អានតួអត្ថបទ
បារាំង

វិបត្តិ​ចំណាប់​ខ្មាំងនៅ​ប៉ារីស​​ត្រូវ​បិទ​បញ្ចប់ ភេរវជន​បី​នាក់​ស្លាប់

វិបត្តិ​ចំណាប់ខ្មាំង​ទាំងពីរ​កន្លែង​នៅ​ប៉ារីស​បាន​បិទបញ្ចប់​នៅ​ព្រលប់​ថ្ងៃ​សុក្រ។ នៅ​ម៉ោង​ប្រមាណ​៥​ល្ងាច ប៉ូលិស​បើក​ប្រតិបត្តិការ​សម្រុក​ចូល​ភេរវជន​ទាំងបី​រូប​ដែល​ចាប់​មនុស្ស​ជា​ចំណាប់ខ្មាំង​នៅពីរកន្លែង​ផ្សេងគ្នា​ត្រូវ​ប៉ូលិស កងអាវុធហត្ថ​បារាំង​បាញ់សម្លាប់ ចំណែក​ចំណាប់ខ្មាំង​៤​នាក់នៅក្នុង​ហេតុការណ៍​ចាប់ចំណាប់ខ្មាំង​នៅក្នុង​ហាងទំនិញ​ជាយ​ក្រុង​ប៉ារីស។ តាមតុល្យការ​ចុងក្រោយ ផ្តល់​ដោយ​នាយករដ្ឋមន្រ្តីបារាំង លោក Manuel Valls នៅក្នុង​រយៈពេល​បីថ្ងៃជាប់គ្នា មនុស្ស​១៧នាក់​ ​ត្រូវ​បាន​ក្រុមភេរវជន​បាញ់​សម្លាប់។

ភេរវជន​ទាំង​បី​ដែល​ត្រូវ​ប៉ូលិស​បាញ់​សម្លាប់​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ។ ពី​ឆ្វេង​ទៅ​ស្តាំង Chérif  និង Saïd Kouachi និងAmedy Coulibaly ។
ភេរវជន​ទាំង​បី​ដែល​ត្រូវ​ប៉ូលិស​បាញ់​សម្លាប់​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ។ ពី​ឆ្វេង​ទៅ​ស្តាំង Chérif និង Saïd Kouachi និងAmedy Coulibaly ។ securité.interieur.gouv.fr/ AFP PHOTO / FRENCH POLICE
ផ្សាយពាណិជ្ជកម្ម

ក្នុងរយៈពេល​តែ​បីថ្ងៃ បារាំង​បាន​ជួប​ហេតុការណ៍​ដ៏​តក់ស្លុត មិនធ្លាប់​ជួប​ក្នុង​រយៈពេល​៥០​ឆ្នាំ​ចុងក្រោយ​នេះ។ ថ្ងៃ​ពុធ ភេរវជន​ពីររូប​បាន​ចូល​បាញ់​សម្លាប់​អ្នកកាសែត និង​អ្នកគូររូប​ត្លុក​៨​នាក់​របស់​ទស្សនាវដ្តី​Charlie Hebdo។ ថ្ងៃ​ព្រហស្បតិ៍ នៅពេល​ដែល​ប៉ូលិស​កំពុង​ស្វែងតាមចាប់​ភេរវជន ពីរនាក់​បងប្អូន​សេរីហ្វហ និង​សេដ គួស៊ី ដែល​គេ​សង្ស័យថា ជា​អ្នកបាញ់សម្លាប់​អ្នកកាសែត​របស់​Charlie Hebdo បុរស​បិទមុខ​ម្នាក់ បាន​បាញ់​សម្លាប់​ប៉ូលិស​ស្រី នៅ​ភាគខាងត្បូង​ក្រុង​ប៉ារីស មុន​នឹង​រត់គេចខ្លួន​បាត់ស្រមោល​ក្នុង​ក្រុង​ប៉ារីស។ ចូល​ដល់​ ថ្ងៃ​ទីបី ថ្ងៃ​សុក្រ ម្សិលមិញ តាំងពី​ព្រឹក​ព្រលឹម ប៉ូលិស​បើក​ប្រតិបត្តិការ​ឡោមព័ទ្ធ​រោងបោះពុម្ព​មួយ ដែល​ភេរវជន​ពីរនាក់​បងប្អូន​បាន​ចូល​លាក់ខ្លួន។ ស្រាប់តែ​នៅ​ម៉ោង១​រសៀល បុរស​ បំពាក់​ដោយ​អាវុធ​ពេញដៃ​បាន​ចូល​បាញ់​ប្រហារ និង​ចាប់មនុស្ស​ជាចំណាប់ខ្មាំង នៅក្នុង​ហាង​លក់​ទំនិញ​ជ្វីហ្វ​មួយ នៅ​Porte de Vincennes ភាគខាងកើត​ប៉ារីស។

នៅ​ម៉ោង ៥​ល្ងាច ប៉ូលិស​បារាំង​បាន​បើក​ការវាយលុក​ទៅលើ​ក្រុមភេរវជន ទាំងពីរ​កន្លែង។ រដ្ឋអាជ្ញា​បារាំង លោក​François Molins ដែល​ទើប​បិទបញ្ចប់​សន្និសីទ​កាសែត កាលពី​២​ម៉ោង​មុន​នេះ បាន​និយាយ​ថា ភេរវជន​ពីរនាក់​បងប្អូន គូស៊ី​ត្រូវ​ប៉ូលិស​បាញ់​សម្លាប់ នៅ​Dammartin en Goël ចំណែក​ភេរវជន​ម្នាក់​ទៀត នៅ​Porte de Vincennes ក៏ ត្រូវ​ប៉ូលិស​បាញ់​សម្លាប់​ដែរ បន្ទាប់ពី​បាន​រត់ចេញ​មកក្រៅ​អគារ និង​បាញ់​រះ​លើ​ប៉ូលិស។ នៅ​Porte de Vincennes មាន​ប៉ូលិស​របួស​៤នាក់ ចំណែក​ចំណាប់ខ្មាំង​៤​នាក់​ត្រូវ​រដ្ឋអាជ្ញា​អះអាង​ថា ត្រូវ​បាន​ភេរវជន​បាញ់​សម្លាប់ នៅ​មុន​ការវាយសម្រុកចូល​របស់​ប៉ូលិស​ទៅទៀត។

តាមរដ្ឋអាជ្ញា​បារាំង បុរស​ដែល​ចាប់​មនុស្ស​ធ្វើ​ជាចំណាប់ខ្មាំង នៅ​Porte de Vincennes មាន​ឈ្មោះថា អាម៉ាឌី គូលីបាលី ជា​បុរស​ស្បែកខ្មៅ ដែល​បានបាញ់​សម្លាប់​ប៉ូលិស នៅ​Montrouge​ភាគខាងត្បូង​ក្រុងប៉ារីស កាលពីថ្ងៃ​ព្រហស្បតិ៍។ ហើយ​ការស៊ើបអង្កេត​បានបង្ហាញ​ថា អាម៉ាឌី គូលីបាលី​មានទំនាក់ទំនង​យ៉ាងជិតស្និទ និង​បាន​រៀបចំ​គម្រោង​ធ្វើភេរវកម្ម ជាមួយ​បងប្អូន​គូស៊ី ពោល​គឺ​បងប្អូន​គូស៊ី​វាយប្រហារ​លើ​Charlie Hebdo ចំណែក​គូលីបាលី​មាន​គោលដៅ​បាញ់​សម្លាប់​ប៉ូលិស។

រដ្ឋអាជ្ញាបារាំង​នៅ​បាននិយាយថា សេរីហ្វហ គូស៊ី ធ្លាប់​បាន​ធ្វើដំណើរ​ទៅ​ប្រទេស​យេម៉ែន​នៅឆ្នាំ ២០១១។ នៅក្នុង​បទសម្ភាសន៍​ខ្លី តាមទូរស័ព្ទ ​ ជាមួយ​ទូរទស្សន៍​BFM tv ពីកន្លែង ដែល​ខ្លួន​ត្រូវ​ប៉ូលិស​ឡោមព័ទ្ធ កាលពីថ្ងៃ​សុក្រ បងប្អូន​គូស៊ី​បាន​និយាយ​ប្រាប់​អ្នកកាសែត​ថា គេ​ធ្វើការ​ឲ្យ​បណ្តាញ​អាល់កៃដា នៅក្នុង​ប្រទេស​យេម៉ែន។ ចំណែក​គូលីបាលី ត្រូវ​បាន​រដ្ឋអាជ្ញា​បារាំង​រៀបរាប់​ថា ធ្វើសកម្មភាព​ភេរវកម្ម​ដើម្បី​សងសឹក​ឲ្យ​អ្នក​ដែលត្រូវ​គេ​រំលោភបំពាន ជាពិសេស​គឺ​ប៉ាឡេស្ទីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ