អានតួអត្ថបទ
បារាំង

តុលាការកំពូល​បារាំង​សម្រេច​បញ្ជូន​លោកស្រី​គ្រីស្ទីន ឡាហ្កាដ​ឡើង​តុលាការ​សាធារណរដ្ឋ

លោកស្រី​គ្រីស្ទីន ឡាហ្កាដ ​អគ្គនាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ កំពុង​តែ​ជាប់​រឿង​អាស្រូវ​ក្តីក្តាំ​មួយ។ តុលាការ​កំពូល​បារាំង ​បាន​សម្រេច​បញ្ជូន​លោក​ស្រី​គ្រីស្ទីន ​ឡាហ្កាដ​ទៅកាន់​តុលាការ​យុត្តិធម៌​សាធារណរដ្ឋ ​ ដើម្បី​សម្រេច​ទោស​លោកស្រី ​ជុំវិញ​រឿង​អាស្រូវ ​អាជ្ញា​កណ្តាល​ឯកជន​រវាង​ធនាគារ​បារាំង ​ក្រេឌី លីយ៉ូណេ ​និង​មហា​សេដ្ឋី​បារាំង​ លោក ប៊ែរណា តាពី ​ដែល​បាន​ធ្វើ​ឲ្យ​ខាត​ប្រាក់​រដ្ឋ​ចំនួន​៤០៤​លាន​អឺរ៉ូ។

លោកស្រី Christine Lagarde អគ្គនាយក FMI
លោកស្រី Christine Lagarde អគ្គនាយក FMI REUTERS/Jacky Naegelen
ផ្សាយពាណិជ្ជកម្ម

លោកស្រី គ្រីស្ទីន ឡាហ្កាដ ​ស្រ្តី​ជនជាតិ​បារាំង ​ដែល​មាន​មុខ​តំណែង​ធំ​ជាង​គេ​បង្អស់​ក្នុង​លោក ​ កំពុងតែ​អាច​ប្រឈមមុខ​នឹង​ទោស​ជាប់​ពន្ធនាគារ​មួយឆ្នាំ ​រួម​ទាំង​ត្រូវ​បង់​ប្រាក់​ពិន័យ​១៥០០០​អឺរ៉ូ។ នៅ​ថ្ងៃ​សុក្រ​ ទី២២​ កក្កដា​ តុលាការ​កំពូល​បារាំង ​ បាន​សម្រេច​ក្តី​ ដោយ​បដិសេធ​បណ្តឹង​របស់​លោក​ស្រី ​គ្រីស្ទីន ឡាហ្គាដ ​ ហើយបាន​សម្រេច​បញ្ជូន​ករណី​លោកស្រី ​ទៅកាន់​តុលាការ​យុត្តិធម៌​សាធារណៈរដ្ឋ ​ដើម្បី​ចាត់ចែង​រក​ខុសត្រូវ។

 
សូមបញ្ជាក់​ថា ​ លោកស្រី​គ្រីស្ទីន ឡាហ្កាដ ​ដែល​បច្ចុប្បន្ន​ជា​អគ្គនាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​ហៅកាត់​ថា ​FMI​ បាន​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​អាស្រូវ​មួយ​ ដែល​បាន​ធ្វើ​ឲ្យ​ខាត​បង់​ថវិកា​រដ្ឋ​ចំនួន​៤០៤​លាន​អឺរ៉ូ។  ក្នុង​ឆ្នាំ​២០០៧ ​ នៅ ពេល​ដែល​លោកស្រី ​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​បារាំង  កាល​នោះ ​លោកស្រី​បាន​សម្រេច​ឲ្យ​មាន​ការ ​ដោះស្រាយ​ជំលោះ ​ក្រៅ​ប្រព័ន្ធ​តុលាការ ​ពោល​គឺ​តាម​រយៈ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ឯកជន​ ដើម្បី​ដោះស្រាយ​ជម្លោះ​រវាង​ធនាគារ​ Crédit Lyonnais ​នឹង​លោក ​ Bernard Tapie ។ ទីបំផុត ​ ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ឯកជន​នេះ ​បាន​តម្រូវ​ឲ្យ​ធនាគារ​ Crédit Lyonnais ​ដែល​កាលនោះ ​ជា​ធនាគារ​របស់​រដ្ឋ​បារាំង ​ឲ្យត្រូវ​បង់ប្រាក់​សង​ទៅ​លោក​ Bernard Tapie ​ចំនួន​៤០៤​លាន​អឺរ៉ូ ​ទាក់ទិន​នឹង​កិច្ច​សន្យា​ទិញ​លក់​ក្រុមហ៊ុន​ Adidas។

តុលាការ​កំពូល​បារាំង ​ក៏បាន​សម្រេច​ចាត់​ទុក​ជា​មោឃៈ ​នូវ​សេចក្តី​សម្រេច​របស់​អាជ្ញាកណ្តាល​ឯកជន​នេះ ​បន្ទាប់​ពី​បាន​ពិនិត្យ​ឃើញ​នូវ​ចំណុច​មិន​ប្រក្រតី​មួយ​ចំនួន ​ ទាក់ទិន​នឹង​ទំនាក់​ទំនង​រវាង​លោក ​Bernard Tapie ​និង​លោក ​Pierre Estoup ​ដែល​ជា​អាជ្ញាកណ្តាល​ម្នាក់​ ក្នុង​ចំណោម​ទាំងបី​នាក់។ ចៅក្រម​តុលាការ​កំពូល ​យល់​ឃើញ​ថា ​ការ​សម្រេចចិត្ត​របស់​លោកស្រី​គ្រីស្ទីន ឡាហ្កាដ ​ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ ដែល​បញ្ជារ​ឲ្យ​ដោះស្រាយ​ជំលោះ​តាម​ផ្លូវ​អាជ្ញាកណ្តាល ​ជា​ជាង​ការ​នាំយក​សំណុំ​រឿង​ទៅ​តុលាការ​ គឺ​ជា​រឿង​មួយ ​ដែល​បង្ហាញ​ពី​ភាព​ខ្វះ​ការ​ប្រុងប្រយ័ត្ន ​របស់​លោកស្រី ​ហើយ​ដែល​ឈាន​ទៅ​ដល់​ការ​ខាតបង់​ថវិកា​រដ្ឋ។ យ៉ាងណា​មិញ ​កាល​ពី​ឆ្នាំ​២០១៥ ​ តុលាការ​ឧទ្ធរណ៍​បារាំង​ បាន​កាត់​សេចក្តី​តម្រូវ​ឲ្យ​លោក ​Bernard Tapis​ សង​ប្រាក់​មក​រដ្ឋ​បារាំង​វិញ​ទាំងអស់។

ក្នុង​កាលៈទេសៈ​នេះ​ លោកស្រី​គ្រីស្ទីន ឡាហ្កាដ ​នឹង​ត្រូវ​ជំនំ​ជំរះ​ក្តី ​នៅ​ចំពោះ​មុខ​តុលាការ​យុត្តិធម៌​សាធារណរដ្ឋ ដែល មាន​តួនាទី​កាត់​ទោស​មន្ត្រី​រដ្ឋាភិបាល​ណា ​ដែល​បាន​ធ្វើ​ខុស​ ក្នុង​ពេល​បំពេញ​មុខងារ​របស់​ខ្លួន។ យ៉ាងណា​ក៏ដោយ ​លោកស្រី​គ្រីស្ទីន ឡាហ្កាដ ​នៅតែ​អះអាង​ថា​លោកស្រី​ បាន​ធ្វើ​ដោយ​យោង​ទៅ​លើ​ផល​ប្រយោជន៍​រដ្ឋ​ជាធំ ​ ហើយ​បាន​ធ្វើ​ដោយ​គោរព​ច្បាប់​ជា​ធរមាន។ ដោយឡែក ​ ក្រុម​ប្រឹក្សា​ភិបាល​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​បាន​ចេញ​សេចក្តី​ប្រកាស​ភ្លាមៗ​ដែរ​ កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​ថា ​សូម​បន្ត​គាំទ្រ ​និង​ផ្តល់​ទំនុកចិត្ត​ចំពោះ​លោកស្រី​គ្រីស្ទីន​ ឡាហ្កាដ​ជានិច្ច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ