អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

Google និង​ Facebook ​ព្រម​សហការ​ជាមួយ​បណ្តាញ​ព័ត៌មាន​បារាំង​ ដើម្បី​កំចាត់​« Fake News »

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជាមួយនឹង​ការ​រីក​សាយភាព​នៃ​ប្រព័ន្ធ​អ៊ីនធើនែត ​និង​បណ្តាញ​សង្គម ​អ្នក​ប្រើប្រាស់​អាច​ស្វែងរក​ព័ត៌មាន​ ផ្តល់​ព័ត៌មាន ​ចែកចាយ​ព័ត៌មាន ​និង​រូបភាព​នានា ​បាន​យ៉ាង​ងាយ​ស្រួល។ ក៏​ប៉ុន្តែ ​រូបថត​ រូបភាព​វីដេអូ ​រឺព័ត៌មាន​ទាំងអស់​នោះ ​មិន​ប្រាកដ​ថា​ជា​ការពិត​ទាំងអស់​នោះ​ទេ ​ដែល​បញ្ហា​នេះ ​បាន​បង្ក​ទៅ​ជា​ការ​បំពុល​សង្គម​ ដែល​វា​ជះ​ឥទ្ធិពល​ទៅ​លើ​ការ​យល់ឃើញ ​នៃ​មតិ​សាធារណៈ។ Fake News ​រឺ​ព័ត៌មាន​ក្លែងក្លាយ ​នេះ ​កំពុង​ត្រូវបាន​អាជ្ញាធរ​ប្រទេសធំៗ​នៅ​អឺរ៉ុប ​ជាក់ស្តែង​ប្រទេស​បារាំង ​ពិចារណា​រក​វិធានការ​ទប់​ស្កាត់​វា។ នៅថ្ងៃ​ទី​៦ ​កុម្ភៈ​នេះ ​ Facebook ​បាន​ប្រកាស​ថា​គេ​នឹង​សហការ​ជាមួយ​បណ្តាញ​ព័ត៌មាន​បារាំង ​ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ។

Facebook និង Google បណ្តាញអ៊ីនធើនែតធំបំផុត ដែល​អ្នក​ប្រើប្រាស់​អាចស្វែងរក ​ចែកចាយ ​ផ្តល់​ព័ត៌មាន​​ដោយ​សេរី​​ ទាំងពិតទាំង​មិន​ពិត
Facebook និង Google បណ្តាញអ៊ីនធើនែតធំបំផុត ដែល​អ្នក​ប្រើប្រាស់​អាចស្វែងរក ​ចែកចាយ ​ផ្តល់​ព័ត៌មាន​​ដោយ​សេរី​​ ទាំងពិតទាំង​មិន​ពិត DR
ផ្សាយពាណិជ្ជកម្ម

ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​សហរដ្ឋ​អាមេរិក ​កាល​ពី​ប៉ុន្មានខែ​មុន​នេះ ​គឺ​ជា​មេរៀន​ធំ​ណាស់ ​ព្រោះគេ​បាន​សង្កេត​ឃើញ​ពី​ឥទ្ធិពល​នៃ​ព័ត៌មាន​ក្លែងក្លាយ​ ពាក្យ​ចចាម​អារ៉ាម​មិនពិត​ ​ទៅ​លើ​ការ​យល់ឃើញ ​ទៅ​លើ​មតិ​យោបល់ ​របស់​មនុស្ស​ម្នាក់ៗ​ ជា​ពិសេស​ អ្នក​ប្រើប្រាស់​Facebook​ ដែល​មិន​មាន​ការ​ពិចារណា​វែងឆ្ងាយ​ ចេះ​តែ​ផ្អើល​តាមគ្នា ​ចែក​ចាយ​តគ្នា។ យោង​តាម​ការ​ស្រាវជ្រាវ ​ ​គឺ​គេ​សន្និដ្ឋាន​ថា ​មាន​ក្រុមហ៊ុន​រឺ​ភ្នាក់ងារ​ទុច្ចរិត​ ដែល​ស៊ីឈ្នួល​ចាំតែ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​ទាំង​អស់​នេះ ​ ដើម្បី​បង្ក​ផល​ចំណេញ​ទៅ​ឲ្យ​ភាគី​ណាមួយ។

 
ព័ត៌មាន​ក្លែងក្លាយ ​ពាក្យ​ចចាមអារ៉ាម​គ្មាន​ប្រភព​ពិត​ប្រាកដ ​នៅលើ​បណ្តាញ​សង្គម​ បំពុល​សង្គម
 
បញ្ហា​ព័ត៌មាន​ក្លែងក្លាយ​ ពាក្យ​ចចាមអារ៉ាម​នេះ ​ ជា​បញ្ហា​រួម ​មិនមែន​ទាក់ទង​តែ​អាមេរិក ​រឺ​បារាំង​ទេ។ ទីណា​មាន​អ៊ីនធើនែត​ប្រើ ​ទីនោះ​មាន​បញ្ហា​នេះ​ទាំងអស់។ ក្រៅ​ពី​បារាំង ​និង​អាមេរិក ​នៅ​អង់គ្លេស ​ក៏​គេ​ចាប់​ផ្តើម​ពិចារណា​ដែរ។ សភា​អង់គ្លេស ​បាន​បញ្ជារ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ធំមួយ ​ដើម្បី​ធ្វើ​របាយការណ៍​ស្តីពី​ផល​ប៉ះពាល់ ​នៃ​Fake News  មក​លើ​មតិសាធារណៈ។ ចំណែក​នៅ​អាល្លឺម៉ង់​វិញ ​នៅ​ខែ​កញ្ញា ​ខាង​មុខ​នេះ ​ក៏នឹង​មាន​ការ​បោះឆ្នោត​ដែរ។ ក្រុម​អ្នក​ច្បាប់​អាល្លឺម៉ង់ ​កំពុង​ពិចារណា ​ដើម្បី​ធ្វើ​ច្បាប់​មួយ​ តាម​ដាន​ និង​ផ្តន្ទាទោស ​ជន​ទុច្ចរិត​ ដែល​ប្រឌិត​ បង្កើត​ព័ត៌មាន​មិន​ពិត​ នៅ​លើ​បណ្តាញ​សង្គម។ ចំណែក​សហភាព​អឺរ៉ុប ​ ក៏បាន​ដាក់​សំពាធ​ទៅ​លើ​ក្រុមហ៊ុន​គ្រប់គ្រង​បណ្តាញ​អ៊ីនធើនែត​ធំៗ ​ឲ្យមាន​ភាព​ស្វាហាប់ ​ចាត់​វិធានការ​ទប់ស្កាត់​បញ្ហា​នេះ ​ឲ្យបាន​ម៉ឺងម៉ាត់។

កន្លង​មក​គេបាន​រិះគន់​ Facebook ​ច្រើនណាស់ ​ ថា​មិន​បាន​ធ្វើ​អ្វី​សោះ ​មិន​បាន​ចាត់​វិធានការ​ទប់​ស្កាត់​ការ​រីក​សាយ​ភាយ​ព័ត៌មាន​ក្លែងក្លាយ​ទាំង​នោះ​ទាល់​តែ​សោះ។ តែ Facebook ​ឆ្លើយ​មក​វិញ​ថា ​ នយោបាយ​របស់ Facebook ​គឺ​នៅ​កណ្តាល ​ដោយ​គ្មាន​សិទ្ធិ​វិនិច្ឆ័យ​ទៅ​លើ​ខ្លឹមសារ​នៃ​ព័ត៌មាន​ ដែល​អ្នក​ប្រើប្រាស់​ចែកចាយ​ទេ។ ក៏​ប៉ុន្តែ​ឆ្លងកាត់ ​ការ​ដាក់​សំពាធ​ពី​អាជ្ញាធរ​សាធារណៈ ​និង​បណ្តាញ​ព័ត៌មាន​ផ្លូវការ ​ជា​ពិសេស​នៅ​សហរដ្ឋ​អាមេរិក ​ Facebook​បាន​ប្តូរ​ឥរិយាបថ ​ដោយ​បាន​សុខចិត្ត​រិះរក​វិធានការ​ ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ ​ដែល​ចរាចរណ៍​លើ​Facebook​។

Facebook សហការ​ជាមួយ​បណ្តាញ​ព័ត៌មាន​បារាំង

ឥឡូវ​នេះ ​ការ​បោះឆ្នោត​ប្រធានាធិបតី​បារាំង​ ​នៅ​បាំង​តែ​ជាង​២ខែ​ទៀត​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ​បាន​ជា​ពេល​នេះ ​ អាជ្ញាធរ​បារាំង​ រួម​សហការ​ជាមួយ​បណ្តាញ​ព័ត៌មាន​បារាំង ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​Facebook​ បង្កើត​ជា​វិធានការ​ទប់​ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​ទាំង​នោះ។ យោង​តាម​លិខិត​របស់​Facebook​ គឺមាន​បណ្តាញ​ព័ត៌មាន​បារាំង​ចំនួន​៨ ​ដែល​ចូលរួម​ក្នុង​វិធានការ​នេះ ​ដែល​ក្នុង​នោះ​គឺ​មាន​ France Media Monde ​ដែល​ជា​បណ្តាញ​គ្រប់គ្រង ​នៃ​វិទ្យុបារាំង​អន្តរជាតិ​ RFI​ ដែរ។

វិធានការ​នេះ​គឺ ​Facebook ​និង​បង្កើត​ប៊ូតុង ​ថ្មី​មួយ​ប្រភេទ​ទៀត ​ដើម្បីឲ្យ​អ្នក​ប្រើប្រាស់​ចុច​ពី​លើ ​ បើ​សិន​ជា​គេ​យល់​ថា ​ព័ត៌មាន​ណាមួយ​នោះ ​ជា​ព័ត៌មាន​ក្លែងក្លាយ។ បន្ទាប់​មក​ទៀត ​ទិន្ន័យ​នេះ​នឹង​ត្រូវ​បញ្ជូន​ចេញ​ដោយ​Facebook ​ ទៅ​ឲ្យ​ភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​របស់​បារាំង​ទាំង​៨ ​ ដែល​ចូលរួម​ក្នុង​គម្រោង​នេះ។ បើសិន​ជា​មាន​ភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​បារាំង ​យ៉ាងហោច​ណាស់​២ ​ប្រាប់ថា​ព័ត៌មាន​នេះ​មិនពិត​ទេ​នោះ ​នោះ​Facebook ​នឹង​បង្កើត​ជា​សារ​ពិសេស​មួយ​ប្រាប់​ឲ្យ​ប្រុង​ប្រយ័ត្ន ​ភ្ជាប់​ជាមួយ ​ព័ត៌មាន​នោះ។ ពេល​ដែល​អ្នក​ប្រើប្រាស់ ​ចង់​ចុច​ Like​ រឺ​ក៏​ចែកចាយ​វា​ សារនេះ​នឹង​លោត​ចេញ​មក​ ប្រាប់​ថា ​ព័ត៌មាន​នេះ​ត្រូវ​បាន​គេ​ផ្តល់​ដំណឹង​ថា​ ជា​ព័ត៌មាន​ក្លែងក្លាយ។ តាម​ពិត​ វិធានការ​នេះ ​ត្រូវបាន​Facebook ​ដាក់​ឲ្យ​ប្រើប្រាស់ ​រួច​ហើយ​នៅ​សហរដ្ឋ​អាមេរិក ​ចាប់​ពី​ខែ​​ធ្នូ​មក។

Google បង្កើត​ក្រុមការងារ​ពិសេស ​​ដើម្បី​តាមដាន​ប្រភព​ និង​ពិនិត្យ​ខ្លឹមសារ​ព័ត៌មាន​ដែល​សង្ស័យ
 
មិនមែន​មាន​តែ​Facebook​ មួយ​ទេ ​ដែល​មាន​តួនាទី ​ ទប់​ស្កាត់​ការ​រីកសាយភាយ​នៃ​ ព័ត៌មាន​ក្លែងក្លាយ​ទាំងនេះ។ អ្នក​ដែល​ពាក់ព័ន្ធ​មួយ​ទៀត​ គឺ​ Google​ ដែល​ជា​ទី​កន្លែង​ធំ​ជាង​គេ​បង្អស់ ​ក្នុង​ការ​រុករក​ព័ត៌មាន​នានា​លើ​អ៊ីនធើនែត។ យើង​ចង់​ដឹង​អ្វី​ យើង​អាច​រក​បាន​ទាំងអស់ ​ឲ្យតែ​សរសេរ​នៅ​លើ ​Google​ ​គឺ​ចេញ​មក​ទាំង​អស់ ​ទាំង​ព័ត៌មាន​ពិត ​ ទាំង​រឿង​មិន​ពិត។

នៅ​បារាំង​ ​ក្រៅ​ពី​Facebook ​ Google ​ក៏​បាន​សន្យា​ថា​នឹង​សហការ ​ជាមួយ​បណ្តាញ​ព័ត៌មាន​ផ្លូវការ​មាន​កាសែត ​វិទ្យុ ​និង​ទូរទស្សន៍ ​ទាំង​អស់​១៦​ស្ថាប័ន។ បើ​តាម​លិខិត​ប្រកាស​របស់ ​Google ​គម្រោង​នេះ​ ​ឈ្មោះ​ថា ​CrossCheck ​ដែល​គេ​នឹង​បង្កើត​ក្រុម​ការងារ​មួយ ​ដែល​មាន​និស្សិត​ផ្នែក​សារព័ត៌មាន ​និង​និស្សិត​វិទ្យាសាស្រ្ត​នយោបាយ ​ដោយ​មាន​ការ​បណ្តុះបណ្តាល​ពី​ អ្នក​ជំនាញ​របស់​ Google ​ សហការ​ជាមួយ ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង។ ក្រុម​ការងារ​នេះ ​មាន​តួនាទី​ ស្វែងរក​ប្រភព ​ ពិនិត្យ​លើ​ខ្លឹមសារ​នៃព័ត៌មាន​ដែល​គេ​សង្ស័យ ​មិនថា​ជា​ព័ត៌មាន​សរសេរ ​ជា​វីដេអូ​កាត់ត ​ជា​រូបថត ​រឺ​ជួនកាល ​ជា​ការ​ស្រង់​សម្តី​របស់​អ្នក​ណា​ម្នាក់ ​ រឺ​ក៏​ជា​ពាក្យ​ចចាម​អារ៉ាម​នានា។ បន្ទាប់​មក​ទៀត ​ ទិន្ន័យនៃ​គេហទំព័រ ​រឺ​ព័ត៌មាន​ក្លែងក្លាយ​ទាំងនោះ ​នឹង​ត្រូវ​ចុះផ្សាយ​លើ​គេហទំព័រ ​CrossCheck ​ដែល​យើង​គ្រប់​គ្នា​អាច​ចូល​ទៅ​អាន​បាន។

គម្រោង​ CrossCheck​  ជា​ផ្នែក​មួយ​នៃ​បណ្តាញ​ First Draft News ​របស់​Google ​ដែល​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​សហរដ្ឋ​អាមេរិក​រួចហើយ ​ហើយ​គេ​នឹង​ចាប់​ផ្តើម​អនុវត្ត​នៅ​បារាំង ​ចាប់​ពី​ថ្ងៃ​ទី​២៤​កុម្ភៈ ​ខាង​មុខ​នេះ។

រំលោភ​សិទ្ធិ​សេរីភាព​ ក្នុងការ​បញ្ចេញ​មតិ?
 
រឿង​ការពារ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​នេះ​ហើយ ​ដែល​កន្លង​មក​ក្រុមហ៊ុន​ធំៗ ​ដូចជា​Google​ Facebook ​Twitter ​ជាដើម ​បាន​យក​មក​ជា​សំអាង ​ដើម្បី​មិន​ធ្វើ​អ្វី​សោះ។ ក៏​ប៉ុន្តែ ​ចរាចរណ៍​ព័ត៌មាន​មិន​ពិត​ ការ​ប្រឌិត​បង្កើត​ពាក្យ​ចចាម​អារ៉ាម ​គឺ​វា​មិនមែន​ជា​ការ​អនុវត្តិ​សិទ្ធិ​បញ្ចេញមតិ​ដោយ​ស្រប​តាម​ច្បាប់​ទេ ​តែ​ផ្ទុយ​ទៅ​វិញ ​គឺ​គេ​ធ្វើ​វា​ដោយ​ចេតនា​អាក្រក់​ណាមួយ ​ហើយ​ដែល​វា​ជះ​ឥទ្ធិពល​អាក្រក់​ទៅ​លើ​មតិ​សាធារណៈ។ តើយើង​គួរ​បន្ត​ឲ្យ​បញ្ហា​នេះ ​នៅតែ​រ៉ាំរ៉ៃ ​ រឺ​មួយ​ក៏​យើង​ត្រូវ​ចាត់​វិធានការ​ ទប់ស្កាត់។ វិធានការ​ទប់ស្កាត់​ ដែល​គេ​កំពុង​ពិចារណា​ វា​គឺ​ជា​មធ្យោបាយ​បង្កា ​ទប់ស្កាត់ ​បើ​ទោះ​បី​ជា​វា​មិន​ផ្តល់​ផល​ច្រើន​ ភ្លាមៗ​ក៏​ដោយ ​តែ​វា​គ្រាន់​បើ​ជាង​គ្មាន​ដែរ។

ការ​ទទួល​បាន​ព័ត៌មាន ​គឺ​ជា​សិទ្ធិ​របស់​ប្រជាពល​រដ្ឋ​ម្នាក់ៗ ​តែ​មិនមែន​ទទួល​ព័ត៌មាន​ប៉ាតណា​ប៉ាតណី​ទេ ​ គឺ​យើង​ត្រូវការ​ទទួល​ព័ត៌មាន​ពិត​ប្រាកដ ​មិនមែន​ព័ត៌មាន​ក្លែងក្លាយ។ ដូចយើង​ដឹង​ស្រាប់​ហើយ​​ ​ថាព័ត៌មាន​ក្លែងក្លាយ ​ព័ត៌មាន​ប្រឌិត ​បំផុសបំផុល​ធ្វើ​ឲ្យ​មនុស្ស​ផ្អើល ​ដើម្បី​ទាញ​យក​ប្រយោជន៍ ​មិន​ថា​សេដ្ឋកិច្ច ​រឺ​ប្រយោជន៍​នយោបាយ ​កំពុង​បំពុល​បណ្តាញ​អ៊ីនធើនែត ​ដូចជា​Facebook​ជាដើម។ នៅលើ​Facebook ​ អ្នក​ប្រើប្រាស់​ម្នាក់ៗ ​អាច​ផ្តល់​ព័ត៌មាន ​អាច​ដាក់​រូបថត​ រូបភាព​វីដេអូ ​អម​ដោយ​សារ​ជា​អក្សរ​ ហើយ​ចែកចាយ​តគ្នា​យ៉ាង​ព្រោងព្រាត។ ពេល​ខ្លះ​រឿង​តូច​ ទៅជា​រឿងធំ ​រឿង​មិន​ពិត​ ទៅ​ជា​រឿង​ពិត​ ដោយសារ​តែ​ការ​ចែកចាយ​តៗ​គ្នា ​មិន​បាន​ពិចារណា ​រក​ខុសត្រូវ ​រឺ​រក​ប្រភព​ដើម​នៃ​ព័ត៌មាន​នោះ។ ពាក្យខ្មែរ​យើង​ថា​ “ក្អែក​មួយ​ជា​ក្អែក​១០​នោះ” ​គឺ​មិន​ខុស​ទេ។
 

សួរថា ​ក្នុងនាម​អ្នក​ប្រើប្រាស់​ធម្មតាៗ ​ដែល​យើង​មិន​ដឹង​អី​ ហើយ​យើង​គ្រាន់​តែ​ចែកចាយ​តគ្នា ​យើង​គួរ​ធ្វើ​យ៉ាងណា? ក្នុងនាម​យើង​ជា​អ្នក​ប្រើប្រាស់​ម្នាក់ៗ ​យើង​ត្រូវ​មាន​ការ​ទទួល​ខុសត្រូវ ​ត្រូវ​ពិចារណា ​រកប្រភព ​រក​ហេតុផល ​មុន​នឹង​ជឿ ​រឺ​ចែក​ចាយ​ព័ត៌មាន​ណាមួយ។ អ្វី​ដែល​សំខាន់​គឺ​ប្រភព។ សូម​យើង​គ្រប់គ្នា ​ ពិនិត្យ​ថា​តើ​គេហទំព័រ​ ​រឺ​បណ្តាញ​សារព័ត៌មាន​ផ្លូវការ​ណាមួយ​ជាអ្នក​ផ្សាយ ​ចៀសវាង​ការ​ចូលរួម​ បំផុសបំផុល​ រឿង​ប្រឌិត ​សទៅ​ជា​ខ្មៅ ​ល្អទៅ​ជា​អាក្រក់ ​រឺ​កើត​ជា​ការ​ស្អប់​គុំគួន​គ្នា​ជាដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ