អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ស្វែងយល់​ពី​ចលនា​បាតុកម្ម​ប្រឆាំង​អ៊ីស្លាម នៅ​អាល្លឺម៉ង់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទំហំ​បាតុកម្ម​ប្រឆាំង​អ៊ីស្លាម ដែល​ចេញ​មក​ពី​គំនិត​ផ្តួចផ្តើម​របស់​ក្រុមណាហ្សី​ថ្មី និង​ក្រុមស្តាំ​និយម​ជ្រុល កាន់តែ​រីកធំ​ឡើងៗ នៅ​ភាគខាងកើត​អាល្លឺម៉ង់។ កាលពី​ថ្ងៃ ចន្ទ Pegida ដែល​ជា​ចលនា​ជន​រួមជាតិ អឺរ៉ុប​ដើម្បី​ប្រឆាំង​នឹង​អ៊ីស្លាម​ប្រទេស​លោក​ខាង​លិច ប្រមូល​បាន​មនុស្ស ជាង ១ម៉ឺន ៧ពាន់​នាក់ នៅក្នុង​បាតុកម្ម​លើក​ទី ១០ របស់ខ្លួន។ នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ដែល​នៅ​ដិតដាម​នៅឡើយ ដោយ​ប្រវត្តិ​អតីតកាល រើសអើស​ប្រកាន់ពូជសាសន៍​របស់​ពួក​ណាហ្សី ទៅលើ​ជនជាតិ​ជ្វីហ្វ រហូត​មាន​កាប់សម្លាប់​មនុស្ស​រាប់លាន​នាក់ ចលនា ឬ​និន្នាការ​ស្អប់​ជន​បរទេស​នៅពេល​បច្ចុប្បន្ន គឺ​ជារឿង​រសើប និង​បង្ក​ឲ្យ​មាន​ការព្រួយបារម្ភ សម្រាប់​ប្រជាជន និង​ថ្នាក់ដឹកនាំ​អាល្លឺម៉ង់។

បាតុកម្ម​ប្រឆាំង​អ៊ីស្លាម និង​ជនបរទេស​ទាក់ទាញ​មនុស្ស​១ម៉ឺន ៧ពាន់នាក់ កាលពីថ្ងៃ​ចន្ទ ទី ២២​ធ្នូ
បាតុកម្ម​ប្រឆាំង​អ៊ីស្លាម និង​ជនបរទេស​ទាក់ទាញ​មនុស្ស​១ម៉ឺន ៧ពាន់នាក់ កាលពីថ្ងៃ​ចន្ទ ទី ២២​ធ្នូ ©REUTERS/Hannibal Hanschke
ផ្សាយពាណិជ្ជកម្ម

បាតុកម្ម​ប្រឆាំង​អ៊ីស្លាម​មាន​ទំហំ​កាន់តែ​ធំឡើង​នៅក្នុង​ប្រទេស​អាល្លឺម៉ង់។ បាតុកម្ម​នេះ​ដែល​ចាប់ផ្តើម​ដំបូង នៅ​ខែ​តុលា និង​រៀបចំ​រៀងរាល់​ថ្ងៃ​ចន្ទ បាន​ទាក់ទាញ​អ្នកគាំទ្រ ជាច្រើន​រយនាក់ ពី​មួយ​លើក​ទៅ មួយ​លើក។ ចលនា​ដឹកនាំ​បាតុកម្ម​មិន​បាន​ជ្រើសរើស​ថ្ងៃ​ដោយ​ចៃដន្យ សម្រាប់​ធ្វើ​បាតុកម្ម​តវ៉ា​របស់ខ្លួន។ ថ្ងៃ​ចន្ទ​ជា​ថ្ងៃ​និមិត្តរូប នៃ​ការប្រមូល​ផ្តុំ​របស់​ប្រជាជន​អាល្លឺម៉ង់ ដើម្បី ផ្តួល​រំលំ ជញ្ជាំង​ប៊ែឡាំង កាលពី​២៨​ឆ្នាំមុន។

 
ថ្វីត្បិត​តែ​ចលនា​បាតុកម្ម​ប្រឆាំង​អ៊ីស្លាម ចាប់ផ្តើម​កើត​មាន​ជា​បន្តបន្ទាប់ នៅ​តាម​ទីក្រុង​ធំៗ​នានា​របស់​អាល្លឺម៉ង់ ដូចជា​ប៊ែរឡាំង បូន ជាដើម ប៉ុន្តែ បាតុកម្ម​ធំ និង​ចាប់ផ្តើម​ដំបូង​ចេញ​ពី​ទីក្រុង​Dresde ដែល​ស្ថិតនៅ​ភាគខាង​កើត​ប្រទេស​អាល្លឺម៉ង់។ នៅក្នុង​ទីក្រុង​ Dresde ដែល​ប្រជាជន​បរទេស​មាន​ចំនួន​តែ ២ភាគរយ ចំណែក​អ្នកកាន់​សាសនា​អ៊ីស្លាម​មាន​តិចបំផុត មិនដល់​០,១​ភាគរយ​ផងនោះ បាតុកម្ម​ប្រឆាំង​អ៊ីស្លាម និង​ប្រឆាំង​ជនបរទេស ត្រូវ​បាន​ចាត់ទុក​ជា​រឿង​ធម្មតា មិន​ប្លែក​ភ្នែក​សម្រាប់​ប្រជាជន​អាល្លឺម៉ង់ រស់នៅ ក្នុង​ទីក្រុង​មួយនេះ។

ដោយ​មាន​ការគាំទ្រ​ពី​ខាង​គណបក្ស​ស្អប់អឺរ៉ុប មហា​បាតុកម្ម ដែល​ផ្តួចផ្តើម​គំនិត​ដោយ​ចលនា Pegida បាន​ទាក់ទាញ​កាន់តែខ្លាំង ក្រុមជ្រុលនិយម មិន​ថា ក្រុម​ណាហ្ស៊ី​ថ្មី ឬ​ប្រជាជន​អាល្លឺម៉ង់​ដែល​ចង់​ឲ្យ​អាល្លឺម៉ង់​ដើរ​ចេញ​ពី​តំបន់​ចាយប្រាក់​អឺរ៉ូ។ នៅលើ​​ផ្ទាំង​បដា ឬក្នុង​សារ​ថ្លែង​ទៅកាន់​អ្នកគាំទ្រ ចលនា​ Pegida​បាន​បញ្ជាក់​យ៉ាងច្បាស់​ពីការ​ទាមទារ​របស់​ពួកគេ។ នោះ គឺ​ប្រឆាំង​មិន​ឲ្យ​មាន​សាសនា​អ៊ីស្លាម​នៅ អាល្លឺម៉ង់ ប្រឆាំង​មិន​ឲ្យ​មាន​ក្រុមជីហាត ឬ​ជនបរទេស​ដែល​នៅ​តែ​ចង់​រក្សា​អត្តសញ្ញាណ​របស់ខ្លួន និង​ដែល​បដិសេធ​មិន​ចង់​បញ្ចូល​ខ្លួន​ក្នុង​សង្គម​អាល្លឺម៉ង់។ ក្រុមមនុស្ស​ដែល​ជា​ផ្ទាំងស៊ីប​របស់​ចលនា​ Pegida គឺ​ប្រជាជន​អ៊ីស្លាម ជនបរទេស អ្នកនយោបាយ​ដើម្បី​ចម្រុះវប្បធម៌ និង​អ្នកកាសែត ដែល​ក្រុម​នេះ​ចាត់ទុក​ថា អ្នកកុហក​បោកប្រាស់​ប្រជាជន​អាល្លឺម៉ង់។

នៅ​ទន្ទឹម​នឹង​ការរៀបចំ​បាតុកម្ម​ប្រឆាំង​អ៊ីស្លាម និង​ជនបរទេស ប៉ូលិស​អាល្លឺម៉ង់​បាន​កត់សំគាល់​ឃើញ​ដែរ​ថា ចំនួន​វាយប្រហារ​ទៅលើ​កន្លែង​ស្នាក់នៅ​របស់​ជនបរទេស មាន​កាន់តែ​ច្រើនឡើងៗ។ ក្នុង​រយៈពេល​តែ ៩​ខែ ប៉ូលិស​ចាប់​ឃាត់​បាន​គម្រោង​ដុត​ផ្ទះសម្បែង​របស់​ជនបរទេស​ចំនួន ៨៦​ករណី។ រូបសញ្ញា​ខ្វែង​ហ៊ីត្លែរ​ដែលត្រូវ​គេ​លួច​គូរ​នៅ​មុខផ្ទះ​ក្នុង​ទីក្រុង​បាន​កើនឡើង​ពី​២០​កន្លែង នៅ​ឆ្នាំ ២០១២ ទៅ ដល់​៥៨​កន្លែង នៅ​ឆ្នាំ ២០១៣។

សម្រាប់​អ្នកស្រាវជ្រាវ​អាល្លឺម៉ង់ នៅ​សកលវិទ្យាល័យ Düsseldorf អ្វី​ដែល​ថ្មី និង​គួរ​ឲ្យ​ភ្ញាក់ផ្អើល គឺ​ប្រជាជន​អាល្លឺម៉ង់ ដែល​មិនធ្លាប់​គាំទ្រ​សកម្មភាព​ជ្រុលនិយម​របស់​​ក្រុមណាហ្ស៊ី​ថ្មី សោះពីមុនមក បែរ​ជា មកចូល ជាមួយ​ក្រុមនេះ នៅក្នុង​បាតុកម្ម​ស្អប់​ជនបរទេស នៅ​ពេលនេះ ​ទៅវិញ។ ដូច្នេះ អ្វី​ដែល​ធ្វើ​ឲ្យ​គេ​បារម្ភ គឺ​មិនមែន​ចលនា​ស្អប់អ៊ីស្លាម​របស់​ក្រុម​ស្តាំ​ជ្រុលនិយម ឬ​ក្រុម​ណាហ្ស៊ី​ថ្មី​ទេ ប៉ុន្តែ ការជឿលង់ និង​ការផ្តល់​តម្លៃ​របស់​ប្រជាជន​អាល្លឺម៉ង់ ទៅលើ​ក្រុមស្តាំ​និយម​ជ្រុល។ ការទាក់ទាញ​ប្រជាជន​​ដ៏​ជោគជ័យ​របស់​ក្រុមនេះ ធ្វើ​ឲ្យ​គេ​បារម្ភ​ខ្លាំង​នៅ​អាល្លឺម៉ង់ ព្រោះ​វា​បានធ្វើ​ឲ្យ​គេ​នឹក​ទៅដល់​ចលនា​ស្អប់​របស់​ប្រជាជន​អាល្លឺម៉ង់ ដែល​អូសទាញ​ដោយ​ក្រុមណាហ្ស៊ី ដែល​ចុងក្រោយ បាន​បង្ក​ឲ្យ​មាន​ការស្អប់ រើសអើង​ប្រកាន់ពូជសាសន៍ និង​សម្លាប់​ជនជាតិ​ជ្វីហ្វ នៅ​ក្នុង​សង្រ្គាម​លោក​លើក​ទីពីរ។

តាម​ប្រជាជន​អាល្លឺម៉ង់​ដែល​ចូលរួម​នៅក្នុង​បាតុកម្ម ប្រឆាំង​អ៊ីស្លាម ពួកគេ​ចូលរួម​ធ្វើបាតុកម្ម ព្រោះ​ពួកគេ មិន​ពេញចិត្ត​នយោបាយ​របស់​រដ្ឋាភិបាល និង​នឿយណាយ​នឹង​បង់ពន្ធ ច្រើន ដែល​ក្រោយ​មក​ត្រូវ​រដ្ឋ​យក​ទៅ​ចាយ​មិនត្រឹមត្រូវ​លើ​ក្រុម​ជនបរទេស។ អ្នកខ្លះ​ទៀត និយាយ​ថា ពួកគេ​ចូលរួម​ក្នុង​​បាតុកម្ម​ប្រឆាំង​អ៊ីស្លាម ព្រោះ​តែ​គិត​ដល់​អនាគត​ផលប្រយោជន៍ កូនចៅ​របស់ពួកគេ ដែល​នឹង​អាច​គំរាម​កំហែង​ដោយសារ​តែ​នយោបាយ​ទទួល​ជនបរទេស​ច្រើន​របស់​រដ្ឋាភិបាល។ មេដឹកនាំ​បាតុកម្ម​ប្រឆាំង​អ៊ីស្លាម តាមពិត​គ្មាន​អ្នកណា​ក្រៅពី​លោក Lutz Bachmann ដែល​ធ្លាប់​ត្រូវ​តុលាការ​អាល្លឺម៉ង់​ផ្តន្ទាទោស និង​ជាប់គុក​ជាច្រើន​ដង ដោយសារ​បទល្មើស​ផ្សេងៗ។ ប៉ុន្តែ សម្រាប់​បាតុករ បើទោះបី​ជា​មេដឹកនាំ​ចលនា​Pegida មាន​ប្រវត្តិ​មិនស្អាតស្អំ ប៉ុន្តែ គំនិត​ប្រឆាំង​មិន​ឲ្យ​មាន​ជនបរទេស សោះ​នៅ​អាល្លឺម៉ង់​របស់​លោក​ Lutz Bachmann អាច​ជា ជួង​ដាស់​ស្មារតី រដ្ឋាភិបាល ឲ្យ​គិតគូរ​ឡើង​វិញ​ពី​នយោបាយ​ទទួល​ជនបរទេស។

អាល្លឺម៉ង់ ដែល​ជា​ប្រទេស​គំរូ​សេដ្ឋកិច្ច​ល្អ​លេខមួយ នៅ​ក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ បាន​ទាក់ទាញ​ជនបរទេស​កាន់តែច្រើន។ នៅ​ឆ្នាំ ២០១៣ អាល្លឺម៉ង់ មាន​ជនបរទេស​ប្រមាណ ៧,៦​លាន​នាក់ ក្នុង​ចំណោម​ប្រជាជន​សរុប ៨១​លាននាក់។ ទាំង​រដ្ឋាភិបាល និង​ក្រុម​ម្ចាស់​ក្រុមហ៊ុន​រោងចក្រ​ឧស្សាហកម្ម​គាំទ្រ​នយោបាយ​ទទួល​ជនភៀសខ្លួន និង​ជនបរទេស ដែល​ចង់​ទៅ​ចូលរស់នៅក្នុង​ប្រទេស​អាល្លឺម៉ង់។ ទាក់ទង​នឹង​បាតុកម្ម​ប្រឆាំង​អ៊ីស្លាម​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ លោកស្រី​អង់គែឡា ម៉ែរគែល​ធ្លាប់​បាន​និយាយ​ថា អាល្លឺម៉ង់​គ្មាន​កន្លែង​សម្រាប់​ក្រុម​ដែល​ញុះញង់​ឲ្យ​មាន​ការស្អប់ និង​ការមួលបង្កាច់​នោះទេ។ ចំណែក​អ្នកតំណាង​របស់​បណ្តា​​ក្រុមហ៊ុន វិញ បាន​និយាយ​ថា អាល្លឺម៉ង់ ដែល​មាន​ប្រជាជន​កាន់តែ​ចាស់ និង​នៅតែ​ត្រូវការ​ជនបរទេស ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​​អាល្លឺម៉ង់ ឲ្យ​នៅ​ឈាន​មុខ​គេ នៅ​សហភាព​អឺរ៉ុប៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ