BREXIT៖ លោកស្រីតេរ៉េហ្សា ម៉េ ព្យាយាមពន្លឿនកិច្ចចរចា ក្នុងឱកាសជំនួបកំពូលអឺរ៉ុប
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៥៨
ការចរចារវាងអង់គ្លេស និងសហភាពអឺរ៉ុប ស្តីពីការផ្តាច់ខ្លួនលែងជាសមាជិក ហាក់បានជាប់គាំងមិនទៅមុខអស់រយៈពេលជាច្រើនខែមកហើយ។ ភាគីសហភាពអឺរ៉ុប ទាមទារចង់បានកិច្ចព្រមព្រៀងផ្តាច់ខ្លួន ជាមុនសិន មុននឹងគិតគូរ ទៅដល់ការចរចា ស្តីពីទំនាក់ទំនងរវាងអង់គ្លេស និងសហភាពអឺរ៉ុប ទៅថ្ងៃអនាគត។ នៅថ្ងៃព្រហស្បតិ៍ទី ១៩ តុលានេះ សហភាពអឺរ៉ុប នឹងបើកជំនួបកំពូលរបស់ខ្លួន នៅទីក្រុងព្រុចសែល។ ថ្នាក់ដឹកនាំសហភាពអឺរ៉ុប រួមទាំងប្រទេសសមាជិកទាំង២៨ នឹងត្រូវជជែកគ្នាលើបញ្ហាជាច្រើន ក៏ប៉ុន្តែគេជឿថា សំណុំរឿង BREXIT ប្រាកដជាបញ្ហាស្នូល ដែលនឹងត្រូវជជែក ក្នុងឱកាសនេះ។
សហភាពអឺរ៉ុប មានបញ្ហាច្រើនណាស់ ដែលត្រូវពិភាក្សាគ្នា ក្នុងពេលនេះ មានដូចជា នយោបាយទទួលបន្ទុកជនភៀសខ្លួន វិបត្តិតំបន់កាតាឡូញ៉ានៅអេស្ប៉ាញ បញ្ហាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងបញ្ហាកូរ៉េខាងជើង ជាដើម។ ប៉ុន្តែសំណុំរឿង ដ៏បន្ទាន់ និងសំខាន់បំផុតនោះ គឺសំណុំរឿង Brexit ដែលនៅជាប់គាំងមិនទៅមុខ។
ប្រជាជនអង់គ្លេសដែលស្តាយក្រោយ មានកាន់តែច្រើន
បើតាមការគ្រោងទុក លោកស្រី តេរ៉េហ្សា ម៉េ នាយករដ្ឋមន្ត្រីអង់គ្លេស និងព្យាយាមយកឱកាសនេះ ទៅបញ្ចុះបញ្ចូលថ្នាក់ដឹកនាំអឺរ៉ុប ព្រមទាំងប្រមុខរដ្ឋាភិបាល នៃប្រទេសសមាជិក ទាំង២៧ផ្សេងទៀត ឲ្យចាប់ផ្តើមពិចារណា ស្តីពីទំនាក់ទំនងរវាងអង់គ្លេស និងសហភាពអឺរ៉ុប ទៅថ្ងៃអនាគត។ ក្នុងន័យនេះ គឺលោកស្រី នាយករដ្ឋមន្ត្រីអង់គ្លេស ចង់ពន្លឿនការចរចា សំណុំរឿង Brexit នេះឲ្យបានទៅមុខ ព្រោះថា បញ្ហានេះ កំពុងធ្វើឲ្យរដ្ឋាភិបាលលោកស្រី ត្រូវប្រជាជនអង់គ្លេសទូទៅ រិះគន់ ថាធ្វើការយឺតយ៉ាវ។
ការចរចានៅជាប់គាំង អង់គ្លេស ស្ថិតនៅក្នុងភាពស្ទាក់ស្ទើរ ចេញដូចមិនចេញបែបនេះ ធ្វើឲ្យប្រជាជនអង់គ្លេសមួយចំនួនស្តាយក្រោយថា គេមិនគួរណាបោះឆ្នោតគាំទ្រ Brexit សោះ។ ការសន្យាអះអាងរបស់អ្នកនយោបាយ ដែលថា ចេញពីសហភាពអឺរ៉ុបទៅ អង់គ្លេសនឹងប្រសើរឡើង ពេលនេះ គឺវាជាការកុហក ព្រោះថា វាមិនមែនស្រួលដូចដែលគេធ្លាប់និយាយទេ។ បើតាមការស្ទាបស្ទង់មតិ ប្រជាជនអង់គ្លេសដែលគិតថារដ្ឋាភិបាលលោកស្រីតេរ៉េហ្សា ម៉េ ដឹកនាំការចរចាBrexit មិនបានល្អនោះ កាលពីខែមេសា មានតែ៣៥%ទេ តែពេលនេះឡើងដល់ ៦៤%។ ចំណែកប្រជាជន ដែលគិតថាអង់គ្លេស មិនគួរណា ចាកចេញពីសហភាពអឺរ៉ុប ពីមុនមាន ៤៨% តែពេលនេះឡើងដល់ ៥៣%។
ដូច្នេះហើយ បានជាលោកស្រី តេរ៉េហ្សា ម៉េ ខិតខំ យកឱកាស ជំនួបកំពូលសហភាពអឺរ៉ុបនេះ ដើម្បីធ្វើសន្ទរកថា ស្តីពីកិច្ចចរចា Brexit នេះ។ បន្ទាប់មកទៀត នៅពេលយប់ នឹងមានពិធីជួបជុំបាយល្ងាច ដែលពេលនោះ គេក៏ជឿថា លោកស្រី តេរ៉េហ្សា ម៉េ នឹងព្យាយាមបញ្ចុះបញ្ចូល ថ្នាក់ដឹកនាំអឺរ៉ុបសំខាន់ៗ ម្នាក់មួយៗ។
ម្ខាងទាមទារឲ្យសម្រេចនីតិវិធីផ្តាច់ខ្លួនសិន ម្ខាងទៀតទាមទារឲ្យចរចារឿងទំនាក់ទំនងទៅថ្ងៃអនាគត
ការចរចា មិនទៅមុខ ដោយសារ តែភាគីទាំងពីរ មានកាលវិភាគចរចា ខុសគ្នា។ ខាងសហភាពអឺរ៉ុប មានគោលជំហរដាច់ខាតថា អង់គ្លេស និង សហភាពអឺរ៉ុប ត្រូវតែចរចាគ្នាឲ្យបានកិច្ចព្រមព្រៀងផ្តាច់ខ្លួន មួយសិន មុននឹងគិតគូរពីអ្វីផ្សេងទៀត ទៅថ្ងៃអនាគត។ ប៉ុន្តែចំណែក អង់គ្លេស វិញ បានចចេស ចង់ឲ្យសហភាពអឺរ៉ុប ពិចារណា ធ្វើកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងរវាងអឺរ៉ុប និងអង់គ្លេស ទៅថ្ងៃអនាគត ក្រោយអង់គ្លេសចាកចេញ ជាស្ថាពរ។
នៅក្នុងគោលជំហរចង់បានរបស់សហភាពអឺរ៉ុប ស្តីពីកិច្ចព្រមព្រៀងផ្តាច់ខ្លួននេះ គឺមានបីសំណុំរឿង បន្ទាន់បំផុត ដែលនៅជាប់គាំង ហើយដែលសហភាពអឺរ៉ុប ចោទអង់គ្លេសថា មិនព្រមកំរើកទាល់តែសោះ។ ទីមួយ គឺរឿងលុយ។ យើងត្រូវដឹងថា ការផ្តាច់ខ្លួន របស់អង់គ្លេស ចេញពីសហភាពអឺរ៉ុប គឺជារឿងស្មុគស្មាញណាស់ ព្រោះវាប៉ះពាល់ ដល់គ្រប់វិស័យ មិនថា សេដ្ឋកិច្ច ពាណិជ្ជកម្ម ទីផ្សារហិរញ្ញវត្ថុ សង្គមកិច្ច អន្តោប្រវេសន៍ ជាដើម។ ការប៉ះពាល់ទាំងនេះ គឺត្រូវការការចំណាយប្រាក់។
បើតាមការប៉ាន់ស្មាន ទឹកប្រាក់ចំណាយ ក្នុងការផ្តាច់ខ្លួននេះ គឺប្រមាណពី ៥០ ទៅ ៦០ ពាន់លានអឺរ៉ូ។ រដ្ឋាភិបាលអង់គ្លេស សន្យាថាផ្តល់ឲ្យចំនួន២០ពាន់លានអឺរ៉ូ។ ក៏ប៉ុន្តែចំនួន នេះ ត្រូវបានថា្នក់ដឹកនាំអឺរ៉ុប ចាត់ទុកថាទាបណាស់។ គោលការណ៍របស់សហភាពអឺរ៉ុប គឺអង់គ្លេស ជាអ្នកដើរចេញ ដូច្នេះ អង់គ្លេស ត្រូវចេញថ្លៃចំណាយ បើមិនបានទាំងអស់ ក៏ត្រូវតែភាគច្រើនដែរ។
សំណុំទីពីរ ដែលមិនទៅមុខ គឺ បញ្ហា ប្រទេសអៀរឡង់ និងដែនដីអៀរឡង់ខាងជើង ដែលស្ថិតក្រោមចំណុះរបស់អង់គ្លេស។ កាលពីអង់គ្លេសនៅជាសមាជិកសហភាពអឺរ៉ុប អៀរឡង់ និង អៀរឡង់ខាងជើង អាចចេញចូលទៅវិញទៅមក ដោយសេរី។ ក៏ប៉ុន្តែនៅពេលអង់គ្លេសចេញពីសហភាពអឺរ៉ុប នោះមានន័យថា នឹងត្រូវមានព្រំដែន។ ត្រង់ចំណុចនេះហើយ ដែលធ្វើឲ្យប៉ះពាល់ ព្រោះវានឹងរាំងស្ទះ ដល់ការដោះដូរពាណិជ្ជកម្ម ព្រមទាំងចរាចរណ៍ របស់បុគ្គលិគ បំរើការងារ រវាងប្រទេសអៀរឡង់ និងដែនដីអៀរឡង់ខាងជើង។ មកទល់ពេលនេះ អង់គ្លេស មិនទាន់ស្នើដំណោះស្រាយណាមួយឲ្យ បានជាក់លាក់ទេ។
ចំណែកសំណុំរឿងទី៣ ដែលជាប់គាំងនោះ គឺបញ្ហាលក្ខន្តិកៈ និងសិទ្ធិរបស់ប្រជាជនអន្តោប្រវេសន៍អឺរ៉ុប ដែលរស់នៅ និងធ្វើការនៅលើដីអង់គ្លេស មានប្រមាណជា៣លាននាក់។ ពួកគេ កំពុងស្ថិតនៅក្នុងកាលៈទេសៈមិនច្បាស់លាស់ បន្ទាប់ពីអង់គ្លេស លែងក្លាយជាសមាជិកសហភាពអឺរ៉ុប។ បញ្ហាសិទ្ធិស្នាក់នៅ និងធ្វើការ របស់ប្រជាជនអន្តោប្រវេសន៍អឺរ៉ុប ទាំង៣លាននាក់នេះ ក៏អង់គ្លេស មិនទាន់ផ្តល់ដំណោះស្រាយ ឲ្យសហភាពអឺរ៉ុបទុកចិត្តបានដែរ។
ដូច្នេះបើសំណុំរឿងបន្ទាន់ទាំងបីនេះ នៅជាប់គាំង គឺមានន័យថា នឹងគ្មានកិច្ចព្រមព្រៀងផ្តាច់ខ្លួន ហើយបើគ្មានកិច្ចព្រមព្រៀងផ្តាច់ខ្លួន នោះក៏គ្មានកិច្ចព្រមព្រៀង ស្តីពីទំនាក់ទំនងទៅថ្ងៃអនាគត រវាងអង់គ្លេស និងសហភាពអឺរ៉ុបដែរ។
តេរ៉េហ្សា ម៉េ ប្រកាសថា កិច្ចព្រមព្រៀង ស្តីពីសិទ្ធិជនអន្តោប្រវេសន៍អឺរ៉ុប កំពុងជិតបានសម្រេចជាស្ថាពរ
ទាក់ទិននឹងបញ្ហាសិទ្ធិស្នាក់នៅ និងធ្វើការ របស់ប្រជាជនអន្តោប្រវេសន៍អឺរ៉ុបនេះ លោកស្រី តេរ៉េហ្សា ម៉េ បានសរសេរអះអាងលើទំព័រ Facebook របស់លោកស្រីថា កិច្ចព្រមព្រៀងស្តីពីបញ្ហានេះ កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ ហើយនឹងត្រូវសម្រេចបាន ក្នុងពេលដ៏ខ្លី។ នេះ អាចចាត់ទុកថា ជាសញ្ញាវិជ្ជមាន ដែលលោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស ចង់បង្ហាញ មុនពេលបើកជំនួបកំពូលអឺរ៉ុប។
លោកស្រី នាយករដ្ឋមន្ត្រីអង់គ្លេស កំពុងតែប្រើយុទ្ធសាស្ត្រ ចង់យកចិត្តសហភាពអឺរ៉ុប។ តាមរយៈការប្រកាសនេះ លោកស្រី តេរ៉េហ្សា ម៉េ ចង់ប្រាប់ថា ការចរចាលើសំណុំរឿងបន្ទាន់ ដែលសហភាពអឺរ៉ុបចង់បាននោះ មិនបាននៅជាប់គាំងទេ គឺទៅមុខល្អ ជាក់ស្តែងគឺសំណុំរឿងសិទ្ធិស្នាក់នៅ និងធ្វើការ របស់ជនអន្តោប្រវេសន៍អឺរ៉ុបនេះតែម្តង។ តាមរយៈការប្រកាស លោកស្រី តេរ៉េហ្សា ម៉េ បានទទួលស្គាល់ថា អង់គ្លេសនឹងធានាការពារសិទ្ធិធ្វើការ សិទ្ធិស្នាក់នៅ និងជួបជុំគ្រួសាររបស់ពួកគេ។ ដូចគ្នាដែរ សហភាពអឺរ៉ុបក៏ត្រូវការពារ សិទ្ធិរបស់ជនអន្តោប្រវេសន៍អង់គ្លេស ដែរ។
នរណារឹង នរណាទន់?
លោក David Davis ប្រធានក្រុមការងារចរចាBrexit របស់អង់គ្លេស បាននិយាយបន្ទោសទៅអឺរ៉ុបថា មានគោលជំហររឹងរូសពេក ទើបបានជាការចរចានៅជាប់គាំង។ ជាការឆ្លើយតប លោក Michel Barnier តំណាងសហភាពអឺរ៉ុប ក្នុងការចរចានេះ បាននិយាយកាលពីថ្ងៃពុធថា អឺរ៉ុប ត្រៀមខ្លួនចរចាជានិច្ច តែសុំឲ្យអង់គ្លេស គោរពការចរចា ទៅតាមដំនាក់កាលច្បាស់លាល់ មិនមែន ដំណាក់កាលទីមួយមិនទាន់រួចរាល់ផង បែរជាចង់ចរចា ដំណាក់កាលទី២ ទៅវិញ។ ត្រង់ចំណុចនេះ លោកចង់សំដៅដល់ ការទាមទាររបស់អង់គ្លេស ដែលចង់ចរចារឿង ទំនាក់ទំនងទៅថ្ងៃអនាគត ក្រោយផ្តាច់ខ្លួនជាស្ថាពរ ទាំងដែល កិច្ចព្រមព្រៀងផ្តាច់ខ្លួននេះ នៅមិនទាន់រកឃើញនៅឡើយ។
យ៉ាងណាមិញ លោក Donald Tusk ប្រធានក្រុមប្រឹក្សាអឺរ៉ុប ធ្លាប់បានបង្ហាញ ជំហរច្បាស់លាស់ហើយថា អង់គ្លេស ត្រូវតែផ្តល់ដំណោះស្រាយសមរម្យ លើសំណុំរឿងបន្ទាន់ទាំង៣ខាងលើ ជាមុនសិន មុននឹងចរចាគ្នា ស្វែងរកកិច្ចព្រមព្រៀងផ្សេងទៀត។ តែយ៉ាងណា លោក Donald Tusk បានបញ្ជាក់ថា នៅថ្ងៃសុក្រទី ២០តុលា ប្រទេសសមាជិកទាំង២៧ នឹងប្រជុំគ្នាដាច់ដោយឡែក ដោយគ្មានអង់គ្លេសចូលរួម ដើម្បីចាប់ផ្តើមពិចារណា ស្តីពីទំនាក់ទំនងរវាងអឺរ៉ុប និង អង់គ្លេសទៅថ្ងៃអនាគត។ នេះ យើងអាចចាត់ទុកថា ជាការបោះដៃ បន្ទន់ជង្គង់ខ្លះ ពីសំណាក់អឺរ៉ុប ទៅកាន់លោកស្រី តេរ៉េហ្សា ម៉េ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ