អានតួអត្ថបទ
អេស្តូនី

បោះឆ្នោត​សភា​នៅ​អេស្តូនី ក្រោម​សម្លេង​ផ្គរ​គ្រហឹម​ពី​មូស្គូ

នៅ​ថ្ងៃ​អាទិត្យទី​១ មិនា​នេះ ​គណបក្ស​ធំៗ​ទាំង​បី ​របស់​អេស្តូនី ​នឹង​ធ្វើការ​ប្រកួត​គ្នា ​ដើម្បី​ដណ្តើម​យក​សម្លេង​ភាគ​ច្រើន​ក្នុង​សភា។ ថ្វីត្បិត​តែ​អេស្តូនី​បាន ​ងើប​ខ្លួន​បន្តិច​ម្តងៗ ចេញ​ពី​វិបត្តិ​សេដ្ឋកិច្ច ក៏​ប៉ុន្តែ​បញ្ហា​សង្គម​មួយ​ចំនួន​ធំ​ នៅ​តែ​ចោទ​ជា​បញ្ហា ​ហើយ​ដែល​ត្រូវ​បាន​គណបក្ស​នយោបាយ​ យក​ជា​ការ​សន្យា​ ថា​នឹង​រក​វិធី​ដោះស្រាយ ​នៅ​ពេល​ជាប់​ឆោ្នត។ ប៉ុន្តែ​បញ្ហា​ធំ​មួយ​ទៀត ​ដែល​ស្ថិត​ក្នុង​ស្មារតី​របស់​ប្រជាជន​អេស្តូនី ​គ្រប់​គ្នា​ គឺ​សន្តិសុខ​ស្ថេរភាព​របស់​ប្រទេស ​ចំពោះ​មុខ​អំណាច​ និង​មហិច្ឆិតា​របស់​រុស្ស៊ី ​មក​លើ​ប្រទេស​ក្នុង​តំបន់។

សភា រីហ្គីកូហ្គូ Riigikogu នៃប្រទេស​អេស្តូនី ដែលមានសមាជិកសរុប ១០១ រូប។
សភា រីហ្គីកូហ្គូ Riigikogu នៃប្រទេស​អេស្តូនី ដែលមានសមាជិកសរុប ១០១ រូប។
ផ្សាយពាណិជ្ជកម្ម

សភា រីហ្គីកូហ្គូ Riigikogu​ របស់​ប្រទេស​អេស្តូនី ​ត្រូវ​ដល់​ពេល​ជ្រើសរើស​សមាជិក​សភា​ថ្មី ទាំង​១០១​រូប ​សម្រាប់​អាណត្តិ​ថ្មី​របស់ខ្លួន។ នៅ​ថ្ងៃ​អាទិត្យ​ទី ១ មិនា នេះ ​ប្រជាជន​អេស្តូនី ​នឹង​នាំគ្នា​ទៅ​បោះឆ្នោត។ គណបក្ស​ដែល​ចូលរួម​ មាន​ចំនួន​បី​ធំៗ។ ទីមួយ​គឺ​គណបក្ស​កណ្តាល​និយម។ គណបក្ស​នេះ ​ជា​គណបក្ស​ដែល​មាន​និន្នាការ​និយម​រុស្ស៊ី ​ហើយ​មាន​អ្នក​គាំទ្រ​ភាគច្រើន​ ជា​ប្រជាជន​អេស្តូនី​ ដែល​និយាយ​រុស្ស៊ី។ គណបក្ស​ពីរ​ទៀត ​មាន​និន្នាការ​ប្រហាក់​ប្រហែល​គ្នា ហើយ​ដែល​ធ្លាប់​ចាប់ដៃ​គ្នា​ធ្វើ​ការ​ កាល​ពី​អាណត្តិ​មុន ​គឺ​គណបក្ស ​កំណែ​ទម្រង់ និង​គណបក្ស​សង្គម​ប្រជាធិបតេយ្យ។ គណបក្ស​ទាំង​ពីរ​នេះ ​មាន​ទំនោរ​ទៅរក​សហភាព​អឺរ៉ុប និង​កំណែ​ទម្រង់​តាម​បែប​សេរី។

កម្មវត្ថុ​ដែល​ជា​ស្នូល​ នៃ​ដំណើរ​ការ​ឃោសនា​បោះឆ្នោត ​​ហើយ​ដែល​គណបក្ស​ទាំងអស់​ ធានា​ថា​រក​ដំណោះ​ស្រាយ​ នៅ​ពេល​ជាប់​ឆ្នោត​មាន​ពីរ​សំខាន់។ ទីមួយ​គឺ​បញ្ហា​សង្គម ​ដែល​ចោទ​ឡើង​ជា​ច្រើន​សណ្ឋាន។ បោក​បក់​ដោយ​វិបត្តិ​សេដ្ឋកិច្ច​កាល​ពី​ឆ្នាំ ២០០៨​ អេស្តូនី ​បាន​ចាប់ផ្តើម​ងើប​ខ្លួន​ ចេញ​ពី​វិបត្តិ ​ហើយ​មាន​កំណើន​សេដ្ឋកិច្ច​ល្អ​ប្រសើរ​ឡើងវិញ។ ប្រាក់​ខែ​ជា​មធ្យម​របស់​ប្រជាជន​ បាន​កើន​ឡើង​ដល់​១០០០ អឺរ៉ូ។ ក៏​ប៉ុន្តែ​បញ្ហា​សង្គម​នៅតែ​មាន​ដដែល ​តួយ៉ាង ​គម្លាត​ប្រាក់ខែ​រវាង​មនុស្ស​ប្រុស​និង​មនុស្ស​ស្រី។ បញ្ហា​មួយទៀត​គឺ គម្លាត​រវាង​អ្នកក្រ និង​អ្នកមាន ​ដែល​មាន​កាន់​តែ​ខ្លាំង។ សូម​បញ្ជាក់​ផងដែរ​ថា ​អេស្តូនី​កំពុង​ព្រួយ​បារម្ភ ​ដោយសារ ​តែ​ចំនួន​ប្រជាជន​ខ្លួន ចេះ​តែ​ថយទៅៗ។ គណបក្ស​កំណែទម្រង់ បាន​សន្យា​ថា នឹង​បន្ថែម​ប្រាក់​ឧបត្ថម្ភ ដល់​ក្រុម​គ្រួសារ​ ដែល​មាន​កូនច្រើន។ ចំណែក​គណបក្ស​សង្គម​ប្រជាធិបតេយ្យ​វិញ ​ស្នើរថា​ត្រូវ​ធ្វើ​កំណែ​ទម្រង់​ ប្រព័ន្ធ​បង់ពន្ធ ​ដោយយោង​ទៅ​លើ​កម្រិត​ប្រាក់ខែ ​និង​ចំនួន​សមាជិក​គ្រួសារ។

ចំណុច​ទីពីរ ​ដែល​គណបក្ស​នយោបាយ​ទាំងអស់ ផ្តោត​ចិត្ត​ទុកដាក់​យ៉ាង​សំខាន់ ​ហើយ​ដែល​អ្នក​បោះឆ្នោត​គ្រប់គ្នា ​ជជែក​សួរ​គ្នា​គ្រប់​មាត់ ​គឺ​បញ្ហា​សន្តិសុខ​ជាតិ។ អេស្តូនី ​មាន​ព្រំដែន​ជាប់​ជា​មួយ​រុស្ស៊ី។ ដោយ​សង្កេត​ឃើញ សកម្មភាព​​កម្ញើញ​របស់​រុស្ស៊ី ​ទៅលើ​អ៊ុយក្រែន ​និង​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់ ​អេស្តូនី​ចាប់ផ្តើម​ភ័យ​ខ្លួន​ផងដែរ។ គណបក្ស​កណ្តាល​និយម​ ដែល​មាន​និន្នការ​ទន់ទេរ​ទៅ​រក​រុស្ស៊ី ​បាន​ប្រកូក​ប្រកាស​ថា ដើម្បី​បាន​សុខ គ្មាន​វិធី​ណា​ក្រៅ​ពី ​អែបអប​ឲ្យ​ស្និត​ជាមួយ​រុស្ស៊ី​ទេ ព្រោះ​រុស្ស៊ី​មាន​កំលាំង ​អាច​ការពារ​អេស្តូនី​បាន។ គោល​ជំហរ​នេះ ​ត្រូវ​បាន​គណបក្ស​ផ្សេង​ទៀត​ ច្រាន​ចោល​ទាំង​ស្រុង។

សូម​បញ្ចាក់​ថា ​ប្រជាជន​អេស្តូនី ដែល​និយាយ​ភាសារុស្ស៊ី ​ហើយ​ដែល​ចង់ឲ្យ​អេស្តូនី រណប​ជាមួយ​រុស្ស៊ី មាន​ប្រមាណ​ជា ១ភាគ៣ នៃ​ប្រជាជន​សរុប។ មេ​គណបក្ស​កណ្តាល​និយម​ ដែល​ឈ្មោះ អេដហ្កា សាវីសារ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​ស្មោះស្ម័គ្រ​ ជាមួយ​ក្រុម​របស់​ប្រធានាធិបតី​ពូទីន ហើយ​ថែម​ទាំង​ បាន​ចុះ​កិច្ច​ព្រមព្រៀង​សហ​ប្រតិបតិ្តការ ​ជាមួយ​គណបក្ស​បង្រួបបង្រួម​រុស្ស៊ី ​របស់​ពូទីន​ទៀតផង។ តាមការ​ស្ទាបស្ទង់​មតិ​ផ្លូវការ ​ប្រជាជន​ដែល​មាន​ចេតនា​បោះឆ្នោត​ឲ្យ​គណបក្ស​កណ្តាល​និយម​នេះ មាន​ប្រមាណ​ជា​ ២២​ភាគរយ ហើយ​ អ្នក​ចង់​បោះឆ្នោត​ឲ្យ​គណបក្ស​កំណែ​ទម្រង់​មាន ២៦​ភាគរយ។ ការ​បោះឆ្នោត​លើក​នេះ ​ឃើញ​ថា​មាន​ការ​ចូលរួម​យ៉ាង​កុះករ ​ជា​ពិសេស ​គឺ​១ភាគ​៣​នៃ​អ្នក​បោះឆ្នោត​ បាន​បោះឆ្នោត​តាម​ប្រព័ន្ធ​អ៊ីនធឺនែត​ រួច​ហើយ។

ប្រទេស​អេស្តូនី ​ជា​សាធារណរដ្ឋ ​ដែល​មាន​សភា​តែមួយ​គត់។ ប្រទេស​នេះ​ធ្លាប់​ស្ថិត​ក្នុង​រង្វង់​ប្រទេស​ រណប​អតីត​សហភាព​សូវៀត ​ហើយ​បាន​ទទួល​ឯករាជ្យ​នៅ​ពេល​សហភាព​សូវៀត​រលំ​នៅ​ឆ្នាំ​១៩៩១។ អេស្តូនី ​ដែល​មាន​ប្រជាជន​ប្រមាណ​ជា​ជាង​ ១លាន ៣សែន​នាក់​ប៉ុណ្ណោះ ​បាន​ចូល​ជា​សមាជិក​សហភាព​អឺរុប​​ក្នុង​ឆ្នាំ​២០០៤ ​ហើយ​ចាប់ផ្តើម​ ចាយ​លុយ​អឺរ៉ូ​ នៅ​ឆ្នាំ​២០១០។ អេស្តូនី​ក៏​ជា​សមាជិក​អង្គការ​អូតង់​ផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ