អានតួអត្ថបទ
អាកាសធាតុ

ការប្រែប្រួល​អាកាសធាតុ​នឹង​គំរាមកំហែង​ដល់​ជីវិត​សត្វ និង​រុក្ខជាតិ​ក្នុង​សមុទ្រ

ការប្រែប្រួល​អាកាសធាតុ ​មិន​ត្រឹម​គំរាមកំហែង​ជីវិត​មនុស្ស និង​សត្វ​លើ​គោក ប៉ុន្តែ វា​ជា​គ្រោះថ្នាក់​មួយដែរ​សម្រាប់​រាល់ជីវិត​នៅក្នុង​សមុទ្រ។ តាម​ក្រុមអ្នកស្រាវជ្រាវ​អន្តរជាតិ ដែល​បាន​បង្ហាញ​របាយការណ៍ សិក្សា មួយ នៅ​ក្រុង​ប៉ារីស កាលពី​ថ្ងៃ​ព្រហស្បតិ៍ អាកាសធាតុ​ប្រែប្រួល កំពុង​ធ្វើ​ឲ្យ​ទឹកសមុទ្រ​ឡើង​ក្តៅ និង​សំបូរ​ជាតិ​អាស៊ីដ​ច្រើន​ជាងមុន។ ទឹកសមុទ្រ​ក្តៅ និង​សំបូរជាតិ​អាស៊ីដ​នឹង​គំរាមកំហែង​ដល់​ការរស់រាន​មាន​ជីវិត​របស់​ពពួក​សត្វ សមុទ្រ និង​ផ្កាថ្ម ដែល​ដើរតួ​សំខាន់ ជា​ជញ្ជាំង ទប់​មិន​ឲ្យ​មាន​រលកធំៗ វាយបោក​ទៅឆ្នេរ។ 

Photo de la NASA qui montre les détails du relief autour des Iles Glorieuses, qui font partie des Iles Eparses, dans l'océan Indien. Photo prise le 3 août 2003.
Photo de la NASA qui montre les détails du relief autour des Iles Glorieuses, qui font partie des Iles Eparses, dans l'océan Indien. Photo prise le 3 août 2003. NASA
ផ្សាយពាណិជ្ជកម្ម

ការប្រែប្រួល​អាកាសធាតុ នឹង​មាន​ផលប៉ះពាល់​ទៅលើ​មហា​សមុទ្រ ក៏ពិត​មែនហើយ ប៉ុន្តែ វា​នឹង​មិន​សូវ​ធ្ងន់ធ្ងរ​ខ្លាំង បើសិន កំដៅ​នៃ​ផែនដី​មិន​ឡើង​ខ្ពស់​ជាង ២​អង្សារសេ។ នេះ​ជា​ការសន្និដ្ឋាន​របស់​ក្រុមអ្នកវិទ្យាសាស្រ្ត​អន្តរជាតិ​មួយ​ក្រុម នៅក្នុង​សន្និសីទ​មួយ រៀបចំ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ក្នុង​ក្រុង​ប៉ារីស។ គំនិត​ប៉ង​របស់​អ្នកវិទ្យាសាស្រ្ត​មាន​តែ​មួយ គឺ​ចង់ជំរុញ​ឲ្យ​សន្និសីទ​អង្គការ​សហប្រជាជាតិ ស្តី ពី​អាកាសធាតុ ក្នុង​ក្រុង​ប៉ារីស អាច​សម្រេច​ចេញ​បាន​នូវ​កិច្ចព្រមព្រៀង​មួយ ដើម្បី​កាត់បន្ថយ​ការឡើង​កំដៅ​នៃ​ផែនដី នៅ​ត្រឹម ២​អង្សារសេ។

 
ជោគវាសនា​របស់​មនុស្ស​លោក គឺ​ពឹង​អាស្រ័យ​ទៅលើ​អនាគត​របស់​មហាសមុទ្រ។ នេះ​ការបញ្ជាក់​របស់​អ្នកវិទ្យាសាស្រ្ត​បារាំង លោក​Alexandre Magnan អ្នកនិពន្ធម្នាក់​របស់​របាយការណ៍ ដែល​មាន​ឈ្មោះថា គំនិតផ្តួចផ្តើម មហាសមុទ្រ ឆ្នាំ ២០១៥។ តាម អ្នក​វិទ្យាសាស្រ្ត​បារាំង ការប្រែប្រួល​អាកាសធាតុ​នឹង​ធ្វើ​ឲ្យ​ផែនដី​ឡើង​កំដៅ និង​សំបូរ​ជាតិ​អាស៊ីដ ដែល​នឹង​គំរាមកំហែង​បន្ត​ទៅលើ​ជីវិត​ប្រព័ន្ធ​ជីវចម្រុះ​ក្នុង​សមុទ្រ ដូចជា​សត្វសមុទ្រ ផ្កាថ្ម និង​ព្រៃកោងកាង ជាដើម។

មហាសមុទ្រ​ដែល​គ្របដណ្តប់​បីភាគបួន នៃ​ផែនដី បាន​ដើរ​តួនាទី​យ៉ាងសំខាន់ ជួយ​ទប់ទល់ មិន​ឲ្យ​ភព​ផែនដី​ឡើងកំដៅ។ គឺ​មហាសមុទ្រ​នេះ​ឯង​ដែល​បាន​ស្រូប​យក​មួយផ្នែក​នៃ​ថាមពល និង​ឧស្ម័ន​កាបូនិច ដែល​ជា​ឧស្ម័ន​ផ្ទះកញ្ចក់ ប្រភព​នៃ​ការឡើងកំដៅ​នៃ​ភពផែនដី។ តាមអ្នក​វិទ្យាសាស្រ្ត ទឹក​សមុទ្រ​ឡើងក្តៅ មិន​ត្រឹម​គំរាមកំហែង​ជីវិត​សត្វ និង​រុក្ខជាតិ​ក្នុង​សមុទ្រ ប៉ុន្តែ ទឹកសមុទ្រ​ក្តៅ នឹង​ស្រូប​ឧស្ម័ន​កាបូនិច បាន​កាន់​តែតិច​ដែរ។

តាម​អ្នកស្រាវជ្រាវ​ខាងលើ បើសិន​ឧស្ម័ន​ផ្ទះកញ្ចក់​កើនឡើង​ខ្លាំង ដែ ភាគច្រើន​នៃ​ជីវិត​ក្រោម​សមុទ្រ​នឹង​រងខូចខាត​ធ្ងន់ធ្ងរ។ គេ​បាន​ប្រមើល​មើល​ឃើញថា ទឹកសមុទ្រ​ឡើងក្តៅ នឹង​ធ្វើ​សត្វសមុទ្រ ផ្លាស់ទី ចេញ​ពី​តំបន់​ត្រូពិច និង​បំផ្លាញ​ប្រព័ន្ធ​ជីវចម្រុះ ដូចជា​ផ្កាថ្ម​ដែល​ជា​ជញ្ជាំង​ទប់​កុំ​ឲ្យមានរលកធំ​វាយបោក​ទៅលើ​ឆ្នេរ។ ជាលទ្ធផល គឺ​ផលនេសាទ និង​វិស័យទេសចរណ៍​ដែល​នឹង​ការគំរាមកំហែង​ខ្លាំង​ពីការប្រែប្រួល​អាកាសធាតុ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ