អឺរ៉ុប។ ជាក់ស្តែង​លោកស្រី​អង់ហ្គេឡា មែគែល ​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​បើ​អង់គ្លេស​ដើរ​ចេញ​ពី​អឺរ៉ុប​​ នោះ​អង់គ្លេស​នឹងលែង​ទទួល​បាន​ផល​ប្រយោជន៍​ ពី​សហគម​អឺរ៉ុប​ទៀតហើយ។

គំរូ​សន្លឹកឆ្នោត​​ប្រជាមតិ ព្រម រឺ មិនព្រម ​ឲ្យ​អង់គ្លេស ចេញ​ពី​សហភាពអឺរ៉ុប
គំរូ​សន្លឹកឆ្នោត​​ប្រជាមតិ ព្រម រឺ មិនព្រម ​ឲ្យ​អង់គ្លេស ចេញ​ពី​សហភាពអឺរ៉ុប REUTERS/Russell Boyce
ផ្សាយពាណិជ្ជកម្ម

មាន​អ្នក​នយោបាយ​អង់គ្លេស​ខ្លះ ​ដែល​ស្រែក​អំពាវនាវ​ឲ្យ​ប្រជាជន​បោះឆ្នោត​យល់ព្រម​ ឲ្យ​អង់គ្លេស​ចេញ​ពី​អឺរ៉ុប ​ បាន​​អះអាង​ថា ​បើ​អង់គ្លេស​ដើរ​ចេញ​ អង់គ្លេស​នឹង​មាន​ឯករាជ​ម្ចាស់ការ​ម្នាក់ឯង ​ ហើយ​ផល​ប្រយោជន៍​ពី​អឺរ៉ុប​ទៀត​សោត ​ក៏​អង់គ្លេស​មិន​បាត់បង់​ដែរ ​ព្រោះ​អង់គ្លេស​អាច​ចរចា​ជាមួយ​អឺរ៉ុប​បាន។

 
ដើម្បី​ឆ្លើយតប​ទៅនឹង​ពាក្យ​ឃោសនា​ឲ្យតែ​រួច​ពី​មាត់​របៀប​នេះ ​លោកស្រី​អង់ហ្គេឡា មែគែល ​អធិការបតី​អាល្លឺម៉ង់​ បាន​បញ្ជាក់​យ៉ាងច្បាស់ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ ក្នុង​ករណី​ដែល​អង់គ្លេស​ត្រូវ​ចាកចេញ​ពី​សហភាព​អឺរ៉ុប ​នោះ​មានន័យ​ថា​ អង់គ្លេស ​នឹង​លែង​អាច​ក្រេប​យក​ផលប្រយោជន៍​ទាំង​ឡាយ​ណា ​ដែល​ផ្តល់​ឲ្យ​ដោយ​សហភាព​អឺរ៉ុប​ទៀតហើយ។ អង់គ្លេស ​នឹង​ត្រូវ​សហភាព​អឺរ៉ុប​ចាត់ទុក​ ​ជា​ប្រទេស​ដទៃ ​ មិន​ខុស​ពី​ប្រទេស​ផ្សេងទៀត ​ ដែល​មិនមែន​សមាជិក​ក្នុង​សហភាព​អឺរ៉ុប​ ដូច្នោះ​ដែរ។ បន្ថែម​ពី​នេះ ​ កិច្ច​ចរចា​សេដ្ឋកិច្ច​ដែល​សហភាព​អឺរ៉ុប​កំពុង​ធ្វើ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ​ នឹង​លែង​ជា​កិច្ច​ចរចា​របស់​ប្រទេស​ទាំង​២៨​ហើយ ​ តែ​គឺ​ជា​របស់​ប្រទេស​ទាំង​២៧​ប៉ុណ្ណោះ។

លោកស្រី​បាន​បន្ថែម​ថា ​ដូច្នេះ​គ្មាន​រឿងអ្វី ​ដែល​អង់គ្លេស​ចំណេញ​ទេ​ ក្នុង​ករណី​ដែល​ប្រជាជន​បោះឆ្នោត​ដើរចេញ​ពី​អឺរ៉ុប។ យ៉ាងណា​មិញ​ចំណុច​នេះ ​ត្រូវ​បាន​លោក​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាល្លឺម៉ង់ ​ធ្លាប់​បាន​បញ្ជាក់​ផងដែរ ​បន្ទាប់​ពី​បានឮ​ថា​ អ្នក​នយោបាយ​អង់គ្លេស​អះអាង​ថា​ អាច​នៅតែ​ចរចា​បាន​អភ័យ​ឯកសិទ្ធិ​ពិសេស​ពី​អឺរ៉ុប​ បើទោះ​បី​អង់គ្លេស​ឈប់ ​ជា​សមាជិក​អឺរ៉ុប​ក៏ដោយ។ ក្នុងន័យ​នេះ ​អុ្នក​នយោបាយ​អង់គ្លេស​ ដែល​ញុះញង់ ​ឲ្យ​អង់គ្លេស​ដើរ​ចេញ​ពី​អឺរ៉ុប ​ ចង់​សំដៅ​យក​គំរូ​តាម​ប្រទេស​ន័រវេហ្ស ​និង​ស្វីស ​ដែល​មិន​មែន​ជា​សមាជិក​សហភាព​អឺរ៉ុប​ទេ ​តែបាន​ចុះហត្ថលេខា​ពិសេស ​ជាមួយ​អឺរ៉ុប។

នៅថ្ងៃ​ទី​២៣​មិថុនា​ ខាងមុខ​នេះ ​ប្រជាជន​អង់គ្លេស ​នឹង​ត្រូវ​បោះឆ្នោត​ធ្វើ​ប្រជាមតិ។ យ៉ាងណាមិញ​ យោង​តាម​ការ​ស្ទាបស្ទង់​មតិ​ របស់​វិទ្យាស្ថាន ​Ipsos-Mori​ បាន​បង្ហាញ​ជា​លើក​ទីមួយ​អំពី​ជ័យជំនះ​របស់​សម្លេង​គាំទ្រ​ឲ្យ​អង់គ្លេស​ដើរចេញ ​ពោល​គឺ​៥៣% ​យល់ព្រម​ ទល់នឹង​៤៧%​មិន​យល់ព្រម។

គួរបញ្ជាក់​ផងដែរ​ថា The City ​គឺ​ទីផ្សារ​ហិរញ្ញវត្ថុ​ដ៏​ធំបំផុត​ ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស​ គឺជា​ចំណុច​ស្នូល​ នៃ​ការ​ព្រួយបារម្ភ​ ក្នុង​ករណី​ដែល​អង់គ្លេស​លែងនៅ​ក្នុង​អឺរ៉ុបទៀត​។ គេ​បារម្ភថា​ ស្ថាប័ន​ហិរញ្ញវត្ថុ​ រឺ​ធនាគា​នានា​ នឹង​ដកខ្លួន​ចេញពី​ទីផ្សារ​នេះ ​ព្រោះ​ដោយសារ​ពួក​គេ​បាត់បង់​អត្ថប្រយោជន៍​ពី​ការ​រកស៊ី ​ជាមួយ​សហភាព​អឺរ៉ុប​អស់​ទៅ​ហើយ។

ដោយឡែក ​លោក ​ប្រធាន​គណកម្មការ​អឺរ៉ុប​ បាន​ថ្លែង​ថា ​ទោះ​អង់គ្លេស​ដើរ​ចេញ​ពី​សហភាព​អឺរ៉ុប​ ​ក៏​អឺរ៉ុប​មិន​រលំ​ដែរ។ អឺរ៉ុប​នៅ​តែ​ដើរ​ទៅមុខ​ តែ​អឺរ៉ុប​ ត្រូវ​សម្លឹង​បកក្រោយ ​នឹង​រៀបចំ​កែតម្រូវ​ កុំ​ឲ្យ​មាន​ករណី​បែបនេះ​ផ្សេង​ទៀត។ យោងតាម​ព័ត៌មាន​បឋម ​ស្ថាប័ន​កំពូល​ទាំងបី​របស់​សហភាព​អឺរ៉ុប​ មាន​គម្រោង​ជួប​ប្រជុំគ្នា ​នៅ​ថ្ងៃ​ទី​២៤​មិថុនា ​ ក្រោយថ្ងៃ​បោះឆ្នោត​មួយថ្ងៃ ​ដើម្បី​ចាត់ចែង​នីតិវិធី ​ដោយយោង​ទៅ​លើ​លទ្ធផល​ប្រជាមតិ ​របស់​ប្រជាជន​អង់គ្លេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ