អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

BREXIT៖ ​លោកស្រី​តេរ៉េហ្សា ម៉េ ​ព្យាយាម​ពន្លឿន​កិច្ច​ចរចា ​ក្នុង​ឱកាស​ជំនួប​កំពូល​អឺរ៉ុប

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​ចរចា​រវាង​អង់គ្លេស ​និង​សហភាព​អឺរ៉ុប ​ស្តីពី​ការ​ផ្តាច់ខ្លួន​លែង​ជា​សមាជិក​ ហាក់​បាន​ជាប់​គាំង​មិន​ទៅមុខ​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ។ ភាគី​សហភាព​អឺរ៉ុប ​ទាមទារ​ចង់​បាន​កិច្ច​ព្រមព្រៀង​ផ្តាច់ខ្លួន​ ជា​មុន​សិន ​ មុន​នឹង​គិតគូរ​ ទៅ​ដល់​ការ​ចរចា​ ស្តីពី​ទំនាក់​ទំនង​រវាង​អង់គ្លេស ​និង​សហភាព​អឺរ៉ុប ​ទៅ​ថ្ងៃ​អនាគត។ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​ ១៩​ តុលា​នេះ ​សហភាព​អឺរ៉ុប​ នឹង​បើក​ជំនួប​កំពូល​របស់​ខ្លួន​ នៅ​ទីក្រុង​ព្រុចសែល។​ ថ្នាក់​ដឹកនាំ​សហភាព​អឺរ៉ុប ​រួមទាំង​ប្រទេស​សមាជិក​ទាំង​២៨ ​នឹង​ត្រូវ​ជជែក​គ្នា​លើ​បញ្ហា​ជាច្រើន​ ក៏​ប៉ុន្តែ​គេ​ជឿថា​ សំណុំ​រឿង ​BREXIT​ ប្រាកដ​ជា​បញ្ហា​ស្នូល ​ដែល​នឹង​ត្រូវ​ជជែក ​ក្នុង​ឱកាស​នេះ។

ទង់សហភាព​អឺរ៉ុប និងទង់​ជាតិ​​អង់គ្លេស
ទង់សហភាព​អឺរ៉ុប និងទង់​ជាតិ​​អង់គ្លេស REUTERS/Francois Lenoir
ផ្សាយពាណិជ្ជកម្ម

សហភាព​អឺរ៉ុប ​មាន​បញ្ហា​ច្រើន​ណាស់ ​ដែល​ត្រូវ​ពិភាក្សា​គ្នា ​ក្នុង​ពេល​នេះ ​មាន​ដូច​ជា ​នយោបាយ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​  វិបត្តិ​តំបន់​កាតាឡូញ៉ា​នៅ​អេស្ប៉ាញ  ​បញ្ហា​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ​និង​បញ្ហា​កូរ៉េ​ខាង​ជើង​ ជាដើម។ ប៉ុន្តែ​សំណុំ​រឿង​ ដ៏​បន្ទាន់ ​និង​សំខាន់​បំផុ​តនោះ​ ​គឺ​សំណុំ​រឿង​ Brexit​ ដែល​នៅ​ជាប់​គាំង​មិន​ទៅ​មុខ។

ប្រជាជន​អង់គ្លេស​ដែល​​ស្តាយ​ក្រោយ ​មាន​កាន់តែច្រើន

បើ​តាម​ការ​គ្រោងទុក  ​លោកស្រី ​តេរ៉េហ្សា ​ម៉េ ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស  ​និង​ព្យាយាម​យក​ឱកាស​នេះ​ ទៅ​បញ្ចុះបញ្ចូល​ថ្នាក់​ដឹក​នាំ​អឺរ៉ុប ​ ព្រមទាំង​ប្រមុខ​រដ្ឋាភិបាល ​នៃ​ប្រទេស​សមាជិក ​ទាំង​២៧​ផ្សេង​ទៀត​ ​ឲ្យចាប់​ផ្តើម​ពិចារណា  ​ស្តីពី​ទំនាក់ទំនង​រវាង​អង់គ្លេស​ និង​សហភាព​អឺរ៉ុប ​ទៅ​ថ្ងៃ​អនាគត។ ក្នុង​ន័យ​នេះ ​គឺ​លោកស្រី ​នាយករដ្ឋមន្ត្រី​អង់គ្លេស ​ចង់​ពន្លឿន​ការ​ចរចា​ សំណុំ​រឿង​ Brexit​ នេះ​ឲ្យ​បាន​ទៅ​មុខ​ ព្រោះថា​ បញ្ហា​នេះ​ កំពុង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​លោកស្រី ​ត្រូវ​ប្រជាជន​អង់គ្លេស​ទូទៅ ​រិះគន់ ​ថា​ធ្វើការ​យឺតយ៉ាវ។

ការ​ចរចា​នៅ​ជាប់​គាំង ​អង់គ្លេស ​ស្ថិត​នៅ​ក្នុង​ភាព​ស្ទាក់ស្ទើរ ​ចេញ​ដូច​មិន​ចេញ​បែប​នេះ ​ធ្វើឲ្យ​ប្រជាជន​អង់គ្លេស​មួយ​ចំនួន​ស្តាយ​ក្រោយ​ថា ​គេ​មិន​គួរ​ណា​បោះឆ្នោត​គាំទ្រ ​Brexit ​សោះ។ ការ​សន្យា​អះអាង​របស់​អ្នក​នយោបាយ​ ដែល​ថា ​ចេញ​ពី​សហភាព​អឺរ៉ុប​ទៅ ​អង់គ្លេស​នឹង​ប្រសើរ​ឡើង ​ពេលនេះ ​គឺ​វា​ជា​ការ​កុហក ​ព្រោះថា​ វា​មិនមែន​ស្រួល​ដូច​ដែល​គេ​ធ្លាប់​និយាយ​ទេ។ បើ​តាម​ការ​ស្ទាបស្ទង់​មតិ ​ប្រជាជន​អង់គ្លេស​ដែល​គិត​ថា​រដ្ឋាភិបាល​លោកស្រី​តេរ៉េហ្សា ​ម៉េ ​ដឹកនាំ​ការ​ចរចា​Brexit ​មិន​បាន​ល្អ​នោះ ​កាល​ពី​ខែ​មេសា ​មាន​តែ​៣៥%​ទេ ​តែពេល​នេះ​ឡើង​ដល់​ ៦៤%។ ចំណែក​ប្រជាជន ​ដែល​គិត​ថា​អង់គ្លេស ​មិន​គួរ​ណា ​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ ពី​មុន​មាន​ ៤៨% ​តែ​ពេល​នេះ​ឡើង​ដល់ ​៥៣%

ដូច្នេះ​ហើយ ​បាន​ជា​លោកស្រី ​តេរ៉េហ្សា ម៉េ ​ខិតខំ​ យក​ឱកាស ​ជំនួប​កំពូល​សហភាព​អឺរ៉ុប​នេះ ​​ដើម្បី​ធ្វើ​សន្ទរកថា​ ស្តីពី​កិច្ច​ចរចាBrexit នេះ​។ បន្ទាប់មក​ទៀត​ នៅ​ពេល​យប់​ នឹង​មាន​ពិធី​ជួបជុំ​បាយ​ល្ងាច ​ដែល​ពេល​នោះ ​គេ​ក៏​​ជឿថា​ លោកស្រី ​តេរ៉េហ្សា ម៉េ ​នឹង​ព្យាយាម​បញ្ចុះបញ្ចូល​ ថ្នាក់​ដឹក​នាំ​អឺរ៉ុប​សំខាន់ៗ ​ម្នាក់​មួយៗ។

ម្ខាង​ទាមទារ​ឲ្យ​សម្រេច​នីតិវិធី​ផ្តាច់ខ្លួន​សិន​ ម្ខាងទៀត​ទាមទារ​ឲ្យ​ចរចា​រឿង​ទំនាក់ទំនង​ទៅ​ថ្ងៃ​អនាគត

ការ​ចរចា​ មិន​ទៅមុខ ​ដោយសារ ​តែ​ភាគី​ទាំង​ពីរ​ មាន​កាលវិភាគ​ចរចា​ ខុសគ្នា។ ខាង​សហភាព​អឺរ៉ុប​ មាន​គោល​ជំហរ​ដាច់ខាត​ថា ​អង់គ្លេស ​និង​ សហភាព​អឺរ៉ុប​ ត្រូវតែ​ចរចា​គ្នា​ឲ្យបាន​កិច្ច​ព្រមព្រៀង​ផ្តាច់ខ្លួន​ មួយ​សិន ​មុននឹង​គិត​គូរពី​​អ្វី​ផ្សេង​ទៀត​ ទៅ​ថ្ងៃ​អនាគត។ ប៉ុន្តែ​ចំណែក ​អង់គ្លេស​ វិញ​ បាន​ចចេស ​ចង់​ឲ្យ​សហភាព​អឺរ៉ុប ​ពិចារណា ​ធ្វើ​កិច្ច​ព្រមព្រៀង​ស្តីពី​ទំនាក់ទំនង​រវាង​អឺរ៉ុប ​និង​អង់គ្លេស ​ទៅ​ថ្ងៃ​អនាគត​ ក្រោយ​អង់គ្លេស​ចាកចេញ​ ជា​ស្ថាពរ។

នៅក្នុង​គោលជំហរ​ចង់បាន​របស់​សហភាព​អឺរ៉ុប ​ស្តីពី​កិច្ច​ព្រមព្រៀង​ផ្តាច់​ខ្លួន​នេះ​ គឺ​មាន​បី​សំណុំរឿង​ បន្ទាន់​បំផុត ​ដែល​នៅ​ជាប់​គាំង ​ហើយ​ដែល​សហភាព​អឺរ៉ុប ​ចោទ​អង់គ្លេស​ថា​ មិន​ព្រម​កំរើក​ទាល់​តែសោះ។ ទីមួយ ​គឺ​រឿង​លុយ។ យើងត្រូវ​ដឹង​ថា ​ការ​ផ្តាច់ខ្លួន​ របស់​អង់គ្លេស ​ចេញ​ពី​សហភាព​អឺរ៉ុប ​គឺ​ជារឿង​ស្មុគស្មាញ​ណាស់ ​ព្រោះ​វា​ប៉ះពាល់ ​ដល់​គ្រប់​វិស័យ ​មិន​ថា ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម ​ទីផ្សារ​ហិរញ្ញវត្ថុ ​សង្គមកិច្ច ​អន្តោប្រវេសន៍ ​ជាដើម។ ការ​ប៉ះពាល់​ទាំង​នេះ ​គឺ​ត្រូវ​ការ​ការ​ចំណាយ​ប្រាក់។

បើតាម​ការ​ប៉ាន់ស្មាន ​ទឹក​ប្រាក់​ចំណាយ ​ក្នុង​ការ​ផ្តាច់ខ្លួន​នេះ ​គឺ​ប្រមាណ​ពី​ ៥០​ ទៅ​ ៦០​ ពាន់​លាន​អឺរ៉ូ។​ រដ្ឋាភិបាល​អង់គ្លេស ​សន្យា​ថា​ផ្តល់​ឲ្យ​ចំនួន​២០​ពាន់​លាន​អឺរ៉ូ។ ក៏​ប៉ុន្តែ​ចំនួន​ នេះ​ ត្រូវ​បាន​ថា្នក់ដឹកនាំ​អឺរ៉ុប​ ចាត់ទុក​ថា​ទាប​ណាស់។ គោលការណ៍​របស់​សហភាព​អឺរ៉ុប​ ​គឺ​អង់គ្លេស ​ជា​អ្នក​ដើរ​ចេញ​ ដូច្នេះ​ អង់គ្លេស​ ត្រូវ​ចេញ​ថ្លៃ​ចំណាយ​ បើ​មិន​បាន​ទាំង​អស់​ ក៏​ត្រូវ​តែ​ភាគ​ច្រើន​ដែរ។

សំណុំ​ទីពីរ​ ដែល​មិន​ទៅ​មុខ​ គឺ​ ​បញ្ហា​ ប្រទេស​អៀរឡង់ ​និង​ដែនដី​អៀរឡង់​ខាង​ជើង ​ដែល​ស្ថិត​ក្រោម​ចំណុះ​របស់​អង់គ្លេស។ កាល​ពី​អង់គ្លេស​នៅ​ជា​សមាជិក​សហភាព​អឺរ៉ុប ​អៀរឡង់ ​និង​ អៀរឡង់​ខាង​ជើង​ អាច​ចេញ​ចូល​ទៅ​វិញ​ទៅ​មក​ ដោយ​សេរី។ ក៏​ប៉ុន្តែ​នៅ​ពេល​អង់គ្លេស​ចេញ​ពី​សហភាព​អឺរ៉ុប ​នោះ​មាន​ន័យ​ថា​ នឹង​ត្រូវ​មាន​ព្រំដែន។ ត្រង់​ចំណុច​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់ ​ព្រោះវា​នឹង​រាំង​ស្ទះ​ ដល់​ការ​ដោះដូរ​ពាណិជ្ជកម្ម​ ព្រមទាំង​ចរាចរណ៍ ​របស់​បុគ្គលិគ ​បំរើ​ការងារ ​រវាង​ប្រទេស​អៀរឡង់ ​ និង​ដែនដី​អៀរឡង់​ខាង​ជើង។ មក​ទល់​ពេល​នេះ​ អង់គ្លេស ​មិនទា​ន់ស្នើ​ដំណោះ​ស្រាយ​ណា​មួយ​ឲ្យ ​បាន​ជាក់​លាក់​ទេ។

ចំណែក​សំណុំ​រឿង​ទី៣ ​ដែល​ជាប់​គាំង​នោះ​ គឺ​បញ្ហា​លក្ខន្តិកៈ ​និង​សិទ្ធិ​របស់​ប្រជាជន​អន្តោប្រវេសន៍​អឺរ៉ុប​ ដែល​រស់នៅ ​និង​ធ្វើការ​នៅ​លើ​ដី​អង់គ្លេស ​មាន​ប្រមាណ​ជា​៣លាន​នាក់។ ពួកគេ ​កំពុង​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​មិន​ច្បាស់​លាស់ ​បន្ទាប់​ពី​អង់គ្លេស ​លែង​ក្លាយ​ជា​សមាជិក​សហភាព​អឺរ៉ុប។ បញ្ហាសិទ្ធិ​ស្នាក់​នៅ​ និង​ធ្វើការ ​របស់​ប្រជាជន​អន្តោប្រវេសន៍​អឺរ៉ុប​ ទាំង​៣​លាន​នាក់​នេះ ​ក៏​អង់គ្លេស ​មិន​ទាន់​ផ្តល់​ដំណោះស្រាយ ​ឲ្យ​សហភាព​អឺរ៉ុប​ទុកចិត្ត​បាន​ដែរ។

ដូច្នេះ​បើ​សំណុំរឿង​បន្ទាន់​ទាំង​បី​នេះ ​នៅជាប់​គាំង ​គឺ​មាន​ន័យ​ថា ​នឹង​គ្មាន​កិច្ច​ព្រមព្រៀង​ផ្តាច់ខ្លួន​  ហើយ​បើ​គ្មាន​កិច្ច​ព្រមព្រៀង​ផ្តាច់​ខ្លួន​ នោះ​ក៏​គ្មាន​កិច្ច​ព្រមព្រៀង ​ស្តីពី​ទំនាក់​ទំនង​ទៅ​ថ្ងៃ​អនាគត ​រវាង​អង់គ្លេស​ និង​សហភាព​អឺរ៉ុប​ដែរ។

តេរ៉េហ្សា ម៉េ ​ប្រកាស​ថា​ កិច្ចព្រមព្រៀង ​ស្តីពី​សិទ្ធិ​ជន​អន្តោប្រវេសន៍​អឺរ៉ុប ​កំពុង​ជិត​បាន​សម្រេច​ជា​ស្ថាពរ

ទាក់ទិន​នឹង​បញ្ហា​សិទ្ធិ​ស្នាក់នៅ ​និង​ធ្វើការ ​របស់​ប្រជាជន​អន្តោប្រវេសន៍​អឺរ៉ុប​នេះ ​ លោកស្រី តេរ៉េហ្សា ម៉េ ​បាន​សរសេរ​អះអាង​លើ​ទំព័រ​ Facebook ​របស់​លោក​ស្រីថា​​ កិច្ច​ព្រមព្រៀង​ស្តីពី​បញ្ហា​នេះ ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ចុងក្រោយ​ ហើយ​នឹង​ត្រូវ​សម្រេច​បាន​ ក្នុង​ពេល​ដ៏​ខ្លី។ ​នេះ​ ​អាច​ចាត់ទុក​ថា​ ជា​​សញ្ញា​វិជ្ជមាន ​ ដែល​លោកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស ​ចង់​បង្ហាញ ​មុន​ពេល​បើក​ជំនួប​កំពូល​អឺរ៉ុប។

លោកស្រី ​នាយករដ្ឋមន្ត្រី​អង់គ្លេស ​កំពុង​តែ​ប្រើ​យុទ្ធសាស្ត្រ ​ចង់​យក​ចិត្ត​សហភាព​អឺរ៉ុប។ តាម​រយៈ​ការ​ប្រកាស​នេះ ​លោកស្រី ​តេរ៉េហ្សា ម៉េ​ ចង់​ប្រាប់​ថា ​ការ​ចរចា​លើ​សំណុំរឿង​បន្ទាន់ ​ដែល​សហភាព​អឺរ៉ុប​ចង់បាន​នោះ ​មិន​បាន​នៅ​ជាប់​គាំង​ទេ​ គឺ​ទៅ​មុខ​ល្អ ​ជាក់ស្តែង​គឺ​សំណុំរឿង​សិទ្ធិ​ស្នាក់​នៅ​ និង​ធ្វើការ ​របស់​ជនអន្តោប្រវេសន៍​អឺរ៉ុប​នេះ​តែម្តង។ តាម​រយៈ​ការ​ប្រកាស ​លោកស្រី ​តេរ៉េហ្សា ម៉េ ​បាន​ទទួល​ស្គាល់ថា​​ អង់គ្លេស​នឹង​ធានា​ការពារ​សិទ្ធិ​ធ្វើការ ​សិទ្ធិ​ស្នាក់នៅ ​និង​ជួបជុំ​គ្រួសារ​របស់​ពួក​គេ។ ដូចគ្នា​ដែរ​ សហភាព​អឺរ៉ុប​ក៏​ត្រូវ​ការពារ​ សិទ្ធិ​របស់​ជន​អន្តោប្រវេសន៍​អង់គ្លេស ​ដែរ។

នរណា​រឹង ​នរណា​ទន់?

លោក ​David Davis​ ប្រធាន​ក្រុម​ការងារ​ចរចា​Brexit​ របស់​អង់គ្លេស ​បាន​និយាយ​បន្ទោស​ទៅ​អឺរ៉ុប​ថា ​មាន​គោល​ជំហរ​រឹងរូស​ពេក ​ទើប​បាន​ជា​ការ​ចរចា​នៅ​ជាប់​គាំង។ ជា​ការ​ឆ្លើយតប ​លោក​ Michel Barnier ​តំណាង​សហភាព​អឺរ៉ុប​ ក្នុង​ការ​ចរចា​នេះ ​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា ​អឺរ៉ុប​ ត្រៀមខ្លួន​ចរចា​ជា​និច្ច​ តែ​សុំឲ្យ​អង់គ្លេស ​​គោរព​ការ​ចរចា ទៅ​តាម​ដំនាក់កាល​ច្បាស់​លាល់ ​មិនមែន ​ដំណាក់កាល​ទី​មួយ​មិន​ទាន់​រួចរាល់​ផង ​បែរ​ជា​ចង់​ចរចា ​ដំណាក់កាល​ទី២ ​ទៅវិញ។ ត្រង់​ចំណុច​នេះ ​លោក​ចង់​សំដៅ​ដល់ ​ការ​ទាមទារ​របស់​អង់គ្លេស ​ដែល​ចង់​ចរចា​រឿង​ ទំនាក់ទំនង​ទៅ​ថ្ងៃ​អនាគត​ ក្រោយ​ផ្តាច់​ខ្លួន​ជា​ស្ថាពរ ​ទាំង​ដែល​ កិច្ច​ព្រមព្រៀង​ផ្តាច់​ខ្លួន​នេះ ​នៅមិន​ទាន់​រក​ឃើញ​នៅ​ឡើយ។

យ៉ាងណា​មិញ​ លោក​ Donald Tusk​ ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ ធ្លាប់​បាន​បង្ហាញ ​ជំហរ​ច្បាស់លាស់​ហើយ​ថា ​អង់គ្លេស ​ត្រូវតែ​ផ្តល់​ដំណោះស្រាយ​សមរម្យ ​លើ​សំណុំរឿង​បន្ទាន់​ទាំង​៣​ខាង​លើ ​ជា​មុនសិន ​មុន​នឹង​ចរចា​គ្នា ​ស្វែងរក​កិច្ច​ព្រមព្រៀង​ផ្សេង​ទៀត។ តែ​យ៉ាង​ណា ​លោក ​Donald Tusk ​បាន​បញ្ជាក់​ថា ​នៅ​ថ្ងៃ​សុក្រ​ទី ២០​តុលា​​ ប្រទេស​សមាជិក​ទាំង​២៧ ​នឹង​ប្រជុំ​គ្នា​ដាច់​ដោយ​ឡែក ​ដោយ​គ្មាន​អង់គ្លេស​ចូលរួម​ ដើម្បី​ចាប់​ផ្តើម​ពិចារណា ​ស្តីពី​ទំនាក់​ទំនង​រវាង​អឺរ៉ុប ​និង ​អង់គ្លេស​ទៅ​ថ្ងៃ​អនាគត។ នេះ​ យើង​អាច​ចាត់​ទុក​ថា ​ជា​ការ​បោះដៃ​ បន្ទន់​ជង្គង់​ខ្លះ ​ពី​សំណាក់​អឺរ៉ុប ​ទៅកាន់​លោកស្រី ​តេរ៉េហ្សា ម៉េ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ