អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សមាជិក​នៅអឺរ៉ុប​រុញ​ទម្លាក់ បន្ទុក​ដាក់គ្នា ក្នុង​រឿង​ទទួល​ជន​អន្តោប្រវេសន៍

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់តាំង​ពី​ដើមឆ្នាំនេះ អ៊ីតាលី​បាន​ទទួល​ជនអន្តោប្រវេសន៍​តាមទូក ជិត ៦ម៉ឺននាក់​ដែល​ធ្វើដំណើរ​ចេញ​ពី​អាហ្រ្វិក​ខាងជើង សំដៅ អឺរ៉ុប តាមរយៈ​សមុទ្រ​មេឌីទែរ៉ាណេ។ ក្រពុល​មុខ​នឹង​បន្ទុក​ដ៏​សែនធ្ងន់ នៃ​ជនអន្តោប្រវេសន៍​ក្នុង​ទឹកដី​របស់ខ្លួន ព្រមជាមួយ​ការមិនរវល់ អើពើ​ពី​ប្រទេស​ជិតខាង​អឺរ៉ុប​ដទៃទៀត អ៊ីតាលី​បាន​គំរាម​អនុវត្ត​ផែនការ​ទីពីរ។ ផែនការទីពីរ ដែល​នាយករដ្ឋមន្រ្តី​អ៊ីតាលី​ព្រមានថា នឹង​អាច​ផ្តល់​ផល​អាក្រក់​ដល់​សហភាព​អឺរ៉ុប បើសិន​ប្រទេស​សមាជិក​អឺរ៉ុប​នៅតែ​ព្រម​ចរចា ចុះសម្រុងគ្នា ដើម្បី​ជួយ​ចែក​រំលែក​ទទួល​យក​ជនអន្តោប្រវេសន៍​ពី​អ៊ីតាលី។ 

នៅព្រំដែន​អ៊ីតាលី បារាំង ជនអន្តោប្រវេសន៍​ត្រូវ​រាំង​ខ្ទប់ ដោយ​អាជ្ញាធររបស់​ប្រទេស​ទាំងពីរ មិន​ឲ្យ​ឆ្លងកាត់​ចូល​ទឹកដី​បារាំង នៅ​ថ្ងៃទី ១៦​មិថុនា ២០១៥
នៅព្រំដែន​អ៊ីតាលី បារាំង ជនអន្តោប្រវេសន៍​ត្រូវ​រាំង​ខ្ទប់ ដោយ​អាជ្ញាធររបស់​ប្រទេស​ទាំងពីរ មិន​ឲ្យ​ឆ្លងកាត់​ចូល​ទឹកដី​បារាំង នៅ​ថ្ងៃទី ១៦​មិថុនា ២០១៥ REUTERS/Eric Gaillard
ផ្សាយពាណិជ្ជកម្ម

ទីតាំង​ភូមិសាស្ត្រ​បាន​ធ្វើ​ឲ្យ​អ៊ីតាលី និង​ក្រិក​ប្រឈម​នឹង​ការហូរចូល​កាន់តែច្រើន ជនអន្តោប្រវេសន៍​តាមទូក ដែល​មាន​ធ្វើដំណើរ​ចេញ​ពី​ប្រទេស​លីប៊ី និង​តួកគី។ នៅក្នុង​រយៈពេល ៦​ខែ ឆ្នាំនេះ មាន​ជនអន្តោប្រវេសន៍​ជិត ៦ម៉ឺននាក់ ដែល​នៅក្នុង​នោះ មាន​ភាគច្រើន ជាជនភៀសខ្លួន​ស៊ីរី និង​អាហ្វ្រិក ត្រូវ​បាន​អាជ្ញាធរ​អ៊ីតាលី​ក៏ដូច​ប្រទេស​អឺរ៉ុប​ស្រង់ ចេញពី​សមុទ្រ​មេឌីទែរ៉ាណេ និង​យក​ទៅដាក់​ក្នុងទឹកដី​អ៊ីតាលី។ ដើម្បី​សម្រាល​បន្ទុក​របស់​ក្រិក និង​អ៊ីតាលី គណៈកម្មការ​អឺរ៉ុប ធ្លាប់​បាន​ស្នើ​កម្មវិធី​មួយ ដែល​នៅក្នុង​នោះ សមាជិក​អឺរ៉ុប ទាំង ២៨​ប្រទេស ត្រូវ​ទទួល​យក​ជន​ភៀសខ្លួន ស៊ីរី និង​អេរីត្រេ (Erythrée) ចំនួន ៤ម៉ឺន នាក់ ដែលធ្វើដំណើរ​មក​ដល់​អ៊ីតាលី និង​ក្រិក កាលពី​ខែ​មេសា។ លើសពីនោះ គណៈកម្មការ​អឺរ៉ុប​ចង់​ឲ្យ​ប្រទេស​សមាជិក​អឺរ៉ុប​ទទួល​យក​ជនភៀសខ្លួន​ស៊ីរី​ប្រមាណ ២ម៉ឺននាក់​បន្ថែមទៀត ដែល​ពេលនេះ កំពុង​ស្ថិតនៅ​ក្នុង​ជំរំ ក្នុង​ប្រទេស​លីបង់ ឬអ៊ីរ៉ាក់។

 
សមាជិក​អឺរ៉ុប​នៅ​តែ​ចរចា មិន​ត្រូវគ្នា ពីរឿង​ទទួល​យក​ជនភៀសខ្លួន ឲ្យ​ទៅក្នុង​ប្រទេស​របស់ខ្លួន។ កាលពី​ថ្ងៃ​អង្គារ រដ្ឋមន្រ្តី​មហាផ្ទៃ​របស់​ប្រទេស​សមាជិក​អឺរ៉ុប​បាន​បរាជ័យ​ជាថ្មី ដោយ​មិន​អាច​និយាយ​ចុះសម្រុង​គ្នា ពី​ចំនួន និង​លក្ខខណ្ឌ​ដែល​ត្រូវទទួល​​ជនភៀសខ្លួន។ អង់គ្លេស និង​អៀរឡង់​បាន​ប្រកាស​រួចហើយថា នឹង​មិន​ចូលរួម​ចំណែក នៅក្នុង​ការទទួល​ជនភៀសខ្លួន ស្នើ​ឡើង​ដោយ​គណៈកម្មការ​អឺរ៉ុប។ ការបែងចែក ជនភៀសខ្លួន ទៅ​ឲ្យ​ប្រទេស​សមាជិក​អឺរ៉ុប ធ្វើឡើង ដោយ​មើល​ទៅ​ផលិតផល​ក្នុង​ស្រុក​សរុប និង​ទៅលើ​ចំនួន​មនុស្ស​គ្មាន​ការងារ​ធ្វើ នៅក្នុង​ប្រទេស។

ក្នុង​ចំណោម​ជនភៀសខ្លួន ៤ម៉ឺននាក់ ដែល​ប្រទេស​នៅ​អឺរ៉ុប​ត្រូវ​ចែក​ចំនួន​គ្នា  បារាំងត្រូវ​ទទួល​ប្រមាណ​​ ៩ពាន់​នាក់ ចំណែក​អាល្លឺម៉ង់ ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច​ល្អ​ជាងគេ​នៅ អឺរ៉ុប​ត្រូវ​ទទួល​ម១១៨៤៩​នាក់។ បារាំង និង​អាល្លឺម៉ង់ យល់ព្រម​ទទួល​ជនភៀសខ្លួន ប៉ុន្តែ មាន​លក្ខខណ្ឌ។ ដំបូង បារាំង និង​អាល្លឺម៉ង់ ចង់​ឲ្យ​កាតព្វកិច្ច ត្រូវតែ​ទទួល​ជនភៀសខ្លួន ធ្វើឡើង​ជាពិសេស ម្តងម្កាល គឺ​មិន​អចិន្រ្តៃយ៍ រហូត​នោះទេ។ បារាំង​វិញ​បញ្ជាក់ថា ខ្លួន​ចង់​ទទួល​យក​តែ​ជនភៀសខ្លួន និង​អ្នក​ដែល​ចង់សុំ​សិទ្ធិ​ជ្រកកោណ នៅ​អឺរ៉ុប ប៉ុន្តែ មិន​ទទួល​យក​ជនអន្តោប្រវេសន៍ ដែល​ភៀសខ្លួន ដោយសារ​វិបត្តិ​សេដ្ឋកិច្ច នោះទេ។ ត្រង់​ចំណុចនេះ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ បារាំង បាន​សរសេរ​នៅក្នុង​របាយការណ៍​មួយ កាលពីថ្ងៃ​ពុធ ដាក់ ទៅ​រដ្ឋាភិបាល​ដែលថា បារាំង អាច​ទទួល​ជនភៀសខ្លួន​នយោបាយ ប៉ុន្តែ ទន្ទឹមគ្នានោះ បារាំង​ត្រូវ​ចាត់​វិធានការ បង្កើន​ការចាប់​បញ្ជូន​ជនអន្តោប្រវេសន៍​ខុសច្បាប់​ឲ្យ​ត្រលប់​ទៅ​ប្រទេស​កំណើតវិញ។

បារាំង​អាច​មាន​សាមគ្គីភាព នៅក្នុង​រឿង​ទទួល​ជនភៀសខ្លួន ប៉ុន្តែ បារាំង​ទាមទារ​ឲ្យ​មាន​ការទទួល​ខុសត្រូវ។ នេះ​ជា​អ្វី​ដែល​រដ្ឋមន្រ្តី​មហាផ្ទៃ​បារំាង ចង់​និយាយ​បញ្ជាក់​ទៅ​ភាគី​អ៊ីតាលី ដែល​មួយ​រយៈចុង​ក្រោយនេះ បាន​បង្ក​សង្រ្គាម​ប៉ាកការ​ខ្លាំងៗ​ជាមួយ​បារាំង។ អ៊ីតាលី ដែលមាន​ព្រំដែន​ជាប់​នឹង​បារាំង មិន​សប្បាយចិត្ត​ទេ ដែល​រដ្ឋាភិបាល​ប៉ារីស ព្រងើយ កន្តើយ និង​តែងតែ​ចាប់បញ្ជូន ជនអន្តោប្រវេសន៍ នៅ​ព្រំដែន​អ៊ីតាលី និង​បារាំង ឲ្យ​ត្រលប់​​ចូល​ក្នុង​ទឹកដី​អ៊ីតាលី​វិញ។ នាយក​រដ្ឋមន្រ្តី​​អ៊ីតាលី នៅថ្ងៃ​អង្គារ បាន​គំរាម​រួចហើយថា បើសិន ប្រទេស​អឺរ៉ុប​ផ្សេងទៀត នៅ​តែ​មិន​អើពើ និងយឺតយ៉ាវ មិន​ព្រម​ទទួល​ជនភៀសខ្លួន នោះ​អ៊ីតាលី​នឹង​អនុវត្ត​ផែនការ​បម្រុង។ នាយក​រដ្ឋមន្រ្តី អ៊ីតាលី​មិន​បាន​និយាយ​លម្អិតទេ ប៉ុន្តែ តាមប្រភព​ស្និទ្ធ​នឹង​រដ្ឋាភិបាល​អ៊ីតាលី នៅក្នុង​ផែនការ​ទីពីរ អ៊ីតាលី​អាច​នឹង​ផ្តល់​ទិដ្ឋាការ រយៈពេល ៣​ខែ​ដល់​ជនអន្តោប្រវេសន៍ និង​អ្នកដែល​ចង់​សុំ​សិទ្ធិជ្រកកោន។ ទិដ្ឋាការ​បណ្តោះអាសន្ន ​នឹង​​បើក​សិទ្ធិ​ឲ្យ​ពួកគេ​ធ្វើ​ដំណើរ​ដោយ​សេរី នៅក្នុង​លំហរ Schengen​របស់​អឺរ៉ុប។

អ៊ីតាលី ក្នុង​សម័យ​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្រ្តី​ប៊ែលុយស្កូនី ធ្លាប់​បញ្ចេញ​ជនអន្តោប្រវេសន៍​ចេញ​ពី ទឹកដី​អ៊ីតាលី​ម្តងហើយ បន្ទាប់ពី​ប្រទេស​អឺរ៉ុប​ដទៃ​ទៀត មិនព្រម​ជួយ​ដោះស្រាយ​បញ្ហា​ជនអន្តោប្រវេសន៍ និង​ទុក​ឲ្យ​អ៊ីតាលី​ត្រូវ​ឈឺក្បាល​ដោះស្រាយ​តែម្នាក់​នោះ។ សម្រាប់​ទីក្រុង​រ៉ូម អ៊ីតាលី​គ្រាន់តែ​ជាច្រក​ទ្វារ សម្រាប់​ធ្វើដំណើរ​ទៅ​ប្រទេស​អឺរ៉ុបដទៃ​ទៀត ប៉ុន្តែ មិនមែន​ជា​ប្រទេស​គោលដៅ​ចង់​រស់នៅ​របស់​ជនអន្តោប្រវេសន៍​នោះទេ។ លើកនេះ អ៊ីតាលី​ទាមទារ​ឲ្យ​សហភាព​អឺរ៉ុប​ធ្វើ​កំណែទម្រង់​បទបញ្ជា​ផ្ទៃក្នុង ទីក្រុង​ឌុបប្លាំង ដែល​បាន​កំណត់ថា ជនអន្តោប្រវេសន៍ ត្រូវ​តែ​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រកកោណ ទៅ​រដ្ឋាភិបាល​របស់​ប្រទេស ដែល​ពួកគេ​បាន​មក​ជាន់ដំបូង គេ នៅក្នុង​សហភាព​អឺរ៉ុប។

បារាំង​វិញ​បាន​ទាមទារ​ឲ្យ​អ៊ីតាលី​គោរព​ច្បាប់​អឺរ៉ុប ស្តី​ពីការទទួល​ជនអន្តោ​ប្រវេសន៍ និង​បង្កើត​ជំរំ​រង់ចាំ​មួយ ដែល​នៅទីនោះ ជនអន្តោប្រវេសន៍​នឹង​ត្រូវ​កំណត់ បែងចែក​ជាពីរ គឺ​មួយ ជា​ជនភៀសខ្លួន ដែល​ចង់សុំ​សិទ្ធិជ្រកកោន និង​មួយទៀត ជា​ជនអន្តោ​ប្រវេសន៍​ខុសច្បាប់ ដែល​គេ​ត្រូវ​បញ្ជូន​ចេញ​ពី​អឺរ៉ុប​វិញ។ ទីក្រុង​ប៉ារីស​នៅ​បាន​ព្រមាន​ដែរថា នឹង​ទាមទារ​ឲ្យ​មាន​ការផ្លាស់ប្តូរ​​លក្ខខណ្ឌ​ធ្វើដំណើរ​នៅ​អឺរ៉ុប ប្រសិន​បើ​អ៊ីតាលី​ធ្វើ​ដូចមុន គឺ​បញ្ជូន​ចេញ​ជនអន្តោ​ប្រវេសន៍​មក​ក្នុង​ទឹកដី​អឺរ៉ុប ជាពិសេស មក​បារាំង ដែល​មាន​ព្រំដែន​ជាប់ជាមួយ​អ៊ីតាលី​នោះ។ បារាំង​នឹង​បង្កើន​ផងដែរ វិធានការ​ពង្រឹង​ការត្រួតពិនិត្យ នៅ​តាម​ព្រំដែន ដូច​ដែល​បារាំង ធ្លាប់​ធ្វើ កាលពីមុន ដើម្បី ទប់ស្កាត់​កុំ​ឲ្យ​ជនអន្តោ​ប្រវេសន៍ ធ្វើដំណើរ​ដោយ​ខុសច្បាប់​ចេញ​ពី​អ៊ីតាលី ចូល​ទឹកដី បារាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ