អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

​អន្តោប្រវេសន៍​ដែន​សមរភូមិ​នយោបាយ​ថ្មី​របស់​ប្រធានាធិបតីបារាំង​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​ខណៈ​ដែល​អន្តោប្រវេសន៍​ជា​ប្រធានបទ​នយោបាយ​ដ៏​ក្តៅ​គគុក​ កំពុង​ពុះ​កញ្ជ្រោល​ខ្លាំង​​ នៅ​អឺរ៉ុប ប្រធានាធិបតី​បារាំង បាន​​ជ្រើសរើសធ្វើ​ជា​អធិបតីភាព នៅ​​ថ្ងៃ​ទី ១៥​ធ្នូ២០១៤ ​បើក​សម្ពោធ​សារៈ​មន្ទីរ​អន្តោប្រវេសន៍​​ជា​ផ្លូវការ។ មាន​ទីតាំង​នៅ​ទីក្រុង​ប៉ារីស សារៈមន្ទីរ​បាន​​បើក​ទ្វារ​តាំង​ពី​ឆ្នាំ​២០០៧ ឆ្នាំ​ដែល​លោក​នីកូឡា សាកូហ្ស៊ី ជាប់​ឆ្នោត​ជា​ប្រធានាធិបតី ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​​ទៅ​ជាន់​ទី​តាំង​នោះ​ ក្រោម​ផ្អាក​រក្សា​អត្តសញ្ញាណ​ជាតិ។ ប៉ុន្តែ​លោក​​​ហ្វ្រង់ស័រ​ហូឡង់ យល់​ផ្ទុយ ! លោក​ចង់​ផ្តល់​រូបភាព​វិជ្ជមាន​ដល់​អន្តោប្រវេសន៍ ចង់​សម្តែង​ការ​ដឹង​គុណចំពោះ​​អន្តោប្រវេសន៍​ដែល​បំរើ​បារាំង។

ប្រធានាធិបតី​បារាំង លោក François Hollandeសម្ពោធ​សារៈ​មន្ទីរ​អន្តោប្រវេសន៍​ នៅ​ទីក្រុង​ប៉ារីស
ប្រធានាធិបតី​បារាំង លោក François Hollandeសម្ពោធ​សារៈ​មន្ទីរ​អន្តោប្រវេសន៍​ នៅ​ទីក្រុង​ប៉ារីស REUTERS/Yoan Valat/Pool
ផ្សាយពាណិជ្ជកម្ម

ដោយ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ខ្លាំង លោក​ ហ្វ្រង់ស័រ​ ហូឡង់ មិន​ដែល​លើក​យក​ប្រធានបទ​អន្តោប្រវេសន៍​មក​និយាយ​ដោយ​ចំៗ​ទេ តាំង​ពីក្លាយ​ជា​ប្រធានាធិបតី​បារាំង​មក។ ទើប​តែ​នៅ​ថ្ងៃចន្ទ​ទី ១៥ ធ្នូ ជា​លើក​ទី​មួយ លោក​ហូឡង់​បាន​ផ្សង​ព្រេង​លើ​វិថី​អន្តោប្រវេសន៍។ ការ​ចេញ​ស្តី​ ក្រោយ​ពី​ស្ងប់​ស្ងាត់​រាប់​ឆ្នាំ ពិត​ជា​មាន​ន័យ​ខ្លាំង​ណាស់ ! វា​ពិសេស​ទៅ​ទៀត វត្តមាន​របស់​លោក​ហ្វ្រង់ស័រ​ហូឡង់ ក្នុង​ឱកាស​បើកសម្ពោធ​សារៈ​មន្ទីរ ដែល​តាំង​ពី​ចាប់​បើក​ទ្វារ​នៅ​ឆ្នាំ​២០០៧​មក មិន​ដែល​មាន​ប្រធានាធិបតី​ណា​នឹង​ឃើញ​ទៅ​អើត​មើល រហូត​មាន​ងារ​ថា​សារៈមន្ទីរ​ខ្មោច ពិត​ជា​​​បញ្ជាក់​បាន​អំពី​សារ​​នយោបាយ​ដ៏​សំខាន់ ៖ “​ជា​សុន្ទរកថា​ដ៏​សំខាន់ ! ជា​ឱកាស​ដ៏​ប្រសើរ​សម្រាប់​និយាយ​ថា​អ្វី​ទៅ​ជា​បារាំង បារាំងប្រទេស​មាន​​ចម្រុះ​ជាតិសាសន៍ ធនធាន​ និង​កតញ្ញូតា​ចំពោះ​អន្តោប្រវេសន៍​មក​ពី គ្រប់​ជ្រុង​នៃពិភពលោក​ មក​ជួយ​ស្រោច​ស្រង់​ស្ថាបនា អភវិឌ្ឍន៍ និង​ផ្តល់​ភាព​មាន​បាន​ដល់​ប្រទេស”។ ​ជា​ប្រយោគ​​ដ៏​សាមញ្ញ​របស់​អ្នក​ឆ្វេង​និយម​ តាំង​ពី​ដើម​​មក តែការ​លើក​យក​មក​បរិយាយ​​​ថ្ងៃ​នេះ ពេល​នេះ​អាច​ជា​ការ​ប្រថុយ​ប្រថានខ្លាំង។

 
ប៉ុន្តែ​នេះ​ជា​ចេតនា​របស់​លោក​ហ្វ្រង់ស័រ​ហូឡង់ ! បន្ទាប់​ពី​ស្លុង​យុទ្ធសាស្ត្រ​​អស់​ពាក់​កណ្តាល​អាណត្តិ​ជុំ​វិញ​តែ​វិបត្តិ​ហិរញ្ញវត្ថុ​ពន្ធដារ​​និង​ថវិកា​ លោកប្រធានាធិបតី​បារាំងចង់​​បើក​ទំព័រ​នយោបាយ​ថ្មី ដោយ​ផ្តោត​ទៅ​លើ​អន្តោប្រវេសន៍​ម្តង។ អន្តោប្រវេសន៍​ដែល​ជា​ចំណុច​ខ្លាំង​ និង​ដែល​ការពារ​រហូត​មក​​​ដោយ​​អ្នក​សង្គមនិយម​ តែ​មួយ​រយៈ​ពេល​ចុងក្រោយ​ត្រូវ​បាន​អ្នក​ស្តាំនិយម និង​រណសិរ្ស​ជាតិ​ស្តាំជ្រុល​និយម​បារាំង​ប្រើ​ជា​ឧបករណ៍​​សម្រាប់​ប្រយោជន៍​ជាតិនិយម។

ក្នុង​សំឡេង​ដូច​ឃោសនា​ដែល​គេ​ខាន​បាន​ស្តាប់ឮ​តាំង​ពី​ឆ្នាំ​២០១២មក លោក​ហ្វ្រង់ស័រ​ហូឡង់​បាន​ថ្លែង​ការពារ​រូបភាព​វិជ្ជមាន​របស់​​​អន្តោប្រវេសន៍​ និង​របៀប​​វាយប្រហារ​ផង ៖ “យើង​​ថា​រឿងអាក្រក់​បាន​កន្លង​ផុត​ហើយ ! មិន​ទេ !​ ជនអន្តោប្រវេសន៍​នៅ​តែ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​មក​ដណ្តើម​ការងារ​ពី​ជនជាតិ​បារាំង មក​យក​ចំណេញ​ពី​ជំនួយ​សង្គម (បើ​ទោះ​បី​ការ​សិក្សា​បាន​បញ្ជាក់​ជនបរទេស​ផ្តល់​ប្រយោជន៍​ច្រើន​ទាញ​​យក​ជំនួយ​សង្គម​យ៉ាង​ណា​ក្តី)។ ​ខ្យល់​អាក្រក់​​បាន​រសាត់​មក​កាន់​ច្រើនឡើងៗ យើង​ត្រូវ​ចាប់ផ្តើម​ប្រយុទ្ធ​​ជា​ថ្មីម្តងទៀត​ សាកល្បង​ឆ្លើយ និង​មិន​បណ្តោយ​ឱ្យធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​ទេ”។

ថ្វី​បើ​ លោកស្រី​ម៉ារីន ឡឺប៉ែន ប្រមុខ​បក្ស​រណសិរ្ស​ជាតិ​និយម និង​លោក​នីកូឡា​សាកូហ្ស៊ី ប្រធាន​បក្ស​ស្តាំ​និយម មិន​ត្រូវ​បាន​វាយប្រហារ​ដោយ​ចំឈ្មោះ​មែន ​ប៉ុន្តែអត្ថន័យ​នៃ​សុន្ទរកថា​អាច​បញ្ជាក់​បាន ជា​ឧទាហរណ៍​តាម​រយៈ​សំណុំ​រឿង​កិច្ចព្រមព្រៀង​Schengen។ បើ​តាម​លោក​ហ្វ្រង់ស័រ​ហូឡង់ បារាំង​ត្រូវ​តែ​មាន​នយោបាយ​អន្តោប្រវេសន៍ ! នយោបាយ​នេះ​ត្រូវ​ឆ្លង​កាត់​អឺរ៉ុប ហើយ​ព្រំប្រទល់​គឺ Schengen តែ​​មាន​អ្នក​ចង់ធ្វើ​ខ្ទាត​ Schengen ! មិន​លំបាក​ទេ ព្រោះ​គ្មាន​អ្នក​នរណា​ស្គាល់​ Schengen​ផង​  អ្នក​ខ្លះ​ស្មាន​តែ​ឈ្មោះ​តួ​មនុស្ស​ផង​ … Schengen គឺ​ជា​ព្រំដែន​របស់​អឺរ៉ុប​ និង​ជា​បង្អែក​សម្រាប់​ឱ្យ​ប្រទេស​ជា​សមាជិក​អឺរ៉ុប​សហការ​គ្នា​ត្រួត​ពិនិត្យ​អន្តោប្រវេសន៍​។ បំបែក​ Schengen​ បំបាត់​ Schengen គឺ​ដូច​ជា​ដើរ​ថយ​ក្រោយ​ ត្រលប់​ទៅ​កាត់​រៀប​ចំ​ខណ្ឌ​ចែក​ព្រំប្រទល់ ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ឡើង​វិញ​។ ដូច្នេះ​យើង​ត្រូវ​តែការពារ​ដើម្បីអនាគត​អឺរ៉ុប។

លោក​ប្រធានាធិបតី​បាន​ត្រលប់​មក​រំលឹក​អំពី​ពាក្យ​សន្យា ក្នុង​ពេល​ឃោសនា​បោះឆ្នោត​ឆ្នាំ​២០១២ ដែល​ចង់​ឱ្យ​ជន​បរទេស​មិន​សិទ្ធិ​បោះឆ្នោត​តំបន់​ឃុំ​សង្កាត់។ ពាក្យ​សន្យា​មិន​បាន​បំភ្លេច​ទេ តែ​ពេល​ខ្លះ​ត្រូវ​អំណាច​ប្រតិបត្តិ​អាច​ជួប​ឧបសគ្គ​ព្រោះ​មិន​អាច​ប្តូរ​ច្បាប់​រដ្ឋធម្មនុញ្ញ​បាន​ដោយ​ងាយៗ។ ដោយ​មិន​និយាយ​អំពី​ ជម្រើស​អន្តោប្រវេសន៍​ ព្រោះ​ជា​ពាក្យ​របស់​អ្នក​ស្តាំ​និយម លោក​ហ្វ្រង់​ស័រ ហូឡង់ បាន​អះអាង​បញ្ជាក់​​ពលរដ្ឋ​ ថា​បារាំង​មិន​មែន​ជា​ប្រទេសដែល​មាន​ និង​ទទួល​ជន​អន្តោប្រវេសន៍​ច្រើន​ដូច​​ការ​គិត​ស្មាន​នោះឡើយ ក្នុង​មួយ​ឆ្នាំៗ​បារាំង​ផ្តល់សិទ្ធិ​និង​បណ្ណ​ស្នាក់នៅ​​ដល់​អន្តោប្រវេសន៍​តែ​ប្រមាណ​ ២០០០០០នាក់ប៉ុណ្ណោះ ! ជា​អត្រា​ដ៏​ទាប​បំផុត​​នៅ​អឺរ៉ុប។ និង​ដើម្បី​សម្រប​ខ្លួន​តាម​អឺរ៉ុប បារាំង​បាន​អនុម័ត​ការ​ធ្វើ​កំណែទម្រង់​ច្បាប់​អន្តោប្រវេសន៍ ដែល​ល្បី​ខាង​វែង​អូស​បន្លាយ​ពេល​វេលា​ ដោយ​គ្រោង​នឹង​បញ្ចុះ​រយៈ​ពេល​សិក្សា​​ពាក្យ​សុំ​សិទ្ធិ​ជ្រក​កោន​​មក​ត្រឹម​៩​ខែ។ ការ​បន្ធូរ​បន្ថយ​មួយ​ទៀត​ដែល​គេ​បាន​ឮ​គ្រលាស់​ចេញ​ពី​មាត់​ប្រធានាធិបតី​បារាំង​ គឺ​ការ​ផ្តល់​សញ្ជាតិ​ដល់​គ្រប់​ជន​បរទេសណា​ដែល​មាន​អាយុ​លើស​ពី​៦៥​ឆ្នាំ ​បាន​រស់​នៅ​លើ​ទឹក​ដី​បារាំង​លើស​ពី ២៥​ឆ្នាំ និង​កូន​យ៉ាង​ហោចណាស់​ម្នាក់​មាន​សញ្ជាតិ​បារាំង៕​

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ