Google និង Facebook ព្រមសហការជាមួយបណ្តាញព័ត៌មានបារាំង ដើម្បីកំចាត់« Fake News »
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៥៥
ជាមួយនឹងការរីកសាយភាពនៃប្រព័ន្ធអ៊ីនធើនែត និងបណ្តាញសង្គម អ្នកប្រើប្រាស់អាចស្វែងរកព័ត៌មាន ផ្តល់ព័ត៌មាន ចែកចាយព័ត៌មាន និងរូបភាពនានា បានយ៉ាងងាយស្រួល។ ក៏ប៉ុន្តែ រូបថត រូបភាពវីដេអូ រឺព័ត៌មានទាំងអស់នោះ មិនប្រាកដថាជាការពិតទាំងអស់នោះទេ ដែលបញ្ហានេះ បានបង្កទៅជាការបំពុលសង្គម ដែលវាជះឥទ្ធិពលទៅលើការយល់ឃើញ នៃមតិសាធារណៈ។ Fake News រឺព័ត៌មានក្លែងក្លាយ នេះ កំពុងត្រូវបានអាជ្ញាធរប្រទេសធំៗនៅអឺរ៉ុប ជាក់ស្តែងប្រទេសបារាំង ពិចារណារកវិធានការទប់ស្កាត់វា។ នៅថ្ងៃទី៦ កុម្ភៈនេះ Facebook បានប្រកាសថាគេនឹងសហការជាមួយបណ្តាញព័ត៌មានបារាំង ដើម្បីទប់ស្កាត់បញ្ហានេះ។
ការបោះឆ្នោតប្រធានាធិបតីនៅសហរដ្ឋអាមេរិក កាលពីប៉ុន្មានខែមុននេះ គឺជាមេរៀនធំណាស់ ព្រោះគេបានសង្កេតឃើញពីឥទ្ធិពលនៃព័ត៌មានក្លែងក្លាយ ពាក្យចចាមអារ៉ាមមិនពិត ទៅលើការយល់ឃើញ ទៅលើមតិយោបល់ របស់មនុស្សម្នាក់ៗ ជាពិសេស អ្នកប្រើប្រាស់Facebook ដែលមិនមានការពិចារណាវែងឆ្ងាយ ចេះតែផ្អើលតាមគ្នា ចែកចាយតគ្នា។ យោងតាមការស្រាវជ្រាវ គឺគេសន្និដ្ឋានថា មានក្រុមហ៊ុនរឺភ្នាក់ងារទុច្ចរិត ដែលស៊ីឈ្នួលចាំតែបង្កើតព័ត៌មានក្លែងក្លាយទាំងអស់នេះ ដើម្បីបង្កផលចំណេញទៅឲ្យភាគីណាមួយ។
ព័ត៌មានក្លែងក្លាយ ពាក្យចចាមអារ៉ាមគ្មានប្រភពពិតប្រាកដ នៅលើបណ្តាញសង្គម បំពុលសង្គម
បញ្ហាព័ត៌មានក្លែងក្លាយ ពាក្យចចាមអារ៉ាមនេះ ជាបញ្ហារួម មិនមែនទាក់ទងតែអាមេរិក រឺបារាំងទេ។ ទីណាមានអ៊ីនធើនែតប្រើ ទីនោះមានបញ្ហានេះទាំងអស់។ ក្រៅពីបារាំង និងអាមេរិក នៅអង់គ្លេស ក៏គេចាប់ផ្តើមពិចារណាដែរ។ សភាអង់គ្លេស បានបញ្ជារឲ្យមានការស៊ើបអង្កេតធំមួយ ដើម្បីធ្វើរបាយការណ៍ស្តីពីផលប៉ះពាល់ នៃFake News មកលើមតិសាធារណៈ។ ចំណែកនៅអាល្លឺម៉ង់វិញ នៅខែកញ្ញា ខាងមុខនេះ ក៏នឹងមានការបោះឆ្នោតដែរ។ ក្រុមអ្នកច្បាប់អាល្លឺម៉ង់ កំពុងពិចារណា ដើម្បីធ្វើច្បាប់មួយ តាមដាន និងផ្តន្ទាទោស ជនទុច្ចរិត ដែលប្រឌិត បង្កើតព័ត៌មានមិនពិត នៅលើបណ្តាញសង្គម។ ចំណែកសហភាពអឺរ៉ុប ក៏បានដាក់សំពាធទៅលើក្រុមហ៊ុនគ្រប់គ្រងបណ្តាញអ៊ីនធើនែតធំៗ ឲ្យមានភាពស្វាហាប់ ចាត់វិធានការទប់ស្កាត់បញ្ហានេះ ឲ្យបានម៉ឺងម៉ាត់។
កន្លងមកគេបានរិះគន់ Facebook ច្រើនណាស់ ថាមិនបានធ្វើអ្វីសោះ មិនបានចាត់វិធានការទប់ស្កាត់ការរីកសាយភាយព័ត៌មានក្លែងក្លាយទាំងនោះទាល់តែសោះ។ តែ Facebook ឆ្លើយមកវិញថា នយោបាយរបស់ Facebook គឺនៅកណ្តាល ដោយគ្មានសិទ្ធិវិនិច្ឆ័យទៅលើខ្លឹមសារនៃព័ត៌មាន ដែលអ្នកប្រើប្រាស់ចែកចាយទេ។ ក៏ប៉ុន្តែឆ្លងកាត់ ការដាក់សំពាធពីអាជ្ញាធរសាធារណៈ និងបណ្តាញព័ត៌មានផ្លូវការ ជាពិសេសនៅសហរដ្ឋអាមេរិក Facebookបានប្តូរឥរិយាបថ ដោយបានសុខចិត្តរិះរកវិធានការ ទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលចរាចរណ៍លើFacebook។
Facebook សហការជាមួយបណ្តាញព័ត៌មានបារាំង
ឥឡូវនេះ ការបោះឆ្នោតប្រធានាធិបតីបារាំង នៅបាំងតែជាង២ខែទៀតប៉ុណ្ណោះ។ ដូច្នេះហើយបានជាពេលនេះ អាជ្ញាធរបារាំង រួមសហការជាមួយបណ្តាញព័ត៌មានបារាំង បានចុះកិច្ចព្រមព្រៀងជាមួយFacebook បង្កើតជាវិធានការទប់ស្កាត់ព័ត៌មានក្លែងក្លាយទាំងនោះ។ យោងតាមលិខិតរបស់Facebook គឺមានបណ្តាញព័ត៌មានបារាំងចំនួន៨ ដែលចូលរួមក្នុងវិធានការនេះ ដែលក្នុងនោះគឺមាន France Media Monde ដែលជាបណ្តាញគ្រប់គ្រង នៃវិទ្យុបារាំងអន្តរជាតិ RFI ដែរ។
វិធានការនេះគឺ Facebook និងបង្កើតប៊ូតុង ថ្មីមួយប្រភេទទៀត ដើម្បីឲ្យអ្នកប្រើប្រាស់ចុចពីលើ បើសិនជាគេយល់ថា ព័ត៌មានណាមួយនោះ ជាព័ត៌មានក្លែងក្លាយ។ បន្ទាប់មកទៀត ទិន្ន័យនេះនឹងត្រូវបញ្ជូនចេញដោយFacebook ទៅឲ្យភ្នាក់ងារព័ត៌មានផ្លូវការរបស់បារាំងទាំង៨ ដែលចូលរួមក្នុងគម្រោងនេះ។ បើសិនជាមានភ្នាក់ងារព័ត៌មានផ្លូវការបារាំង យ៉ាងហោចណាស់២ ប្រាប់ថាព័ត៌មាននេះមិនពិតទេនោះ នោះFacebook នឹងបង្កើតជាសារពិសេសមួយប្រាប់ឲ្យប្រុងប្រយ័ត្ន ភ្ជាប់ជាមួយ ព័ត៌មាននោះ។ ពេលដែលអ្នកប្រើប្រាស់ ចង់ចុច Like រឺក៏ចែកចាយវា សារនេះនឹងលោតចេញមក ប្រាប់ថា ព័ត៌មាននេះត្រូវបានគេផ្តល់ដំណឹងថា ជាព័ត៌មានក្លែងក្លាយ។ តាមពិត វិធានការនេះ ត្រូវបានFacebook ដាក់ឲ្យប្រើប្រាស់ រួចហើយនៅសហរដ្ឋអាមេរិក ចាប់ពីខែធ្នូមក។
Google បង្កើតក្រុមការងារពិសេស ដើម្បីតាមដានប្រភព និងពិនិត្យខ្លឹមសារព័ត៌មានដែលសង្ស័យ
មិនមែនមានតែFacebook មួយទេ ដែលមានតួនាទី ទប់ស្កាត់ការរីកសាយភាយនៃ ព័ត៌មានក្លែងក្លាយទាំងនេះ។ អ្នកដែលពាក់ព័ន្ធមួយទៀត គឺ Google ដែលជាទីកន្លែងធំជាងគេបង្អស់ ក្នុងការរុករកព័ត៌មាននានាលើអ៊ីនធើនែត។ យើងចង់ដឹងអ្វី យើងអាចរកបានទាំងអស់ ឲ្យតែសរសេរនៅលើ Google គឺចេញមកទាំងអស់ ទាំងព័ត៌មានពិត ទាំងរឿងមិនពិត។
នៅបារាំង ក្រៅពីFacebook Google ក៏បានសន្យាថានឹងសហការ ជាមួយបណ្តាញព័ត៌មានផ្លូវការមានកាសែត វិទ្យុ និងទូរទស្សន៍ ទាំងអស់១៦ស្ថាប័ន។ បើតាមលិខិតប្រកាសរបស់ Google គម្រោងនេះ ឈ្មោះថា CrossCheck ដែលគេនឹងបង្កើតក្រុមការងារមួយ ដែលមាននិស្សិតផ្នែកសារព័ត៌មាន និងនិស្សិតវិទ្យាសាស្រ្តនយោបាយ ដោយមានការបណ្តុះបណ្តាលពី អ្នកជំនាញរបស់ Google សហការជាមួយ ទីភ្នាក់ងារព័ត៌មានបារាំង។ ក្រុមការងារនេះ មានតួនាទី ស្វែងរកប្រភព ពិនិត្យលើខ្លឹមសារនៃព័ត៌មានដែលគេសង្ស័យ មិនថាជាព័ត៌មានសរសេរ ជាវីដេអូកាត់ត ជារូបថត រឺជួនកាល ជាការស្រង់សម្តីរបស់អ្នកណាម្នាក់ រឺក៏ជាពាក្យចចាមអារ៉ាមនានា។ បន្ទាប់មកទៀត ទិន្ន័យនៃគេហទំព័រ រឺព័ត៌មានក្លែងក្លាយទាំងនោះ នឹងត្រូវចុះផ្សាយលើគេហទំព័រ CrossCheck ដែលយើងគ្រប់គ្នាអាចចូលទៅអានបាន។
គម្រោង CrossCheck ជាផ្នែកមួយនៃបណ្តាញ First Draft News របស់Google ដែលបានដាក់ឲ្យប្រើប្រាស់នៅសហរដ្ឋអាមេរិករួចហើយ ហើយគេនឹងចាប់ផ្តើមអនុវត្តនៅបារាំង ចាប់ពីថ្ងៃទី២៤កុម្ភៈ ខាងមុខនេះ។
រំលោភសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ?
រឿងការពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិនេះហើយ ដែលកន្លងមកក្រុមហ៊ុនធំៗ ដូចជាGoogle Facebook Twitter ជាដើម បានយកមកជាសំអាង ដើម្បីមិនធ្វើអ្វីសោះ។ ក៏ប៉ុន្តែ ចរាចរណ៍ព័ត៌មានមិនពិត ការប្រឌិតបង្កើតពាក្យចចាមអារ៉ាម គឺវាមិនមែនជាការអនុវត្តិសិទ្ធិបញ្ចេញមតិដោយស្របតាមច្បាប់ទេ តែផ្ទុយទៅវិញ គឺគេធ្វើវាដោយចេតនាអាក្រក់ណាមួយ ហើយដែលវាជះឥទ្ធិពលអាក្រក់ទៅលើមតិសាធារណៈ។ តើយើងគួរបន្តឲ្យបញ្ហានេះ នៅតែរ៉ាំរ៉ៃ រឺមួយក៏យើងត្រូវចាត់វិធានការ ទប់ស្កាត់។ វិធានការទប់ស្កាត់ ដែលគេកំពុងពិចារណា វាគឺជាមធ្យោបាយបង្កា ទប់ស្កាត់ បើទោះបីជាវាមិនផ្តល់ផលច្រើន ភ្លាមៗក៏ដោយ តែវាគ្រាន់បើជាងគ្មានដែរ។
ការទទួលបានព័ត៌មាន គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋម្នាក់ៗ តែមិនមែនទទួលព័ត៌មានប៉ាតណាប៉ាតណីទេ គឺយើងត្រូវការទទួលព័ត៌មានពិតប្រាកដ មិនមែនព័ត៌មានក្លែងក្លាយ។ ដូចយើងដឹងស្រាប់ហើយ ថាព័ត៌មានក្លែងក្លាយ ព័ត៌មានប្រឌិត បំផុសបំផុលធ្វើឲ្យមនុស្សផ្អើល ដើម្បីទាញយកប្រយោជន៍ មិនថាសេដ្ឋកិច្ច រឺប្រយោជន៍នយោបាយ កំពុងបំពុលបណ្តាញអ៊ីនធើនែត ដូចជាFacebookជាដើម។ នៅលើFacebook អ្នកប្រើប្រាស់ម្នាក់ៗ អាចផ្តល់ព័ត៌មាន អាចដាក់រូបថត រូបភាពវីដេអូ អមដោយសារជាអក្សរ ហើយចែកចាយតគ្នាយ៉ាងព្រោងព្រាត។ ពេលខ្លះរឿងតូច ទៅជារឿងធំ រឿងមិនពិត ទៅជារឿងពិត ដោយសារតែការចែកចាយតៗគ្នា មិនបានពិចារណា រកខុសត្រូវ រឺរកប្រភពដើមនៃព័ត៌មាននោះ។ ពាក្យខ្មែរយើងថា “ក្អែកមួយជាក្អែក១០នោះ” គឺមិនខុសទេ។
សួរថា ក្នុងនាមអ្នកប្រើប្រាស់ធម្មតាៗ ដែលយើងមិនដឹងអី ហើយយើងគ្រាន់តែចែកចាយតគ្នា យើងគួរធ្វើយ៉ាងណា? ក្នុងនាមយើងជាអ្នកប្រើប្រាស់ម្នាក់ៗ យើងត្រូវមានការទទួលខុសត្រូវ ត្រូវពិចារណា រកប្រភព រកហេតុផល មុននឹងជឿ រឺចែកចាយព័ត៌មានណាមួយ។ អ្វីដែលសំខាន់គឺប្រភព។ សូមយើងគ្រប់គ្នា ពិនិត្យថាតើគេហទំព័រ រឺបណ្តាញសារព័ត៌មានផ្លូវការណាមួយជាអ្នកផ្សាយ ចៀសវាងការចូលរួម បំផុសបំផុល រឿងប្រឌិត សទៅជាខ្មៅ ល្អទៅជាអាក្រក់ រឺកើតជាការស្អប់គុំគួនគ្នាជាដើម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ