ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/09 12h00 GMT
អឺរ៉ុប

សន្និសីទ​អាកាសធាតុ៖ ​ប៉ូលិស​និង​បាតុករ​ប៉ះទង្គិចគ្នា​នៅ​ប៉ារីស

media ការប៉ះទង្គិចគ្នា រវាង​ប៉ូលិស និង​បាតុករ​ប្រឆាំង​នឹង​សន្និសីទ​អាកាសធាតុ នៅ​ទីលាន La République ក្រុងប៉ារីស ថ្ងៃអាទិត្យ ២៩ វិច្ឆិកា ២០១៥ REUTERS/Eric Gaillard

ការប៉ះទង្គិចគ្នា​បាន​កើតមានឡើង នៅ​ក្នុង​ទីក្រុង​ប៉ារីស រវាង​កងកម្លាំង​ប៉ូលិស និង​បាតុករ ដែល​ប្រមូលផ្តុំគ្នា ទាមទារ​ឲ្យ​មាន​កិច្ចព្រមព្រៀង​អាកាសធាតុ។ ការប្រមូលផ្តុំគ្នា​នេះ​ត្រូវ​បាន​ធ្វើឡើង ដោយ​បំពាន​ទៅលើ​ច្បាប់​ស្តីពី​ការ​ដាក់ប្រទេស​ឲ្យស្ថិត​នៅ​ក្នុង​ភាព​អាសន្ន ដែល​បារាំង​បាន​ដាក់ ចាប់តាំង​ពី​មាន​ភេរវកម្ម​ កាល​ពីថ្ងៃ​ទី១៣​វិច្ឆិកា។

កាលពីដំបូង សកម្មជន​បរិស្ថាន​គ្រោង​រៀបចំ​ក្បួនដង្ហែ​ដ៏ធំមួយ នៅ​ទីក្រុង​ប៉ារីស នៅថ្ងៃ​អាទិត្យ​នេះ ដើម្បី​ទាមទារ​ឲ្យ​មេដឹកនាំ​ប្រទេស​ដែល​ចូលរួម​ក្នុង​សន្និសីទ​អាកាសធាតុ​នៅថ្ងៃ​ចន្ទ ចរចាគ្នា​ឲ្យ​បាន​ជា​កិច្ចព្រមព្រៀង ដើម្បី​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ។ ក៏ប៉ុន្តែ គម្រោង​ដើរដង្ហែក្បួន​នេះ​ត្រូវ​បាន​គេ​លុបចោល​ទៅវិញ ដោយសារ​តែ​​ក្រុង​ប៉ារីស ក៏ដូចជា កន្លែង​ផ្សេងទៀត នៅ​ទូទាំង​ប្រទេស​បារាំង​កំពុង​ស្ថិត​ក្នុង​ភាព​ប្រកាសអាសន្ន ចាប់តាំង​ពី​មាន​ភេរវកម្ម​ នៅ​ថ្ងៃ​ទី១៣វិច្ឆិកា ហើយ​ច្បាប់​ស្តីពី​ការប្រកាស​អាសន្ន​នេះ​ហាមឃាត់​មិន​ឲ្យ​មាន​ការប្រមូលផ្តុំគ្នា​នៅ​ទីសាធារណៈ។
 
ក៏ប៉ុន្តែ បើទោះបីជា​ក្បួនដង្ហែ​ត្រូវ​បាន​លុបចោល​ក៏ដោយ បាតុករ​រាប់ពាន់​នាក់​នៅតែ​ជម្នះ​នាំគ្នា​ចេញ​មក​ប្រមូលផ្តុំគ្នា នៅ​ទីលាន​ឈ្មោះ La République ក្បែរ​កន្លែង​ដែល​ទទួល​រងការ​វាយប្រហារ​ភេរវកម្ម។ នៅទីនោះ បាតុករ​នាំគ្នា​យក​ស្បែកជើង​រាប់ពាន់គូ​មក​ដាក់តម្រៀបគ្នា ជា​និមិត្តរូប​នៃ​ការ​ដើរដង្ហែក្បួន​ដែល​ត្រូវអាជ្ញាធរ​ហាមឃាត់។ យោងតាម​អ្នក​រៀបចំ​បាតុកម្ម លោក​អគ្គលេខាធិការ​អ.ស.ប បាន គីមូន សម្តេចប៉ាប​ហ្វ្រង់ស័រ​ ព្រមទាំង​មនុស្ស​ល្បីៗ​មួយចំនួន​ផ្សេងទៀត​ក៏​បាន​ផ្ញើ​ស្បែកជើង​របស់​ពួកគេ​ទៅ​ចូលរួម​ជា​និមិត្ត​រូបផងដែរ។
 
ក្រៅពី​ការ​ដាក់តម្រៀបសម្បែកជើង ក្រុមបាតុករ​​​បាន​ឈរកាន់ដៃតៗគ្នា​​ក្នុង​ប្រវែងគិតជាសរុប​ប្រមាណ​ជា ២គីឡូម៉ែត្រ ហើយ​ស្រែក​នូវ​ពាក្យស្លោក​ទាមទារ​ឲ្យ​ចាត់វិធានការ​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ។
 
សកម្មភាព​អស់ទាំងនេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​សន្តិវិធី ក្រោមការ​ឃ្លាំមើល​ពី​សំណាក់​កងកម្លាំង​ប៉ូលិស។ ក៏ប៉ុន្តែ នៅថ្ងៃ​រសៀល ការប៉ះទង្គិចគ្នា​មួយ​​​ស្រាប់​តែ​បាន​កើតមានឡើង ក្រោយ​ពី​​បាតុករ​មួយក្រុមតូច​ភាគច្រើន​បិទមុខជិត បាន​នាំគ្នា​គប់ដុំថ្ម​ ដប និង​ស្បែកជើង ទៅលើ​ប៉ូលិស ហើយ​ប៉ូលិស​ក៏​បាន​ធ្វើការ​តបតទៅវិញ ដោយ​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក មុននឹង​ចូល​ទៅ​បំបែក​ហ្វូងបាតុករ។

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ