អានតួអត្ថបទ
ចិន-អឺរ៉ុប

នាយក​រដ្ឋមន្រ្តី​ចិន​ធ្វើ​ទស្សនកិច្ច​នៅ​អឺរ៉ុប ដើម្បី​រក​ដង្ហើម​ដក​ឲ្យ​សេដ្ឋកិច្ច​ក្នុង​ស្រុក

លោក​នាយករដ្ឋមន្រ្តី​ចិន លី ខឺឈាំង ធ្វើ​ទស្សនកិច្ច រយៈពេល ៥​ថ្ងៃ ក្នុង​ទឹកដី អឺរ៉ុប ដោយ​ចាប់ផ្តើម​ដំបូង នៅថ្ងៃ​នេះ ក្នុង​ទីក្រុង​ព្រុចស៊ែល ប្រទេស​បែលហ្ស៊ិក ជាទី​ដែល​លោក​ត្រូវ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ចិន អឺរ៉ុប​លើក​ទី ១៧។ បញ្ហា​សេដ្ឋកិច្ច និង​ការប្រែប្រួល​អាកាសធាតុ ជា​សំណុំរឿង​សំខាន់​ពីរ ដែល​នាយក​រដ្ឋមន្រ្តី​ចិន នឹង​លើក​និយាយ នៅក្នុង​អំឡុង​ទស្សនកិច្ច នៅ​អឺរ៉ុប។ 

លោក​នាយករដ្ឋមន្រ្តី​បារំាង Manuel Valls និង​សមភាគីចិន​លោក Li Keqiang នៅទីក្រុង​ប៉េកាំង កាលពី​ខែ​ឧសភា​កន្លងទៅ( រូបបណ្ណាសា)
លោក​នាយករដ្ឋមន្រ្តី​បារំាង Manuel Valls និង​សមភាគីចិន​លោក Li Keqiang នៅទីក្រុង​ប៉េកាំង កាលពី​ខែ​ឧសភា​កន្លងទៅ( រូបបណ្ណាសា) AFP PHOTO / POOL / FRED DUFOUR
ផ្សាយពាណិជ្ជកម្ម

នៅ អឺរ៉ុប នាយករដ្ឋមន្រ្តី​ចិន លោក​លី ខឺឈាំង នឹង​មាន​វត្តមាន​តែ​មួយថ្ងៃ នៅ​ទីក្រុង​ព្រុចស៊ែល ប្រទេស​បែលហ្ស៊ិក ដើម្បី​ចូលរួម នៅក្នុង​កិច្ចប្រជុំ​កំពូល ចិន អឺរ៉ុប លើក​ទី ១៧ នៅថ្ងៃ​ចន្ទ។ អឺរ៉ុប​ដែល​នៅតែ​ជា​ដៃគូ ពាណិជ្ជកម្ម ដ៏​ធំ​របស់​ចិន បើ​ប្រៀបធៀប​នឹង​អាមេរិក ដែល​ស្ថិតនៅ​លំដាប់​ថ្នាក់​ទី ២។ នៅ​ល្ងាច​ថ្ងៃ​ចន្ទ ប្រមុខរដ្ឋាភិបាល​ចិន ត្រូវ​ធ្វើ​ដំណើរ​មក​ទីក្រុង​ប៉ារីស ទៅ​តាម​ការអញ្ជើញ​របស់​នាយករដ្ឋមន្រ្តី​បារាំង លោក​ម៉ានុយអ៊ែល វ៉ាល់ស៍ ដែល​បានទៅ​ធ្វើ​ទស្សនកិច្ច​នៅទីក្រុង​ប៉េកាំង កាលពី​ពាក់កណ្តាល​ខែ​ឧសភា​កន្លងទៅ។

 
ទាំងនៅ​ក្នុង​កិច្ចប្រជុំ​ចិន អឺរ៉ុប និង​នៅក្នុង​ប្រទេស​បារាំង នាយក​រដ្ឋមន្រ្តី​ចិន នឹង​ត្រូវ​ជៀស​មិនផុត​ពី​និយាយ​ពី​ការចូលរួម​របស់​ចិន ដើម្បី​កាត់បន្ថយ​ការឡើង​កំដៅ​នៃ​ភពផែនដី។ នៅថ្ងៃ​អង្គារ​ស្អែក ជា​ថ្ងៃ​ឧសានវាទ ដែល​ទីក្រុង​ប៉េកាំង​ត្រូវ​បញ្ចេញ តួលេខ នៃ​ឧស្ម័ន​ពុល ដែល​ខ្លួន​សន្យា​កាត់បន្ថយ ពីពេលនេះ ដល់​ឆ្នាំ ២០៣០។ បារាំង ដែល​ជាអ្នករៀបចំ សន្និសីទ​ពិភពលោក​នៃការប្រែប្រួល​អាកាសធាតុ នៅ​ចុងឆ្នាំ ២០១៥ ចង់​ឲ្យ​ចិន ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី ២ ឲ្យ​បញ្ចេញ​តួលេខ​ជាក់ស្តែង ដើម្បី នឹង​អាច​ឲ្យ​ទីក្រុង​ប៉ារីស​យក​ទៅ​ប្រើ បញ្ចុះបញ្ចូល ឥណ្ឌា ដែល​ជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​ពុល​ច្រើន​ដែរ​នោះ។

នៅ​ប្រទេស​បារាំង ក្រៅតែ​ពី​សំណុំរឿង​អាកាសធាតុ នាយករដ្ឋមន្រ្តី ចិន​មាន​គម្រោង​នឹង​លើកឡើង​ផងដែរ​ពីការដោះដូរ​ពាណិជ្ជកម្ម។ បន្ទាប់ពី​ប៉ារីស លោក​លី ខឺឈាំង​នឹង​ធ្វើ​ដំណើរ​ទៅ​តំបន់​ភាគខាងត្បូង​បារាំង ជាពិសេស​ខេត្ត​ទូលូស ដែល​ជា​ទីតាំង​រោងចក្រ​ផលិត​យន្តហោះ របស់​បារាំង។ ប៉ារីស​សង្ឃឹម​ថា នឹង​ចុះ​ហត្ថលេខា​ជាមួយ​ប៉េកាំង លើ​កិច្ច​ព្រមព្រៀង​ទិញ​យន្តហោះ អ៊ែរប៊ុស A ៣៣០ របស់​បារាំង ដែល​មួយ​ផ្នែក​នៃ​យន្តហោះ​នឹង​ត្រូវ​ដំឡើង នៅ​ខេត្ត​ធានជីង ក្នុង​ប្រទេស​ចិន។

ក្រៅពីនេះ ប៉ារីស និង​ប៉េកាំង ត្រូវ​ជជែក​ពី​គម្រោង​ធ្វើ​វិនិយោគ​រួមគ្នា នៅ​តំបន់​អាហ្វ្រិក និង​អាស៊ី។ ឲ្យជាក់ស្តែង​ទៅ ប្រទេស​ចិន ត្រូវការ ចង់​បាន​ជំនួយ សហការ​ពី​ក្រុមហ៊ុន​បារាំង ដើម្បី​រក​ទីផ្សារ រក​ផ្លូវ​ដង្ហើម​ឲ្យ​សហគ្រាស​ចិន ដែល​កំពុង​ជួប​ការផលិត​ក្នុង​ស្រុក ច្រើន​ហួស​កំណត់ ហើយ​និង​ការថយ​ចុះ នៃ​ការប្រើប្រាស់​ក្នុង​ស្រុក។ ប្រទេស​ទាំងពីរ ចង់​ពង្រឹង​សហប្រតិបត្តិការ​ជាពិសេស នៅក្នុង​វិស័យ​នុយក្លេអ៊ែរ​ស៊ីវិល កសិចំណី​អាហារ ទេសចរណ៍ និង​សុខភាព៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ