អានតួអត្ថបទ
បារាំង

អាជ្ញាធរ​បារាំង​កំពុង​វក់វី​រក​​យន្តហោះ​ដ្រូន​ដែល​ហោះ​ឆ្វែល​លើ​ទីតាំង​សំខាន់ៗ​ក្នុង​ក្រុង​ប៉ារីស

រដ្ឋធានី​ប៉ារីស​ត្រូវ​បាន​យន្តហោះ​ដ្រូន ដែល​គេ​មិន​ស្គាល់​ប្រភព ហោះ ឆ្វែល​ពី​លើ ២ យប់​ជាប់គ្នា នារាត្រី​ថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារ​ដើម​សប្តាហ៍នេះ។ ប៉ូលិស​បារាំង​កំពុង​បើក​ការស៊ើបអង្កេត ស្វែងរក​មុខ​អ្នកបញ្ជា​យន្តហោះ​ដ្រូន ដើម្បី​ចង់​ដឹង​ពី​គោលបំណង​របស់​ម្ចាស់​យន្តហោះដ្រូន។ នៅថ្ងៃ​ពុធ​ម្សិលមិញ ប៉ូលិស​បាន​ចាប់ឃាត់​ខ្លួន​អ្នកកាសែត​បីនាក់​របស់​ទូរទស្សន៍ អារ៉ាប់ Al Jazeera ដែល​បាន​បញ្ជា​យន្តហោះ​ដ្រូន​ថត​ព្រៃ​ក្បែរ​ក្រុង​ប៉ារីស។ តាម​ប៉ូលិស អ្នកកាសែត​ទាំងបី​គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​យន្តហោះ​ដ្រូន​ដែល​ហោះ​លើ​ក្រុង​ប៉ារីស កាលពី​​រាត្រី​ថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារទេ។ 

ប៉ារីស​នាពេល​រាត្រី
ប៉ារីស​នាពេល​រាត្រី ©REUTERS/Gonzalo Fuentes
ផ្សាយពាណិជ្ជកម្ម

យន្តហោះ​ដ្រូន គ្មាន​មនុស្ស​បើក បាន​ហោះ​ពី​លើ​រដ្ឋធានី​ប៉ារីស ពីរយប់​ជាប់គ្នា។ តាម​ប៉ូលិស​បារាំង នៅ​យប់​ថ្ងៃ​អង្គារ យន្តហោះ​ដ្រូន​បាន​ហោះ​យ៉ាង​តិច​៥ ដង ពី​លើ​ទីតាំង​សំខាន់ៗ​របស់​រដ្ឋធានី ដែល​មាន​តាំង​ពី​រដ្ឋសភា និង​នៅលើ​ទីប្រជុំជន​របស់​អ្នកទេសចរ ក្បែរ​អគារ​Tour Eiffel។ កាលពី​ថ្ងៃ​ចន្ទ វិមាន​ប្រធានាធិបតី​បារាំង និង​ស្ថានទូត​អាមេរិកាំងក្នុង​ទីក្រុង​ប៉ារីស ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ពីគ្នា​ប៉ុន្មាន ក៏​ត្រូវ​យន្តហោះ​ដ្រូន មិន​ស្គាល់​ប្រភព​ហោះឆ្វែល​ពី​លើ​ដែរ។ តាមប៉ូលិស គេ​អាច​ចាប់​សញ្ញា​យន្តហោះ​ដ្រូន ហោះ​លើ​ក្រុង​ប៉ារីស បាន​ដោយ​មកពី​មាន​វត្តមាន​របស់​យោធា និង​កងកម្លាំង​រក្សា​សន្តិសុខ​បារាំង ដែល​ត្រូវ​បាន​ពង្រាយ​ជាច្រើន​ម៉ឺននាក់ នៅក្នុង​ទីក្រុង​ប៉ារីស នៅក្រោយ​អំពើភេរវកម្ម របស់​ក្រុម​ជីហាត នៅ​ដើម​ខែ​មករា។

 
តំាងពី​យប់​ថ្ងៃ​អង្គារ រដ្ឋអាជ្ញា​បារាំង​បាន​បញ្ជារ​ឲ្យ​កងអាវុធ​ហត្ថ ទទួល​បន្ទុក​សន្តិសុខ​ក្នុង​អាកាស ស៊ើបអង្កេត​រក​ប្រភព​អ្នកបញ្ជា​យន្តហោះដ្រូន ព្រោះថា ការបង្ហោះ​យន្តហោះ ដោយ​គ្មានសុំ​ការអនុញ្ញាតិ គឺ​ជា​រឿង​ខុស​ច្បាប់។
 

Creative Commons

តើ​អ្វី​ជា​បំណង​របស់​អ្នកបញ្ជា​យន្តហោះ​ដ្រូន នៅលើ​ទីតាំង​រសើបៗ​របស់​រដ្ឋបារំាង? តើ​គេ​បង្ហោះ​យន្តហោះដ្រូន ដើម្បី​គ្រាន់​តែ​ការសាកល្បង​សមត្ថភាព របស់​ម៉ាស៊ីន ឬ​ក៏​ដើម្បី​ចង់​ថតរូប​ពី​លើ​ទីក្រុង​ប៉ារីស​នាពេល​រាត្រី? វាអាច​ទេ​ដែល​ថា ជនខិលខូច​អាច​ប្រើ​យន្តហោះ​ដ្រូន​ដើម្បី​កត់ចំណាំ​លើ​ទីតាំង ដើម្បី​អាច​ធ្វើ​សកម្មភាព​ឧក្រិដ្ឋ នៅពេល​ក្រោយ? ឬ​មួយ​ក៏​យន្តហោះ​ដ្រូន​ត្រូវ​ពួកសកម្មជន​តស៊ូមតិ​បង្ហោះឡើង ដើម្បី​បរិហារ​ពីចន្លោះ​ខ្វះខាត ខាង​ផ្នែក​រក្សា​សន្តិសុខ​របស់​អាជ្ញាធរ​បារាំង? រហូតមក​ដល់​ម៉ោងនេះ ការស៊ើបអង្កេត​មិនទាន់​បាន​ផ្តល់​ពន្លឺ​អ្វីសោះ។ មានន័យថា ប៉ូលិស​បារាំង​នៅ​តែ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ និង​មុខមាត់​ពិតប្រាកដ​របស់​អ្នកបញ្ជា​យន្តហោះ​ដ្រូន​លើ​ក្រុង​ប៉ារីស​នៅឡើយ។

នេះ​មិនមែន​ជា​លើកទីមួយ​ទេ ដែល​អាជ្ញាធរ​បារាំង​ហាក់​គ្មាន​សមត្ថភាព​សម្រាប់​ទប់ទល់​នឹង​ការឈ្លានពាន​របស់​យន្តហោះ​ដ្រូន ឧបករណ៍​បច្ចេកវិទ្យា​ទាន់សម័យ នា​ពេល​បច្ចុប្បន្ន​នេះ។ កាលពី​ចុងឆ្នាំ​មុន គេ​ចាប់​បាន​សញ្ញា​ហោះ​របស់​យន្តហោះ​ដ្រូន នៅ​លើ​ទីតាំង​រោងចក្រ​នុយក្លេអ៊ែរ​ចំនួន ១៣ ក្នុង​ចំណោម​១៩​កន្លែង​របស់​បារាំង។ ចុងខែ​មករា យន្តហោះ​ដ្រូន​ត្រូវ​បាន​គេរកឃើញ​ហោះ​ពីលើ​វិមាន​ប្រធានាធិបតី​បារាំង និង​លើ​ទីតាំង​ដែល​មាន​ការការពារ​សន្តិសុខ​ដ៏​តឹង​បំផុត គឺ​មូលដ្ឋាន​ទ័ពជើង​ទឹក នៅភាគពាយ័ព្យ ដែល​នៅទីនោះ មាន​នាវា​មុជទឹក​បារំាង ដែល​បំពាក់ដោយ​អាវុធ​នុយក្លេអ៊ែរ។ អ្នកជំនាញ​ខ្លះ​បាន​លើកឡើង​ថា យន្តហោះដ្រូន​ដែល​តូចស្រាល មិនអាច​បង្ក​គ្រោះថ្នាក់​ព្រោះ​វា​មិន​អាច​មាន​សមត្ថភាព​ដឹកជញ្ជូន​គ្រាប់ផ្ទុះ​បាន។ ប៉ុន្តែ អាជ្ញាធរ​បារាំង វិញ​មិន​បាន​ចាត់ទុក​វត្តមាន​​យន្តហោះ​ដ្រូន​ថា ជារឿង​លេងសើច។ មេបញ្ជាការ​កងទ័ព​ជើងអាកាស​បារាំង​ធ្លាប់​និយាយ​ថា យន្តហោះ​ដ្រូន​ហោះ​ជា​រឿង​សំខាន់។ វាអាច​ជាគ្រោះថ្នាក់ ដែល​គេ​មិនត្រូវ​​ធ្វេសប្រហែស ព្រោះ​វា​អាច​ជា​មុខ​សញ្ញា​គំរាមកំហែង ដែល​អាច​រីកធំ ទៅ​ថ្ងៃ​អនាគត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ