អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

សង្រ្គាមត្រជាក់៖ "វាំងននដែក" ​ខណ្ឌចែក​តំបន់​អឺរ៉ុប​ជា​ពីរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​និយាយ​អំពី​សង្រ្គាម​ត្រជាក់ ដោយ​លើកឡើង អំពី​ការ​ពុះចែក​តំបន់​អឺរ៉ុប​ជាពីរ រវាង​ខាងកើត​ក្នុង​ប្លុក​កុម្មុយនិស្ត និង​ខាងលិច ក្នុង​ប្លុក​លោកសេរី។

ផែនទី​តំបន់​អឺរ៉ុប​ដែល​ត្រូវ​ពុះចែក​ជាពីរ ក្នុង​អំឡុង​សង្រ្គាម​ត្រជាក់
ផែនទី​តំបន់​អឺរ៉ុប​ដែល​ត្រូវ​ពុះចែក​ជាពីរ ក្នុង​អំឡុង​សង្រ្គាម​ត្រជាក់
ផ្សាយពាណិជ្ជកម្ម

 

ពាក្យថា “វាំងននដែក” (Iron Curtain) ត្រូវ​បាន​ប្រើ​ជាលើកដំបូង​ដោយ​លោក​ Winston Churchill អតីត​នាយករដ្ឋមន្រ្តី​អង់គ្លេស នៅ​ក្នុង​សន្ទុរកថា នៅ​រដ្ឋមីស៊ូរី សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី៥ ខែ​មីនា ឆ្នាំ​១៩៤៦ ដោយ​លោក​ចង់សំដៅ​ទៅលើ​ការ​ខណ្ឌ​ចែក​តំបន់​អឺរ៉ុប​ដាច់ពី​គ្នា​​ ដោយ​​បណ្តា​ប្រទេស​ដែល​ស្ថិត​នៅ​ខាង​កើត​ “វាំងននដែក” ត្រូវ​ជាប់ផុងខ្លួន​ក្នុង​អំណាច​កុម្មុយនិស្ត​ផ្តាច់ការ ក្រោម​ឥទ្ធិពល​របស់​សូវៀត។

តាមការពិត ​ការ​ពុះចែក​តំបន់​អឺរ៉ុប​ គឺ​ជា​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ រវាង​សហភាព​សូវៀត និង​សម្ព័ន្ធមិត្ត​លោក​ខាងលិច នៅ​ក្នុង​អំឡុង​ឆ្នាំ​ចុងក្រោយ​នៃ​សង្រ្គាមលោក​លើកទី២ ជាពិសេស ក្នុង​អំឡុង​សន្និសីទ​យ៉ាល់តា នៅ​ឆ្នាំ​១៩៤៥។

នៅ​ពេល​ដែល​សង្រ្គាម​លោកលើកទី២​ទើប​នឹង​ចាប់ផ្តើម​ផ្ទុះឡើង​ភ្លាម ប្រទេស​ចំនួន ៣ នៅ​ជុំវិញ​សមុទ្រ​បាល់ទិក គឺ​លីទុយអានី អេស្តូនី និង​ឡេតូនី ព្រមទាំង​ដែនដី​មួយចំណែក​នៃ​ប្រទេស​ប៉ូឡូញ ហ្វាំងឡង់ និង​រូម៉ានី ត្រូវ​បាន​ស្តាលីន​កាត់​យក​ទៅ​ដាក់​បញ្ចូល​​ជា​រដ្ឋ​ក្នុង​សហភាព​សូវៀត​រួចទៅហើយ ស្រប​ទៅតាម​កិច្ចព្រមព្រៀង​ដែល​បាន​ចុះ​ជាមួយ​ហ៊ីត្លែរ ពោលគឺ នៅ​ក្នុង​អំឡុង​ពេល​ដែល​ស្តាលីន និង​ហ៊ីត្លែរ​ នៅ​ត្រូវរ៉ូវគ្នា​នៅឡើយ។

នៅ​ក្រោយ​ពេល​ដែល​ហ៊ីត្លែរ​ចូល​ឈ្លានពាន​ទឹកដី​សូវៀត ស្តាលីន​ក៏​បាន​ងាក​ទៅ​សហការ​ជាមួយ​សម្ព័ន្ធមិត្ត​លោក​ខាងលិច ដើម្បី​រួមដៃគ្នា​ច្បាំង​ទល់​នឹង​កងទ័ព​អាល្លឺម៉ង់ ដោយ​កងទ័ព​អាមេរិក និង​អង់គ្លេស​ វាយលុក​ចូល​ពីទិស​ខាងលិច ចំណែក​កងទ័ព​សូវៀត​វាយលុក​ពី​ទិស​ខាងកើត។

នៅ​ក្រោយ​​សង្រ្គាម​លោក​លើកទី២​ បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត និង​អឺរ៉ុប​កណ្តាល​ ដែល​កងទ័ព​សូវៀត​ជា​អ្នក​រំដោះ រួមមាន ប៉ូឡូញ រូម៉ានី ប៊ុលហ្ការី ហុងគ្រី អាល់បានី យូហ្គោស្លាវី និង​ឆេកូស្លូវ៉ាគី ត្រូវ​ស្ថិត​ក្នុង​ប្លុក​កុម្មុយនិស្ត។ ប្រទេស​ក្រៅពីនោះ គឺ​ប្រទេស​នៅ​អឺរ៉ុប​ខាងលិច ហើយដែល​​កងទ័ព​សម្ព័ន្ធមិត្ត​លោកខាងលិច​ជា​អ្នក​រំដោះ ក៏​ត្រូវ​ក្លាយ​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក ឬ​ជា​ប្រទេស​ដែល​មាន​ប្រព័ន្ធ​នយោបាយ និង​សេដ្ឋកិច្ច​ស្និទ្ធិ​នឹង​អាមេរិក។ លើកលែង​តែ​ប្រទេស​ស៊្វីស និង​ហ្វាំងឡង់​​ចេញ ដែល​ប្រកាស​តាំងខ្លួន​ជា​ប្រទេស​អព្យាក្រឹត។

ចំណែក​​អាល្លឺម៉ង់វិញ ដែល​ជា​ប្រទេស​ស្ថិត​នៅ​ចំកណ្តាល ជា​ចំណុច​ប្រសព្វ​រវាង ប្លុក​ខាងកើត និង​ប្លុក​សេរី ត្រូវ​ “វាំងននដែក” ពុះចែក​ប្រទេស​ជាពីរ គឺ​មួយផ្នែក​ខាងកើត ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​សូវៀត និង​ខាងលិច​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​សម្ព័ន្ធមិត្ត​លោកខាងលិច គឺអាមេរិក អង់គ្លេស និង​បារាំង។

នៅ​ឆ្នាំ​១៩៤៧ លោក​ចច ម៉ារស្ហាល (George Marshall) ដែល​ទើប​នឹង​ត្រូវ​បាន​លោក Harry Truman តែងតាំង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក បាន​រៀបចំ​ផែនការ​ដ៏ធំមួយ ដែល​ត្រូវបាន​គេ​ហៅ​ជា​ទូទៅ​ថា “ប្លង់ម៉ារស្ហាល” (ជាភាសាអង់គ្លេស Marshall Plan) ដើម្បី​ផ្តល់​ជំនួយ​ជួយ​​ស្តារ​សេដ្ឋកិច្ច​របស់​ប្រទេស​នៅ​អឺរ៉ុប ដែល​ត្រូវ​ខ្ទេចខ្ទី​ដោយសារ​សង្គ្រាម។

តាមគម្រោង​ពី​ដំបូង ប្លង់​ម៉ារស្ហាល​នេះ​ត្រូវ​បើក​ចំហ​ដល់​គ្រប់​ប្រទេស​ទាំងអស់ ដោយ​រាប់បញ្ចូល​ទាំង​សហភាព​សូវៀត និង​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត​ផងដែរ ក៏ប៉ុន្តែ ប្រទេស​ដែល​អាច​ទទួល​ជំនួយ​ពី​ប្លង់ម៉ារស្ហាល​នេះ​បាន ត្រូវ​តែ​បំពេញ​តាមលក្ខខណ្ឌ​មួយ​ដោយ​ខាន​មិនបាន គឺ​ត្រូវ​រៀបចំ​ឲ្យ​មាន​​កំណែទម្រង់​សេដ្ឋកិច្ច​បែបទីផ្សារ​សេរី។ ដោយសារ​តែ​មាន​លក្ខខណ្ឌ​នេះ​ហើយ ទើប​សហភាព​សូវៀត​បដិសេធ​មិន​ចូលរួម​ក្នុង​ប្លង់​ម៉ារស្ហាល ហើយ​ព្រមទាំង​បាន​រារាំង​ប្រទេស​ផ្សេងទៀត នៅ​ក្នុង​ប្លុក​អឺរ៉ុប​ខាងកើត​មិន​ឲ្យ​ទទួល​ជំនួយ​ពី​អាមេរិក។
 

នៅ​ពេលនោះ ស្តាលីន​យល់ថា ប្រសិនបើ​​ទុក​បណ្តោយ​ឲ្យ​ប្រទេស​នៅ​អឺរ៉ុប​ខាង​កើត​ចូលរួម​ក្នុង​ប្លង់​ម៉ារស្ហាល ប្រទេស​ទាំងនេះ​អាច​នឹង​ត្រូវ​​​​របូត​ចេញ​ពីដែន​ឥទ្ធិពល​របស់​សូវៀត។ ហេតុដូច្នេះ​ហើយ​បាន​ជា​សូវៀត​បាន​សម្រេច​បង្កើត​ផែនការ​​ផ្តល់​ជំនួយ​សេដ្ឋកិច្ច​មួយ​ដែរ សម្រាប់​ប្រទេស​ក្នុង​ប្លុក​កុម្មុយនិស្ត គឺផែនការ ដែល​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា ប្លង់ម៉ូឡូតូវ (Molotov Plan) ដោយ​យក​តាម​ឈ្មោះ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សូវៀត ហើយ​ដែល​ក្រោយ​មក​ត្រូវ​បាន​ប្រែក្លាយ​ជា​ស្ថាប័ន​ជាផ្លូវការ​មួយ មាន​ឈ្មោះ​ថា “កូមេកុន” (COMECON)។

ការបង្កើត​ប្លង់ម៉ារស្ហាល និង​ប្លង់​ម៉ូឡូតូវ គឺ​ជា​ជំហាន​មួយ​ថ្មី​ទៀត ដែល​បានរុញ​​អឺរ៉ុប​ខាងលិច និង​អឺរ៉ុប​ខាងកើត ឲ្យ​​ឃ្លាត​​​​ឆ្ងាយ​ពី​គ្នា​កាន់តែ​ខ្លាំង ទាំង​ខាង​នយោបាយ និង​សេដ្ឋកិច្ច ហើយ​មិន​យូរ​ប៉ុន្មាន​ក្រោយ​មក​ទៀត ប្លុក​ទាំងពីរ​ក៏​ចាប់ផ្តើម​ប្រឈមមុខ​ដាក់គ្នា​ខាងផ្នែក​យោធា​មួយទៀត តាមរយៈ​ការ​បង្កើត​បក្សសម្ព័ន្ធ​យោធា​រៀងៗខ្លួន។

ប្រទេស​លោកខាងលិច​បាន​​បង្កើត​ជា​បក្សសម្ព័ន្ធ​អូតង់ តាមរយៈ​ការ​ចុះ​សន្ធិសញ្ញា​អាត្លង់ទិក​ខាងជើង នៅ​ឆ្នាំ​១៩៤៩ នៅ​រដ្ឋធានីវ៉ាស៊ីងតោន ដោយ​មាន​ប្រទេស​ស្ថាបនិក​ចំនួន ១២ គឺ សហរដ្ឋ​អាមេរិក កាណាដា ព្រមទាំង​ប្រទេស ១០ នៅ​អឺរ៉ុប​ខាងលិច រួមមាន អង់គ្លេស បារាំង អ៊ីតាលី ព័រទុយហ្កាល់ ប៊ែលហ្ស៊ិក លុចសំបួ ហូឡង់ ដាណឺម៉ាក ន័រវែស និង​អ៊ីស្លង់។ មូលដ្ឋានគ្រឹះ​នៃ​បក្ស​សម្ព័ន្ធ​នេះ គឺ​មាន​ចែង​ក្នុង​មាត្រា ៥​ នៃ​សន្ធិសញ្ញា​អាត្លង់ទិក​ខាងជើង ដែល​ចែង​ថា ការ​វាយប្រហារ​ទៅលើ​ប្រទេស​ណាមួយ ដែល​ជា​សមាជិក​អូតង់ គឺ​មានន័យ​ស្មើ​នឹង​ការ​វាយប្រហារ​ទៅលើ​បក្ស​សម្ព័ន្ធ​អូតង់​ទាំងមូល ដែល​គ្រប់​សមាជិក​ទាំងអស់​ត្រូវ​តែ​ចេញមុខ​ជួយការពារ​ទប់ទល់​នឹង​ការ​វាយប្រហារ​នេះ។

ដើម្បី​ជាការ​ឆ្លើយ​តប​នឹង​ការ​បង្កើត​បក្ស​សម្ព័ន្ធ​អូតង់ សហភាព​សូវៀត​ក៏​បាន​រៀបចំ​បង្កើត​បក្ស​សម្ព័ន្ធ​យោធា​មួយ​ដែរ សម្រាប់​ប្រទេស​នៅ​ប្លុក​ខាងកើត គឺ​បក្ស​សម្ព័ន្ធ​នៃ​កតិកាសញ្ញា​វ៉ាសូវី បង្កើត​ឡើង នៅ​ឆ្នាំ​១៩៥៥ ហើយ​ដែល​មាន​លក្ខណៈ​ស្រដៀងគ្នា​ទៅនឹង​បក្ស​សម្ព័ន្ធ​អូតង់។

តាមការពិត នៅ​ក្រោយ​ពេល​ដែល​សហរដ្ឋ​អាមេរិក​បង្កើត​បក្ស​សម្ព័ន្ធ​អូតង់ សហភាព​សូវៀត​មិនបាន​បង្កើត​បក្ស​សម្ព័ន្ធ​វ៉ាសូវី​តបតវិញ​ភ្លាមនោះទេ។ កត្តា​សំខាន់ ដែល​ជំរុញ​ឲ្យ​ស្តាលីន​សម្រេច​បង្កើត​បក្សសម្ព័ន្ធ​វ៉ាសូវី គឺ​អាល្លឺម៉ង់។

នៅ​ឆ្នាំ​១៩៤៩ សហរដ្ឋ​អាមេរិក អង់គ្លេស និង​បារាំង បាន​ព្រមព្រមគ្នា យកដែនដី​អាល្លឺម៉ង់​ខាងលិច​​មក​ច្របាច់​បញ្ចូល​គ្នា រួចហើយ​សម្រេច​បញ្ឈប់ការ​ត្រួតត្រា​លើ​អាល្លឺម៉ង់ ដោយ​​ផ្តល់​ឯករាជ្យ​ឲ្យ​អាល្លឺម៉ង់​បង្កើត​ជា​រដ្ឋ​​​ឯករាជ្យ​មួយ ដែលមាន​​ឈ្មោះ​ថា “សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់”។ តាមគម្រោង​អាមេរិក អង់គ្លេស និង​បារាំង​ ចង់​ឲ្យ​រដ្ឋ​ឯករាជ្យ​ថ្មី​នេះ​ត្រូវ​បង្រួបបង្រួម​គ្នា​ជាមួយ​អាល្លឺម៉ង់​ខាងកើត ដែល​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​សហភាព​សូវៀត។ ក៏ប៉ុន្តែ ស្តាលីន​មិនព្រម ក៏​បាន​រៀបចំ​ឲ្យ​បក្ស​កុម្មុយនិស្ត​អាល្លឺម៉ង់​ប្រកាស​បង្កើត​រដ្ឋ​ឯករាជ្យ​មួយ​ដាច់​ដោយឡែក នៅ​អាល្លឺម៉ង់​ខាងកើត ដោយ​ដាក់​ឈ្មោះ​ថា “សាធារណរដ្ឋ​ប្រជាធិបតេយ្យ​អាល្លឺម៉ង់”។

ចាប់ពីពេលនោះមក ប្រទេស​អាល្លឺម៉ង់​ក៏​ត្រូវ​ពុះចែក​ជា​ពីរដាច់ពីគ្នា គឺ​អាល្លឺម៉ង់​ខាងលិច និង​អាល្លឺម៉ង់​ខាងកើត ហើយ​អាល្លឺម៉ង់​ខាងលិច​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ជា​សមាជិក​អង្គការ​អូតង់ នៅថ្ងៃ​ទី៩ ខែ​ឧសភា ឆ្នាំ​១៩៥៥។ ការ​ដាក់​បញ្ចូល​អាល្លឺម៉ង់​ខាងលិច ទៅ​ក្នុង​បក្សសម្ព័ន្ធ​អូតង់​នេះ​ហើយ ដែល​ជំរុញ​ឲ្យ​សូវៀត​បង្កើត​ជា​បក្ស​សម្ព័ន្ធ​វ៉ាសូវី​ឡើង ដោយ​ដាក់​បញ្ចូល​អាល្លឺម៉ង់​ខាងកើត​ជា​សមាជិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ