អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

អឺរ៉ុប​កំពុង​ស្វែង​រក​ចក្ខុនិមិត្ត​ភូមិសាស្រ្ត​នយោបាយ​រួម​គ្នា​មួយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

តើ​នៅ​ក្នុង​ពិភពលោក​សព្វ​ថ្ងៃ ផលប្រយោជន៍​របស់​សហភាព​អឺរ៉ុប​ឋិត​នៅ​ទី​ណា? តើ​សហភាពអឺរ៉ុប ត្រូវ​ប្រកាន់​ឥរិយាបថ​បែប​ណា នៅ​ចំពោះ​មុខ​អាមេរិក អាស៊ី អាហ្វ្រិក ឬ​ភូមិភាគ​ដើមបូព៌ា?

លោក​​ប្រធានាធិប​តិ​​បារាំង​ Nicolas Sarkozy លើក​កូន​​​ទង់​ជាតិ​បារាំង​​ក្នុង​​ពេល​​ជំនួប​​កំពូល​អឺរ៉ុបមួយ
លោក​​ប្រធានាធិប​តិ​​បារាំង​ Nicolas Sarkozy លើក​កូន​​​ទង់​ជាតិ​បារាំង​​ក្នុង​​ពេល​​ជំនួប​​កំពូល​អឺរ៉ុបមួយ ©រក្សាសិទ្ធិ
ផ្សាយពាណិជ្ជកម្ម

សហភាព​អឺរ៉ុប គ្មាន​ចក្ខុនិមិត្ត​ភូមិសាស្រ្តនយោបាយ​រួម​គ្នា​មួយ​ទេ។ ពីព្រោះ ប្រទេស​អឺរ៉ុប​ធំៗ​នីមួយៗ ដូចយ៉ាង​អាល្លឺម៉ង់​បារាំង​និង​អង់គ្លេស​មាន​ចក្ខុនិមិត្ត​ ភូមិសាស្រ្តនយោបាយ​រៀងៗ​ខ្លួន​របស់​គេ ដែល​បន្សល់​មក​ពី​អតីតកាល។ អង់គ្លេស​ជា​មហាអំណាច​​ជើងទឹក អាល្លឺម៉ង់​ជា​មហាអំណាច​ជើងគោក បារាំង​វិញ​មាន​មហិច្ឆតា​ពិភពលោក។

ទន្ទឹម​នឹង​នេះ សហភាពអឺរ៉ុប​ធូរ​ចិត្ត ដោយសារតែ​សង្គ្រាម​ត្រជាក់​បាន​ចប់ និង​ដោយសារតែ​អស់​មាន​ការ​ប្រទាញប្រទង់​គ្នា​នៅ​ក្នុង​ទ្វីប​អឺរ៉ុប។ អ៊ីចឹង​ហើយ បាន​ជា​សហភាពអឺរ៉ុប​គេង​សុបិន សុបិន​ចង់​បាន​ពិភពលោក​មួយ​ដែល​មាន​ក្តី​សុខ សន្តិភាព និង លទ្ធិប្រជាធិបតេយ្យ។

ក៏​ប៉ុន្តែ សុបិន​ដ៏​ល្អ​នេះ​បាន​រលាយ​បាត់​ទៅ​តាំង​ពី​មាន​មហាភេរវកម្ម​ថ្ងៃ​ទី​១១​ កញ្ញា​ឆ្នាំ​២០០១ និង តាំង​ពី​សង្គ្រាម​អាមេរិកាំង​នៅ​អៀរ៉ាក់​បាន​ផ្ទុះ​ឡើង​នៅ​ឆ្នាំ​២០០៣ សង្រ្គាម​ដែល​គ្មាន​ការ​អនុញ្ញាត​ពី​អង្គការសហប្រជាជាតិ។

ម្ល៉ោះ​ហើយ បានជា​ចាប់​ពី​ឆ្នាំ​២០០៣​នោះ​មក ស្រាប់​តែ​មាន​ការ​ប្រឈម​មុខ​គ្នា​ខ្លាំង នៅ​ក្នុង​សហភាពរ៉ុប រវាង​ចក្ខុនិមិត្ត​ពីរ។ នៅ​ម្ខាង មាន​បណ្តា​ប្រទេស​អឺរ៉ុប​ដែល​ចង់​បាន​ពិភពលោក​មួយ​ពហុប៉ូល​(multipolaire)។ គឺ​ជា​ចក្ខុនិមិត្ត​ដែល​លើក​ស្ទួយ​ជាអាទិ៍​ដោយ​ប្រទេស​បារាំង។ នៅម្ខាង​ទៀត មាន​បណ្តា​ប្រទេស​អឺរ៉ុប​ដែល​ចង់​បាន​ពិភពលោក​មួយ​ឯកតោប៉ូល​(Unipolaire)ដឹក ​មុខ​ដោយ​បស្ចិមលោក ពោល​គឺ​សហរដ្ឋអាមេរិក​និង​សហភាពអឺរ៉ុប។ គឺជា​ចក្ខុនិមិត្ត​ដែល​គាំទ្រ​ដោយ​ប្រទេស​អង់គ្លេស។

យ៉ាងណា​ក៏​ដោយ សង្គ្រាម​អៀរ៉ាក់​បាន​បំផុស​ឲ្យ​មាន​ការតស៊ូ​មតិ​មួយ​យ៉ាង​ស្វិតស្វាញ នៅ​ក្នុង​សហភាពអឺរ៉ុប ជុំវិញ​ទំនាក់ទំនង​រវាង​អឺរ៉ុប​និង​សហរដ្ឋអាមេរិក ជុំវិញ​តួនាទី​និង​ផល​ប្រយោជន៍​របស់​សហភាពអឺរ៉ុប នៅ​ក្នុង​ពិភពលោក។

អឺរ៉ុប ​និង​អាមេរិក មាន​គោលការណ៍​ដូច​គ្នា នោះ​គឺ​ការធានា​ការពារលទ្ធិប្រជាធិបតេយ្យសេរី និង សិទ្ធិមនុស្ស។ អឺរ៉ុប​និង​សហរដ្ឋអាមរិក ក៏​មាន​ប្រវត្តិសាស្រ្ត​ប្រទាក់​គ្នា​យ៉ាង​ស្និទ្ធ​ដែរ។

គួរ​និយាយ​ ថា លទ្ធិប្រជាធិបតេយ្យ​របស់​អាមេរិក បាន​ប្រសូត​ចេញ​ពី​គោលគំនិត​ដើម​របស់​ទស្សនវិទូ​អឺរ៉ុប។ គួរ​និយាយ​ទៀត​ថា ក្រោយ​មក​អាមេរិក​បាន​មក​ជួយ​ស្រោចស្រង់​បណ្តា​ប្រទេស​អឺរ៉ុប​ប្រជាធិបតេយ្យ ឲ្យ​រួច​ពី​ក្រញាំ​របស់​បណ្តា​ចក្រភព​អំណាច​ផ្តាច់ការ​នៅ​អឺរ៉ុប​កណ្តាល ឲ្យ​រួច​ផុត​ពី​ក្រញាំ​របស់​អាល្លឺម៉ង់nazi និង​ឲ្យ​រួច​ផុត​ពី​ក្រញាំ​របស់​សូវៀត​កុម្មុយនិស្ត។

ក៏​ប៉ុន្តែ សម្រាប់​បណ្តា​ប្រទេស​អឺរ៉ុប​មួយ​ចំនួន ជាពិសេស​ប្រទេស​បារាំង កត្តា​និង​ទិន្នន័យ​ប្រវត្តិសាស្រ្ត​ទាំង​នេះ មិន​អាច​បង្ខំ​សហភាពអឺរ៉ុប ឲ្យ​ចេះ​តែ​ដើរ​តាម​និង​ចេះ​តែ​ស្តាប់​បង្គាប់​សហរដ្ឋអាមេរិក​នោះ​ទេ។ បារាំង​អះអាង​ថា អឺរ៉ុប​ត្រូវ​ចេះ​ស្និទ្ធស្នាល​ជាមួយ​អាមេរិក ហើយ​ក៏​ត្រូវ​ចេះ​ឃ្លាត​ចេញ​ពី​ប្រទេស​រៀមច្បង​មួយ​នេះ​ដែរ ពេលណា​ដែល​កាលៈទេសៈ​ទាមទារ។

សហភាពអឺរ៉ុប ត្រូវ​គិតគូរ​ជា​បឋម​ដល់​ប្រយោជន៍​របស់​ខ្លួន​ដែល​ជួនកាល ផ្ទុយ​គ្នា​ស្រឡះ​ពី​ប្រយោជន៍​របស់​អាមេរិក។ នេះ​ជា​ការ​យល់ឃើញ​របស់​ប្រទេស​បារាំង។ ជាក់ស្តែង សហភាព​អឺរ៉ុប​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ប្រទេស​រុស្ស៊ី​ដែរ។ ពីព្រោះ​ស្ថិរភាព​នយោបាយ ប្រជាធិបតេយ្យ និង​សេដ្ឋកិច្ច​របស់​ប្រទេស​រុស្ស៊ី ជា​កត្តា​ចាំបាច់​សម្រាប់​ស្ថិរភាព​របស់​បណ្តា​ប្រទេស​អឺរ៉ុប​ខាងកើត​ដែល​ជា ​សមាជិក​ថ្មីថ្មោង​របស់​សហភាពអឺរ៉ុប។

អឺរ៉ុប​ក៏​ត្រូវ​ចាប់​អារម្មណ៍ ​ដែរ ទៅ​លើ​តំបន់​Balkan និង​ទៅ​លើ​បណ្តា​អតីត​សាធារណរដ្ឋ​សូវៀត ដូចជា​Moldavie Ukraine Biélorussie។ល។ ដែល​សុទ្ធសឹង​ជា​ចំណុច​រសើប អាច​បង្កើត​ជា​បញ្ហា រាលដាល​ចូល​មក​ដល់​ផ្ទៃ​ក្នុង​នៃ​សហភាពអឺរ៉ុប​តែ​ម្តង។

អាស៊ី ពិតមែន​តែ​នៅ​ឆ្ងាយ​ពី​អឺរ៉ុប ក៏​ជា​ទ្វីប​ដែល​សហភាពអឺរ៉ុប​ត្រូវ​ខ្វល់ខ្វាយ​ដែរ​ដោយហេតុតែ​ការ​ប្រកួត​ ប្រជែង​បំពាក់​សព្វាវុធ និង​ការ​មើល​មុខ​គ្នា​មិន​ចំ​រវាង​បណ្តា​ប្រទេស​មហា​អំណាច​អាស៊ី​មួយ​ចំនួន។ ការ​លេច​ត្រដែត​ឡើង​នៃ​ប្រទេស​ចិន ការ​មិន​ចុះ​សម្រុង​គ្នា​រវាង​ឥណ្ឌា និង ប៉ាគីស្តង់ មហិច្ឆតា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង…ទាំង​នេះ​សុទ្ធសឹង​ជា​រងើក​ភ្លើង​ ដែល​អាច​បង្ក​ជា​អគ្គិភ័យ ធ្វើ​ឲ្យ​ទ្វីប​អាស៊ី​ឆេះ​សន្ធោសន្ធៅ​ឡើង។

នៅ ​ចំពោះមុខ​ការ​គំរាម​កំហែង​ទាំង​អស់​នេះ សហភាពអឺរ៉ុប​គ្មាន​មធ្យោបាយ​ច្រើន និង​ឥទ្ធិពល​ខ្លាំង​ទេ តែ​អាច​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​សហរដ្ឋអាមេរិក អាច​ជួយ​តម្រែតម្រង់​អាមេរិក​កុំ​ឲ្យ​ធ្វើ​ខុស​ដូច​នៅ​អៀរ៉ាក់​ទៀត។

ភូមិភាគ ​ដើមបូព៌ា​ក៏​ដូច​គ្នា​អ៊ីចឹង​ដែរ គឺ​ជា​តំបន់​រសើប និង​យុទ្ធសាស្រ្ត សម្រាប់​សហភាពអឺរ៉ុប ពីព្រោះ​អឺរ៉ុប​ត្រូវការ​ប្រេង​កាត​របស់​ភូមិភាគ​ដើមបូព៌ា។ អឺរ៉ុប​ក៏​ត្រូវ​ឃ្លាំ​មើល​តំបន់​នេះ​ឲ្យ​បាន​ដិតដល់​ដែរ ដោយហេតុតែ​បញ្ហា​ភេរវកម្ម និង​ដោយ​ហេតុតែ​បញ្ហា​ដែល​ចោទ​ឡើង​ដោយ​សហគមន៍​អ៊ីស្លាម នៅ​ក្នុង​បណ្តា​ប្រទេស​សមាជិកអឺរ៉ុប​ជាច្រើន ដូច​នៅ​ប្រទេស​បារាំង​ជាដើម។ គោលដៅ​សំខាន់ គឺ​ធ្វើ​ឲ្យ​ភូមិភាគ​ដើមបូព៌ា​មាន​ស្ថិរភាព​និង​ស្គាល់​លទ្ធិប្រជាធិបតេយ្យ។ នៅ​ក្នុង​តំបន់​នេះ តួនាទី​របស់​អឺរ៉ុប​ចាំបាច់​ណាស់ តែ​វា​ក៏​អាស្រ័យ​ទៅ​លើ​សកម្មភាព​ទូត​និង​យោធា​របស់​សហរដ្ឋអាមរិក​ដែរ។

ទ្វីប ​អាហ្វ្រិក​វិញ ក៏​ជា​តំបន់​យុទ្ធសាស្ត្រ​មួយ​ដែរ​សម្រាប់​អឺរ៉ុប។ អឺរ៉ុប មិន​អាច​បណ្តោយ​ឲ្យ​អាហ្វ្រិក​ក្ររហាម​អ៊ីចឹង​ត​ទៅ​ទៀត​បាន​ទេ ដោយហេតុតែ​បញ្ហា​មនុស្សធម៌ និង​បញ្ហា​អន្តោប្រវេសន៍។ ម្យ៉ាងវិញ​ទៀត អាហ្រ្វិក​ក៏​អាច​នាំ​ប្រយោជន៍​មក​ឲ្យ​អឺរ៉ុប​ដែរ។ ចូរ​កុំ​ភ្លេច​ថា​នយោបាយ​បារាំង​នៅ​ចំពោះ​មុខ​ទ្វីប​អាហ្រ្វិក បាន​ផ្តល់​ផល​មិន​តិច​ទេ ក្នុង​នោះ​មាន​ជាអាទិ៍​ការ​គាំទ្រ​ប្រទេស​បារាំង​ពី​សំណាក់​បណ្តា​ប្រទេស​ អាហ្វ្រិក នៅ​លើ​វេទិកា​របស់​អង្គការ​សហប្រជាជាតិ និង​សារៈសំខាន់​នៃ​ភាសា​បារាំង​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក។ បើ​សិន​ជា​អាហ្វ្រិក​លូតលាស់ ភូមិភាគ​ដើមបូព៌ា​មាន​ស្ថិរភាព រុស្ស៊ី​និង​តំបន់Balkan​ឋិតថេរ

សម្បូណ៌សប្បាយ នោះ​សហភាពអឺរ៉ុប​ដែល​ឋិត​នៅ​ចំ​កណ្តាល​ដើមទ្រូង​នៃ​ដែនដី​ដ៏​ធំ​ល្វឹងល្វើយ​ នេះ នឹង​ច្បាស់​ជា​អាច​ទាញ​យក​បាន​ផល​ប្រយោជន៍​មិន​តិច​ទេ៕

នៅសប្តាហ៍ក្រោយ ខ្ញុំ​នឹង​ផ្តើម​សិក្សាលម្អិត​ទៅលើទំនាក់ទំនង​ រវាងសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ