ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/11 12h00 GMT
អឺរ៉ុប

សន្និសីទ​អន្តរជាតិ​ស្តី​ពី​Cyber-Attack​ បារម្ភ​ខ្លាំង​នៅ​ពេល​បោះឆ្នោត​ប្រធានាធិបតី​បារាំង​ខាងមុខ

media  
វេទិការប្រចាំ​ឆ្នាំ​លើក​ទី ៩ ស្តីពី​​សន្តិសុខ​ព័ត៌មានវិទ្យា នៅ​ទីក្រុង Lille ​ប្រទេស​បារាំង។ ©fic

អ្នកជំនាញ​ផ្នែក​សន្តិសុខ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ បាន​ជួបជុំ​គ្នា​ធ្វើ​សន្និសីទ​មួយ ​រយៈពេល​២ថ្ងៃ ​ចាប់​ពី​ថ្ងៃ​អង្គារ ​ទី​២៤​មករា​ម្សិលមិញ ​នៅ​ទីក្រុង​លីល ​ភាគ​ខាងជើង​ប្រទេស​បារាំង ​ ដើម្បី​ផ្លាស់​ប្តូរ​យោបល់ ​និង​បទពិសោធន៍​គ្នា ​ជុំវិញ​ការ​គំរាម​កំហែង ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន។ ការ​បោះឆ្នោត​ប្រធានាធិបតី​បារាំង ​នៅ​រវាង​ខែ​មេសា ​និង​ឧសភា​ខាងមុខ​នេះ ​ កំពុង​ត្រូវ​បាន​គេ​ព្រួយ​បារម្ភ​ជាខ្លាំង ​ ដោយសារ​តែ​គេ​បាន​ឃើញ​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​សហរដ្ឋ​អាមេរិក​ បាន​ទទួលរង​ការ​ចូល​មក​វាយ​ប្រហារ​ពី​សំណាក់ ​ចោរ​ព័ត៌មានវិទ្យា ​ដែល​មាន​ប្រភព​នៅ​រុស្ស៊ី។

លោក ​Guillaume Billois ​អ្នក​ទទួល​បន្ទុក​ការិយាល័យ​ប្រឹក្សាយោបល់ Waveston ​បាន​មាន​ប្រសាសន៍​ថា ​ពិភពលោក​បច្ចុប្បន្ន​នេះ ​កំពុង​ស្ថិត​ក្នុង​បរិបទ​សង្រ្គាម​ត្រជាក់ ​ផ្នែក​ព័ត៌មានវិទ្យា។ លោក​ថ្លែង​បែប​នេះ ​ ក្នុង​ឱកាស​សន្និសីទ​ប្រចាំ​ឆ្នាំ​ ស្តីពី​សន្តិសុខ​ប្រព័ន្ធ​ព័ត៌មានវិទ្យា ​ ដែល​កំពុង​តែ​ប្រព្រឹត្តិ​ធ្វើ​ទៅ ​ នៅ​ទីក្រុង​លីល​ ភាគ​ខាងជើង​ប្រទេស​បារាំង។ សន្និសីទ​នេះ ​មាន​ការ​ចូលរួម ​ពី​មន្ត្រី​ទី​ភ្នាក់ងារ​ជាតិ​បារាំង ​ទទួល​បន្ទុក​សន្តិសុខ​ប្រព័ន្ធ​ព័ត៌មានវិទ្យា ​និង​អ្នក​ជំនាញ​ផ្នែក​នេះ ​ក្នុង​វិស័យ​ឯកជន​ ជាច្រើន​ចូលរួម។

 
លោក ​Guillaume Billois ​បន្ត​ថា ​ប្រព័ន្ធ​បោះឆ្នោត​របស់​បារាំង ​អាច​នឹង​ក្លាយ​ជា​ជន​រងគ្រោះ បើ​សិន​ជា​យើង​គ្មាន​ការ​ប្រុង​ប្រយ័ត្ន។ លោក​ថ្លែង​បែប​នេះ ​ ដោយ​យោង​ទៅ​លើ​បទ​ពិសោធន៍​របស់​សហរដ្ឋ​អាមេរិក​ថ្មីៗ​នេះ​ ដែល​ត្រូវ​បាន​ចោរ​ព័ត៌មានវិទ្យា ​មាន​ប្រភព​នៅ​រុស្ស៊ី​ ចូល​ទៅ​លួច​ទិន្និន័យ ​ហើយ​រំខាន​ដល់​ដំណើរការ​បោះឆ្នោត​ប្រធានាធិបតី។

ទាក់ទិន​នឹង​ចំណុច​ខ្សោយ ​នៃ​ប្រព័ន្ធ​បោះឆ្នោត​បារាំង ​អ្នក​ជំនាញ​បាន​លើក​ឡើង​ថា ​ បញ្ជីរ​ឈ្មោះ​អ្នក​បោះឆ្នោត​នៅ​បារាំង ​សុទ្ធតែ​ជា​បញ្ជីរ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ ហើយ​គ្រប់គ្រង​ដោយ​សាលាឃុំ​សង្កាត់​នីមួយ។ ដូច្នេះ​ ​បញ្ជីរ​ទាំង​នោះ​ អាច​មិនមាន​ប្រព័ន្ធ​ការពារ​រឹងមាំ​ទេ។ ពួក​ចោរ​ព័ត៌មានវិទ្យា ​អាច​ចូលទៅ​បំផ្លាញ ​បាន​យ៉ាង​ងាយ។ មួយវិញ​ទៀត ​ម៉ាស៊ីន​ បោះឆ្នោត​ស្វ័យប្រវត្តិ​ ដែល​ដាក់​ឲ្យប្រើ ​នៅតាម​តំបន់​មួយ​ចំនួន​នៅ​បារាំង ​ក៏អាច​នឹង​ត្រូវ​គេ​ចូល​ទៅ​បំផ្លាញ​ដែរ។

ប៉ុន្តែ​សម្រាប់​អ្នក​ជំនាញ​មក​ពី​អង្គការ​ដើម្បី​សន្តិសុខ​អឺរ៉ុប ​ហៅកាត់​ថា ​OSCE ​ដែល​មាន​វត្តមាន​ក្នុង​ឱកាស​នេះដែរ​ បាន​លើក​ឡើង​ថា ​ អ្វី​ដែល​គួរ​ព្រួយបារម្ភ ​គឺ​មិនមែន​ដំណើរ​ការ​បោះឆ្នោត​ទេ ​តែ​គឺ​គណនី​សារអ៊ីមែល ​និង​ឯកសារ​សំងាត់​នានា ​របស់​គណបក្ស​ ក៏ដូចជា​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ទៅ​វិញ​ទេ ​ ដែល​ងាយ​រងគ្រោះ។ ចោរព័ត៌មានវិទ្យា​ អាច​ចូល​ទៅ​លួច ​ដើម្បី​ធ្វើ​ឲ្យ​បែក​ធ្លាយ ​ បង្ក​ជា​រឿង​អាស្រូវ​ប៉ះពាល់​បេក្ខជន ​និង​គណបក្ស​នយោបាយ​បារាំង  ​ដែល​ប្រការ​នេះ ​ គឺ​វា​នឹង​ជះ​ឥទ្ធិពល ​ទៅ​លើ​ដំណើរ​ការ​បោះឆ្នោត ​ ដូច​ក្នុង​ករណី​នៅ​សហរដ្ឋ​អាមេរិក។

សូម​បញ្ជាក់ថា ​នៅ​រវាង​ខែ​មេសា ​និង​ឧសភា ​ខាង​មុខ​នេះ ​នឹង​មាន​ការ​បោះឆ្នោត​ប្រធានាធិបតី​បារាំង។ មិនមែន​នៅ​តែ​បារាំង​ទេ ​ ដែល​គេ​នាំ​គ្នា​បារម្ភ​ ខ្លាចក្រែង​ រដ្ឋាភិបាល​រុស្ស៊ី​បញ្ជរ​ឲ្យ​ចោរ​ព័ត៌មានវិទ្យា ​មក​រំខាន​ការ​បោះឆ្នោត។ ការ​បារម្ភ​មាន​កាន់​តែ​ខ្លាំង​នៅ​អាល្លឺម៉ង់ ​នេះ​បើ​តាម​យោបល់ ​លោក​Garry Kasparov ​សកម្មជន​គណបក្ស​ប្រឆាំង​ម្នាក់​នៅ​រុស្ស៊ី។ ជាមួយនឹង​ការ​បោះឆ្នោត​សភា​អាល្លឺម៉ង់ ​នៅ​ខែ​កញ្ញា​ឆ្នាំ​២០១៧​នេះ ​លោកស្រី ​អង់ហ្គេឡា មែរគែល ​ក៏អាច​នឹង​ក្លាយ​ជា​ជន​រងគ្រោះ​ ដោយ​អំពើ​របស់​ចារកិច្ច​ព័ត៌មានវិទ្យា​រុស្ស៊ី​ដែរ ​ហើយ​គេ​ជឿថា​ រដ្ឋាភិបាល​ពូទីន ​នឹង​ធ្វើ​គ្រប់​យ៉ាង ​ដើម្បី​ឲ្យ​លោកស្រី​មែរគែល​ ចាញ់​ឆ្នោត៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ