អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ល្បែង​គ្រោះថ្នាក់​របស់​សហភាព​អឺរ៉ុប ​ជាមួយ​​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីCETA​ និងTAFTA

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​ថ្ងៃ​អាទិត្យ ​ទី​៣០ ​តុលា កាណាដា ​និង​សហភាព​អឺរ៉ុប ​បាន​សម្រេចចិត្ត​ចុះ​ហត្ថលេខា​ លើ​កិច្ច​ព្រមព្រៀង​សេដ្ឋកិច្ច ​និង​ពាណិជ្ជកម្ម​រួម ​ហៅកាត់​ថា​ CETA។ ចុះ​ហត្ថលេខា​រួចរាល់​មែន​ តែ​ឧបសគ្គ​ នៅ​មាន​វែងឆ្ងាយ​តទៅ​ទៀត ​មុន​នឹង​កិច្ច​ព្រមព្រៀង​នេះ ​ចូល​ជា​ធរមាន​បាន ​ ដោយ​ត្រូវ​ឆ្លងកាត់​ការ​ផ្តល់​សច្ចាប័ន​ ដោយ​សភា​តំណាង​តាម​បណ្តា​ប្រទេស​សមាជិក​អឺរ៉ុប។ ស្របពេល​ដែល​វាសនា​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ អឺរ៉ុប-កាណាដា -​នៅតែ​មិន​ទាន់​ច្បាស់ ​ ចំណែក​គម្រោង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​រវាង​អឺរ៉ុប ​និង​សហរដ្ឋ​អាមេរិក​ ឯនោះ​វិញ​ កាន់តែ​គ្មាន​សង្ឃឹង ​ថា​បាន​សម្រេច។ មតិ​សាធារណៈ ​ដែល​នឿយ​ណាយ​នឹង​វិបត្តិ​សង្គម​គ្រប់​យ៉ាង​នៅ​អឺរ៉ុប ​ ហាក់លែង​ចង់​ស្តាប់​ហេតុផល​របស់​ថ្នាក់ដឹក​នាំ​សហភាព​អឺរ៉ុប ​ ដែល​ព្យាយាម​ការពារ​កិច្ច​ព្រមព្រៀង​ទាំង​ពីរ​នេះ។

បាតុកម្ម​ប្រឆាំង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​ CETA និងTTIP-TAFTA នៅ​ក្រុង​ព្រុចសែល
បាតុកម្ម​ប្រឆាំង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​ CETA និងTTIP-TAFTA នៅ​ក្រុង​ព្រុចសែល
ផ្សាយពាណិជ្ជកម្ម

បើ​ទោះបី​ជា​មាន​ការ​តវ៉ា ​និង​ឧបសគ្គ​ជា​ច្រើន​ជំពូក ​ ​ទី​បំផុត​ទៅ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​រវាង​សហភាព​អឺរ៉ុប ​និង​កាណាដា ​ហៅកាត់​ថា​ CETA ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ហើយ។ ថ្នាក់​ដឹកនាំ​អឺរ៉ុប​ខិតខំ​អះអាង​ថា ​តម្លៃ​និង​គោលការ​គ្រិះ​នៃ​ទីផ្សារ​សហភាព​អឺរ៉ុប ​នឹង​មិន​ត្រូវ​បាន​បន្ទាប​បន្ថោក​ ដោយសារ​កិច្ច​ព្រមព្រៀង​នេះ​ទេ។ ក្រិត្យក្រម​បរិស្ថាន ​គុណភាព​ទំនិញ ​និង​ការ​គោរព​សិទ្ធិ​ការងារ​របស់​បុគ្គលិក​ ដែល​ផលិត​ផលិត​ផល​ទាំង​នោះ ​នៅតែ​ជា​តំលៃ​រួម​ ដែល​សហភាព​អឺរ៉ុប​ការពារ​ដដែល។

ចុះហត្ថលេខា​ មែន​ តែ​ឧបសគ្គ​នៅ​មាន​ច្រើន​សម្រាប់​CETA៖
ប៉ុន្តែ​សម្រាប់​មតិ​អ្នក​ប្រឆាំង​មួយ​ចំនួន​ កិច្ច​ព្រមព្រៀង​នេះ​ នឹង​ធ្វើ​ឲ្យ​សហភាព​អឺរ៉ុប​ ពោល​គឺ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ខាត​ប្រយោជន៍ ​ច្រើន​ជាង​ចំណេញ។ ខាត​ប្រយោជន៍ ​គឺ​ដោយសារ​ នៅ​អឺរ៉ុប​ទំនិញ​ចរាចរណ៍ ​ត្រូវ​គោរព​លក្ខខណ្ឌ​ស្តង់ដារ​ច្រើន​វិស័យ ​ ខុស​ពី​ទំនិញ​របស់​កាណាដា។ ការ​បណ្តោយ​ឲ្យ​ទំនិញ ​រឺ​ផលិតផល​កាណាដា ​ នាំចូល​ដោយ​សេរី​មក​ក្នុង​អឺរ៉ុប ​គឺ​មិន​ខុស​ពី​យក​របស់​មាន​តំលៃ ​ទៅ​ប្តូរ​ជាមួយ​វត្ថុ​គ្មាន​គុណភាព​ ហើយ​ទីបំផុត​កសិករ ​និង​សិប្បករ​អឺរ៉ុប​ទេ ​ដែល​ជា​អ្នក​ផ្កាប់​ឆ្នាំង​បាយ​​ ដោយសារ​តែ​លក់​លែង​ដាច់។

ជាង​នេះ​ទៅទៀត​ កិច្ច​ព្រមព្រៀង​នេះ ​គ្រាន់តែ​ជា​​ឈ្នាន់​សម្រាប់​ឲ្យ​ក្រុមហ៊ុន​អាមេរិក​មួយ​ចំនួន​ធំ​ ដែល​មាន​សាខា​នៅ​កាណាដា ​​អាច​​ស្រូប​យក​ផល​ប្រយោជន៍​ពី​ទីផ្សារ​អឺរ៉ុប​តែ​ប៉ុណ្ណោះ។ ក្នុងកំឡុងពេល​ដែលអាមេរិក និងសហភាព​អឺរ៉ុប ​មិន​ទាន់​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នឹង​គ្នា ​ ក៏​មិន​ចោទ​ជា​បញ្ហា ​ព្រោះ​ក្រុមហ៊ុន​អាមេរិក​ អាច​ទៅ​បង្កើត​សាខា​នៅ​កាណាដា ​ហើយ​នាំ​ទំនិញ​ចូល​អឺរ៉ុប​ ជា​ការ​សេ្រច។ សកម្មជន​ប្រឆាំង​នឹង​ សន្ធិសញ្ញា​ពាណិជ្ជកម្ម​នេះ ​បាន​ធ្វើការ​ឃោសនា​តាម​បណ្តាញ​សង្គម ​ ដោយ​ខ្លះ​សរសេរ​ថា ​“តើ​បងប្អូន​ចង់​ហូប​សាច់មាន់ ​សាច់​គោ​ចាក់​ថ្នាំ​គីមី ​នាំចូល​ពី​កាណាដា ​និង​ពី​អាមេរិក​ទេ?”

សូម​បញ្ជាក់​ថា ​កិច្ច​ព្រមព្រៀង ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​សេរី ​អឺរ៉ុប​ កាណាដានេះ​ មាន​ចែង​ជាច្រើន​ជំពូក​ ដែល​ជារួម​គឺ​ដើម្បី​កាត់បន្ថយ​នូវ​ឧបសគ្គ​នានា ​រវាង​ភាគី​ទាំងពីរ​ ដែល​អាច​រារាំង​ដល់​ការ​នាំចេញ​នាំចូល ​នៃ​ផលិតផល​រៀងខ្លួន។ វិស័យ​ទាំង​នោះ​មាន​ដូចជា​ វិស័យ​ពន្ធដា ​សេវា​ហិរញ្ញវត្ថុ​ ការ​ទទួល​ស្គាល់​ស្តងដារ​ទំនិញ​គ្នា​ទៅវិញ​ទៅ​មក​ ការ​កំណត់​វិធាន​លើ​ការ​ការពារ​សិទ្ធិ​លើផលិតផល​ភូមិសាស្រ្ត​ផ្តាច់មុខ​ និង​កិច្ចសន្យា​ទីផ្សារ​សាធារណៈ​ជាដើម។

ប៉ុន្តែ​ចំណុច​សំខាន់​ដែល​មាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​នេះ ​ហើយ​ដែល​ជា​ប្រភព​នៃ​ការ​តវ៉ា​ រិះគន់​ដ៏​ខ្លាំងក្លា​នោះ ​ គឺ​ចំណុច​​ដែលទាក់ទង​នឹង​និតីវិធី​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម ​ដោយ​ការ​ចរចា ​តាម​រយៈ​ការ​តែងតាំង​អាជ្ញាកណ្តាល​ និង​ចៅក្រម​ឯករាជ ​ ដែល​ក្រុមហ៊ុន​ជាប់​វិវាទ​ ជាអ្នក​ជ្រើសរើស។ សម្រាប់​ប្រជាជន​អឺរ៉ុប ​ដែល​មាន​វប្បធម៌​ប្រពៃណី​ គោរព​អំណាច​តុលាការ​យ៉ាង​ខ្ជាប់​ខ្ជួន ​តាំង​ពី​រាប់​សតវត្ស​មក​ហើយ​នោះ ​ នីតិវិធី​នេះ ​ គឺ​មិនខុស​ពី​ការ​ដែល​សហភាព​អឺរ៉ុប ​បណ្តោយ​ឲ្យ​ក្រុមហ៊ុន​ឯកជន​របស់​កាណាដា ​មក​ទះ​កំផ្លៀង​ប្រព័ន្ធ​យុត្តិធម៌​របស់​ប្រទេស​អឺរ៉ុប​នោះ​ទេ។

យ៉ាងណា​ក៏ដោយ ​ថ្វីបើ​កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​មែន​ពិត​ តែ​នៅ​ឧបសគ្គ​ជាច្រើន​ទៀត ​ដែល​នឹង​មក​ដល់​ មុន​នឹង​វា​ចូល​ជា​ធរមាន។  កិច្ចព្រមព្រៀង​នេះ ​ អាច​ត្រូវ​បាន​អនុវត្ត​មួយ​ផ្នែក​តែ​ប៉ុណ្ណោះ ​ក្នុង​ដំណាក់កាល​ដំបូង ​ បន្ទាប់​ពី​សភា​អឺរ៉ុប​ និង​សភា​កាណាដា​ បោះឆ្នោត​ទទួល​យក។ បន្ទាប់​មកទៀត ​តាម​ច្បាប់​ កិច្ច​ព្រមព្រៀង​នេះ​ នឹង​ត្រូវ​យក​ទៅ​ដេញដោល​ដើម្បី​ផ្តល់​សច្ចាប័ន ​ដោយ​សភា​តំបន់ ​និង​សភាជាតិ​នៃ​ប្រទេស​សមាជិក​អឺរ៉ុប ​ សរុប​ទាំងអស់​ចំនួន​៣៨​សភា ​មុន​នឹង​ចូល​ជា​ធរមាន​ ជាផ្លូវការ។ ការ​នេះ ​អាច​ត្រូវការ​ពេល​វេលា​ច្រើន​ឆ្នាំ។ យើង​បាន​ឃើញ​បទ​ពិសោធន៍​សភា​តំបន់ ​Wallonie ​របស់​ប៊ែលហ្សិក ​ រួច​មក​ហើយ ​ កាល​ពី​សប្តាហ៍​មុន ដែល​បាន​ធ្វើការ​ប្រឆាំង​ដាច់​អហង្ការ ​ទៅ​នឹង​កិច្ច​ព្រមព្រៀង​CETA​ នេះ​ ។ ចុះ​ទំរាំ​ដល់​ទៅ​ឆ្លងកាត់​សភា ​ដល់​ទៅ​៣៨​ទៀត ​ នោះ​នឹង​ទៅជា​យ៉ាងណា។

TAFTAស្លាប់​បាត់​ទៅ​ហើយ៖
កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កាណាដា ​ហៅកាត់​ថា​CETA​ នេះ ​ គ្រាន់តែ​ជា​កិច្ច​ព្រមព្រៀង​តូច​មួយ​ទេ។ កិច្ច​ព្រមព្រៀង​ដ៏​មហិមា​មួយទៀត ​ដែល​អឺរ៉ុប​កំពុង​ចង់​ធ្វើ​នោះ ​គឺ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហរដ្ឋ​អាមេរិក​ ដែល​ហៅកាត់​ថា ​TTIP¨ រឺ​TAFTA។ សម្រាប់​ក្រុម​អ្នក​តវ៉ា ​កិច្ច​ព្រមព្រៀង​ទាំងពីរ​នេះ​គ្មាន​អ្វី​ខុសគ្នា​ទេ។ អឺរ៉ុប​បាន​ចុះ​ហត្ថលេខា​ជាមួយ​កាណា​មែន​ពេល​នេះ ​ តែ​មិនមែន​មាន​ន័យ​ថា​អឺរ៉ុប​នឹង​អាច​ចុះ​ហត្ថលេខា​ជាមួយ​អាមេរិក​ទេ។ ក្រុម​អ្នក​តវ៉ា ​ព្រម​ទាំង​ថ្នាក់​ដឹកនាំ​មួយ​ចំនួន​នៅ​អឺរ៉ុប ​ បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​ខ្លាំងណាស់ ​អំពី​ចំណាត់ការ​របស់​សហភាព​អឺរ៉ុប​ ដែល​ចង់​ជំរុញ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ទាំង​ពីរ​នេះ។ ឥឡូវ​បាន​មួយ​ហើយ ​ គេ​ចង់​បាន​មួយ​ទៀត។ ប្រហែល​ជា​មិន​ងាយ​ដូច​ការ​គិតទេ។ អ្នក​តំណាងរាស្ត្រ ​និង​អ្នក​នយោបាយ​តាម​បណ្តា​ប្រទេស​អឺរ៉ុប​ជាច្រើន ​ដូចជា​នៅ​អាល្លឺម៉ង់​ និង​បារាំង ​នៅ​មាន​មន្ទិល​សង្ស័យ​ច្រើន ​ ហើយ​មិន​ពេញចិត្ត​ពី​ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​ជាមួយ​សហរដ្ឋ​អាមេរិក។

លោក​រដ្ឋលេខាធិការ​ទទួល​បន្ទុក​ ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​របស់​បារាំង ​ បាន​បង្ហាញ​ជំហរ​យ៉ាង​ច្បាស់ថា​ លោក​ប្រឆាំង​ដាច់ខាត​នូវ​ការ​ចុះ​ហត្ថលេខា​ដោយ​តក់ក្រហល់ ​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក។ សម្រាប់​លោក ​ សហភាព​អឺរ៉ុប​ កំពុង​តែដើរ​ទៅ​រក​ផ្លូវ​ បែប​សេរី​និយម​ជ្រុល​ហួសហេតុ​ លែង​ខ្វល់​ពី​តំលៃរួម​ នៃ​លទ្ធិ​ប្រជាធិបតេយ្យ ​ដោយ​គិត​តែ​ប្រយោជន៍​សេដ្ឋកិច្ច ​របស់​ក្រុមហ៊ុន​ធំៗ។ សមាជិក​សភា​អឺរ៉ុប ​ គួរ​ណា​តែ​ត្រូវ​គេ​សួរ​យោបល់​តាំងតែ​ពី​ដំបូង ​ មិនមែន​ចុះ​ហត្ថលេខា​ហើយ​ ទើប​យក​ទៅ​ឲ្យ​សភា​អនុម័ត​​តាមក្រោយ​នោះ​ទេ។

តំណាងរាស្ត្រ​នៃតំបន់​ Wallonie ​របស់​ប៊ែលហ្សិក ​បាន​ប្រកាស​ហើយ​ថា ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាមេរិក​ ហៅកាត់​ថា ​TAFTA​នោះ ​ បាន​ស្លាប់​បាត់​ទៅ​ហើយ ​មិន​បាច់​ចរចា​បន្ត​ទៀតទេ។ នៅ​តែ​២ខែ​ទៀត ​អាមេរិក​ នឹង​ដូរ​រដ្ឋាភិបាល​ថ្មី។ វាជា​រឿង​គ្រោះថ្នាក់​ណាស់ ​ដែល​ចង់​ចរចា ​និង​ចុះ​ហត្ថលេខា​ដោយ​តក់ក្រហល់។

ប្រជាជន​ទូទៅ​អស់​ជំនឿចិត្ត​ និង​លែង​ទុកចិត្ត​សហភាព​អឺរ៉ុប៖
ការ​ប្រឆាំង​តវ៉ា ​ជាមួយ​នឹង​សហភាព​អឺរ៉ុប​ ​ពី​សំណាក់​មតិ​សាធារណៈ​របស់​ប្រជាជន​អឺរ៉ុប​ទូទៅ ​ស្តីពី​កិច្ច​ព្រមព្រៀង​ទាំងពីរ ​នេះ​ ​គឺវា​អាច​មាន​ប្រភព​ច្រើន ​ហើយ​ដែល​ប្រភព​នោះ​ វា​អាច​មិន​ស្ថិត​នៅ​លើ​ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​នេះទេ។ ការ​ប្រឆាំង​តវ៉ា​នេះ ​ គឺវា​ស្តែង​ចេញ​ពី​គំលាត​គ្នា​កាន់​តែ​ឆ្ងាយ​ទៅៗ ​ រវាង​ប្រជាជន​ទូទៅ ​នឹង​ថ្នាក់​ដឹកនាំ​សហភាព​អឺរ៉ុប​ នៅ​ទីក្រុង​ព្រុចសែល។ ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​វិបត្តិ​មាន​បន្ថែម​ជានិច្ច​ វិបត្តិ​សេដ្ឋកិច្ច ​វិបត្តិ​អត់​ការងារ​ធ្វើ ​ រោងចក្រ ​ក្រុមហ៊ុន​បិទ​ជា​បន្ត​បន្ទាប់ ​ជនភៀសខ្លួន​រាប់សែន​នាក់​សំរុក​មក​រស់​នៅ ​រប៉ាត់រប៉ាយ ​ពាសពេញ​អឺរ៉ុប។ ទាំងអស់​នេះ​សហភាព​អឺរ៉ុប​ គ្មាន​លទ្ធភាព​ដោះស្រាយ​នៅ​ឡើយ​ទេ។ ទាំងអស់​នេះ ​ក៏​អាច​ជា​ស្នាដៃ​ដឹកនាំ​របស់​សហភាព​អឺរ៉ុប​ដែរ។ នេះ​នៅ​មិន​រាប់​ពី​ការ​គំរាមកំហែង​ភេរវកម្ម ​ដែល​ប្រជាជន​អឺរ៉ុប​ ត្រូវ​រស់នៅ​ប្រចាំថ្ងៃ ​ជាមួយ​នឹង​ការ​ភ័យខ្លាច។

មតិសាធារណៈ​ទូទៅ ​បាន​បាត់បង់​ជំនឿ​ចិត្ត​លើ​ថ្នាក់​ដឹកនាំ​នៅ​ក្រុង​ព្រុចសែល។ ពួក​គេ​មាន​អារ្មណ៍​ថា ​សម្លេង​តវ៉ា ​ការ​លំបាក​ប្រចាំថ្ងៃ​របស់​ពួក​គេ ​មិន​ត្រូវ​បាន​ថ្នាក់ដឹក​នាំ​នៅ​ព្រុចសែល​ ទទួល​ដឹង​ឮ​ទេ។ ផ្ទុយ​ទៅ​វិញ ​ គេ​គិត​តែ​ពី​ជំរុញ ​អនុម័ត​នេះ ​អនុម័ត​នោះ ​បើក​ផ្លូវ​ឲ្យ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ និង​ក្រុមហ៊ុន​អន្តរជាតិ​បរទេសធំ​ ចិញ្ច្រាំ​យក​ទីផ្សារ ​ដោយ​មិន​គិត​ពី​សុខមាលភាព​របស់​ប្រជាជន​អឺរ៉ុប។ បើ​សហភាព​អឺរ៉ុប​ កាន់​តែ​ខំ​ឃោសនា ​ផ្សាយ​ពាណិជ្ជកម្ម ​ ជំរុញ​ឲ្យ​យល់ព្រម ​ទទួល​យក​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​​ជាមួយ​អាមេរិក ​គឺ​ធ្វើ​ឲ្យ​គេ​កាន់តែ​សង្ស័យ ​និង​មិន​ទុកចិត្ត។ ថ្នាក់ដឹកនាំ​អឺរ៉ុប ​តែងតែ​អះអាង​ថា ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​និង​ផ្តល់​ប្រយោជន៍​ឲ្យ​ទាំង​អស់​គ្នា។ តែ​ពេល​ប្រជាជន​សួរ​បក​ទៅ​វិញ ​ថា​កិច្ចព្រម​ព្រៀង​នោះ ​នឹង​នាំ​ប្រយោជន៍​ជាក់ស្តែង​អ្វីខ្លះ​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន​ ​​ស្រាប់តែ​ថ្នាក់​ដឹកនាំ​អឺរ៉ុប ​រក​ពាក្យ​មក​ឆ្លើយ​មិន​បាន​ផង​  ក្រៅតែ​ពី​សូត្រ​ដដែលៗ​ ​ពី​ទ្រឹស្តី​នៃ​សកលភាវូបនីយកម្ម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ