អានតួអត្ថបទ
បារាំង-សហរដ្ឋអាមេរិក

ជំហរ​ដ៏​ស្មុគស្មាញ​របស់​បារាំង ដែល​ស្ថិតនៅ​ចន្លោះ​អាមេរិក និង​រុស្ស៊ី

នៅ​១០​ថ្ងៃ​ក្រោយ​ភេរវកម្ម​ក្នុង​ក្រុង​ប៉ារីស ដែល​បាន​សម្លាប់​មនុស្ស​១៣០​នាក់ ប្រធានាធិបតី​បារាំង លោក​ហ្វ្រង់ស័រ ហូឡង់​បាន​ផ្តើម​យុទ្ធនាការ​ការទូត បញ្ចុះបញ្ចូល​ប្រទេស​ដទៃ​ឲ្យ​ចូលរួម​ការវាយប្រហារ​ទៅលើ​ក្រុមជីហាត​អង្គការរដ្ឋអ៊ីស្លាម​នៅ​ស៊ីរី ដែល​ទទួល​ខុសត្រូវ​លើ​ភេរវកម្ម​ក្នុង​ក្រុង​ប៉ារីស។ នៅថ្ងៃ​អង្គារ ទី ២៤ វិច្ឆិកា លោក​ប្រធានាធិបតី​បារាំង ត្រូវ​ធ្វើដំណើរ​ទៅ​ជួប​លោក​អូបាម៉ា នៅ​ទីក្រុង​វ៉ាស៊ីនតោន មុន​នឹង​ទៅ​ជួប​លោក​ប្រធានាធិបតី​រុស្ស៊ី នៅ​ទីក្រុង​ម៉ូស្គូ នៅ​ថ្ងៃ​ព្រហស្បតិ៍។

ប្រធានាធិបតី អាមេរិក លោក​អូបាម៉ា លោក​ពូទីន និង​លោក​ប្រធានាធិបតីបារាំង ហ្រ្វង់ស័រ ​ហូឡង់  (រូបបណ្ណសារ)
ប្រធានាធិបតី អាមេរិក លោក​អូបាម៉ា លោក​ពូទីន និង​លោក​ប្រធានាធិបតីបារាំង ហ្រ្វង់ស័រ ​ហូឡង់ (រូបបណ្ណសារ) ©Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​១០​ថ្ងៃ​ក្រោយ​ប៉ារីស​រងគ្រោះ​ដោយ​ភេរវកម្ម​របស់​ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម បារាំង បាន​សម្រុក​ធ្វើ​យុទ្ធនាការ មិនថា ការទូត នយោបាយ ហើយ​នឹង​យោធា ដើម្បី​ប្រយុទ្ធ​ប្រឆាំង សងសឹក​នឹង​ក្រុមភេរវនិយម ដែល​មានទីតាំង​ក្នុង​ប្រទេស​ស៊ីរី។ កាល​ពីថ្ងៃ​ចន្ទ​ម្សិលមិញ លោក​ប្រធានាធិបតី បារាំង​ទទួល​ជួប​លោក​នាយក​រដ្ឋមន្រ្តី អង់គ្លេស ដាវីដ កាមឺរូន ដែល​បាន​ប្រកាស​គាំទ្រ​ប្រតិបត្តិការ​សម្រុក​វាយប្រហារ​របស់​បារាំង ទៅលើ​ក្រុមជីហាត​នៅ​ប្រទេស​ស៊ីរី។ នៅថ្ងៃ​អង្គារ លោក​ប្រធានាធិបតី​បារាំង ផ្តើម​ទស្សនកិច្ច​នៅបរទេស ដោយ​ធ្វើ​ដំណើរ​ទៅ​ជួប​លោក​អូបាម៉ា នៅថ្ងៃ​អង្គា នៅ​ទីក្រុង​វ៉ាស៊ីនតោន។ បន្ទាប់មក នៅថ្ងៃ​ពុធ លោក​ប្រធានាធិបតី​បារាំង ត្រូវ​ជួប​ទទួល​បាយ លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ នៅ​ទីក្រុង​ប៉ារីស មុន​នឹង​ធ្វើដំណើរ​បន្តទៀត នៅថ្ងៃ​ព្រហស្បតិ៍ ទៅ​ទីក្រុង​ម៉ូស្គូ ទៅ​ជួប​លោក​ប្រធានាធិបតី​ពូទីន។

 
ថ្ងៃ​អាទិត្យ នៅ​មួយ​ថ្ងៃ​មុន​ប៉ារីស​ទទួល​បើក​សន្និសីទ​អន្តរជាតិ​ស្តី​ពី​អាកាសធាតុ លោក​ប្រធានាធិបតី​ហូឡង់ ត្រូវ​ទទួល​លោក​បាន គីមូន ហើយ​និង​ជួប​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង ដែល​ទើប​និយាយ​ថ្កោលទោស ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម នៅក្រោយ​ក្រុមនេះ​ប្រហារជីវិត​ជនជាតិ​ចិន នៅ​សប្តាហ៍មុន។ លោក​ហ្វ្រង់ស័រ ហូឡង់ កំពុង​តែ​ដើរ​បញ្ចុះ​បញ្ចូល ប្រទេស​សមាជិក​អចិន្ត្រៃយ៍​ទាំង ៥​របស់​ក្រុមប្រឹក្សា​សន្តិសុខ អង្គការ​សហប្រជាជាតិ មិនថា អាមេរិក រុស្ស៊ី ចិន អង់គ្លេស ឲ្យ​ចូលរួម​ក្នុង​សម្ព័ន្ធ​អន្តរជាតិ​តែ​មួយ ដែល​បារាំង​បាន​ស្នើ​បង្កើតឡើង ដើម្បី​វាយប្រហារ​ទៅលើ​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។

ទស្សនកិច្ច​ដ៏​ស្មុគស្មាញ​របស់​លោកហូឡង់ នៅ​អាមេរិក
ទំនាក់ទំនង​បារាំង និង​សហរដ្ឋអាមេរិក​មិន​សូវ​ជា​ល្អូកល្អឺន​ប៉ុន្មាន ដោយសារ​តែ​បារាំង​បាន​ខកចិត្ត​នឹង​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា​ក្នុង​វិបត្តិ​ស៊ីរី។ នៅ​ឆ្នាំ ២០១៣ បារាំង​បាន​ត្រៀម​រួចហើយ យន្តហោះ​ចម្បាំង​ដើម្បី​ត្រៀម​ចូលរួម​ជាមួយ​អាមេរិក វាយប្រហារ​លើ​ទ័ព​រដ្ឋាភិបាល​ស៊ីរី ប៉ុន្តែ លោក​អូបាម៉ា បាន​ប្តូរ​ចិត្ត លែង​វាយប្រហារ​ទៅលើ​រដ្ឋាភិបាល​ស៊ីរី បើទោះបី​ជា​រដ្ឋាភិបាល​ស៊ីរី ​បាន​ប្រើ​អាវុធ​គីមី រំលោភ​ខ្សែក្រហម ដាក់​ដោយ​លោក​អូបាម៉ា​ក៏ដោយ។

នៅ​ក្នុង​ជំនួប​រយៈពេល​ខ្លី​ជាមួយ​លោក​ប្រធានាធិបតី​ អូបាម៉ា នៅថ្ងៃ​អង្គារ លោក​ប្រធានាធិបតី​បារាំង ចង់​ឲ្យ​អាមេរិក​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ក្នុង​រូបភាព​បី។ ទីមួយ គឺ អាមេរិក​ត្រូវ​បង្កើន​ការវាយប្រហារ​ទៅលើ​ចលនា​ជីហាត។ ទីពីរ គឺ​ពង្រឹង​ការគាំទ្រ​ក្រុមទាហាន​ប្រឆាំង​ស៊ីរី សេរី និង​ទី៣ គឺ​រឹតបន្តឹង​ការត្រួតពិនិត្យ​កុំ​ឲ្យ​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម អាច​លក់​ប្រេង ឬ​ទទួល​បាន​លុយ​ពី​ខាងក្រៅ ដើម្បី​យក​ទៅ​ធ្វើ​សង្រ្គាម។

សព្វថ្ងៃនេះ អាមេរិក​កំពុង​តែ​ដឹកនាំ ប្រតិបត្តិការ​វាយប្រហារ​ទៅលើ​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅស៊ីរី សកម្មភាព​របស់​អាមេរិក​មិនសូវ​ពុះកញ្ច្រោល​ណាស់ណា​ទេ។ ដោយសារ​នយោបាយ​រារែក​មិនធ្វើ​សង្រ្គាម​របស់​លោក​អូបាម៉ា នៅ​តំបន់​ដើមបូព៌ា អាមេរិក​បញ្ជូន​យន្តហោះ​ចម្បាំង តែ​ពី​១០​ទៅ ១៥​ជើង​ប៉ុណ្ណោះ ក្នុងមួយ​ថ្ងៃ ដើម្បី​ទៅ​ទម្លាក់​គ្រាប់បែក​លើ​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ក្នុង​ប្រទេស​ស៊ីរី។ ចំនួន​នេះ​គឺ​តិច​ណាស់ បើប្រៀបធៀប​នឹង​បេសកកម្ម​របស់​អង្គការ​អូតង់ នៅ​កូសូវ៉ូ ឬសង្រ្គាម​ឈ្លានពាន​អាហ្វហ្កានីស្ថាន ដែល​នៅទីនោះ​អាមេរិក​បាន​បញ្ជូន​យន្តហោះ​ចម្បាំង ឲ្យ​ទៅ​ទម្លាក់​គ្រាប់បែក យ៉ាងតិច ១១០​លើក នៅ​ក្នុង​មួយថ្ងៃៗ។
អាមេរិក​មិនសប្បាយចិត្ត ដែល​ឃើញ​បារាំង​សហការ​ជាមួយ​រុស្ស៊ី
មុន​នឹង​ចេញ​ដំណើរ​ទៅ​ជួប​លោក​ប្រធានាធិបតី​អាមេរិក លោក​ហ្វ្រង់ស័រ ហូឡង់ បាន​កែ ជំហរ​របស់ខ្លួន​បន្តិច​មកវិញ ​នៅក្នុង​រឿង​សហការ​ជាមួយ​រុស្ស៊ី ដើម្បី​វាយប្រហារ​ទៅលើ​ក្រុមជីហាត។ វិមាន​ប្រធានាធិបតី​បារាំង បាន​ប្តូរជំហរ ដោយ​លែង​ប្រើ​ពាក្យ​សហប្រតិបត្តិការ​ជាមួយ​រុស្ស៊ី ប៉ុន្តែ គ្រាន់​តែ ទាក់ទង ដោះដូរ​ព័ត៌មាន​គ្នា​ជាមួយ​រុស្ស៊ី តែ​ប៉ុណ្ណោះ។

ជំហរ​របស់​បារាំង​ដែល​ចង់​សហការ​ជាមួយ​រុស្ស៊ី បាន​ធ្វើ​ឲ្យ​អាមេរិក​កើត​ផល​រមាស់។ សម្រាប់​អាមេរិក បារាំង​កំពុង​ធ្លាក់​ចូល​ក្នុង​អន្ទាក់​របស់​រុស្ស៊ី ដែល​តាមពិត​កំពុង​យក​បញ្ហា​ស៊ីរី មក​បិទ​បាំង ធ្វើ​ឲ្យ​គេ​ភ្លេច ពី​មហិច្ឆតា​រុស្ស៊ី​ក្នុង​វិបត្តិ​អ៊ុយក្រែន នោះទេ។ ម្យ៉ាងទៀត រុស្ស៊ី គឺ​ជា​សម្ព័ន្ធមិត្ត​របស់​ប្រធានាធិបតី​បាស្ហា អាល់​អាសាដ។ លោកអូបាម៉ា ​បាន​បញ្ជាក់​ជាថ្មី នៅ​ប្រទេស​ម៉ាឡេស៊ី​ថា អាមេរិក​តែ​ចាត់ទុក​ការចុះចេញ​ពីអំណាច​របស់​បាស្ហា អាល់អាសាដ ជា​អាទិភាព។ លោក​អូបាម៉ា​នៅ បាន​និយាយ​បិទ​ផ្លូវ​មុនដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​បារាំង ថា លោក​ប្រធានាធិបតី​បារាំង​ផ្ទាល់​ក៏យល់ស្រប​ជាមួយ​អាមេរិក​ដែរ ដែល​ថា ដរាបណា លោកបាស្ហា អាល់អាសាដ នៅ​កាន់អំណាច​នៅ​ស៊ីរី នោះ អាមេរិក​មិនអាច​រារាំង ក្រុមប្រឆាំង កាន់អាវុធ​ប្រយុទ្ធ​នឹង​រដ្ឋាភិបាល​ស៊ីរីនោះ​ទេ។ អាមេរិក ទាមទារ​ឲ្យ​ចុះចេញ​ពីតំណែង ដើម្បី​អាច​បិទបញ្ចប់​វិបត្តិ​សង្រ្គាម​ស៊ីវិល​នៅ​ស៊ីរី។

លោក​ប្រធានាធិបតី​បារាំង​ចង់​បង្រួបបង្រួម​អាមេរិក និង​រុស្ស៊ី​ឲ្យ​ចូលក្នុង​សម្ព័ន្ធអន្តរជាតិ​តែមួយ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត
ទស្សនកិច្ច​របស់​លោកប្រធានាធិបតី​បារាំង​ នៅ​បរទេស ត្រូវ​បាន​គេ​មើលឃើញ​ថា ស្មុគស្មាញ​ព្រោះថា លោក​ហ្វ្រង់ស័រ ហូឡង់ ចង់​ឲ្យ​បារាំង ធ្វើ​ជាអ្នកសម្របសម្រួល ឲ្យ​មាន​ការបង្កើត​សម្ព័ន្ធអន្តរជាតិ​រួម​មួយ ដើម្បី​ប្រយុទ្ធប្រឆាំង នឹង​ក្រុមជីហាត ប៉ុន្តែ ប្រទេស​នីមួយៗ​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ទ័ព​នៅ​ស៊ីរី មាន​គោលដៅ និង​ការសំឡឹង​ចង់បាន​មិន​ដូចគ្នា។

បារាំង​ដែល​រងគ្រោះ​ដោយសារ​អំពើភេរវកម្ម ចង់​បាន​តែ​មួយមុខគត់ គឺ​ចង់​ឲ្យ​អន្តរជាតិ​រួមគ្នា ដើម្បី​វាយបំផ្លាញ​ឲ្យ​ខ្ទេច​ក្រុម​ជីហាត អង្គការ​រដ្ឋអ៊ីស្លាម។ ប៉ុន្តែ ប្រទេស​ផ្សេង​គិត​ផ្សេង ចង់​បាន​ផ្សេង។ អាមេរិក​ការពារ​សម្ព័ន្ធមិត្ត​អារ៉ាប៊ី សាអូឌីត គ្រាន់តែ​ចង់​ប្រយុទ្ធ​ទប់ទល់​កុំ​ឲ្យ​ក្រុម​ជីហាត​ហៀរ​ចេញ​ពី​តំបន់​ដើមបូព៌ា។

អារ៉ាប៊ី សាអូឌីត កាតា និង​តួកគី​ដែល​ជា​សត្រូវ​របស់​រដ្ឋាភិបាល​ស៊ីរី ចង់​ឲ្យ​លោក​បាស្ហា អាល់អាសាដ ចុះ​ចេញពី​តំណែង។ ប្រទេស​ទាំងនេះ តាម​ពិតទៅ​មិនបាន​វាយប្រហារ​ខ្លាំង​ទៅលើ​ក្រុមជីហាត ទេ។ ក្រុមជីហាត កើត​ចេញ​ឡើង ដោយសារ​តែ​ជំនួយ​លុយ អាវុធ ពី​អារ៉ាប៊ី សាអូឌីត ឬ​កាតា ដែល​ចង់​ឃើញ​ក្រុមជីហាត ប្រយុទ្ធ​ផ្តួល​អំណាច​របស់​ប្រធានាធិបតី​ស៊ីរី។

ជា​រុស្ស៊ី ចាប់ផ្តើម​ទម្លាក់គ្រាប់បែក​លើ​ក្រុមរ៉ាកា ដែល​ជា​ទីតាំង​ក្បាលម៉ាស៊ីន​របស់​ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម ប៉ុន្តែ រុស្ស៊ី​ទើបតែ​ធ្វើ នៅក្រោយ​គេ​រកឃើញថា យន្តហោះ​រុស្ស៊ី ផ្ទុះធ្លាក់​នៅ​អេហ្ស៊ីប ផ្ទុះធ្លាក់​ដោយសារ​ស្នាដៃ​របស់​ក្រុមនេះ។ រហូត​មក​រុស្ស៊ី ត្រូវ​បាន​ប្រទេស​លោកខាងលិច​ចោទថា ទម្លាក់​គ្រាប់បែក​តែ​ទៅលើ​ក្រុមប្រឆាំង​ស៊ីរី ដើម្បី​ការពារ​អំណាច​របស់​លោក​ប្រធានាធិបតី​ស៊ីរីតែប៉ុណ្ណោះ។ នៅក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់​កាលពី​ថ្ងៃ​ចន្ទ នៅ​ទីក្រុង​តេហេរ៉ង់ លោក​ប្រធានាធិបតី​ពូទីន​បាន​បញ្ជាក់​ជាថ្មី ថា ប្រទេស​ខាងក្រៅ​មិនអាច​ទាមទារ​ឲ្យ​ប្រធានាធិបតី​ប្រទេស​មួយ​ចុះចេញ​ពីអំណាច​នោះទេ។ អ្វីៗ​គឺ​អាស្រ័យ​ទៅលើ​ឆន្ទៈ​របស់​ប្រជាជន​ម្ចាស់ស្រុក។ អ៊ីរ៉ង់​និយាយ​ថា ខ្លួន​កំពុង​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត តែ​អ៊ីរ៉ង់ មិន​ចង់​ឲ្យ​ក្រុមនេះ​រលាយ​សាបសូន្យ​នោះ​ទេ។ ព្រោះថា​អ៊ីរ៉ង់​នៅតែ​ចង់​ឲ្យ​ក្រុម​នេះ​មាន​វត្តមាន​ជានិច្ច នៅក្នុង​ទឹកដី​អ៊ីរ៉ាក់ ដើម្បី​កុំ​ឲ្យ​ប្រទេស​លោកខាងលិច ឬ​អារ៉ាប៊ី សាអូឌីត អាចមាន​អំណាច ឥទ្ធិពល​ច្រើន ទៅលើ​រដ្ឋាភិបាល​របស់​ប្រទេស​ជិតខាង​របស់​ខ្លួន​ដូចមុន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ