ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/09 12h00 GMT
អឺរ៉ុប

សន្និសីទ​អាកាសធាតុ៖ ​បន្ទាប់ពី​ពាក្យសម្តី​ពិរោះៗ ​ដល់ពេល​ត្រូវ​ចរចាគ្នា​លើ​ចំណុច​​ចម្រូងចម្រាស

media  
លោក​ប្រធានាធិបតី​បារាំង ហ្វ្រង់ស័រ ហូឡង់ (ស្តាំ) និង​លោក​អគ្គលេខាធិការ​អ.ស.ប បាន គីមូន នៅ​សន្និសីទ​អាកាសធាតុ​ ថ្ងៃ​អង្គារ ទី១ ធ្នូ ២០១៥ REUTERS/Philippe Wojazer

បន្ទាប់​ពី​សុន្ទរកថា​មេដឹកនាំ​ក្នុង​ពីធីបើក កាល​ពីថ្ងៃ​ចន្ទ​ម្សិលមិញ សន្និសីទ​អាកាសធាតុ​ក្រុង​ប៉ារីស បាន​ចាប់ផ្តើម​ដំណាក់កាល​ថ្មី និង​ស្មុគស្មាញ នៅថ្ងៃ​អង្គារ​នេះ គឺ​ការ​ចរចា​ទៅលើ​កិច្ចព្រមព្រៀង ដើម្បី​ធ្វើ​យ៉ាងណា​ទប់ស្កាត់​កុំ​ឲ្យ​សីតុណ្ហភាព​មធ្យម​លើ​ភពផែនដី កើនឡើង​លើសពី ២អង្សា និង​​ស្វែងរក​កញ្ចប់​ថវិកា​ពី​សំណាក់​ប្រទេស​អភិវឌ្ឍ ដើម្បី​ជួយ​ប្រទេស​ក្រីក្រ​ក្នុងការ​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ។

ការប្រកាស​បង្ហាញ​ពី​សុឆន្ទៈ​តែ​មួយមុខ គឺ​វា​មិនគ្រប់គ្រាន់ទេ” នេះ​គឺ​ជា​អ្វី​ដែល​លោក​ប្រធានាធិបតី​បារាំង ហ្វ្រង់ស័រ ហូឡង់ បាន​លើកឡើង នៅ​ពេល​ថ្លែង​បើក​សន្និសីទ កាល​ពីថ្ងៃ​ចន្ទម្សិលមិញ។ លោក​ប្រធានាធិបតី​បារាំង ដែល​ជា​ម្ចាស់ផ្ទះ​រៀបចំសន្និសីទ​ បាន​អំពាវនាវ​ឲ្យ​ការចរចា​សម្រេច​បាន​ជា​កិច្ចព្រមព្រៀង​អាកាសធាតុមួយ “ដែល​មាន​សុពលភាព​ជា​សកល កំណត់​ពី​ការទទួលខុសត្រូវ​ក្នុងកម្រិតខុសៗគ្នា និង​មាន​អានុ​ភាព​ខាង​ផ្លូវច្បាប់លើ​ប្រទេស​ហត្ថលេខី”

 
ជាការពិត គេ​សង្កេតឃើញ​ថា នៅ​រាល់​សន្និសីទ​អាកាសធាតុ​កាល​ពីពេលមុនៗ មិនដែល​មាន​​សន្និសីទ​ណាមួយ ដែល​មាន​ការ​ចូលរួម​ដោយ​ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ដូចជា សន្និសីទ​នៅ​ប៉ារីស នៅ​ពេលនេះ​ទេ។ លើសពីនេះ​ទៅទៀត គេ​សង្កេតឃើញ​ថា ពេញ​ក្នុង​ពិធី​បើក​សន្និសីទ​កាល​ពីថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ គ្រប់​បណ្តា​មេដឹកនាំ​ប្រទេស​ទាំងអស់ ដែល​ចូលរួម​ក្នុង​សន្និសីទ សុទ្ធតែ​បាន​បង្ហាញ​នូវ​សុឆន្ទៈ​ចង់​បាន​កិច្ចព្រមព្រៀង ដើម្បី​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ។
 
ទាំងអស់​នេះ គឺ​ជា​ចំណុច​ចាប់ផ្តើម​ដ៏សំខាន់​មួយ ដែល​សូម្បីតែ​អង្គការ​ការពារ​បរិស្ថាន​ធំៗ​ជាទូទៅ ក៏​នាំគ្នា​ថ្លែង​អបអរ​សាទរ​ដែរ ក៏ប៉ុន្តែ សកម្មជន​បរិស្ថាន​អស់ទាំងនេះ​នៅតែ​បន្ត​បង្ហាញ​នូវ​ជំហរ​ប្រយ័ត្នប្រយែងខ្លាំង ចំពោះ​ដំណើរការ​នៃ​ការ​ចរចា​ពិតប្រាកដ ដែល​នឹង​ត្រូវ​ចាប់ផ្តើម​នៅថ្ងៃ​អង្គារ​នេះ។
 
សម្រាប់​លោក​ Pierre Cannet អ្នក​នាំពាក្យ​អង្គការ WWF ប្រចាំ​ប្រទេស​បារាំង កា​របង្ហាញ​ពី​សុឆន្ទៈ​​គឺ​ជា​រឿងល្អមួយ "ក៏ប៉ុន្តែ សំខាន់បំផុត គឺ​ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​ការសន្យា​អស់ទាំងនេះ​ប្រែក្លាយ​ជា​កាតព្វកិច្ច​ជាក់លាក់ នៅ​ក្នុងការ​ចរចា ដែល​ចាប់ផ្តើម​នៅពេលនេះ ​ធ្វើយ៉ាងណា​ឲ្យ​មាន​ក្របខ័ណ្ឌ​គតិយុត្តិ​រឹងមាំមួយ ដើម្បី​សម្រេច​បាន​នូវគោលដៅ កំណើន​សីតុណ្ហភាព​អតិបរមា ២អង្សា ដែល​ជា​គោលដៅ​ធំបំផុត​នៃ​សន្និសីទ​អាកាសធាតុ​នេះ"
 
លោក​ Jean-François Julliard វិញ ដែល​ជា​នាយក​អង្គការ Greenpeace ប្រចាំប្រទេស​បារាំង បាន​ធ្វើការ​កត់សម្គាល់ថា សុន្ទរកថាថា​របស់​មេដឹកនាំ​ក្នុង​ពិធី​បើក​សន្និសីទ​ម្សិលមិញ​នេះ គឺ​ពិតជា​បង្ហាញ​ពី​សុឆន្ទៈ និង​ការ​សន្យា​ល្អៗ​ច្រើន​មែន ក៏ប៉ុន្តែថា អង្គការ​របស់​លោក “នៅតែ​តាមការ​សង្កេតមើល​ដោយ​ប្រយ័ត្នប្រយែង ពីព្រោះ​ថា នេះ​មិនមែន​ជា​លើកទី១​ទេ ដែល​យើងឮ​ពាក្យសម្តីពិរោះៗ នៅ​ក្នុង​សន្និសីទ​អាកាសធាតុ។ ដូច្នេះ យើង​ត្រូវ​តែ​រង់ចាំមើល​លទ្ធផល​ចុងក្រោយ​ថា​នឹង​បាន​សម្រេច​ជា​អ្វីខ្លះ​ពិតប្រាកដ"
 
នាយក​អង្គការ​ Greenpeace ក៏​បាន​ធ្វើ​ការ​កត់សម្គាល់​ផងដែរ​ថា មាន​មេដឹកនាំ​ប្រទេស​ខ្លះ ​​និយាយ​ឲ្យ​តែ​ល្អស្តាប់ និង​ដើម្បី​យក​មុខមាត់ តែ​មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​ជាក់ស្តែង​ក្នុង​ប្រទេស​ខ្លួនឯង "ដូចជា លោក​ពូទីន ជាដើម ដែល​និយាយ​ថា រុស្ស៊ី​បានចាត់វិធានការ​យ៉ាង​ច្រើន ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ ក៏ប៉ុន្តែ តាមការពិត គឺ​វា​មិនមែន​អ៊ីចឹង​ទេ។ បើ​យើង​ចង់​រក​ប្រទេស​ដែល​មិន​ធ្វើ​អ្វីសោះ ក្នុង​ការ​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ គឺ​រុស្ស៊ី”
 
បើ​យើងសង្កេត​មើល​ឲ្យ​ដិត​ដល់​ទៅ យើងឃើញ​ថា នៅ​ក្នុង​សេចក្តីថ្លែងការណ៍​​ប្រកប​ដោយ​សុឆន្ទៈ របស់​បណ្តា​មេដឹកនាំ​ទាំង ១៥០ កាល​ពីថ្ងៃ​ចន្ទ​ម្សិលមិញ ក៏​មាន​បង្កប់​ផងដែរ ទៅដោយ​ការ​ខ្វែង​គំនិតគ្នា ទៅលើ​ចំណុច​គន្លឹះ​ក្នុង​ការចរចា​លើ​កិច្ចព្រមព្រៀង​អាកាសធាតុ ជាពិសេស គឺ​ជំហរ​ផ្ទុយគ្នា រវាង​ប្រទេស​អភិវឌ្ឍ និង​ប្រទេស​កំពុង​អភិវឌ្ឍ។
 
សម្រាប់​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង និង​លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា ណារិនដ្រា ម៉ូឌី បណ្តា​ប្រទេស​អភិវឌ្ឍ​ត្រូវ​តែ​មានការ​ទទួលខុសត្រូវ​ចំពោះ​ការ​បំពុល​បរិយាកាស ដែល​បាន​ធ្វើ​តាំង​ពី​យូរយារណាស់​មកហើយ និង​​ត្រូវ​អនុវត្ត​តាម​ការសន្យា ក្នុងការ​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​ប្រទេស​ក្រីក្រ ដើម្បី​ទប់ទល់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ ចំណែក​ឯ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​វិញ គួរតែ​នៅ​អាច​បន្ត​​ការ​អភិវឌ្ឍ​ប្រទេស​របស់​ខ្លួន​តទៅទៀត ហើយ​កិច្ចព្រមព្រៀង​អាកាសធាតុ​មិន​គួរ​ក្លាយ​ជា​ឧបសគ្គ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង ក្នុងការ​លើក​កម្ពស់​ជីវភាព​ប្រជាជន នៅ​ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​ទាំងនេះ​ទេ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ